យោងតាមអ្នកធ្វើយុទ្ធនាការ ដែលបានចូលរួមក្នុងកិច្ចប្រជុំមួយក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញឲ្យដឹងថា ក្រុមហ៊ុនឯកជន និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ គួរតែមានការទទួលខុសត្រូវ និងមានតម្លាភាពថែមទៀត ដើម្បីជំរុញផ្នែកសិទ្ធិមនុស្សឲ្យកាន់តែល្អ។
អង្គការសង្គមស៊ីវិលបានលើកឡើងពីបញ្ហានេះនៅថ្ងៃដំបូងនៃសិក្ខាសាលារបស់សភាប្រជាជនអាស៊ាន ដែលធ្វើឡើងរយៈពេលបួនថ្ងៃរហូតដល់កិច្ចប្រជុំកំពូលអាស៊ាននិងអាស៊ីបូពា៌។
អ្នកតស៊ូមតិម្នាក់ក្នុងចំណោមអ្នកតស៊ូមតិកម្ពុជាគឺលោក សៀភារម្យអគ្គលេខាធិការនៃគណៈកម្មការសិទ្ធិលំនៅដ្ឋានបានលើកឡើងបន្ទាប់ពីសិក្ខាសាលាថា នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនដែលនៅពីក្រោយការអភិវឌ្ឍធំៗគួរតែបើកចំហថែមទៀត អំពីផែនការរបស់ខ្លួន។
លោកបានមានប្រសាសន៍ថា “ គួរតែផ្សព្វផ្សាយអំពីផែនការមេណាសម្រាប់ការអភិវឌ្ឍណាមួយ ប្រសិនបើវានឹងធ្វើឲ្យប្រជាពលរដ្ឋគ្មានទីជម្រក។ នៅពេលប្រជាពលរដ្ឋដឹងដូច្នោះ ពួកគេអាចត្រៀមរៀបចំ ផែនការបានល្អអំពីរបៀបថាតើពួកគេគួរសហការ ឬទាមទារសិទ្ធិរបស់ខ្លួនបែបណាសម្រាប់ការសង់លំនៅដ្ឋានឲ្យបានគ្រប់គ្រាន់”។
ឯកសារព្រាងមួយច្បាប់មានចំណងជើងថាការទាមទារឲ្យការទទួលខុសត្រូវរបស់អាស៊ានដែលជាឧទាហរណ៍មួយលើកឡើងពីប្រទេសកម្ពុជា និងពីទីកន្លែងផ្សេងទៀតនៅក្នុងតំបន់ ដើម្បីធ្វើសំណូមពរឲ្យរកដំណោះស្រាយអំពីសិទ្ធិជាមូលដ្ឋានក្នុងការបង្កើតគណនេយ្យភាពនៅក្នុងតំបន់ ត្រូវបានធ្វើបទបង្ហាញអំឡុងសិក្ខាសាលានេះ។
សិក្ខាសាលានេះ អំពាវនាវឲ្យក្រុមហ៊ុនឯកជនធ្វើឲ្យប្រាកដថា ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍អាចធ្វើពាក្យបណ្តឹងដោយផ្ទាល់ទៅក្រុមហ៊ុននិងដើម្បីឲ្យប្រាកដថា សាធារណជនចូលរួមក្នុងការពិភាក្សាពីគម្រោងអភិវឌ្ឍន៍នេះ។
សិក្ខាសាលានេះបន្តទៀតថា “ ក្រុមហ៊ុនទាំងឡាយគួរតែទទូចថានិទណ្ឌភាព មិនអាចទទួលយកបានឡើយ ដោយសារការអនុវត្តនយោបាយមិនអាចទទួលយកបានស្តីពីការរំលោភ និងការដោះស្រាយផ្នែកសិទ្ធិមនុស្សបែបប្រតិសកម្ម”។
លោកស្រីអាស៊ីសាស (A Sisah) ដែលជាអ្នកសម្របសម្រួលផ្នែកសិទ្ធិលំនៅដ្ឋាន និងការតាំងទីលំនៅរបស់អង្គការវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល បានលើកឡើងថាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ដូចជាធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី គួរមានតម្លាភាពថែមទៀត អំពីគម្រោងផ្សេងៗដែលខ្លួនផ្តល់មូលនិធិនៅទូទាំងតំបន់អាស៊ាន។ ពួកគេក៏គួរតែមានការឆ្លើយតបថែមទៀតចំពោះពាក្យបណ្តឹង នៅពេលពួកគេផ្តល់មូលនិធិ ដែលមានផលប៉ះពាល់ដល់សាធារណជន។
ធនាគារអភិវឌ្ឍន៍អាស៊ីបានទទួលរងការរិះគន់ដោយសារគ្រប់គ្រងគម្រោងមួយក្នុងការស្តារផ្លូវដែកឡើងវិញនៅក្នុងប្រទេសកម្ពុជា ដែលធ្វើឲ្យប្រជាពលរដ្ឋរាប់មុឺនគ្រួសារលែងមានទីជម្រក។ធនាគារពិភពលោក បានដើរតួនាទីមួយក្នុងការផ្តល់មូលនិធិសម្រាប់កម្មវិធីផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លី ដែលធ្វើឲ្យអ្នកស្រុកបឹងកក់ ដែលភាគច្រើនក្នុងចំណោមអ្នកទាំងនោះត្រូវបានបណ្តេញចេញសម្រាប់ការអភិវឌ្ឍទ្រង់ទ្រាយធំ។ លោកស្រីអាសីុសាស បានលើកឡើងថា“ យើងធ្លាប់មានបទពិសោធថាយន្តការបណ្តឹង
នៅធនាគារនេះ គឺពិបាកស្មុគស្មាញណាស់សម្រាប់ប្រជាពលរដ្ឋ។ វាប្រើពេលយូរ”។លោកស្រីបានបន្ថែមថា ពាក្យបណ្តឹងធ្វើឡើងជួសមុខឲ្យអ្នកភូមិ អាចប្រើពេលជាងពីរឆ្នាំ ទើបចាត់ការបាន។
ក្នុងការឆ្លើយតបតាមអុីម៉េលលោកអេរីកស៊ីតវីក (Eric Sidgwick) នាយកប្រចាំប្រទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី លើកឡើងថា វិធានការក្នុងការឆ្លើយតបទៅនឹងពាក្យបណ្តឹងអំពីគម្រោងផ្លូវដែក ត្រូវបានព្រមព្រៀង កាលពីក្នុងខែតុលា គឺក្នុងរយៈពេលប្រហែល១១ខែ បន្ទាប់ពីពាក្យបណ្តឹងត្រូវបានធ្វើឡើង។
លោកបន្តថា “ ដំណើរការដោះស្រាយបញ្ហា មានដំណាក់កាលច្បាស់លាស់ ដែលស្របនឹងពេលវេលា។ ដំណាក់កាលនេះ មានផ្សាយនៅក្នុងគេហទំព័ររបស់ធនាគារអភិវឌ្ឍន៍អាស៊ី”៕
ប្រែសម្រួលដោយចេវ ប៊ុននី