40.3 C
Phnom Penh

សំណុំ​រឿងឃាត​កម្ម​លោក ជា វិជ្ជា ​ត្រឡប់​មក​កាន់​តុលាការ​ម្ដង​ទៀត បន្ទាប់ពីពន្យារពេលប្រាំបី​ឆ្នាំ​ ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ពីរ​នាក់​ដែល​ត្រូវ​បានតុលាការ​ចោទ​ប្រកាន់​ កាល​ពី​ឆ្នាំ​២០០៤ពី​បទ​ធ្វើ​ឃាត​លោកជាវិជ្ជាមេដឹក​នាំ​សហជីព​ និង​ត្រូវ​បាន​គេ​ដឹង​​ជា​ទូ​ទៅ​ថា ជាមនុស្សត្រូវគេ​ទម្លាក់​កំហុស​លើ​​នោះ​ នឹង​ត្រូវ​បង្ហាញ​ខ្លួន​នៅ​សាលា​ឧទ្ធរណ៍​ដើម្បីចូលរួម​សវនាការជំនុំជម្រះ​ឡើង​វិញ​នៅ​ថ្ងៃ​នេះ​ ដោយ​គិត​មក​ទល់​នឹង​ពេល​នេះ​ ជិត​បួន​ឆ្នាំ​ហើយ​ បន្ទាប់​ពី​តុលាការ​កំពូល​បាន​ដោះ​លែង​ពួក​គេ​ ហើយ​បាន​បង្គាប់​ឲ្យមាន​ការ​​​ស៊ើប​អង្កេត​​សំណុំ​រឿង​នេះ​ឡើង​វិញ​។

លោក ប៊ន សំណាង និងលោក សុខសំអឿន ត្រូវ​បាន​ចាប់​ខ្លួន​មួយ​សប្ដាហ៍​បន្ទាប់​ពី​លោកជាវិជ្ជាត្រូវ​​គេ​បាញ់​សម្លាប់​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២២ខែ​មករា ឆ្នាំ​២០០៤​។ ក្រោយ​មក​​ ក្នុង​ឆ្នាំ​ដដែល​នោះ​ ​ពួក​គេ​ត្រូវ​បានតុលាការផ្តន្ទា​ទោស​ម្នាក់​ៗឲ្យ​​​ជាប់​ពន្ធនាគារ​រយៈ​ពេល​២០​ឆ្នាំបើ​ទោះ​ពួក​​គេប្រកែកថា ជាការទម្លាក់​កំហុស​​ក៏ដោយ។

ថ្វី​បើ​បទ​ចោទ​ប្រកាន់​ត្រូវ​បាន​តម្កល់​ ក៏​ដោយ តែតុលាការ​កំពូល​បាន​ដោះ​លែង​បុរស​​ទាំង​ពីរ​នេះ​​ឲ្យ​នៅ​ក្រៅ​ឃុំ​ កាល​ពី​ចុង​ឆ្នាំ​២០០៨ហើយ​បាន​បង្គាប់​ឲ្យ​សាលា​ឧទ្ធរណ៍​​បើកការស៊ើប​អង្កេត​ឡើង​វិញ​លើ​សំណុំរឿង​ឃាត​កម្ម​នេះ។ សាលា​ឧទ្ធរណ៍​បាន​បង្វិល​សំណុំ​​រឿង​នេះ​ត្រឡប់​ទៅ​កាន់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​វិញ​ ដែល​ដំបូង​ឡើយ​បាន​ចោទ​ប្រកាន់​​បុរស​ទាំង​ពីរ​នេះ​ កាល​ពី​ឆ្នាំ២០០៩។

សាលា​ឧទ្ធរណ៍​បាន​កំណត់​កាល​បរិច្ឆេទ​បើក​សវនាការ​ឡើង​វិញ​ ក្នុង​ខែ​សីហា ឆ្នាំ​២០១១ប៉ុន្ដែបាន​ផ្អាក​ទៅវិញ​ នៅពេល​ដល់​ថ្ងៃកំណត់។

មេធាវី​របស់​លោកប៊នសំណងនិង​ លោក​សុខសំអឿនបាន​លើកឡើង​​កាល​ពី​ម្សិល​មិញ​ថា កូន​ក្ដី​របស់​ខ្លួន​បាន​ត្រៀម​ខ្លួន​ចូល​រួម​សវនា​ការ​នៅ​ថ្ងៃ​នេះ​។ លោកជុំសុវណ្ណាលីមេធាវី​របស់​ លោកប៊នសំណាងបាន​មាន​ប្រសាសន៍​ថា “ ​ខ្ញុំ​មិន​អាច​និយាយ​បាន​ថា តើ​ខ្ញុំ​អាច​ការ​ពារ​កូន​ក្ដី​របស់​ខ្ញុំ​ និង​អនុញ្ញាត​ឲ្យ​គាត់​នៅ​ក្រៅ​ឃុំ​ បាន​ឬក៏​អត់​នោះ​ទេពីព្រោះ​ខ្ញុំ​ចាំ​បាច់រង់​ចាំ​ទទួល​ដំណឹង​ថា តើ​ភ័ស្ដុតាងមាន​អ្វី​ខ្លះ ដែល​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​រក​ឃើញ”។

លោកកៅទីមេធាវីតំណាង​ឲ្យគ្រួសារ​សព​លោកជាវិជ្ជាបាន​លើក​ឡើង​ថាលោក​សង្ឃឹម​ថាការ​បើក​សវនាការ​ជំនុំជម្រះឡើង​វិញ​ នឹង​ទទួល​បាន​ជោគ​ជ័យ​ បន្ទាប់ពី​ការ​បើក​សវនាការ​លើក​មុន​បាន​បរាជ័យ​នោះ​។ លោកបាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​សង្ឃឹម​ថាតុលាការ​នឹង​ស្វែង​រក​ឲ្យ​ឃើញ​ឧក្រិដ្ឋ​ជន​ពិត​ប្រាកដ​ ដើម្បី​ផ្ដល់​យុត្ដិធម៌​ឲ្យ​គ្រួសារ​លោកជាវិជ្ជា”។

តាំង​ពី​ដំបូង​មក​ម៉្លេះលោកប៊នសំណាងនិងលោកសុខសំអឿនសុទ្ធ​តែ​បាន​អះអាង​ថា ខ្លួន​មិនមាន​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​ស្លាប់​របស់​មេដឹក​នាំ​សហជីព​ដ៏ល្បីល្បាញនេះទេហើយ​បាន​បង្ហាញ​តុលាការ​អំពី​ការ​សំអាង​ដ៏​ជាក់​ស្ដែង​ អំឡុង​ការ​បើក​សវនាការ​ដំបូង​របស់​ពួក​គេ​។

ក្រុមអ្នក​អង្កេត​ការ​អន្ដរជាតិ​ និង​អង្គការ​សិទ្ធិ​មនុស្ស​ក្នុងស្រុកបាន​លើក​ឡើង​ថាទាំង​ការ​ស៊ើប​អង្កេត​ និង​ការ​បើក​សវនាការ​សុទ្ធ​តែ​ធ្វើ​ឡើង​ ដោយ​មិន​ត្រឹម​ត្រូវ​ទាល់​តែ​សោះ​។សម្ដេចឪ​ព្រះ​បាទនរោត្ដមសីហនុ​បានទ្រង់​ព្រះ​លិខិត​ដោយ​បាន​បង្ហាញ​ពី​ការ​ទុក​ព្រះ​ទ័យ​របស់​ព្រះ​អង្គ​ថា បុរស​ទាំង​ពីរ​នាក់នេះ​សុទ្ធ​តែ​មិនមាន​កំហុស​នៅ​ក្នុង​អំពើ​ឃាត​កម្ម​នេះ​ទេ។ហើយ​កាល​ពី​ឆ្នាំ​២០០៦លោកហេងពៅអតីត​ស្នង​ការ​នគរបាល​រាជ​ធានី​ភ្នំពេញ​ ដែល​បាន​ដឹក​នាំ​នគរបាល​ស៊ើប​អង្កេត​បុរស​ទាំង​ពី​ររូប​នេះ​ ហើយ​ដែល​ឥឡូវ​

​កំពុង​តែ​ជាប់​ពន្ធនាគារ​យ៉ាង​យូរ​ពី​បទ​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​ឃាតកម្ម និង​បទ​ល្មើស​ធ្ងន់​ធ្ងរ​ផ្សេង​ៗ​ទៀត​បាន​ប្រាប់​ទស្សនាវដ្ដី​បារាំង​មួយ​ថា បុរស​ទាំង​ពី​រនាក់ត្រូវ​​គេ​ទម្លាក់​កំហុស​៕

ប្រែសម្រួល​ដោយស៊ាស៊ុយ​ឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស