នគរបាលបានឲ្យដឹងថា មនុស្សម្នាក់បានស្លាប់និងប្រាំពីរនាក់ផ្សេងទៀតបានរងរបួសកាលពីថ្ងៃពុធ នៅពេលរថយន្តក្រុងមួយគ្រឿងបានជួបគ្រោះថ្នាក់ចរាចរណ៍នៅខេត្តសៀមរាប។
លោក វ៉ាន់ វីរៈអនុប្រធាននគរបាលចរាចរខេត្តមានប្រសាសន៍ថា រថយន្តដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនដឹកអ្នកដំណើមេគង្គអុិចប្រេសកាលពីម៉ោង២រសៀលបានបុករថយន្តដឹកអង្ករមួយគ្រឿងចំពីក្រោយនៅពេលព្យាយាមវ៉ារថយន្តនោះនៅលើកំណាត់ផ្លូវជាតិលេខ៦ក្នុងឃុំរលួសស្រុកប្រាសាទបាគង ខេត្តសៀមរាប។
លោកមានប្រសាសន៍បន្តថា “អ្នកបើកបររថយន្តដឹកអ្នកដំណើរបានព្យាយាមវ៉ារថយន្តដឹកអង្ករនៅពេលរថយន្តនោះកំពុងបត់ឆ្វេង”។លោកបន្ថែមថា រថយន្តក្រុងដែលមានដឹកអ្នកដំណើរ៤៥នាក់ពីរាជធានីភ្នំពេញទៅកាន់ខេត្តសៀមរាបនេះ បន្ទាប់មកបានជ្រុលទៅបុកដើមឈើមួយដើម។
លោក វីរៈបានមានប្រសាសន៍បន្តថា ឈ្មោះ អ៊ូ តាំង អាយុ២៤ឆ្នាំជាព្រូរថយន្តក្រុងនេះបានស្លាប់នៅក្នុងគ្រោះថ្នាក់នេះ។ mលោកថ្លែងបន្តថា ជនជាតិខ្មែរពីរនាក់រងរបួសធ្ងន់ ហើយបានបញ្ជូនទៅព្យាបាលនៅគ្លីនិកមួយកន្លែងនៅក្នុងក្រុង សៀមរាប។ អ្នកបើកបររថយន្តដឹកអង្ករមិនមានគ្រោះថ្នាក់ទេ។
លោកមានប្រសាសន៍ទៀតថា “ ជនជាតិចិនបីនាក់ និងជនជាតិខ្មែរពីរនាក់ផ្សេងទៀតរងរបួសស្រាល។អ្នកបើកបររថយន្តដឹកអ្នកដំណើរនេះបានបើកបរលឿនហើយមិនបានមើលឲ្យច្បាស់ទេមុនពេលវ៉ារថយន្តដឹកអង្ករនោះ”។
លោក ស៊ិន ស៊ីសាកេត ប្រធានរដ្ឋបាលក្រុមហ៊ុន មេគង្គអុិចប្រេសបានបញ្ជាក់ថារថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនលោកបានជួបគ្រោះថ្នាក់ចរាចរណ៍មែន ប៉ុន្តែ បានបដិសេធមិនផ្តល់សេចក្តីលម្អិតទេ។ mលោកនិយាយថា “ ខ្ញុំមិនបានដឹងច្បាស់ទេ ប៉ុន្តែ ខ្ញុំបានទទួលទូរស័ព្ទពីខេត្តសៀមរាបអំពីឧបទ្ទវហេតុនេះ”៕
ប្រែសម្រួលដោយឃិនណៃ