33 C
Phnom Penh

​អ្ន​កតវ៉ា​បោះ​ជំរំ​នៅ​មុខ​ស្ថាន​ទូត​អាមេរិក អំពាវ​នាវ​ឲ្យ​ អូបាម៉ា ជួយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​នៅ​ពេល​ដែល​លោក បារ៉ាក់ អូបាម៉ា (Barack Obama)ត្រូវ​បាន​ប្រកាស​ថា ជា​ប្រធា​នា​ធិបតី​សហ​រដ្ឋ​អាមេរិកអាណត្តិ​ទី២​ កាល​ពី​ម្សិល​មិញ អ្នក​តវ៉ា​នឹង​ការ​បណ្តេញ​ចេញប្រ​ហែល​៥០​នាក់​មក​ពី​សហ​គមន៍​បឹង​កក់​ និង​សហ​គមន៍​បុរី​កីឡា បាន​បោះ​ជំរំ​នៅ​​​មុខ​ស្ថាន​ទូត​សហ​រដ្ឋ​អាមេរិក នៅក្នុង​រាជ​ធានី​ភ្នំពេញ​ ហើយ​បាន​អំ​ពាវ​នាវសុំ​ឲ្យលោក​ប្រធានា​ធិបតី​ជួយ​ដោះ​ស្រាយ​បញ្ហា​សិទ្ធិ​ដីធ្លី នៅ​ពេល​លោក​​ធ្វើ​ដំណើរ​ទស្ស​ន​កិច្ច​មក​កាន់​រាជ​ធានី​ភ្នំពេញ​នៅ​ចុង​ខែ​នេះ។

ប៉ុន្តែ​ ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​បាន​បោះ​ជំរំ​នគរ​បាលបង្ក្រាប​កុប​កម្ម​ប្រ​ហែល​១០០​នាក់​​ប្រ​ដាប់ដោយ​​ខែល​និង​ដំបង​មិន​ដឹង​ចេញ​មក​ពី​ទីណា បាន​​បណ្តេញ​​អ្នក​តវ៉ាដោយ​សន្តិ​​វិធី​ទាំង​នេះ​ចេញ​ពី​ទី​នោះ។

អ្នក​ភូមិ​បឹង​កក់​​ឈ្មោះបូវសុភា និយាយថា “ យើង​មក​ទី​នេះ​ដើម្បី​អប​អរ​សាទរ​ប្រធា​នាធិបតីអូបាម៉ាដែល​ឈ្នះ​ការ​បោះ​ឆ្នោត ហើយ​យើង​សុំ​ឲ្យ​​លោក​​ជួយអន្ត​​រា​គមន៍​​ឲ្យ​​ដោះ​លែង​សកម្ម​ជន​របស់​យើង ​ដែល​​កំពុង​ជាប់​ពន្ធ​នាគារ​”។ ​អ្នក​ស្រី​និង​​ប្រជា​ពល​រដ្ឋ​ផ្សេងៗ​ទៀត​បាន​លុត​ជង្គង់​បួង​សួង​ខាង​ក្រៅ​​​​ស្ថាន​ទូត​សហ​រដ្ឋ​អាមេរិក ​ដោយ​ក្នុង​ដៃ​មាន​កាន់​រូប​លោក ​អូបាម៉ា មួយ​ផ្ទាំង​ធំ។

អ្នក​តវ៉ា​ទាំង​នេះ​​បាន​​បោះ​ជំរំ​តូច​មួយ​របស់​ខ្លួន​នៅ​លើ​សួនច្បារ​ទល់​មុខ​ច្រក​ទ្វារ​ធ​ំ​ស្ថាន​ទូត​​នេះ​នៅ​ពេល​​ថ្ងៃ​ត្រង់​ និង​ធ្វើ​ឡើង​បន្ទាប់​ពី​សាលា​ឧទ្ធរណ៍​បាន​ចេញ​សេចក្តី​សម្រេច​មួយ​បដិសេធ​ការ​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​សម្រាប់​សកម្ម​ជន​និយា​យ​មិន​សំចៃ​មាត់​ពីរ​រូបម្នាក់​ឈ្មោះ​ យ៉មបុប្ផាមក​ពី​សហគមន៍​បឹង​កក់និង​ម្នាក់​ទៀតឈ្មោះ​ ទឹមសាក់​មុនីមក​ពី​សហ​គមន៍​បុរី​កីឡា។​​​​​​

មុន​​​ពេល​​​ត្រូវ​​​នគរ​​​បាល​​​បង្ក្រាប​​​កុប​​​កម្ម​​​បណ្តេញ​​​ចេញ​​​ អ្នក​​​តវ៉ា​​​ទាំង​​​នេះ​​​​​​និយាយ​ថា ​ខ្លួន​​​​​​មាន​​​គម្រោង​​​ស្នាក់​​​នៅ​​​​​​ខាង​​​ក្រៅ​​​ស្ថាន​​​ទូត​​​នេះ​​​រហូត​​​ដល់​​​លោក​​​ អូបាម៉ា មក​​​ដល់​​​​​​ប្រទេស​​​កម្ពុជា។

លោកអូបាម៉ាគ្រោង​មក​ទស្ស​ន​កិច្ច​​​​នៅ​​​កម្ពុជា ដើម្បី​​​ចូល​​​រួម​​​​​​កិច្ច​ប្រ​ជុំ​កំពូល​អាស៊ី​បូព៌ា​និង​អាស៊ាន​ ដែល​នឹងប្រ​ព្រឹត្ត​​​​ទៅ​​​ក្នុង​​​ពេល​​​ជា​​​​មួយ​​​គ្នា​​ពី​ថ្ងៃ​ទី​១៨​ដល់ថ្ងៃ​ទី​២១​ខែ​វិច្ឆិកា។

ចាប់​​​តាំង​​​ពី​​​ដំណើរទស្ស​ន​កិច្ច​របស់​លោក​ត្រូវបាន​បញ្ជាក់​កាល​ពី​ខែ​កញ្ញាមក​​​ មាន​ការ​​តវ៉ា​រហូត​​ពីសំណាក់​​ប្រជា​​​​​​ពល​​​រដ្ឋ​​​ក្នុង​​​ស្រុក​​​បណ្តា​អង្គ​ការ​សិទ្ធិ​មនុស្ស​​និង​សមាជិក​សភា​គណ​បក្ស​ប្រឆាំង​លេចធ្លោ​​​​មួយ​​​ចំនួន​​​ ដែល​រួម​មាន​ទាំង​លោក​ស្រីមូរសុខហួរនិង​លោកសមរង្ស៊ីផង ​ដែល​បាន​អំពាវ​នាវ​សុំ​កុំ​​​ឲ្យ​លោក អូបាម៉ា មក​ទស្សន​​​កិច្ច​​​​នៅ​កម្ពុជាប្រសិន​បើ​រដ្ឋាភិបាល​​​​មិន​​​អាច​​​ដោះ​ស្រាយ​បញ្ហា​សិទ្ធិ​មនុស្ស​និង​កំណែ​ទម្រង់​​ប្រព័ន្ធ​បោះ​ឆ្នោត​​​នៅ​​​ក្នុង​​​ប្រទេស​​​បាន​​​ទេ​​​​នោះ។

លោកសៀនម៉ាកគិនតុស (Sean McIntosh) អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​អាមេរិក​ ក្នុង​រាជ​ធានី​ភ្នំពេញ ​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​​​​ដោយ​​​ផ្ទាល់​​​​អំពី​អ្នក​​​តវ៉ានៅ​ក្រៅ​ស្ថាន​ទូ​តទាំង​​​​នេះ​ទេ។ ប៉ុន្តែ​លោក​​​​​​បាន​លើក​ឡើង​ក្នុង​អុី​ម៉េល​មួយ​ថា“ ការ​ពារ​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន​ ដូច​ជា​សិទ្ធិ​ទទួល​បាន​ដីធ្លី​ជា​ដើម​ ជា​ផ្នែក​ដ៏​សំខាន់

​​នៃ​កិច្ច​ខំ​ប្រឹង​ប្រែង​របស់​បេស​ក​កម្ម​សហ​រដ្ឋ​អាមេរិក ដើម្បី​ជំរុញ​ឲ្យ​​​មាន​​​អភិ​បាល​កិច្ច​ប្រកប​ដោយ​លទ្ធិ​ប្រ​ជា​ធិប​តេយ្យ​​និងយុត្តិធម៌​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា”។

បណ្តា​អង្គ​ការ​សិទ្ធិ​មនុស្ស​​​​​បាន​ថ្កោល​ទោស​​រដ្ឋាភិបាល​​​ ដែល​​​បាន​​​បង្ហាញ​​​កម្លាំង​​របស់​​​ខ្លួន​​​​នៅ​​ស្ថាន​ទូត​នេះ។

លោកឡុង​ គឹមហ៊ាងអ្នក​នាំ​ពាក្យ​ក្រុម​ការ​ងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន​ ដែល​​​មាន​​​វត្ត​​​​​​មាន​​​​​​ខាង​​​ក្រៅ​​​ស្ថាន​​​ទូត​​​សហ​​​រដ្ឋ​​​អាមេរិក នៅពេល​​​ក្រុម​​​អ្នក​​​តវ៉ា​​​ត្រូវបាន​​​បណ្តេញ​​​ចេញ​​​នោះ បាន​​មាន​ប្រ​សាសន៍ថា “ នេះ​​​គឺជា​​​ភ័ស្តុតាង​​​មួយ​​​​បន្ថែម​ទៀត ​ដែល​បង្ហាញ​ថារដ្ឋាភិបាល​មិនគោរព​សិទ្ធិ​​​មនុស្សទេ​”។

លោកជួនសុវណ្ណស្នង​ការនគរបាល​រាជ​ធានីភ្នំពេញ បក​ស្រាយ​​ពី​សកម្ម​ភាព​របស់មន្ត្រី​​ក្រោ​មឱវាទ​​លោក​ថា “ ការ​តវ៉ា​របស់​ពួកគាត់​​​ធ្វើ​ឲ្យ​ប៉ះ​ពាល់​​​ដល់​​​សន្តិ​សុខ​របស់​ស្ថាន​ទូត​ ដូច្នេះ​សមត្ថ​កិច្ច​របស់​យើង​មាន​កាតព្វ​កិច្ច​ការ​ពារ​ស្ថាន​ទូត​នេះ​។យើង​បាន​សូម​​​អង្វរ​ពួក​គាត់​​ជា​ច្រើន​ដង​ឲ្យ​​បំ​បែក​គ្នា​​ចេញ​ពី​ស្ថាន​ទូត​នេះ​ ប៉ុន្តែ​​ពួក​គាត់​មិន​​​​ព្រម​​​ស្តាប់”។

នៅមុន​នេះ​ កាល​ពី​ម្សិល​មិញ ក្រុមអ្នក​​​តវ៉ា​​​ដដែល​នេះ​​បាន​តម្រង់​ជួរ​គ្នា​នៅ​​​តាមតីរ​វិថី​​​ព្រះស៊ី​​​សុវត្ថិជិត​​​សាលា​​​ឧទ្ធរណ៍​​​ ដើម្បីស្តាប់​​​​សេចក្តី​​​សម្រេច​​​របស់​​​តុលាការ​​​នេះថា ​​តើតុលា​ការនឹង​​​ដោះលែង​​​ស្ត្រី​​​ឈ្មោះ ​បុប្ផា ​និងស្ត្រី​​​​ឈ្មោះ សាក់​មុនី ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ​​​ឬ​​​យ៉ាង​ណា។

នៅពេល​​​ពួក​​​គេ​​​រង់​​​ចាំ​​​សាល​​​ដីកា​​​​​របស់​​សាលា​​​ឧទ្ធរណ៍​​​​ ពួកគេបាន​​​កាន់​​​ផ្កាឈូក​​​​​​​​និង​​​រូប​​​ថត​​​ស្ត្រី​​​ទាំង​​​ពីរ​​​នាក់​​​ខាង​​​លើ​​​នេះ​ដោយ​​​​​​មាន​​សរសេរ​​​អក្សរ​​​ថា “ បញ្ឈប់​​​អំពើ​​​ហិង្សា”។

ស្ត្រី​​​ឈ្មោះ បុប្ផា ត្រូវបា​​ន​​​តុលាការ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ប្រើ​​​អំពើ​​​ហិង្សា​​​ដោយ​​​ចេតនា​​កាល​​​ពី​​​ខែ​​​កញ្ញា​​​  ហើយ​​​​​​បញ្ជូន​​​ទៅ​​ឃុំខ្លួន​បណ្តោះ​

អាសន្នក្នុងពន្ធ​​​នាគារ​​​​​​ទាក់​​​ទិន​​​នឹង​​​តួនាទី​​​របស់​​​ស្ត្រី​​​រូប​​​នេះ​​​កាល​​​ពី​​​ក្នុង​​​ខែ​​​សីហា​​​ ដែល​​​បាន​​​វាយ​​​ដំ​​​អ្នក​​​រត់​​​ម៉ូតូ​​​ឌុប​​​ពីរ​​​នាក់​​ ហើយ​​​​​​ស្ត្រី​​​ឈ្មោះ​​​ សាក់មុនី ត្រូវបាន​​​ចោទ​​​ប្រ​​​កាន់​​​ពី​​​បទផ្តល់សេចក្តី​​​ប្រ​​​កាស​​​ក្លែង​​​ក្លាយ​​​​​​​​​នៅ​​​ក្នុង​​​ការ​​​ប៉ុន​​​ប៉ង​​​​​​ ដើម្បី​​​ទទួល​​​បាន​​​ផ្ទះ​​​។​​​បណ្តា​​​សកម្ម​​​ជន​​​សិទ្ធិ​​​មនុស្ស​​​​​​បាន​​​ចាត់​​​ទុកបទចោទ​​​ប្រកាន់​​​ទាំង​​​នេះ​​​ថា​​​ មាន​​​ចំណុច​​​គួរ​​​ឲ្យសង្ស័យ​​​ ហើយ​​​និយាយ​​​ថា ​​​វា​​​ជា​​​ការ​​​ប៉ុន​​​ប៉ង​​​​​​ ដើម្បីបំបិទ​​​មាត់​​​ស្ត្រី​​​ទាំង​​ពីរ​​​នាក់​​​នេះ។​​​​​​​​​

នៅពេល​​​​​​ដំណឹង​​​លេចឮ​​​នៅ​​​​ម៉ោង​​​ប្រហែល​៩​​​និង​​​៤០​​​នាទី​​​ព្រឹក​អំពី​​​សេចក្តី​​​សម្រេច​​​របស់​​​សាលា​​​ឧទ្ធរណ៍​​​ ដែល​​​ច្រាន​​​ចោល​​​សំណើ​​​សុំ​​​នៅ​​​ក្រៅ​​​ឃុំ​​​សម្រាប់​​​ចុង​​​ចោទ​​​ទាំង​​​ពីរ​​​រូប​​​នេះ ក្រុម​​​ប្រ​​​ជាពល​​​រដ្ឋ​​​ក៏​​​បាន​​​ស្រែក​​​យំ​​​ទ្រហឹង​​​ ​ហើយ​ការ​​​តវ៉ា​​​​​ដោយ​​​សន្តិ​​​វិធី​​​​​មួយ​បាន​​​ឈាន​​​ដល់​​​ការ​​​ប្រតាយ​​​ប្រ​​​តប់គ្នា​​​រវាង​​​អ្នក​​​តវ៉ា​​​ទាំង​​​នេះ​​​និង​​​នគរ​​​បាល​​​បង្ក្រាប​​​កុប​​​កម្ម​​​ដែល​​​បិទ​​​ផ្លូវ។

លោក លួស សាខន ប្តី​​​របស់​​​អ្នក​​​ស្រី​​​ បុប្ផា ​​​បាន​​​និយាយ​​​​​​នៅ​​ពេល​​​ធ្វើ​​​ការ​​​​​​តវ៉ា​​​នោះ​​​ថា“ តុលាការ​​​នេះ​​​មិន​​​ឯក​​​រាជ្យ​​​ទេ ហើយ​​នេះ​​​គឺ​​​ជា​​​​អំពើ​អយុត្តិ​​​ធម៌”។ នៅ​​ខាង​​​ក្នុង​​​​បន្ទប់​សវនាការ តុលាការ​​​បាន​​​​​ប្រាប់​​​អ្នក​​​ស្រី បុប្ផា និង​​​អ្នក​​​ស្រីសាក់មុនី ​​ថា សំណើ​​​សុំ​​​នៅ​​​ក្រៅ​​​ឃុំ​​​ត្រូវបាន​​​ច្រាន​​​ចោល​​​ដោយ​​​សារតែ​​​អ្នក​​​ស្រី បុប្ផា មិន​​​អាចបញ្ជាក់​​​​​​បាន​​​ថា គាត់​​​ត្រូវ​​​ការ​​​ការ​​​ព្យា​​​បាល​​​ជំងឺ។

លោក យ៉ិន សាវ៉ាត មេធាវី​​​​​​របស់​​​អ្នក​​​ស្រី​​​​​​សាក់មុនី មាន​​​ប្រ​​​សាសន៍ថា អ្នក​​​ស្រី ​សាក់មុនីត្រូវបាន​​​តុលាការ​​​ច្រាន​​​ចោល​​​សំណើ​​​សុំ​​​នៅ​​​ក្រៅ​​​ឃុំ​​​ ពីព្រោះ​​​គាត់​​​​​ត្រូវ​​​បានចាត់​​​ទុក​​​ថា​​​ជា​​​ការ​​​គំរាមកំហែង​​​ដល់​​​សង្គម​​​​​​នៅ​​​ឡើយ​​​។

មុន​​​ពេល​​​ត្រូវ​​​គេ​​​រុញ​​​ចូល​​​រថ​​​យន្ត​​​វែន​​​បញ្ជូន​​​​ខ្លួន​​​ទៅ​​​​កាន់​​​ពន្ធ​​​នាការ​​​ព្រៃ​​​ស កន្លែង​​​ដែល​​​គាត់​​​​ត្រូវបាន​​​ឃុំ​​​ខ្លួន​​​ចាប់តាំង​​​ពី​​​ការ​​​ចាប់​​​ខ្លួន​​​គាត់​​​កាល​​​ពី​​​ខែ​​​កញ្ញា​​​មកនោះ​​​​ អ្នក​​​ស្រី បុប្ផា បាន​​​និយាយ​​​​ថា “ ខ្ញុំ​​​នឹង​​​ប្តឹង​​​សាទុក្ខ​​​ទៅ​​​តុលាការ​​​កំពូល ​ពីព្រោះ​​​វា​​​​​​ជា​​​រឿង​​​អយុត្តិ​​​ធម៌”៕

ប្រែ​​​សម្រួល​​​ដោយ តែម សុខុម​​​​​​​​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស