យោងតាមសេចក្តីព្រាងថវិកាជាតិដែលទទួលបាន កាលពីថ្ងៃសុក្របានឲ្យដឹងថា ការចំណាយរបស់រដ្ឋាភិបាលនៅឆ្នាំក្រោយនឹងមានចំនួនសរុបជាង៣ពាន់លានដុល្លារ ពោលគឺកើនឡើង១៦,២ភាគរយពីចំនួន២,៦ពាន់លានដុល្លារ ដែលត្រូវបានលៃទុកសម្រាប់ការចំណាយក្នុងឆ្នាំ២០១២។
សេចក្តីព្រាងថវិកាដំបូងនេះ ដែលត្រូវបានចែកជូនបណ្តាសមាជិកសភានៅរដ្ឋសភាកាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវសុំបង្កើនការចំណាយចន្លោះពី១០ទៅ២០ភាគរយដោយថវិកាសម្រាប់ចំណាយផ្នែកយោធានិងសន្តិសុខ បានកើនឡើងយ៉ាងច្រើន។
សេចក្តីព្រាងថវិកានេះ លើកឡើងថា រដ្ឋាភិបាលនឹងលៃទុកថវិកាប្រហែល៤០០លានដុល្លារ ឬស្មើនឹង១៣,៣២ភាគរយនៃការចំណាយទាំងអស់សម្រាប់ប្រើប្រាស់របស់វិស័យការពារជាតិ និងសន្តិសុខ ពោលគឺកើនឡើង១៧,៣ភាគរយលើសថវិកាលៃទុកសម្រាប់ឆ្នាំមុន។ក្នុងចំនួននេះ ក្រសួងការពារជាតិនឹងទទួលបាន២៤៥លានដុល្លារ រីឯចំនួនដែលនៅសេសសល់ពីការចំណាយបានទៅលើក្រសួងមហាផ្ទៃ។
ថវិកាភាគច្រើនបំផុត គ្រោងលៃទុកសម្រាប់ការចំណាយរបស់វិស័យសង្គមកិច្ចដែលរួមមានក្រសួងចំនួនប្រាំបួនដូចជា ក្រសួងអប់រំ យុវជននិងកីឡា ក្រសួងសុខាភិបាល ក្រសួងកិច្ចការនារី ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន ក្រសួងធម្មការ និងសាសនា និងក្រសួងបរិស្ថាន។
យោងតាមសេចក្តីព្រាងថវិកានេះ ការចំណាយផ្នែកសង្គមកិច្ចក្នុងឆ្នាំ២០១៣ នឹងកើនឡើង១៥,៨ភាគរយ ពោលគឺស្មើនឹងទឹកប្រាក់ជាង៦៨៦លានដុល្លារ។
ចំណែកឯថវិកាសម្រាប់វិស័យអប់រំ នឹងកើនឡើងពី២៤៥លានដុល្លារនៅក្នុងឆ្នាំ២០១២ ដល់ទៅជិត២៨០លានដុល្លារសម្រាប់ឆ្នាំ២០១៣ រីឯថវិកាសរុបចំនួន២២៥លានដុល្លារ នឹងត្រូវលៃទុកសម្រាប់វិស័យសុខាភិបាល ពោលគឺកើនឡើងពីចំនួន១៩៣លានដុល្លារ នៅឆ្នាំ២០១២។ ថវិកាត្រឹមតែ៧,៧លានដុល្លារប៉ុណ្ណោះដែលត្រូវបានលៃទុកសម្រាប់ក្រសួងកិច្ចការនារីនៅឆ្នាំក្រោយ។
ថវិកាជាង២៥៤លានដុល្លារត្រូវបានលៃទុកសម្រាប់វិស័យសេដ្ឋកិច្ច ដែលរួមមានវិស័យកសិកម្ម វិស័យពាណិជ្ជកម្ម និងវិស័យទេសចរណ៍ ពោលគឺកើនឡើងតិចតួចប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងចំនួន២៣១លានដុល្លារសម្រាប់ឆ្នាំ២០១២។
សេចក្តីព្រាងថវិកានេះបញ្ជាក់ថា “ ថវិកាព្រាងនេះ ត្រូវបានត្រៀមដោយសារតែសេដ្ឋកិច្ចប្រទេសកម្ពុជា ងើបឡើងយ៉ាងឆាប់រហ័ស បន្ទាប់ពីវិបត្តិសេដ្ឋកិច្ចពិភពលោក [ក្នុងឆ្នាំ២០០៩] និងដោយសារតែវាបង្ហាញថា កំណើនសេដ្ឋកិច្ចទំនងជាកើនឡើងដល់៧ភាគរយនៅឆ្នាំនេះ ថ្វីបើមានហានិភ័យក្តី”។
ទីស្តីការគណៈរដ្ឋមន្ត្រីបានលើកឡើងកាលពីខែមុនថា ថវិកាជាតិសម្រាប់ឆ្នាំ២០១៣ដែលចំឆ្នាំបោះឆ្នោតថ្នាក់ជាតិ នឹងត្រូវប្រើប្រាស់សម្រាប់ដំឡើងប្រាក់ខែ២០ភាគរយជូនមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធផងដែរ។ តែទោះជាយ៉ាងណា មិនមានការលើកឡើងពីការដំឡើងប្រាក់ខែបែបនេះនៅក្នុងការលៃទុកថវិកាព្រាងទេ។
ទោះបីជាថវិកាជាតិចេះតែមានចំនួនកើនឡើងជាបន្តបន្ទាប់ក្តី ក៏បណ្តាអ្នករិះគន់និយាយថា រដ្ឋាភិបាលគួរតែផ្តល់មួយភាគធំនៃថវិកាចំណាយប្រចាំឆ្នាំរបស់ខ្លួន ទៅលើវិស័យអាទិភាពនានា ដូចជា វិស័យកសិកម្មសុខាភិបាលនិងអប់រំ។
មូលនិធិរូបិយវត្ថុអន្តរជាតិ (International Monetary Fund) នៅក្នុងការពិនិត្យផ្ទៀងផ្ទាត់ជាប្រចាំរបស់ខ្លួនមកលើសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក៏តែងតែបានបញ្ចេញទស្សនយល់ឃើញដូចនោះដែរ។
វិស័យកសិកម្មនឹងទទួលបានត្រឹមតែ៣៥,៣លានដុល្លារនៃថវិកាចំណាយសម្រាប់ឆ្នាំក្រោយ ពោលគឺស្មើត្រឹម១ភាគរយប៉ុណ្ណោះនៃថវិកាជាតិសរុប។
ទោះបីជារាជរដ្ឋាភិបាលចង់បានការវិនិយោគទុនពីឯកជនបន្ថែមទៀតក្នុងវិស័យកសិកម្មក្តី ក៏បណ្តាសេដ្ឋវិទូលើកឡើងថា ការឧបត្ថម្ភគាំទ្របន្ថែមទៀតរបស់រដ្ឋសម្រាប់ប្រជាកសិករសាមញ្ញៗ មានសារៈសំខាន់ណាស់ដើម្បីឲ្យវិនិយោគិនចូលមកដាក់ទុនរកស៊ីក្នុងទីផ្សារប្រទេសកម្ពុជា ក្នុងអត្រាមួយកើនឡើងកាន់តែឆាប់រហ័ស។
លោក ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់របស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានមានប្រសាសន៍ថា “ មនុស្សជាច្រើនតែងតែលើកឡើងថា ថវិកាសម្រាប់វិស័យកសិកម្មមានចំនួនមិនទាន់គ្រប់គ្រាន់ ប៉ុន្តែ ពិតណាស់ថា ថវិកាទាំងនោះមិនមែនសម្រាប់ប្រជាកសិករទេ ពីព្រោះវាទុកសម្រាប់ការសិក្សាស្រាវជ្រាវពីបច្ចេកវិទ្យា និងការផ្តល់មូលនិធិដល់អនុសញ្ញានានា ដើម្បីធ្វើឲ្យវិនិយោគិនចាប់អារម្មណ៍”។ លោកបានបន្ថែមទៀតថា “ ប្រទេសកម្ពុជា គ្មានធនធានសម្រាប់ការធ្វើវិនិយោគធំៗទេ ហើយកត្តានេះ នៅមានកម្រិតនៅឡើយសម្រាប់យើងទាំងអស់គ្នា”។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសម រង្ស៊ី ដែលជាគណបក្សប្រឆាំងដ៏លេចធ្លោនៅក្នុងប្រទេសកម្ពុជា បានមានប្រសាសន៍ថា ថវិកាដែលត្រូវបានស្នើឡើងនេះមិនបានផ្តល់មូលនិធិគ្រប់គ្រាន់សម្រាប់វិស័យអាទិភាពនានាទេ ជាពិសេសផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈ និងផ្នែកសុខាភិបាល។
លោកបានមានប្រសាសន៍ថា “ យើងចាំបាច់ត្រូវមានថវិកាបន្ថែមទៀត ដើម្បីធ្វើឲ្យប្រាកដថា ប្រជាពលរដ្ឋរបស់យើងរស់នៅក្នុងជីវភាពល្អប្រសើរ និងទទួលបានការអប់រំកាន់តែប្រសើរ។ យើងគួរតែលៃទុកថវិកាយ៉ាងហោចណាស់៤០ភាគរយសម្រាប់វិស័យទាំងនេះ ពីព្រោះប្រជាពលរដ្ឋគួរតែអាចប្រើប្រាស់មន្ទីរពេទ្យបាន នៅពេលពួកគាត់មានជំងឺ និងអាចចូលសិក្សានៅថ្នាក់វិទ្យាល័យដោយមិនគិតថ្លៃ”។
លោក យឹម សុវណ្ណ ក៏បានមានប្រសាសន៍ដែរថា ថវិកានេះមិនគ្រប់គ្រាន់សម្រាប់ឧបត្ថម្ភធនលើតម្លៃ សេចក្តីត្រូវការជាចាំបាច់មួយចំនួន ដែលចេះតែកើនឡើង ដូចជា ថាមពលអគ្គិសនី និងប្រេងសាំងសម្រាប់ប្រជាពលរដ្ឋក្រីក្រនោះទេ៕
ប្រែសម្រួលដោយ តែម សុខុម