31 C
Phnom Penh

ប្រទេសកម្ពុជា​ប្រារព្ធខួបលើកទី​ ៥៩​​ នៃថ្ងៃទទួលបានឯករាជ្យពេញ​បរិបូរណ៍ពីប្រទេសបារំាង​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហេង សំរិន ប្រធាន​រដ្ឋសភា​បាន​អុជភ្លើង​ជ័យ​នៅ​វិមាន​ឯករាជ្យ កាលពី​ថ្ងៃ​សុក្រ ដើម្បីប្រារព្ធពិធី​បុណ្យឯករាជ្យលើក​ទី​៥៩​ ​ចាប់​តាំង​​ពី​​ប្រទេស​កម្ពុជា​ទទួលបាន​ឯករាជ្យ​របស់​ខ្លួន​ពី​ប្រទេស​បារាំង​។

លោកហេងសំរិនបាន​មក​ដល់​នៅ​ម៉ោង​៨ព្រឹក​ អមដំណើរ​ដោយ​លោកគង់សំអុលរដ្ឋមន្ត្រី​ព្រះ​បរមរាជវាំង លោក សាយ ឈុំអនុ​ប្រធានព្រឹទ្ធសភា​ លោក ងួន ញ៉ឹល អនុ​ប្រធាន​រដ្ឋសភា លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​​ជាតិ​ លោក ប៉ុល សារឿន អគ្គបញ្ជាការ​កងយោធពលខេមរភូមិន្ទ និងលោក ស ខេងរដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។

លោក ជា គា ន អគ្គលេខា​ធិការរង​នៃ​គណៈកម្មាធិការជាតិ​រៀប​ចំបុណ្យជាតិ និង​អន្តរជាតិ​មាន​ប្រសាសន៍ថា ពិធីបុណ្យឯក​រាជ្យ​ឆ្នាំ​នេះ​ធ្វើ​ឡើង​តូច​ជាង​ឆ្នាំមុន​ៗ​​បន្តិច​ដោយ​មាន​ប្រជា​ពលរដ្ឋ​ចូល​រួម​ប្រហែល​២០.០០០​នាក់​ ​ឈរ​អមសងខាង​តាម​មហា​វិថី​ព្រះ​សីហនុ និង​មហាវិថី​ព្រះសុរាម្រឹត​។

ទោះ​ជា​យ៉ាងណា ​ព្រះ​មហាក្ស​ត្រ​​ នរោត្តម ​សីហមុនី​ អវត្តមាន​ពី​ព្រឹតិ្ត​ការណ៍នេះ​ដោយ​ព្រះ​អង្គកំពុង​កាន់​ព្រះ​រាជមរណទុក្ខ​ ព្រះ​វរ​បិតារបស់​ព្រះ​អង្គ​ គឺព្រះបាទសម្តេច នរោត្តម​ សីហនុ ដែលបាន​យាង​ចូល​ទិវង្គត កាលពី​ថ្ងៃ​ទី១៥ ខែតុលា​នៅក្រុងប៉េកាំង​ ប្រទេស​ចិន។

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន និង​លោក ជា ស៊ីមប្រធាន​ព្រឹទ្ធសភាក៏​អវត្តមាន​ក្នុង​ព្រឹត្តិការណ៍នោះ​ដែរ លោក ជា ស៊ីមមាន​​បញ្ហាសុខភាព​មិន​បាន​ចូល​រួម​ក្នុង​ពិធី​បុណ្យ​នេះ​ បីឆ្នាំ​មក​ហើយ​។

លោកឧត្តមសេនីយ៍ឯក​ យឹមលាងជំនួយ​ការ​ផ្ទាល់របស់​លោក ជា ស៊ីម មាន​ប្រសា​សន៍ថា សុខភាព​របស់​លោកប្រធាន​ព្រឹទ្ធស​ភា​បាន​ធ្វើ​ឲ្យ​លោកមិន​អាច​ចូល​រួម​ពិធីនេះ​បាន​។ លោកបានបន្តទៀតថា “លោក​បាន​​ប្រើ​ថ្នាំផ្តាសាយ​ ដូច្នេះ​លោក​មាន​សុខភាព​ខ្សោយ​ និង​អស់​កម្លាំង​។មូល​ហេតុ​នេះ​ហើយ​ដែល​លោក​មិន​អាច​ចូល​រួម​ក្នុង​ពិធីនេះ​បាន​ ជា​ពិសេស​​ដោយ​សារ​លោក​ជាមនុស្ស​ចាស់​”។

លោកឧត្តមសេនីយ៍ ទៀ បាញ់ បានមាន​ប្រសាសន៍ថា កម្មវិធី​មមាញឹករបស់​លោកហ៊ុន សែន បាន​ធ្វើឲ្យ​លោក​មិន​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍នេះបាន​ដែរ។ លោក ទៀ បាញ់ មាន​ប្រសាសន៍​បន្តថា  “ លោក​មិន​ទាន់​បាន​បញ្ចប់​ការ​ងារ​របស់លោកនៅឡើយ​ ដូច្នោះ​ហើយ​លោក​មិន​អាច​​មក​បាន​​ទេ។ ប៉ុន្តែ លោកនៅរាជ​ធានីភ្នំពេញ”។ លោកចាន់អង្គារ៉ាដានឌីមន្ត្រី​មន្ទីរអប់រំ​រាជធានី​ភ្នំពេញ​ ក៏បានមាន​ប្រសាសន៍ថាលោក​បាន​ដឹក​នាំ​ក្រុម​យុវជន​កាកបាទ​ក្រហម​​កម្ពុជា​ប្រហែល​៥០០នាក់ ​ដើម្បី​ចូលរួម​ក្នុង​ពិធី​បុណ្យ​នេះ។

លោក​មាន​ប្រសាសន៍ថា ក្រុម​កាយរិទ្ធ​​ប្រហែល​៥០០នាក់​ផ្សេង​ទៀត​ក៏បាន​ចូល​រួម​ក្នុង​កម្មវិធី​នេះ​ដែរ​ ព្រម​ទាំង​សិស្ស​ និស្សិត​មក​ពី​សាលា​ជិតៗ​នោះ​ផង​ដែរ​។ លោកមាន​ប្រសាសន៍បន្ត​ទៀតថា “ ពិធី​បុណ្យឯករាជ្យជាតិឆ្នាំនេះ​ដូច​នឹង​ឆ្នាំ​មុន​ដែរ​ ប៉ុន្តែយើង​មិន​បាន​ច្រៀង​ចម្រៀងជាតិ​នោះ​ទេ ពីព្រោះ​យើង​ប្រារព្ធពិធីបុណ្យនេះ​នៅ​ក្នុង​​អំឡុង​ពេល​នៃ​ការ​កាន់​ព្រះរាជ​មរណ​ទុក្ខ​នៃ​អតីត​ព្រះ​មហាវីរក្សត្រ នរោត្តម សីហនុដែល​បាន​យាង​ចូល​ទិវង្គត។ ក្រុម​យុវជន​កាក​​បាទ​ក្រហម​គ្រាន់តែ​បង្ហោះប៉េងប៉ោង​ប៉ុណ្ណោះ។

បន្ទាប់​ពី​បង្ហោះ​ប៉េងប៉ោងរួច ​ក្រុម​យុវជន​​កាកបាទក្រហម​បាន​អបអរសាទរ​នៅជុំវិញ​វិមានឯករាជ្យដែល​បាន​ជួសជុល​នៅឆ្នាំ​នេះ​អស់​ថវិកាប្រហែល​១០០.០០០។

ប្រទេសកម្ពុជា​បាន​ទទួល​ឯករាជ្យ​របស់​ខ្លួន​​ពី​ប្រទេស​បារាំង កាលពី​ថ្ងៃទី​៩ ខែវិច្ឆិកា​ ឆ្នាំ​១៩៥៣​ គឺរយៈពេល​១២ឆ្នាំ​បន្ទាប់​ពី​ព្រះ​មហា​ក្សត្រ នរោត្តម​ សីហនុ បាន​ឡើង​គ្រង​រាជ។ ព្រះ​អង្គ​បាន​ដឹក​នាំ​ការ​តស៊ូ​ដោយ​សន្តិវិធី​ ដើម្បី​ទទួល​បាន​ឯករាជ្យ​មក​ឲ្យ​ប្រទេស​កម្ពុជា​​វិញ​ បន្ទាប់​ពី​បារាំង​បាន​ដាក់​អាណា​និគម​ជិត​៩០ឆ្នាំ។

អ្នកស្រីឃឹមរីុអាយុ​៤៩ឆ្នាំ​ រស់នៅក្នុង​ខណ្ឌ​បំ្រាពីរមករា​ រាជធានីភ្នំពេញ បានមាន​ប្រសាសន៍ថា ការ​ប្រារព្ធ​ពិធីបុណ្យឆ្នាំ​នេះមិន​សូវ​អធិកអធម​ដូច​ឆ្នាំ​មុន​ៗទេ ប៉ុន្តែ សារៈ​សំខាន់​នៃ​បុណ្យ​ឯករាជ្យជាតិ​នៅ​តែ​ដដែល។ អ្នកស្រី រីុ បានមាន​ប្រសាសន៍បន្តថា “ ខ្ញុំ​ចង់​ចូល​រួម​ក្នុង​ពិធី​បុណ្យ​នេះ ​ពីព្រោះ​ខ្ញុំ​ចង់​រំឭក​ដល់ថ្ងៃ​ឯករាជ្យជាតិ​របស់​យើង​ ហើយ​ខ្ញុំ​ចង់​ឲ្យ​យើង​ទាំង​អស់​គ្នា​សប្បាយ​រីករាយ​ជា​រៀងរហូត​៕

ប្រែសម្រួលដោយឃិនណៃ

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស