ក្រុមមន្ត្រីខណ្ឌបាននិយាយថា រោងចក្រមួយនៅក្នុងរាជធានីភ្នំពេញ ត្រូវបានបញ្ជាឲ្យសាងសង់រនាំងដើម្បីកាត់បន្ថយសំឡេង និងក្លិនមិនល្អចេញពីម៉ាស៊ីនផលិតទឹកកក ដែលដំណើរការ២៤ម៉ោងក្នុងមួយថ្ងៃ និងរំខានដំណេករបស់អ្នកស្រុក។
លោកស្រីលីរស់សាមី អភិបាលរងខណ្ឌ បានមានប្រសាសន៍កាលពីម្សិលមិញថាប្រជាពលរដ្ឋចំនួន៧០គ្រួសាររស់នៅក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ខណ្ឌឫស្សីកែវបានជួបជាមួយតំណាងរបស់រោងចក្រ ជាមួយមន្ត្រីខណ្ឌកាលពីថ្ងៃសុក្រ ដើម្បីដោះស្រាយបណ្តឹងអំពីសូរសំឡេង ដែលឮជាប់ជានិច្ចនេះ ព្រមទាំងការព្រួយបារម្ភថា រោងចក្រនេះកំពុងតែបញ្ចេញក្លិនស្អុយ។
លោកស្រីបានមានប្រសាសន៍ថា “ យើងបានបញ្ជាឲ្យរោងចក្រនេះសង់របាំងមួយដើម្បីទប់ស្កាត់សំឡេងនិងក្លិនពីមា៉ស៊ីនផលិតទឹកកករបស់ខ្លួន ហើយភាគីទាំងពីរបានព្រមព្រៀងគ្នាជាមួយនឹងដំណោះស្រាយនេះ”។អ្នកស្រុកបានប្តឹងរោងចក្រនេះចំនួនពីរលើកមកហើយទៅការិយាល័យរបស់អភិបាលខណ្ឌកាលពីខែសីហានិងខែតុលា។
លោកហៃហួនអាយុ៥២ឆ្នាំ តំណាងឲ្យអ្នកស្រុកបានមានប្រសាសន៍ថា “ ពួកគេផលិតទឹកកក២៤ម៉ោងក្នុងមួយថ្ងៃ សំឡេងម៉ាស៊ីននោះឮខ្លាំងណាស់ ហើយយើងមិនអាចដេកបានឡើយ”។
អ្នកភូមិឈ្មោះឪ សុកានអាយុ៥៨ឆ្នាំ បានមានប្រសាសន៍ថា“ ក្លិនចេញពីរោងចក្រនេះអាក្រក់ណាស់ ពេលនេះកូននិងចៅរបស់ខ្ញុំកំពុងឈឺដោយសារតែក្លិននេះ”។
លោកឈុនទូចអ្នកគ្រប់គ្រងរោងចក្រទឹកកក ដែលលោកបាននិយាយថា ជារបស់ឈ្មោះ សេងសុវណ្ណ កូនប្រុសរបស់លោកតុងសេងអភិបាលរងខេត្តកំពង់ស្ពឺបានមានប្រសាសន៍ថា លោកនឹងធ្វើតាមសេចក្តីសម្រេចរបស់មន្ត្រីខណ្ឌ។ លោកបាននិយាយបន្ថែមបន្តថា“ យើងនឹងសង់របាំងខ្ពស់ជាងនេះ និងផ្លាស់ប្តូរប្រព័ន្ធក្នុងរោងចក្រ ដើម្បីឲ្យមានសំឡេងតិច”។
ទោះជាយ៉ាងណាលោកទូច បានបដិសេធថារោងចក្រមិនបានបញ្ចេញក្លិនស្អុយនោះទេ។លោកបានសួរថា“ រោងចក្រគ្មានក្លិនស្អុយទេ ប្រសិនបើវាមានក្លិនស្អុយ តើកម្មកររបស់ខ្ញុំធ្វើការក្នុងរោងចក្រនេះយ៉ាងម៉េចទៅ?”។
លោកស្រី រស់សាមីមានប្រសាសន៍ថាប្រសិនបើម្ចាស់រោងចក្រមិនព្រមអនុវត្តតាមអ្វីដែលខ្លួនបានសន្យានោះទេ លោកនឹងបញ្ជូនពាក្យបណ្តឹងទៅមន្ត្រីសាលារាជធានីភ្នំពេញ និងក្រសួងឧស្សាហកម្ម រ៉ែ និងថាមពលហើយស្នើឲ្យបង្ខំរោងចក្រនេះរើទៅនៅទីតាំងផ្សេង៕
ប្រែសម្រួលដោយចេវប៊ុននី