កម្លាំងកងរាជអាវុធហត្ថ និងនគរបាលបង្ក្រាបកុបកម្មរាប់រយនាក់ កាលពីព្រឹកម្សិលមិញ បានរារាំងសមាជិកចលនាយុវជនរបស់គណបក្ស សមរង្ស៊ីជាង១០០នាក់មិនឲ្យដង្ហែក្បួនក្នុងរាជធានីភ្នំពេញ ដែលទាមទារឲ្យដោះលែងអ្នកទោសនយោបាយទាំងអស់។
លោកសួងសោភ័ណប្រធានចលនាយុវជនរបស់គណបក្ស សមរង្ស៊ី លើកឡើងថានៅពេលអ្នកតវ៉ាព្យាយាមចាកចេញពីសួនសេរីភាពទៅកាន់ព្រះបរមរាជវាំងជាទីដែលពួកគេគ្រោងដាក់ញត្តិថ្វាយព្រះមហាក្សត្រព្រះបាទនរោត្តម សីហមុនី ពេលនោះ អាជ្ញាធរបានមកដល់ ហើយភាគីទាំងពីរបានប៉ះទង្គិចគ្នា។
លោកសោភ័ណ លើកឡើងថា “ ញត្តិនេះគឺដើម្បីថ្វាយព្រះមហាក្សត្រ។យើងចង់ទូលព្រះមហាក្សត្រសុំការព្រះរាជទានលើកលែងទោសដល់អ្នកទោសនយោបាយ”។ ជាពិសេសអ្នកតវ៉ាបានអំពាវនាវសុំឲ្យមានការព្រះរាជទានលើកលែងទោសដល់មេដឹកនាំគណបក្សប្រឆាំង គឺលោកសមរង្ស៊ីដែលសព្វថ្ងៃកំពុងរស់នៅដោយនិរទេសខ្លួនឯងនៅក្នុងប្រទេសបារាំង ដើម្បីគេចពីការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល១១ឆ្នាំពីបទផ្ដល់ព័ត៌មានមិនពិត ញុះញង់ និងបំផ្លាញទ្រព្យសម្បត្តិសាធារណៈ។
ពួកគេក៏ចង់ឲ្យរដ្ឋាភិបាលធ្វើការដោះលែងលោកម៉មសូណង់ដូម្ចាស់ស្ថានីយវិទ្យុសម្បុកឃ្មុំ ដែលត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល២០ឆ្នាំពីបទដឹកនាំបង្កើតចលនាអបគមន៍ក្នុងខេត្តក្រចេះ។
លោកមឿងសុនប្រធានមូលនិធិអរិយធម៌ខ្មែរ ដែលកំពុងរស់នៅដោយនិរទេសខ្លួនក្នុងប្រទេសបារាំងហើយត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំពីបទញុះញង់ ព្រមទាំងអ្នកស្រី យ៉ម បុប្ផានិងអ្នកស្រីទឹមសាក់មុនីសកម្មជនប្រឆាំងការបណ្ដេញចេញក៏ត្រូវបានរាប់បញ្ចូលនៅក្នុងញត្តិរបស់គណបក្ស សមរង្ស៊ីដែលសុំឲ្យដោះលែងអ្នកទោសនយោបាយផងដែរ។
អំឡុងការប្រឈមមុខដាក់គ្នាជាមួយនគរបាលបង្ក្រាបកុបកម្ម អាជ្ញាធររាជធានីភ្នំពេញប្រកាសតាមឧគ្ឃោសនសព្ទថា ការអនុញ្ញាតឲ្យដង្ហែក្បួនបន្ដទៅទៀតគឺមានន័យថាជាទង្វើមិនគោរពដល់ព្រះវិញ្ញាណក្ខន្ធសម្ដេចឪ ព្រះបាទ នរោត្តមសីហនុដែលព្រះបរមសពរបស់ព្រះអង្គកំពុងតម្កល់នៅក្នុងព្រះបរមរាជវាំង។
លោកស្រីមូរសុខហួរសមាជិកសភាមកពីគណបក្ស សមរង្សុីដែលមានវត្តមាននៅក្នុងការតវ៉ា កាលពីម្សិលមិញដែរនោះបានមានប្រសាសន៍ថា មេដឹកនាំរដ្ឋាភិបាលក្នុងប្រទេសកម្ពុជាគួរតែក្រឡេកមើលការបោះឆ្នោត កាលពីថ្ងៃអង្គារ របស់សហរដ្ឋអាមេរិករួចមកធ្វើជាគំរូសម្រាប់អនុវត្តសិទ្ធិសេរីភាពផ្នែកនយោបាយ។
លោកស្រីបានបន្ថែមថា “ លោកបារ៉ាក់អូបាម៉ា (Barack Obama) មិនដែលព្យាយាមចាប់ខ្លួន លោកមីតរ៉ុមនី (Mitt Romney) នោះទេហើយលោករ៉ុមនីក៏មិនដែលព្យាយាមទម្លាក់លោកអូបាម៉ាពីអំណាចដែរ។ផ្ទុយទៅវិញពួកគេប្រើតែពាក្យសម្ដីដាក់គ្នាទៅវិញទៅមកប៉ុណ្ណោះ”៕
ប្រែសម្រួលដោយស៊ាស៊ុយឈាង