34.8 C
Phnom Penh

​លោក ​ហ៊ុន សែន​​ លើក​ឡើង​​អំពី​កិច្ច​ប្រ​ជុំ​កំពូល​អាស៊ាន និង​​​ អាស៊ី​​បូព៌ា​​នៅ​ក្នុង​​​ខេត្ត​សៀម​រាប​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ក្នុង អំឡុង​​​ថ្លែង​សុន្ទរកថា​មួយ​នៅ​ខេត្ត​សៀម​រាប​ កាលពី​ម្សិលមិញ​ថាមេដឹក​នាំ​ប្រ​ទេស​ម្ចាស់​ជំនួយ​ធំបំផុត​​ពីរ​សម្រាប់​ប្រ​ទេស​កម្ពុជា​គឺ​ប្រទេស​ ចិននិង​ប្រទេស​ជប៉ុន នឹង​មក​ចូល​រួម​​ក្នុង​កិច្ច​ប្រ​ជុំ​កំពូល​អាស៊ាន​ និងអាស៊ី​បូព៌ា​នៅ​រាជ​ធានី​ ភ្នំ​ពេញ​។

វត្ត​មាន​របស់​​ប្រធានាធិបតីអាមេរិកលោក​ បារ៉ាក់អូបាម៉ា(Barack Obama) ​​នៅក្នុង​កិច្ច​ប្រជុំ​កំពូលនេះ​​​មិន​ត្រូវ​បាន​​លោក ហ៊ុនសែន ​លើក​មក​ធ្វើអត្ថា​ធិប្បាយ​ទេ ដែល​លោកហ៊ុនសែនបាន​ប្រកាស​កាល​ពី​សប្តាហ៍​មុន ក្នុង​លិខិត​​អបអរសាទរ​​មួយ​ផ្ញើ​ជូន​ លោកអូបាម៉ា នៅពេលលោក​បាន​ជាប់​ឆ្នោតជា​ថ្មី​​ម្តង​ទៀត​ថា​​​ អ្នក​ទាំង​ពីរ​អាច​ជួប​ប្រជុំ​​ជាទ្វេ​ភាគី​នៅ​ក្រៅ​កិច្ចប្រជុំ​កំពូល​ផងដែរ។

មន្ត្រី​សេត​​វិមាន​បាន​បញ្ជាក់ថាលោកអូបាម៉ានឹង​មកបំពេញ​ទស្សនកិច្ចក្នុងប្រទេសកម្ពុជា​ចាប់​ពីថ្ងៃទី១៧ខែវិច្ឆិកាដល់ថ្ងៃទី២០ខែវិច្ឆិកាប៉ុន្តែ មិន​បាន​ធ្វើសេចក្តី​អត្ថាធិប្បាយអំពី​ការ​ជួប​​ប្រជុំ​រវាង​មេដឹកនាំ​នៃប្រទេសទាំង​ពីរនោះ​ទេ។

លោកហ៊ុនសែនបានមាន​ប្រសាសន៍​ក្នុង​អំឡុងថ្លែងសុន្ទរកថា ក្នុងស្រុក​បន្ទាយ​ស្រីដែល​ជាចំណុច​ចុង​ក្រោយ​ក្នុង​កម្មវិធី​ចែក​ប័ណ្ណ​កម្មសិទ្ធិដីធ្លី​របស់​​លោក​នៅទូទាំង​ប្រទេសថា“ លោកនាយក​រដ្ឋមន្ត្រីចិន វេនជាប៉ាវ(Wen Jiabao) នឹងមក​បំពេញទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ថ្ងៃទី១៨ ខែវិច្ឆិកា ហើយ​​​នាយក​​រដ្ឋមន្ត្រី​ជប៉ុនលោកយូសុីហីុកុណូដា (Yoshihiko Noda)នឹង​មក​ចូលរួម​​ក្នុង​កិច្ច​ប្រជុំ​​កំពូលអាស៊ាន​នៅ​ថ្ងៃទី២០ខែវិច្ឆិកា”។

លោកនាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​​ផងដែរថា កិច្ច​ប្រជុំ​កំពូល​អាស៊ាន​​អាច​ជា​ឱកាស​មួយ​សម្រាប់​ប្រទេសកម្ពុជា​​ដើម្បី​បង្ហាញ​នៅ​លើ​ឆាក​អន្តរជាតិ​។ លោក​បាន​មាន​ប្រសាសន៍បន្តថា “ ការ​ដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន យើង​ [ប្រជា​ពលរដ្ឋកម្ពុជា​] ត្រូវ​តែ​ធ្វើយ៉ាង​ណា​ឲ្យ​មាន​មោទនភាព​របស់​យើង​នូវ​​​គ្រប់​កិច្ច​ការ​ទាំង​អស់​ដែល​យើង​ត្រូវ​តែធ្វើ​ក្នុ​ង​ខណៈ​យើង​ជា​ប្រធាន​ទទួល​ខុស​ត្រូវ​សម្រាប់​​គ្រប់​សកម្ម​ភាព​​អាស៊ាន​ទាំង​មូល”។

រដ្ឋមន្ត្រី​ការពារ​ជាតិ ​លោកទៀបាញ់នឹង​ដឹកនាំ​កិច្ច​ប្រជុំថ្នាក់​​រដ្ឋម​ន្ត្រី​ការពារ​ជាតិ​ក្នុង​ខេត្ត​សៀមរាប ដែល​ចាប់​ផ្តើម​ពី​ថ្ងៃព្រហស្បតិ៍​រហូត​ដល់​ថ្ងៃសៅរ៍ចំណែក​លោក​ ហ៊ុនសែននឹង​ដឹកនាំ​កិច្ច​ប្រជុំ​នៅ​រាជធានី​ភ្នំពេញដោយ​ទទួល​ថ្នាក់​ដឹកនាំ​ពិភពលោក​និង​រដ្ឋមន្ត្រី​កំពូល​ៗ​ជា​ច្រើន​រូបទៀត ក្នុង​កិច្ច​ប្រជុំកំពូល​អាស៊ាន​ និង​អាស៊ីបូព៌ា​ ដែល​នឹង​ចាប់​ផ្តើម​នៅ​សប្តាហ៍ក្រោយ​នេះ​។

ប្រធានាធិបតី​ រុស្ស៊ីលោកវ៉្លាឌីមៀពូទីន​(Vladimir Putin) និងលោក​​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោកម៉ានមូហានស៊ីង​(Manmohan Singh) បាន​​ប្រកាសអំពីការចូលរួម​ក្នុងកិច្ច​ប្រជុំ​ជា​​​បន្ត​បន្ទាប់​ផងដែរ។ក្នុង​អំឡុង​ពេល​ឈប់​សំចត​នៅខេត្តសៀមរាបលោកហ៊ុនសែនបាន​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិដីធ្លី​​ចំនួន​១.១៧៨​ជូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នោះ​ ហើយ​លោក​​​នាយក​​​​រដ្ឋមន្ត្រី​​បាន​លើកឡើង​ដោយ​កំប្លែង​ផងដែរថាលោក​​​ប្រហែលជា​​​ត្រូវ​​​ត្រៀម​​​សម្លៀក​​​​បំពាក់​ទុក​នៅ​ទីស្តីការ​គណៈ​​​រដ្ឋមន្ត្រី​ដែល​នៅ​ទីនោះ​​មាន​មន្ត្រី​ការ​ទូត​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ដើម្បី​អនុវត្ត​តាមកម្ម​វិធី​​ដ៏មមាញឹក​របស់​លោក។

លោកបាន​ថ្លែង​បន្តទៀត​ថា “ បើសិន​ជាខ្ញុំ​មើល​កម្មវិធី​ ដែល​ចាប់​ផ្តើម​នៅ​ថ្ងៃទី​១៨ខែវិច្ឆិកានោះ​គឺវា​រវល់​ណាស់​ ដូច្នេះ​ខ្ញុំ​ត្រូវ​តែរៀបចំ​សម្លៀក​បំពាក់​ថែម​ទៀត​ទុក​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី។ លោក​នាយក​រដ្ឋមន្ត្រី​ក៏ចេះបែកញើសដែរ”៕

ប្រែសម្រួលដោយឃិនណៃ

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស