27 C
Phnom Penh

របាយការ​ណ៍ស្តីពីអំពើ​រំលោភ​​​ផ្លូវ​ភេទបង្ហាញ​ថា​​​ ជន​រង​គ្រោះ​​​ជា​កុមារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

របាយការណ៍​ថ្មី​មួយ​បាន​បង្ហាញ​​ថា​ ​៧២​ភាគរយ​​នៃ​​ករណី​រំ​លោភ​​ផ្លូវ​ភេទ​ជាង​៦៥០​ករណី​​ ​បាន​កត់ត្រា​ដោយ​អង្គការ​ក្រៅ​រដ្ឋា​​ភិបាល​នានា ​កាល​ពី​ឆ្នាំ​មុន ​​​ដែល​បាន​ប្រព្រឹត្ត​មក​លើកុមារ​​មាន​អាយុ​ក្រោម​​១៨​ឆ្នាំ​​ហើយ​​១ភាគ​រយ​នៃ​ករណី​ទាំង​នោះ​ត្រូវ​បាន​បញ្ចប់​​ដោយ​ផ្តន្ទា​ទោសពីតុលាការ​​។

យោង​តាម​ទិន្នន័យ​រៀបចំ​ដោយ​អង្គការ​​បញ្ឈប់​​ការ​ធ្វើ​អាជីវកម្ម​​​ ការ​​រំ​លោភ​បំពាន​​ និង​ការ​ជួញ​ដូរ​មនុស្ស​នៅ​កម្ពុជា​ ឲ្យ​ដឹង​ថា ករណី​រំលោភ​​ផ្លូវ​ភេទ​ចំនួន​​៦៥៨​ករណី​ ​​បាន​កត់​ត្រា​ទុក​ដោយ​អង្គការ​នានា ​កាល​ពី​ឆ្នាំ​២០១១​​ដែល​ពាក់​ព័ន្ធ​​នឹង​ជន​រងគ្រោះ​ជា​ស្ត្រី​​ចំនួន​៦៧១​នាក់​ និង​​ជន​ល្មើស​ ​៧៧០​នាក់​។

របាយការណ៍​នោះ​​បាន​​បញ្ជាក់​ផង​ដែរ​ថា​​មាន​ជន​រង​គ្រោះ​ដោយ​អំពើ​រំ​លោភ​ ហើយ​សម្លាប់​ចំនួន​២៨​ករណី​​។ តួលេខ​នៃ​របាយការណ៍​នេះ ​​ដែល​ផ្តល់​ដោយ​អង្គការ​​សិទ្ធិ​មនុស្ស​ចំនួន​៤៤​ ​រួម​ទាំង​អង្គការ ​អាដហុក​ អង្គការលីកាដូ​ មជ្ឈ​ ម​ណ្ឌលកម្ពុជា​ ដើម្បី​ជួយ​ស្រ្តី​មាន​វិបត្តិ និង​អង្គការ​​គាំ​ទ្រផ្នែក​ច្បាប់​សម្រាប់​​​ស្ត្រី​ និង​កុមារ​ផងដែរ។

របាយ​ការណ៍​​​ដែល​មាន​៨៤​ទំព័រ​បាន​លើក​​ឡើង​ផង​ដែរ​ថា​ “ ​ភាគ​ច្រើន​បំផុត​នៃ​ជន​រង​គ្រោះ​​ចំនួន​៩០​ភាគរយ​ជា​កុមារ​​ និង​​ជា​មនុស្ស​វ័យ​​ក្មេង” ​ដោយ​​​បន្ថែម​ថា ក្នុង​ចំណោម​ជន​រង​គ្រោះ​បី​នាក់​មាន​ជន​រង​គ្រោះ​ម្នាក់​មាន​អាយុ​រវាង​ពី​១៣ឆ្នាំ​ទៅ​​១៧ឆ្នាំ​។

របាយការ​ណ៍​បាន​បញ្ជាក់​ផង​ដែរថា “ ​ ចំនួន​​ជាក់​លាក់​” នៃជន​រងគ្រោះ​ដោយ​សារ​អំពើ​រំលោភ​​​ផ្លូវ​ភេទ​​ត្រូវ​បាន​គេ​សង្ស័យ​ថា ​​មាន​ការ​គំរាម​​សម្លាប់​ពី​សំណាក់​ជន​ល្មើស ​ទោះ​បី​ជា​ក្នុង​ករណី​ពេលប្រ​ព្រឹត្តបទ​ល្មើស​ទាំង​នោះ​​ជន​ល្មើស​មិន​មាន​អាវុធ​ក៏ដោយ​។

របាយការណ៍​ក៏បាន​លើក​ឡើង​ទៀត​ថា “ ការ​រក​ឃើញនោះ​បាន​បង្ហាញ​ថា ​​ជន​រង​គ្រោះ​ជា​កុមារ​ទំនង​ជា​​ត្រូវ​បាន​គេ​រំលោភ​ជា​ច្រើន​ដង​ ទោះ​បីជា​​ភាគ​ច្រើន​នៃ​ជន​រង​គ្រោះ​ជា​កុមា​រ​ និង​ជន​​គ្រោះ​ពេញ​វ័យ​ត្រូវ​បាន​​​រាយការ​ណ៍ថា រំលោភ​តែ​ម្ដង​ក៏​ដោយ​”។

ក្នុង​របាយការណ៍​របស់​អង្គការ​បញ្ឈប់​ការ​ធ្វើអាជីកម្ម​ ការ​រំលោភ និង​ការ​ជួញ​ដូរ​មនុស្ស​​បាន​រក​ឃើញ​នូវ​ក្តី​​បារម្ភ​យ៉ាង​ខ្លាំង​​ដោយ​សារ​ចំនួន​នៃបទល្មើស​ដោយ​អំពើ​រំលោភ​ផ្លូវ​ភេទ​មក​លើ​​កុមារ​​ក្រោម​អាយុ​១២ឆ្នាំ កំពុង​កើន​ឡើង​។ ចាប់​តាំង​ពី​​​ឆ្នាំ​២០០៧ និង​ឆ្នាំ២០១០​ មាន​បទល្មើ​ស​រំលោភ​ផ្លូវ​ភេទ​មក​លើ​កុមារ​ក្រោម​អាយុ​១២​ឆ្នាំ​ មាន​​តែ​១,៥​ភាគរយ​ប៉ុណ្ណោះ ប៉ុន្តែ នៅ​ក្នុង​​ឆ្នាំ​២០១១​ តួលេខនោះ​បាន​កើន​ឡើង​ដល់៣,៨​ភាគ​រយ​ ​គឺ​មាន​​​ជន​រង​គ្រោះ​២៩នាក់។

របាយការណ៍​បាន​លើក​ឡើង​ទៀត​ថា “ ការ​រកឃើញ​សំខាន់​បំផុត​ចំពោះ​បទល្មើស​មក​លើ​កុមារ​នៅក្នុង​ឆ្នាំ​​២០១១​ ហាក់​បី​ដូច​ជា​មាន​ការ​ផ្លាស់ប្តូ​រពី​​អាយុ​របស់​ជន​ល្មើស​ភាគច្រើន​ពី​​អាយុ​ពី​​២៥ឆ្នាំ​ទៅ​២៩ឆ្នាំ​មក ​ក្រោម​អាយុ​១៨​​ឆ្នាំ​ទៅ​២៤ឆ្នាំ​។

តួលេខ​គួរឲ្យ​បារម្ភ​​ផ្សេងទៀត ក្រៅ​ពី​ករណី​រំលោភ​ផ្លូវ​ភេទ ​ដែល​បាន​កត់​ត្រា​នៅ​ក្នុង​ឆ្នាំ​២០១១​មាន​ជន​ល្មើស​៦៣នាក់​ ហើយ​​ក្នុង​នោះ​មាន​១ភាគរយ​ប៉ុណ្ណោះ​ ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​។

សកម្មជន​​​សិទ្ធិមនុស្ស​បាន​លើក​ឡើង​ថាមាន​ករណី​រំលោភ​ផ្លូវ​ភេទ​ជា​ច្រើន​ករណី​ ដែល​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ទទួល​យក​សំណង​​នៅ​ក្រៅ​ប្រ​ព័ន្ធ​តុលាការ​ ហើយ​មន្ត្រី​នគរបាល​មិន​បាន​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​​ការ​ងារ​ឲ្យ​បាន​សមរម្យ​ចំពោះ​បទឧក្រិដ្ឋ​នេះ​ទេ​។

របាយការណ៍​របស់​អង្គការ​បញ្ឈប់​ការ​ធ្វើអាជីវកម្ម​ ការ​រំលោភ និង​ការ​ជួញដូរ​មនុស្ស​​បាន​លើក​ឡើង​ផង​ដែរថា  មាន​៧១ករណី​នៃ​ជន​រង​គ្រោះ​ដោយ​ការ​​ជួញ​ដូរ​ផ្លូវ​ភេទ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​អង្គការ​ក្រៅរដ្ឋាភិបាល​នានា​ក្នុង​ឆ្នាំ​២០១១ ពាក់​ព័ន្ធ​នឹង​​ជន​រង​គ្រោះ​៨៨នាក់​ និង​ជន​ល្មើស​៧៦​នាក់​។ ៧៥ភាគរយ​នៃ​ជន​រង​គ្រោះ​ទាំង​នោះ​​​ជា​កុមារ​​​មាន​អាយុ​ក្រោម​១៨ឆ្នាំ​ប៉ុន្តែ របាយ​ការណ៍​របស់​អង្គកា​រ​បញ្ឈប់​ការ​ធ្វើអាជីវកម្ម​ ការ​រំលោភ និង​ការ​ជួញដូរ​មនុស្ស​បាន​រក​ឃើញ​ថា មាន​ការ​កើន​ឡើង​នៃ​ជន​រង​គ្រោះ​ជា​បុរស​​ដល់​១៧​នាក់​ នៅ​ក្នុង​​ឆ្នាំ​២០១១​ បើ​ប្រៀប​ធៀប​ទៅ​ឆ្នាំ​២០០៧ ​និង​​ឆ្នាំ​២០១០ដែល​មាន​ជន​រង​គ្រោះ​តែ​ម្នាក់​ប៉ុណ្ណោះ​។

អង្គការ​បញ្ឈប់​ការ​ធ្វើអាជីវកម្ម​ ការ​រំលោភនិង​ការ​ជួញដូរ​មនុស្ស​ក៏បាន​រកឃើញ​ផង​ដែរ​ថា ៩២ភាគរយ​នៃ​ជន​រង​គ្រោះ​ដោយ​សារ​សកម្មភាព​ [ជួញដូរផ្លូវ​​ភេទ​​]​ យល់​ព្រម​ទៅ​ជាមួយ​ជន​ល្មើស។ ខណៈដែល​​ភាគច្រើន​ដឹង​ថា អាច​ប្រឈម​នឹង​ការ​ជួញដូរផ្លូវ​ភេទ ​និង​​​មាន​៤២,១​ភាគរយ​ត្រូវ​បាន​គេ​សន្យា​ផ្តល់​ការ​ងារ​ឲ្យ​ធ្វើ​ និង​ទទួល​បាន​ការ​ងារ​ធ្វើ​ ឬត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ធ្វើការ​នៅ​ក្នុង​ផ្ទះ​បន

ឲ្យ​​​ថតរូប​អាស់អាភាស និង​ហាង​ម៉ាស្សា។​របាយការណ៍​បន្ថែម​ថា ភាគច្រើន​នៃជន​រង​គ្រោះ​ទទួល​រង​ការ​ឈឺចាប់​ថែម​ទៀត​ ដោយ​អំពើ​​រំលោភ​បំពាន​ និង​ការ​បង្ខិតបង្ខំ​ឲ្យ​ធ្វើការ​ ព្រម​ទាំងទទួល​រង​ការ​វាយ​ដំ​ធ្វើ​ទារុណ្ឌកម្ម​ផងដែរ។

ដោយ​សារមាន​ករណី​រំលោភ​ផ្លូវ​ភេទ​បាន​កើន​ឡើង​​ ហើយ​ចំនួន​នៃការ​ផ្ដន្ទា​ទោស​ពី​បទ​​​ជួញ​ដូរ​ផ្លូវ​ភេទ​នៅ​មាន​​​ចំនួនតិច​តួច​​នៅ​​ឡើយ​​។ នៅ​ចុង​ឆ្នាំ​កន្លង​ទៅ​ “ ចំនួន​ជន​ល្មើស​​តិច​តួច​បំផុត​ ដែល​ត្រូវ​បានតុលាការ​ផ្តន្ទាទោស​មាន​តែ​១៤​ករណី​ប៉ុណ្ណោះ ​”។

អង្គការបញ្ឈប់​ការ​ធ្វើអាជីវកម្ម​ ការ​រំលោភ ​និង​ការ​ជួញដូរ​មនុស្ស​បាន​អំពាវនាវ​ឲ្យ​រដ្ឋា​ភិបាល​ធានា​ថា កុមារ​គ្រប់​រូប​ទទួល​បាន​ការ​អប់​រំ​គ្រប់​ៗគ្នា​ ផ្តល់​ឲ្យ​ជន​រង​គ្រោះ​ដោយ​សារ​អំពើ​​រំលោភផ្លូវ​ភេទ​​ និងសកម្មភាព​ជួញ​​ដូរ​ផ្លូវភេទ ​ដែល​មិនបាន​​ចូល​សិក្សា​តាម​សាលា​រៀន​ ឬបោះ​បង់​ចោល​ការ​សិក្សា​នៅ​ពេល​ពួកគេ​ត្រូវ​បាន​គេ​រំលោភ​ ឬជួញ​ដូរ​។

អង្គការ​នោះ​ក៏​បាន​អំពាវ​នាវ​ឲ្យ​អង្គការ​នានា ​ធ្វើការ​ណែនាំ​ ឬផ្ដល់​ការ​ប្រឹក្សា​យោ​បល់​នឹង​បង្កើត​កម្ម​វិធី​អប់​រំ​វិជ្ជាជីវៈ​​ក្នុង​សហគមន៍​ដែល​ទទួល​រង​ផលប៉ះពាល់​៕

ប្រែសម្រួលដោយឃិនណៃ

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស