33 C
Phnom Penh

សមាជិក​សភា​អាមេរិក​ប្រាប់​ឲ្យ​ អូបាម៉ា ​លើក​បញ្ហា​មួយ​ចំនួន​ អំឡុង​ទស្សនកិច្ចនៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាជិក​សភា​ជាន់​ខ្ពស់​​ភាគ​ច្រើន​​របស់​សហរដ្ឋ​អាមេរិក​ កំពុង​ទទូច​ឲ្យ​លោក​ បារ៉ាក់អូបាម៉ា (Barack Obama) លើក​ឡើង​ពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​ដែល​កំពុង​តែ​យ៉ាប់​យ៉ឺន​ក្នុង​ប្រទេស​កម្ពុជា ​នៅ​ពេល​ដែល​ប្រធានា​ធិបតី​សហ​រដ្ឋ​អាមេរិកកំពុង​កាន់​​អំណាចរូប​នេះ​​​​មក​បំពេញ​ទស្ស​នកិច្ច​ក្នុង​ប្រទេស​កម្ពុជា​ ជា​លើក​ដំបូង​​នៅ​ចុង​​ខែ​នេះ។

ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ដែល​ទើប​តែ​ជាប់​​ឆ្នោត​សាជាថ្មី​​រូប​នេះ​​ស្ថិត​ក្នុង​ចំណោម​​មេដឹក​នាំ​ពិភព​លោក​មួយ​ចំនួន​ដែល​គ្រោង​នឹង​មក​ចូល​រួម​កិច្ច​ប្រជុំ​​​រវាង​ថ្នាក​់​ដឹក​នាំ​អាមេរិក ​​និងអាស៊ាន និង​កិច្ច​ប្រជុំ​​​កំពូល​ថ្នាក់​ដឹក​នាំ​​អាសុី​​បូពា៌​ ក្នុង​រាជ​ធានី​ភ្នំពេញ ​ដែល​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​១៨​​ ខែ​វិច្ឆិកា​ ដ៏ខ្លីខាងមុខ​នេះ​។

​នៅក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​៣១ខែ​តុលា​​ផ្ញើ​​ជូន​លោក​ប្រធានា​ធិបតី​ បារ៉ាក់អូបាម៉ាសមាជិក​សភា​សហរដ្ឋ​អាមេរិក​ចំនួន​១២​រូប​ រួម​ទាំង​លោកចនម៉ាកខេន (John McCain) អតីត​បេក្ខជន​ឈរ​ឈ្មោះ​ជា​ប្រធានា​ធិបតី​ និង​ជាសមាជិក​​ព្រឹទ្ធសភា​ បាន​ព្រមាន​ថា​ ការ​​មិន​អើពើ​ចំពោះ​របាយការណ៍​សិទ្ធិ​មនុស្ស​របស់​ប្រទេស​កម្ពុជា​ នឹង​ធ្វើ​ឲ្យ​អំណាច​របស់​ប្រទេស​ចិន​កាន់​តែ​កើន​ឡើង​។

ពួក​គេ​បាន​លើក​ឡើង​ថា “ ​ការ​ប្រកាន់​​ជំហរ​រឹង​មាំ​និង​ជា​សាធារណៈ​ចំពោះ​​ការ​គាំ​ទ្រ​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជា​ធិបតេយ្យ​អំឡុង​ពេល​មក​ទស្ស​នកិច្ច​ជា​លើក​ដំបូង​មក​កាន់​ប្រទេស​កម្ពុជា របស់​ប្រធានាធិបតី​អាមេរិក​សម្ដី​របស់​ប្រធានាធិបតី​អាច​នឹង​ជួយ​ជំរុញ​ និង​ផ្ដល់​ទំនុក​ចិត្ត​ដល់​ប្រជាពល​រដ្ឋ​ខ្មែរ​ និង​ជា​ការ​ផ្ញើសារ​យ៉ាង​ច្បាស់​មួយ​ទៅ​កាន់តំបន់​ទាំង​មូល​អំពី​តម្លៃ​ និង​ក្ដី​រំពឹង​របស់​សហរដ្ឋ​អាមេរិក​ ជាពិសេស​​បន្ទាប់​ពី​មាន​បដិវត្តន៍​នៅ​​អារ៉ាប់​”។

ពួក​គាត់​បាន​បន្ដ​ថា “ ទោះ​ជា​យ៉ាង​ណា​ ការ​ដែល​មិន​បាន​លើក​ឡើង​ពី​បញ្ហា​ទាំង​នេះ​ នឹង​ធ្វើឲ្យ​មាន​ការ​ថយ​ចុះ​ចំពោះ​​ការ​គាំ​ទ្រ​ប្រ​ទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​​ នៅ​តំបន់​អាស៊ី​​​របស់​សហរដ្ឋ​អាមេរិក​ ហើយ​បែ​រជា​ផ្ដល់​ផល​ប្រយោជន៍​ដល់​លោកហ៊ុនសែននិង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ទៅ​វិញ​​។

លិខិត​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ពេល​មាន​ការ​ប្រកួត​ប្រជែង​​កាន់​តែ​ខ្លាំង​ឡើង​រវាង​​ចិន​ និង​សហរដ្ឋ​អាមេរិក​ ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ពី​​​ប្រទេស​​​នៅ​​អាស៊ី​អាគ្នេយ៍​ ដែល​សព្វ​ថ្ងៃ​កំពុង​តែ​ខ្វែង​គំនិត​គ្នា​ ដោយ​សារ​តែ​ការ​គាំ​ទ្រ​​ ឬ​ការ​ប្រឆាំង​របស់​ខ្លួន​ចំពោះ​ការ​​​ដែល​​ចិន​​ទាម​ទារ​សិទ្ធិ​កាន់​កាប់​ដែន​ទឹក​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ ដែល​សម្បូរ​ទៅ​ដោយ​ធនធាន​ថាមពល​នោះ។ ​លិខិត​នេះ​ក៏​ត្រូវ​បាន​ធ្វើ​ឡើង​​ចំ​ពេល​អាមេរិក​មាន​ការ​ផ្តោត​មក​លើ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ដែល​​​នឹង​មាន​ការ​ដាក់​ពង្រាយ​ថ្មី​នៃ​​កង​កម្លាំង​​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់​នេះ​។

នៅ​ក្នុង​លិខិត​ដែល​​ប្រើ​ពាក្យ​​ធ្ងន់​ៗ​របស់​ខ្លួន​ សមាជិក​សភា​សហរដ្ឋ​អាមេរិក​​ទាំង​នេះ​បាន​ចោទ​ប្រកាន់​រដ្ឋា​ភិបាល​របស់​លោកហ៊ុន ​សែន ថា មាន​ការ​រំលោភ​បំពាន​ជាច្រើន​ ​ដូច​ជា​ការ​មាន​ឥទ្ធិ​ពល​​លើ​ស្ថាប័ន​រដ្ឋ​ ការ​គ្រប់​គ្រង​តុលាការ​ និង​ការ​បំភិត​បំភ័យ​សកម្ម​ជនសិទ្ធិ​មនុស្ស​ជា​ដើម​។

សមាជិក​សភា​ទាំង​នេះ​​ក៏​បាន​ទទូច​ឲ្យ​លោក​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា ​អំពាវនាវ​សុំ​ឲ្យ​មាន​ការ​លើក​លែង​ទោស​ លោកសម រង្ស៊ី មេដឹក​នាំ​គណបក្ស​ប្រឆាំង ​ដែល​ត្រូវ​បាន​​តុលាការ​រផ្តន្ទា​ទោស ​និង​​កំពុង​​និរទេស​​​ខ្លួន​ដោយ​ខ្លួន​ឯង​ ដើម្បី​គេច​ពី​ការ​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​យ៉ាង​យូរ​ ហើយ​សមាជិក​សភា​សហរដ្ឋ​អាមេរិក ​បាន​ហៅ​ការ​ចោទ​ប្រកាន់​នេះ​ថា ជា​​រឿង​នយោបាយ​​ និងអំពាវ​​នាវ​សុំ​ឲ្យ​មាន​​​ការ​ប្រព្រឹត្ត​ត្រឹម​ត្រូវ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មកលើ​សកម្មជន​នយោបាយ និង​សកម្មជន​សិទ្ធិ​មនុស្ស​ឆ្នើមៗ​​ផ្សេង​​ទៀត​។

ពួក​គាត់​​លើក​ឡើង​ថា “ ​យើង​សូម​ទទូច​​សុំ​ឲ្យ​លោកអំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​​ចាត់​វិធាន​ការ​ជា​បន្ទាន់​ ដើម្បី​ធ្វើ​ឲ្យ​​បរិយា​កាស​នយោបាយមាន​ភាព​ល្អ​​ប្រសើរ​មុន​ការ​បោះ​ឆ្នោត​ជាតិ​ ដែល​គ្រោង​​ធ្វើ​េឡីង​នៅ​ឆ្នាំ​២០១៣​​ ជា​ពិសេស​ការ​លើក​លែង​ទោស​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ គឺ​លោកសមរង្ស៊ីនិង​អនុញ្ញាត​ឲ្យ​​លោក​វិល​ត្រឡប់​មក​កាន់​ប្រទេស​​កម្ពុជា​វិញ​ ព្រោះ​វា​នឹង​ជួយ​លើក​កម្ពស់​ដល់​បរិយាកាស​បោះ​ឆ្នោត​ ដែល​នឹង​ធ្វើ​ឲ្យ​​គណ​បក្ស​ផ្សេង​​ៗ​ទៀតអាច​ប្រកួត​ប្រជែង​ដោយ​សេរី​ និង​យុត្តិធម៌​ជាមួយ​គណបក្ស​កាន់​អំណាច​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​សុំ​ឲ្យ​មាន​ការរៀប​ចំ​គណៈកម្មាធិការ​ជាតិ​​រៀប​ចំ​ការ​បោះ​ឆ្នោត​​ថ្មី​ និង​ឯក​រាជ្យ”។

ពួ​ក​គាត់បាន​លើក​ឡើង​បន្ដ​ថា “ ​យើង​សូម​ទទូច​ឲ្យ​លោ​ក​ថ្កោល​ទោស​ចំពោះ​ការ​ផ្ដន្ទាទោស​លោក ម៉ម សូណង់ដូ និង​សូម​អំពាវ​នាវ​ឲ្យ​ដោះ​លែង​លោកម៉មសូណង់ដូ ​មុន​ពេល​លោក​ធ្វើ​​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​ និង​សូម​អំពាវ​នាវ​ឲ្យ​លោក​រិះ​គន់​ចំពោះ​ការ​បំភិត​បំភ័យ​អ្នក​គាំ​ទ្រ​សិទ្ធិ​មនុស្ស​ គឺ​ព្រះតេជគុណលួនសុវ៉ាតនិង​លោកចាន់​ សុវ៉េត និង​សូម​ឲ្យ​លោក​សម្ដែង​ក្ដី​ព្រួយ​បារម្ភ​

អំពី​ដី​សម្បទានសេដ្ឋកិច្ច​​ខុស​ច្បាប់​ ការ​កើន​ឡើង​នៃ​ការ​បង្ក្រាប​លើ​អ្នក​តវ៉ា​ និង​កង្វះ​​ការ​គ្រប់​គ្រង​លើ​ការ​រំលោភ​សិទ្ធិ​មនុស្ស​កាល​ពី​លើក​មុនៗ​”។ លោកម៉មសូណង់ដូដែល​ជា​ម្ចាស់​ស្ថានីយ​វិទ្យុ​ឯករាជ្យមួយ​​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​ផ្ដន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​២០​ឆ្នាំ​ កាល​ពី​ខែ​មុន​ ដែល​អង្គការ​សិទ្ធិ​មនុស្ស​បាន​ហៅ​ការ​ចោទ​ប្រកាន់​នេះ​ថា ជា​ការ​ចោទ​ប្រកាន់​​​ប្រឌិត​ពី​បទ​​បង្កើត​​ចលនា​អបគមន៍​។

សមាជិក​សភា​សហរដ្ឋ​អាមេរិក​​ទាំង​នេះ​បាន​បន្ថែម​ថា “ ​ប្រទេស​កម្ពុជា​កំពុង​តែ​ក្លាយ​ ទៅ​ជា​ប្រទេស​​ដ៏​គ្រោះ​ថ្នាក់​មួយ​សម្រាប់​អ្នក​ដែល​លើក​ឡើង​អំពី​បញ្ហា​ទាំង​នេះ​។ពួក​គាត់​​បាន​គូស​បញ្ជាក់​ថា​ ការ​ធ្វើ​ឃាត​កាល​ពីខែ​មេសា​ លើ​លោក​ ឈុតវុទ្ធីសកម្មជន​ការ​ពារ​ព្រៃ​ឈើ​ និង​ការ​បាញ់​សម្លាប់​ដោយ​ចៃដន្យ​លើក្មេង​ស្រីហេង​ ចន្ថាអាយុ​១៤​ឆ្នាំ​ កាល​ពី​​ខែ​​ឧសភា អំឡុង​ការ​បណ្ដេញ​ចេញ​ពី​ដី​​ដោយ​ហិង្សា​​នោះ​ សុទ្ធ​តែ​ស្ថិត​ក្នុង​កណ្ដាប់​ដៃ​របស់​កង​កម្លាំង​សន្ដិសុខ​”។

ពួក​គាត់​បាន​ថ្លែង​ថា “ ​ក៏​មាន​បញ្ហា​អាក្រក់​មួយ​ទៀត​ផង​ដែរ​ពាក់​ព័ន្ធ​នឹង​ការ​រឹប​អូស​យក​ដី​ពី​ប្រជាពលរដ្ឋ”។ ពួកគាត់​​បាន​គូស​បញ្ជាក់​ថារបាយការណ៍​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​​អះអាង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​៤០០.០០០​នាក់​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ដី​របស់​ខ្លួន​​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​មក​នេះ​។

ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ បាន​បដិសេធ​មិន​និយាយ​ពី​​ព័ត៌មាន​លម្អិត​អំពី​ការ​មក​ទស្សនកិច្ច​របស់​លោក​ប្រធានា​ធិបតី​ បារ៉ាក់អូបាម៉ានៅ​ក្នុង​ប្រទេស​កម្ពុជា​ឡើយ​។ប៉ុន្ដែនៅ​ក្នុង​លិខិត​មួយ​ផ្ញើ​ទៅ​កាន់​លោក​ប្រធានា​ធិបតី​ដោយ​អប​អរ​សាទរ​ចំពោះ​ការ​ជាប់​ឆ្នោត​​សាជា​ថ្មី​​នោះ​ លោក​នាយក​រដ្ឋ​មន្ដ្រី​ ហ៊ុនសែនបាន​មាន​ប្រសាសន៍​ថាមេដឹក​នាំ​ទាំង​ពីរ​នឹង​បើក​កិច្ច​ប្រជុំ​ទ្វេភាគី​មួយ​នៅ​ខាង​ក្រៅ​​កិច្ច​ប្រជុំ​កំពូល​អាស៊ីបូពា៌​។

លោកផៃស៊ីផានអ្នក​នាំ​ពាក្យ​ទី​ស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី​កាល​ពី​ម្សិលមិញ​ បាន​ថ្លែង​អំណរ​គុណ​ដល់​សមាជិក​សភា​អាមេរិក​ ចំពោះ​ការ​ព្រួយ​បារម្ភ​របស់​ពួកគេ​ ហើយ​បាន​ថ្លែង​ថា ការ​មក​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​កម្ពុជា​របស់​លោក​ប្រធានា​ធិបតី​ បារ៉ាក់អូបាម៉ានឹង​ផ្ដល់​ឱកាស​ឲ្យ​រដ្ឋាភិបាល​​បក​ស្រាយ​អំពី​ការ​រីក​ចម្រើន​ដែល​ខ្លួន​បាន​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ​។

 

លោកផៃ​ ស៊ីផានបាន​មាន​ប្រសាសន៍ ​ថា “ បញ្ហា​មួយ​ចំនួន​ដែល​សមាជិក​សភា​សហរដ្ឋ​អាមេរិក​បាន​លើក​ឡើង​ ​សុទ្ធ​តែ​ជា​បញ្ហា​ហួស​​សម័យ​ទៅ​ហើយ​​​​ ហើយ​យើង​កំពុង​តែ​​មាន​ការ​ផ្លាស់​ប្តូរ​​”។លោក​បាន​គូស​បញ្ជាក់​ថាប័ណ្ណ​​ម្មសិទ្ធិ​ដី​ធ្លី ដែលរដ្ឋាភិបាល​កំពុង​តែ​ចែក​ឲ្យ​ប្រជា​ពលរដ្ឋ​ គឺ​ដើម្បី​ទប់​ស្កាត់​កុំ​ឲ្យ​មាន​ជម្លោះ​​ដី​ធ្លី​។

លោក​បាន​ថ្លែង​ថា ចំពោះ​បញ្ហា​ផ្សេងៗ​​ទៀត​ “ យើង​មិន​អាច​ដោះ​ស្រាយ​​ក្នុង​រយៈ​ពេល​២៤​ម៉ោង​បាន​ទេ​” ហើយ​លោក​​បាន​​បដិសេធ​ថា ការ​ចោទ​ប្រកាន់​លោក​ ម៉មសូណង់ដូនិង​លោកសមសង្ស៊ីគឺ​មិន​មែន​ជាប់​ពាក់​ព័ន្ធ​នឹង​នយោបាយ​ឡើយ​។

សមាជិក​សភា​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក​ផ្សេង​ៗ​ទៀត​ដែល​​​ចូល​រួមលើក​ឡើង​នៅ​ក្នុង​​លិខិត​​​ជា​មួយ​​លោក​ ចនម៉ាក់ខេន ​សមាជិក​ព្រឹទ្ធ​​សភានោះគឺ​លោក​ ចូសិបលីប៊ឺមែន (Joseph Lieberman) អតីត​បេក្ខជន​ឈរ​ឈ្មោះ​ជា​អនុប្រធានាធិបតី​ និង​​សមាជិក​ព្រឹទ្ធ​សភាលោកប៉ាទ្រីកលាហីុ (Patrick Leahy) ជា​សមា​ជិក​​គណៈកម្មាធិការ​​​គ្រប់​គ្រង​ការ​ចំណាយ​ថវិកា​​របស់​​រដ្ឋា​ភិបាល​។

លោកភិលរ៉ូបប៊ឺត​សាន់ (Phil Robertson) អនុប្រធាន​អង្គការ​ឃ្លាំ​មើល​សិទ្្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី​បាន​លើក​លើង​ថា សមាជិក​សភា​ជាន់​ខ្ពស់​មួយ​ចំនួន​ ដែល​សម្ដែង​ក្ដី​ព្រួយ​បារម្ភ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា គួរ​តែ​រួម​ដៃ​គ្នា​បន្ថែម​ទៀត​ជាមួយ​លោក​ប្រធានា​ធិបតី​ បារ៉ាក់​ អូបាម៉ានិង​គួរ​តែ​សម្តែង​​ក្ដី​កង្វល់​ជា​យុទ្ធសាស្ត្រ​ចំពោះ​ប្រទេស​ចិន​។

លោក ​រ៉ូប៊ឺតសាន់ ​ថ្លែង​ថា “ ក្ដី​ព្រួយ​បារម្ភ​​​របស់​​សមាជិក​សភា​​ជាន់​ខ្ពស់​នេះ​​គួរ​តែ​អាច​ធ្វើ​ឲ្យ​រដ្ឋាភិបាល​របស់​លោក​ បារ៉ាក់ អូបាម៉ា​ យក​ទៅ​គិត​គូរនិង​ពិចារណា​”។ លោក​បាន​បន្ដ​ថា “ សារ​នេះ​​ចង់​រំឭក​ថាការ​មក​បំពេញ​ទស្សនកិច្ច​នេះ​មិន​មែន​គ្រាន់​តែ​ជា​ការម​ក​បំពេញទស្សនកិច្ច​ធម្មតា​នោះ​ទេហើយ​លោកបារ៉ាក់​ អូបាម៉ាត្រូវ​តែ​លើក​ឡើង​ឲ្យ​ច្បាស់​លាស់​អំពី​​ក្ដី​ព្រួយ​បារម្ភ​របស់​ខ្លួនចំពោះ​ការ​រំលោភ​សិទ្ធិ​មនុស្សនៅ​​កម្ពុជា​។

រវាង​ការ​ព្រួយ​បារម្ភ​ដែល​កើតមាន​នៅ​ក្នុង​សភា​សហរដ្ឋ​អាមេរិក និង​ការ​គិត​គូរ​អំពី​ប្រទេស​ចិន វា​មិន​គួរ​​មាន​ការ​​ប្រជែង​គ្នា

នោះ​​ទេ​ ហើយ​លោក​ បារ៉ាក់អូបាម៉ាគួរ​តែ​មាន​ភាព​​ច្បាស់​លាស់​នៅ​ក្នុង​ការ​សម្ដែង​ក្ដី​ព្រួយ​បារម្ភ​របស់ខ្លួន​អំពី​សិទ្ធិ​មនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា។ លិខិត​ផ្ញើ​​ជូន​​លោក​ប្រធានាធិបតី​ បារ៉ាក់អូបាម៉ា ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​​ការ​លើ​ក​ឡើង​អំពី​សេចក្ដី​សម្រេច​ដែល​​ស្ទើ​តែ​ដូច​គ្នា​នឹង​​ក្ដី​ព្រួយ​បារម្ភ​​ដែល​ព្រឹទ្ធសភា​អូស្ត្រាលីនិង​សភា​សហភាព​អឺរ៉ុប​​បាន​អនុម័ត​ប៉ុន្មាន​សប្ដាហ៍​ថ្មី​ៗ​នះ៕

ប្រែសម្រួល​ដោយស៊ាស៊ុយឈាង

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស