28.4 C
Phnom Penh

សហជីព​អ្នក​រត់​តាក់ស៊ី ប្រាប់​ EU និង US ​កុំ​ឲ្យ​ធ្វើ​អន្ដរាគមន៍​ក្នុង​សំណុំ​រឿង​សកម្មជន​បឹងកក់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នករត់​រ៉ឺម៉ក​ម៉ូតូ​ និង​អ្នក​រត់​ម៉ូតូ​ឌុប​ជាង​១០០​នាក់​ដែល​ជា​សមាជិក​នៃ​សហជីព​មិន​សូវ​ល្បី​ឈ្មោះ​មួយ​ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​​​​ស្ថាន​ទូត​អាមេរិក​ និង​គណៈប្រតិភូ​សហភាពអឺរ៉ុប​ កាល​ពី​ម្សិលមិញ​ ដោយ​ស្នើ​ឲ្យ​ពួ​ក​​​គេ​កុំ​ឲ្យ​ធ្វើ​អន្ដរាគមន៍​​ក្នុង​សំណុំ​រឿង​របស់​អ្នក​ស្រី​យ៉មបុប្ផាសកម្ម​ជន​មក​ពី​សហគមន៍​បឹង​កក់​។

នេះ​មិន​មែន​ជា​លើក​ដំបូង​ទេដែល​ក្រុម​សម្ពន្ធ​សមាគម​អភិវឌ្ឍន៍​កម្ពុជា​បាន​ចេញ​មក​តាម​ផ្លូវ​ ដើម្បីទាម​ទារ​ឲ្យ​មាន​ការ​ផ្ដន្ទាទោស​អ្នក​ស្រី​ យ៉មបុប្ផាដែល​ពួក​គេ​បាន​ចោទ​ប្រកាន់​ថា បានប្រើ​អំពើ​ហិង្សា​លើ​សមាជិក​ពីររូប​របស់​សម្ពន្ធ​សហគមន៍​អភិវឌ្ឍន៍​កម្ពុជា​នោះ​។

លោកអីុសុភស្សប្រធាន​សម្ពន្ធ​សហគមន៍​អភិវឌ្ឍន៍​កម្ពុជាបាន​ថ្លែង​ថា“​ខ្ញុំ​សង្ឃឹម​ថាស្ថាន​ទូត​អាមេរិកនិង​សហភាព​អឺរ៉ុប​ នឹង​​ពិនិត្យមើល​សំណុំ​រឿង​របស់​អ្នក​ស្រី យ៉ម បុប្ផា ពី​ព្រោះនេះ​មិន​មែន​ជា​ជម្លោះ​ដី​ធ្លី​នោះ​ឡើយ​វា​គឺ​ជា​បទ​ល្មើលព្រហ្មទណ្ឌ”។លោក​បន្ដ​ថា“ខ្ញុំ​ចង់​ឲ្យ​ស្ថាន​ទូត​​អាមេរិកនិង​សហភាព​អឺរ៉ុបកុំ​ឲ្យ​ចូល​មក​ពាក់​ព័ន្ធ​ក្នុង​សំណុំ​រឿង​នេះ​ ហើយ​កុំឲ្យ​ដាក់​សម្ពាធ​ណាមួយ​ទៅ​​​​លើ​​​រដ្ឋា​ភិបាល​”។

លិខិត​នេះ​ បាន​លើក​ឡើង​ថា“កាល​ពី​ថ្ងៃ​ទី​៧ខែ​សី​ហាឆ្នាំ​២០១២វេលាម៉ោង៧និង​១០​នាទី​យប់​ មាន​ការ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​មួយ​ទៅ​លើ​សមាជិក​ពីរ​រូប​របស់​សម្ពន្ធ​​​​សហគមន៍​អភិវឌ្ឍន៍​កម្ពុជា​ គឺ​លោកវ៉ាត់​ ថៃ​សៀងអាយុ​២៤​ឆ្នាំនិង​លោក​ ង៉ែត​ ចិត្ត​ អាយុ​​​​២៨​ឆ្នាំនៅពេលពួក​គេ​ទាំង​ពីរ​កំពុង​តែ​រង់​ចាំ​​​​ដឹក​ម៉ូយ​របស់​ខ្លួន​ ហើយត្រូវអ្នក​ស្រី​ យ៉មបុប្ផានិង​ប្ដី​របស់អ្នក​ស្រីព្រម​ទាំង​ប្អូន​ប្រុស​ពីរ​នាក់​របស់​អ្នក​ស្រី​បាន​ចោទ​ប្រកាន់​ពួក​គេ​ថាជា​ចោរ​ ហើយ​បាន​យក​តួណឺវីស​ចាក់​ពួក​គេ​ និង​បាន​យក​ពូថៅ​វាយ​ពួក​គេ​ឲ្យ​រង​របួស​ធ្ងន់​”។

លោកវ៉ាត់សារ៉ាត់ឪពុក​របស់​លោកថៃ​​​សៀងបាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​សា​​​លា​​​ដំបូង​​​​រាជ​ធានី​ភ្នំពេញ​ ហើយ​អ្នក​ស្រី​ យ៉មបុប្ផាត្រូវ​បាន​ចាប់​ខ្លួនកាល​ពី​ថ្ងៃ​ទី​៧ខែ​កញ្ញា។

ប៉ុន្ដែអ្នក​ភូមិ​មក​ពី​សហគមន៍​បឹងកក់​បាន​អះអាង​ថាអ្នក​ស្រីយ៉មបុប្ផាត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​ដោយ​សារ​តែ​តួនាទី​របស់​អ្នក​ស្រី​ជា​សកម្មជន​ប្រឆាំង​ការ​បណ្ដេញ​ចេញ​ ហើយអង្គការ​សិទ្ធិ​មនុស្ស​ រួម​ទាំង​អង្គការ​លើក​លែង​ទោស​អន្ដរជាតិ​ និង​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បាន​ហៅ​ការ​ចោទ​ប្រកាន់​នេះ​ថាគួរ​ឲ្យ​សង្ស័យ​ ហើយ​ក៏បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ដោះ​លែង​​​​អ្នក​ស្រី​ផងដែរ​។

កាល​ពី​ថ្ងៃ​ច័ន្ទអ្នក​ភូមិ​មួយ​ចំនួនមក​ពី​សហ​​​​​​គមន៍​បឹង​កក់​ បាន​ដាក់​ញត្តិ​ទៅ​កាន់​ស្ថាន​ទូត​​អាមេរិក​​​​​ដោយ​ស្នើ​ឲ្យ​ប្រធានា​ធិបតី​អាមេរិកលោកបារ៉ាក់​ អូបាម៉ា (Barack Obama) លើក​ឡើង​អំពី​បញ្ហា​ពាក់​ព័ន្ធ​នឹង​ការ​បណ្ដេញ​ចេញ​ពី​ដី​ធ្លី​ រួម​ទាំង​សំណុំ​រឿង​របស់​អ្នក​ស្រី​ យ៉មបុប្ផាផង​​​ដែរនៅពេល​មក​បំពេញ​ទស្សន​កិច្ច​​នៅ​ខែ​នេះ។

លោកវ៉ាត់សារ៉ាត់បាន​និយាយ​កាល​ពី​ម្សិលមិញ​ថា“ខ្ញុំ​គិត​ថា​ រឿង​នេះគឺ​ជា​រឿង​ព្រហ្មទណ្ឌពីព្រោះ​​អ្នក​ស្រី​ យ៉មបុប្ផាមាន​បំណង​សម្លាប់​កូន​ប្រុស​របស់​ខ្ញុំ​។ខ្ញុំ​ទាម​ទារ​ប្រាក់​សំណងជំងឺចិត្ត​​ចំនួន២.០០០​ដុល្លារ”។

លោកវ៉ាត់នឿនអ្នក​រត់​ម៉ូតូឌុបមួយ​រូប​ដែល​បាន​ប្រមូល​ផ្ដុំ​គ្នា​ជាមួយ​នឹង​អ្នក​រត់​ម៉ូតូ​​​ឌុប​ផ្សេង​ៗ​ទៀត​ នៅខាង​ក្រៅ​ស្ថាន​ទូត​​អាមេរិក​ កាល​ពី​ម្សិលមិញ​ បាន​និយាយថាលោក​គ្រាន់​តែ​មក​ចូល​រួមការ​ប្រមូល​ផ្ដុំ​នេះ​តែ​ប៉ុណ្ណោះពី​ព្រោះ​គេ​នឹង​ឲ្យ​លុយ​លោក​។លោក​បាន​និយាយ​ថា“ខ្ញុំ​មក​តាម​ពួក​គេ​ ពី​ព្រោះពួក​គេ​សន្យា​ថាពួក​គេ​នឹងមាន​​​របស់​​​សម្រាប់ឲ្យ​ខ្ញុំ​”។ អ្នក​ស្រីយ៉មបុប្ផាត្រូវ​បាន​គេ​កំណត់​​​ពេល​​​​​ឲ្យ​បង្ហាញ​ខ្លួន​នៅ​សាលាឧទ្ធរណ៍​ថ្ងៃ​នេះ​ ដើម្បី​ចូលរួមស្តាប់សវនាការអំពីសំណើ​សុំ​ដោះ​លែង​អ្នក​ស្រី​ឲ្យ​នៅ​ក្រៅ​ឃុំ​៕

ប្រែ​សម្រួល​ដោយស៊ាស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស