29.3 C
Phnom Penh

ក្រុម​​​អ្នក​​​តវ៉ា​​​ប្រឆាំង​​​នឹង​​​ការ​​​បណ្ដេញ​​​ចេញ​​​​​​បោះ​​​ជំរំនៅ​​​ខាង​​​មុខ​​​ស្ថាន​​​ទូត​​​អាមេរិក​​​ជា​​​លើក​​​ទី​​​២

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិលមិញ ក្រុម​​​អ្នក​​​តវ៉ា​​​ប្រឆាំង​​​នឹង​​​ការ​​​បណ្ដេញ​​​ចេញបាន​បោះ​​​ជំរំនៅ​​​ខាង​​​មុខ​​​ស្ថាន​​​ទូត​​​​​​អាមេរិក​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​ជា​​​លើក​​​​ទី​​​២ ប៉ុន្ដែ​​​បាន​​​បញ្ចប់​​​ការ​​​តវ៉ា​​​របស់​​​ខ្លួន​​​វិញ​​​នៅ​​​ក្នុង​​​ពេល​​​ល្ងាច​​​ពេល​​​​​​​ញត្តិ​​​ ផ្ញើជូន​លោក ​បារ៉ាក់អូបាម៉ា (Barack Obama)​ ត្រូវ​​​បាន​​​មន្ត្រីសន្ដិសុខ​​​​ស្ថាន​​​ទូត​​​​​​​ទទួល​​​យកទៅ​​​ខាង​​​ក្នុង​​​ស្ថាន​​​ទូត។​​​

អ្នក​​​ស្រី ទេព វន្នី អ្នក​​​ភូមិ​​​បឹង​​​កក់ ​​​ដែល​​​នៅ​​​ទី​​​នោះ​​​មាន​​​ការ​​​បណ្ដេញ​​​ចេញ​​​ក្នុង​​​រយៈពេល​​​ប៉ុន្មាន​​​ឆ្នាំ​​​ថ្មីៗនេះ ​​​លើកឡើង​​​ថា “ សន្ដិសុខ​​​ស្ថាន​​​ទូត​អាមេរិក​​​បាន​​​ចេញ​​​មក​​​ទទួល​​​យក​​​ញត្តិ​​​​របស់​​​យើង​​​ទៅ​​​ជូនលោក​​​ឯកអគ្គរដ្ឋ​​​ទូត”។ ​​​​​​​​​​

អ្នកស្រី​​​​​​បន្ដ​​​ថា “ យើង​​​ចាក​​​ចេញ​​​ពីស្ថាន​​​ទូត​​​អាមេរិក​​​បន្ទាប់ពី​​​បាន​​​ដាក់​​​ញត្តិរួច។ នេះ​​​មិន​​​មែន​​​មាន​​​ន័យ​​​ថា យើង​​​ខ្លាច​​​ ឬ​​​រង​​​ការ​​​គំរាម​​​កំហែង​​​ពី​​​អាជ្ញាធរ​​​នោះទេ”។ អ្នក​ស្រី​​រៀប​រាប់​ថា ញត្តិ​នោះ​អំពាវ​នាវ​ឲ្យ​លោកអូបាម៉ា ជួយដោះស្រាយ​ការ​ចាប់​យក​ដី​​ក្នុង​ប្រទេស​កម្ពុជា​ និង​ដាក់​សម្ពាធ​លើ​រដ្ឋា​ភិបាល​ឲ្យ​ដោះ​លែង​សកម្ម​ជន​ប្រឆាំង​នឹង​ការ​បណ្ដេញ​​ចេញ​ដែល​កំពុង​ជាប់​ពន្ធនាគារ​ពីរនាក់​។

អ្នកស្រីវន្នីបាន​ឲ្យ​ដឹង​ផង​ដែរ​ថាអ្នក​ស្រី​ និង​អ្នក​តវ៉ា​ប្រហែល​៥០​នាក់​ផ្សេង​ទៀត​ ដែល​បោះ​ជំរំខាង​មុខ​ស្ថាន​ទូត​នោះ​បាន​ចាក​ចេញ​នៅ​ម៉ោង​៦​ល្ងាច​ បន្ទាប់​ពី​ដាក់​ញត្តិ​ដែល​ក្នុងនោះ ក៏បានស្នើ​សុំ​ជួប​លោក​ វីល​លៀមថដ (William Todd) ឯកអគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ ផងដែរ។

មន្ត្រី​ស្ថាន​ទូត​អាមេរិក​ ទោះ​ជា​យ៉ាង​ណា​ មិន​បាន​បញ្ជាក់​ថាបាន​ទទួល​ញត្តិ​នោះទេ​។ លោកសៀនម៉ាកគិនតុស (Sean McIntosh) អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​បាន​មាន​ប្រសាសន៍​ថា “ ពេល​នេះ​យើង​មិន​អាច​បញ្ជាក់​ថា​ យើង​បាន​ទទួល​ញត្តិ​នោះ​ទេ​”។

នៅ​ពេល​សួរ​ថាតើ​មាន​តំណាង​ស្ថាន​ទូត​ណាមួយ​រួម​ទាំង​​ឯក​អគ្គរដ្ឋ​ទូត​ វីល​លៀម​ថដផង​នោះ​ បាន​ជួប​ជាមួយ​នឹង​ក្រុម​អ្នក​ត​វ៉ា​ ឬអត់​នោះ​ លោកម៉ាកគិនតុសបាន​មាន​ប្រសាសន៍​ថា “ ដើម្បី​សន្ដិសុខរបស់​បុគ្គលិក ​យើង​មិន​អាចជួប​ជា​មួយ​នឹង​ភ្ញៀវ​ ដែល​មក​កាន់​ស្ថាន​ទូត​ដោយ​គ្មាន​ការ​ប្រកាស​ឲ្យ​ដឹង​មុន​នោះ​ទេ​”។

​ក្រុម​អ្នក​តវ៉ា​បាន​បោះ​ជំរំនៅ​ខាង​ក្រៅ​ស្ថាន​ទូត​លើក​ទី​​១​ កាល​ពី​ថ្ងៃ​ពុធ​ ប៉ុន្ដែបាន​រំសាយនៅ​ពេល​យប់​វិញ​ ដោយ​សារនគរ​បាល​បង្ក្រាប​កុបកម្ម​រាប់​រយនាក់​បាន​ដាក់​ពង្រាយ​ កាល​ពី​ល្ងាច​ថ្ងៃ​ពុធដើម្បី​បណ្ដេញ​ពួក​គេ​ចេញ​។

ដោយអង្គុយ​នៅ​ក្រោម​ដំបូល​តង់​ចំនួន​ពីរ​ កាល​ពី​ម្សិលមិញ​ អ្នក​តវ៉ាបាន​លើក​បដា​សរសេរ​ដោយ​ដៃ​ ដោយ​អំពាវ​នាវ​ឲ្យ​រដ្ឋា​ភិបាល​សហរដ្ឋ​អាមេរិក​ជួយ​អន្ដរាគមន៍​ក្នុង​ជម្លោះ​ដី​ធ្លី​របស់​ខ្លួន​។ បដានោះ​មាន​ន័យ​ថា “ ​សូម​លោកបារ៉ាក់​ អូបាម៉ាជួយ​អន្ដរា​គមន៍​ទៅលើ​រដ្ឋា​ភិបាល​ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ផង​”។

លោកអូបាម៉ានឹង​មកបំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​កម្ពុជា​​ ដើម្បី​ចូល​រួម​កិច្ច​ប្រជុំកំពូល​អាស៊ាន​ និង​អាស៊ី-​បូពា៌ ដែល​នឹង​ប្រព្រឹត្ត​ទៅ​​ចាប់​ពី​ថ្ងៃ​ទី​១៨ ​ដល់​ថ្ងៃ​ទី​២១​ ខែ​វិច្ឆិកា​។

អ្នក​ស្រី​ វន្នីបាន​លើក​ឡើង​ថា “ ​យើង​ចង់​ឲ្យ​លោក​ប្រធានាធិបតី​ អូបាម៉ា ជួយដោះ​ស្រាយបញ្ហាជម្លោះ​ដី​ធ្លី ដែល​កំពុង​តែ​កើត​ឡើង​ក្នុង​ប្រទេស​កម្ពុជា​ យើង​ចង់​ឲ្យ​លោក​ជួយដោះស្រាយ​បញ្ហារំលោភ​សិទ្ធិ​មនុស្ស​ ជា​ពិសេស​ ក្នុង​ករណី​របស់​អ្នក​ស្រីយ៉មបុប្ផានិងអ្នកស្រី ទឹមសាក់​មុនី”។

សកម្ម​ជន​ទាំង​ពីរ​នាក់​ គឺ​អ្នក​ស្រីបុប្ផានិង​អ្នក​ស្រីសាក់​មុនីត្រូវ​បានតុលាការ​​ចោទ​ប្រកាន់​ និងឃុំខ្លួនក្នុង​ពន្ធនាគារ​ដោយសារ​ករណី​ផ្សេង​ពីគ្នា​ កាល​ពី​ខែ​កញ្ញា​។អង្គការ​សិទ្ធិមនុស្ស​នានា​ បាននិយាយ​ថាការ​ចាប់​ខ្លួន​នេះ​ គឺ​ជា​ការ​ប៉ុនប៉ង​បំបិទ​មាត់​អ្នក​ទាំង​ពីរ​ ចំណែក​ឯ​រដ្ឋា​ភិបាល​វិញ​អះអាង​ថាអ្នក​ទាំង​ពីរ​ គឺ​ជាអ្នក​គំរាម​កំហែង​ដល់​សង្គម​ជាតិ​។

អ្នក​ស្រី​ បុប្ផាត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប្រើ​អំពើ​ហិង្សាដោយ​ចេតនា​ ដោយ​សារ​អ្នក​ស្រី​មានជាប់​ពាក់​ព័ន្ធ​ក្នុ​ងការ​វាយ​អ្នក​រត់​ម៉ូតូឌុប​ពីរ​នាក់​ ចំណែក​ឯ​អ្នក​ស្រី​ សាក់មុនីវិញ​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទផ្តល់សេចក្ដី​ប្រកាស​ក្លែង​បន្លំ​។

ការ​បោះ​ជំរំមុខ​ស្ថាន​ទូតអាមេរិក ​កាល​ពី​ថ្ងៃ​ពុធ​នោះ​បាន​កើត​ឡើង​បន្ទាប់​ពី​សាលា​ឧទ្ធរណ៍​បាន​បដិសេធ​សំណើ​សុំ​ឲ្យ​ដោះ​លែង​អ្នក​ស្រី បុប្ផា និង​អ្នក​ស្រី សាក់​មុនីឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះ​អាសន្ន​។

កាល​ពីម្សិលមិញ​ នគរបាល​​លើក​ឡើង​​ថាការ​ដាក់​ពង្រាយ​កម្លាំងនគរបាល​បង្ក្រាប​កុប​កម្ម​ និង​ការ​បណ្ដេញ​ក្រុម​អ្នក​តវ៉ា​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​ មាន​សារៈសំខាន់​ណាស់​​សម្រាប់​ការ​ការ​ពារ​សន្ដិសុខដល់​ស្ថាន​ទូត​​អាមេរិក​។  លោក​ ជួនសុវណ្ណ​ ស្នង​ការ​នគបាល​រាជ​ធានី​ភ្នំពេញ​ ​មាន​ប្រសាសន៍​ថា “ នៅ​ពេល​ថ្ងៃ​ គេមាន​សិទ្ធិ​ក្នុង​ការ​តវ៉ា​ ប៉ុន្ដែក្នុង​ពេល​យប់​ យើង​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​តវ៉ា​បែប​អនា​ធិបតេយ្យ​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្ដិសុខ​របស់ស្ថាន​ទូត​នោះ​ទេ​”៕

ប្រែសម្រួល​ដោយហមសុផាណ្ណា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស