37 C
Phnom Penh

ចៅ​ក្រម​​នឹង​​កោះហៅ​សាក្សី​បន្ថែម​​​ទៀត​ក្នុង​សំណុំរឿង​សម្លាប់​អ្នក​កាសែត​នៅក្នុងខេត្តរតនគិរី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ចៅក្រម​ទទួល​បន្ទុក​ស៊ើប​អង្កេត​ក្នុង​ករណី​​ឃាតកម្ម​សម្លាប់​អ្នកកាសែត​បាន​មាន​​ប្រសាសន៍ កាលពី​ម្សិល​មិញ​ថា សា​លា​ដំបូង​ខេត្ត​រតនគិរីនឹង​​កោះ​ហៅ​​​សាក្សី​​យ៉ាង​ហោច​ណាស់​ប្រាំ​នាក់​បន្ថែម​​​ទៀត​រួម​ទាំង​មន្ត្រី​​រដ្ឋាភិបាល​ផងដែរ​ ​ដែល​ពាក់​ព័ន្ធ​ក្នុង​ករណី​សម្លាប់លោក ហង្ស សេរីឧត្តម អ្នក​យកព័ត៌​មាន​​ឲ្យកាសែតវីរជនខ្មែរ។

អ្នក​យក​ព័ត៌មាន​ឲ្យ​កាសែត​វីរជន​ខ្មែរ​រូប​នេះ​ ដែល​លោក​បាន​សរសេរ​អត្ថបទ​ចោទ​​ប្រ​កាន់​​​មន្ត្រី​ក្នុង​តំបន់​នោះថា​ មានជាប់​ពាក់​ព័ន្ធ​​​ក្នុង​ការ​​រកសុីដឹកឈើខុសច្បាប់​​ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់ដោយសារគេ​កាប់នឹង​ពូថៅ​ រួច​​ញាត់​ចូល​ក្នុង​ឃ្លុបរថ​យន្ត​​​របស់​លោក​ កាលពីថ្ងៃទី១១ ខែកញ្ញា។ អតីត​អនុ​សេនីយ៍​​ឯក​កង​រាជអាវុធហត្ថ​ឈ្មោះ អាន ប៊ុនហេងនិង​ប្រពន្ធរបស់​លោកគឺអ្នកស្រី​ ស៊ីមវីត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពីបទ​បាន​សម្លាប់​អ្នកកាសែត​ វីរជន​ខ្មែរ ប្រចាំថ្ងៃ រូប​នេះ​នៅ​សប្តាហ៍​បន្ទាប់​​​មក។

លោក ឡុច ឡៅ ចៅក្រម​ស៊ើប​សួរ​​បាន​មាន​ប្រសាសន៍ថា “យើងនឹង​កោះហៅ​មនុស្ស​​ប្រាំ ឬប្រាំមួយ​នាក់ទៀត​ មក​សាកសួរ​ក្នុង​ពេល​​ឆាប់ៗនេះ។ជន​សង្ស័យ​ខ្លះ​ក្នុង​ចំណោម​ជន​សង្ស័យ​ទាំងនោះ​ពាក់​ព័ន្ធ​នឹង​​ការរក​ស៊ី​​ដឹក​ឈើ និង​ខ្លះ​ទៀត​មានជាប់ពាក់​ព័ន្ធជាមួយ​មន្ត្រី​ក្នុង​មូលដ្ឋាន។បច្ចុប្បន្ននេះ​ យើងកំពុង​​ខិតខំធ្វើរឿងនេះ​ ហើយ​យើង​មិន​អាច​ផ្តល់​ព័ត៌មាន​លម្អិត​ថែម​ទៀត​បាន​ទេ”។

លោកមាន​ប្រសាសន៍បន្តថា ក្នុង​​អំឡុង​ពេល​សាកសួរ​ លោក​ ប៊ុនហេង និងប្រពន្ធ​របស់លោកឈ្មោះវីដែល​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នោះ​ថា ​មាន​អ្នក​ផ្សេង​​ទៀត​​ជាប់​​ពាក់​ព័ន្ធ​​ក្នុង​អំពើឃាតកម្ម​នេះដែរ​ ប៉ុន្តែបាន​បដិសេធ​មិន​ប្រាប់​ឈ្មោះ​ពួកគេ​ទេ​។

មន្ត្រីកង​រាជអាវុធហត្ថជា​ច្រើន​​នាក់​ និង​បុគ្គលិក​ក្រុម​ហ៊ុនទ្រីភាពម្នាក់​​ដែល​ជា​ក្រុម​ហ៊ុន​សម្បទាន​ដ៏​ចម្រូង​ចម្រាសនោះ​ក៏​​ត្រូវ​បាន​តុលាការកោះ​ហៅ​មក​សាកសួរ​ផងដែរ​នៅក្នុង​ករណីនេះ​។

លោក ប៉ែន ប៊ុណា្ណរ៍ មន្ត្រី​សម្រប​សម្រួល​​​ប្រ​ចាំ​អង្គការ​សិទ្ធិមនុស្ស​របស់អង្គការ​សិទ្ធិ​មនុស្សអាហុក​​ ដែលបាន​តាម​ដាន​ករណីនេះ​យ៉ាង​យក​ចិត្ត​ទុកដាក់នោះ​​ បានមាន​ប្រសាស​ន៍ថាការស៊ើប​អង្កេត​របស់​តុលាការ​​​គឺអូស​បន្លាយ​​ពេល​យូរពេក។

លោក ប៊ុណ្ណារ៍ មាន​ប្រសាសន៍​បន្តថា “ខ្ញុំ​ចង់​ឲ្យ​តុលាការ​ជំរុញការងារ​របស់​ខ្លួន​ក្នុង​ការ​ស៊ើប​អង្កេត​ករណីនេះ​ ប៉ុន្តែវា​អាស្រ័យ​លើ​ឆន្ទៈរបស់​លោក​ចៅ​ក្រម​ទេ។វា​ត្រូវ​តែ​មាន​តម្លាភាព​ក្នុង​ការ​​ដោះ​ស្រាយ​​ករណី​នេះ​ពីព្រោះ​យើង​ដឹង​ថា តុលាការ​កម្ពុជា​អាចស្ថិត​​ក្រោម​ឥទ្ធិពល​មន្ត្រី​មាន​អំណាច​”។

អ្នកស្រីអុឹមចន្ធីភរិយារបស់​លោកហង្សសេរីឧត្តម ​មាន​ប្រសាសន៍ថា អ្នក​ស្រី​សង្ឃឹម​ថា នឹង​បាន​ឃើញ​តុលាការ​ចាត់​វិធាន​ការ​ឲ្យ​បាន​លឿន​ និង​ដោះស្រាយ​​ដោយ​យុត្តិ​ធម៌​ចំពោះ​ករណី​ឃាតកម្ម​នេះ។

អ្នកស្រីចន្ធីបានបន្តថា“ ខ្ញុំ​ចង់​ឲ្យ​តុលាការ​ធ្វើការ​ឲ្យ​បាន​ល្អជាង​នេះ​នៅក្នុង​ករណីនេះ។​ ប្តី​របស់​ខ្ញុំ​ត្រូវ​បាន​គេ​សម្លាប់​ជា​យូរមក​ហើយ​…។ខ្ញុំ​ចង់​ឲ្យតុលាការ​រក​យុត្តិធម៌ឲ្យ​ខ្ញុំ​ឲ្យ​បាន​ឆាប់​”។

លោកទេព​ មុនីជាតិមេធាវី​ការ​ពារ​ឲ្យ​ជន​ជាប់​ចោទពីរនាក់ប្តី​ប្រពន្ធ​នេះ​ បាន​មាន​ប្រសាសន៍ថាសាក្សី​ដែល​ពាក់​ព័ន្ធជា​មួយ​ចុង​ចោទ​ក្នុង​សំណុំរឿងឃាតកម្ម​នេះ​​បាន​និយាយ​​ថា​​ ពួក​គេ​មិន​​បាន​ឃើញ​​ចុង​ចោទ​​នៅកន្លែង​កើត​ហេតុ​នោះ​ទេ​ ហើយ​ភ័ស្តុតាង​ បានមក​ពី​ការធ្វើកោសល្យ​វិច័យ​ ក៏មិន​បាន​បង្ហាញ​ថាមានពាក់​ព័ន្ធជា​មួយ​ពួកគេ​ក្នុង​ឃាតកម្ម​​សម្លាប់​​អ្នក​កាសែត​រូបនេះ​​ដែរ​។ លោកអះអាងថា“ខ្ញុំ​គិត​ថា​តុលាការ​មិន​មាន​ភ័ស្តុតាង​គ្រប់​គ្រាន់​ដើម្បី​ចោទ​ប្រកាន់​កូន​ក្តី​របស់​ខ្ញុំ​ទេ”៕

ប្រែសម្រួលដោយឃិនណៃ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស