35 C
Phnom Penh

សមាជិក​សភា និង​បណ្តាដៃ​គូអភិវឌ្ឍន៍​​ពិភាក្សា​​ ដើម្បីពង្រឹង​សិទ្ធិ​របស់ពលករ​ចំណាក​ស្រុក​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ចូល​រួមក្នុង​សិក្ខាសាលាមួយ​បាន​លើក​ឡើង​កាល​ពី​ម្សិលមិញ​ថារដ្ឋាភិបាល​ អង្គការ​អភិវឌ្ឍន៍​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ជាប់ពាក់ព័ន្ធ​នានា​ ត្រូវ​តែ​ធ្វើ​ការ​រួម​គ្នា​ ដើម្បី​ការ​ពារ​សិទ្ធិ​ពលករ​ចំណាក​ស្រុក​។

ថ្លែងក្នុង​វេទិកា​របស់សភាជាតិ​ ធ្វើឡើង​ក្នុង​​រាជ​ធានី​ភ្នំពេញកាល​ពីម្សិលមិញស្ដី​អំពី​ការ​ពង្រឹង និង​ការ​ការ​ពារ​សិទ្ធិ​របស់​ពលករ​ចំណាក​ស្រុកលោកហេងសំរិនប្រធាន​រដ្ឋ​សភា​ជាតិថ្លែង​ថារដ្ឋាភិបាល​ត្រូវ​តែ​ប្ដេជ្ញា​ធ្វើ​ឲ្យ​ប្រាកដ​ថា សិទ្ធិ​របស់​ពល​ករ​​ចំណាក​ស្រុក​មិន​ត្រូវ​បានគេ​កេង​ប្រវ័ញ្ចឡើយ។

លោកហេងសំរិនបាន​មាន​ប្រសាសន៍​ថា​ “ រដ្ឋ​សភា​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ការ​ពារ​ និង​គាំទ្រ​​ពលករ​ចំណាក​ស្រុក​ ​សិទ្ធិទទួល​បាន​ការ​ធ្វើចំណាកស្រុកទៅធ្វើ​ការ​ងារ​ដោយ​​ស្រប​ច្បាប់​ សិទ្ធិធានា​បាននូវ​សុខុមាលភាព​របស់​ពលករ​ចំណាក​ស្រុក​ និង​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា ច្បាប់​ស្តីពីការ​គ្រប់​គ្រង​កម្លាំង​ពលកម្ម​ត្រូវ​បានប្រទេស​ដទៃទៀតនៅ​ក្នុង​តំបន់គោរព​​​​​”។

លោកដូហ្គ្លាស់ប្រូដឺរីក (Douglas Broderick)ប្រធាន​ផ្នែកសម្រប​សម្រួល​​របស់អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា ​មាន​ប្រសាសន៍​​ថា “ គ្មាន​ស្ថាប័ន​ណាមួយ​អាច​ធ្វើ​ការ​ងារ​នេះ​ជោគ​ជ័យ​តែ​ម្នាក់​ឯង​នោះ​ទេ​។ យើង​ត្រូវ​ធ្វើ​ការ​រួម​គ្នា​នៅ​ក្នុង​ទិស​ដៅ​មួយ​ដែល​មាន​ការ​ព្រម​ព្រៀង​គ្នា​”។

អំពើរំលោភសិទ្ធ​ិពលករ​ចំណាក​ស្រុក​បាន​ក្លាយ​ទៅជា​ចំណាប់​អារម្មណ៍​របស់​សាធា​រណជន ​កាល​ពី​ឆ្នាំ​មុន នៅ​ពេល​មាន​សេចក្ដីរាយការណ៍​ជាច្រើន​បាន​លើក​ឡើង​អំពី​ពលករ​កម្ពុជា​ ដែល​ធ្វើ​ជា​ស្ត្រីបម្រើ​តាម​ផ្ទះ​ប្រឈម​នឹង​ការ​បំពាន​លើ​រូប​រាង​កាយ​ និង​អំពើរំលោភផ្លូវ​ភេទ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី។ បន្ទាប់មក ​រដ្ឋាភិបាល​បាន​សម្រេច​ផ្អាក​ជា​បណ្ដោះ​អាសន្ន​នូវ​ការ​បញ្ជូន​ស្ត្រី

បម្រើ​តាម​ផ្ទះ​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី កាល​​ពី​ខែ​តុលាឆ្នាំ​មុន​ ហើយរដ្ឋាភិបាល​បាន​ព្រាង​កិច្ច​ព្រម​ព្រៀង​មួយ​ទៀត ដើម្បី​ការ​​ពារពល​ករទាំងនោះ។

លោក​ស្រីជេនណាហូលីដេ (Jenna Holliday) អ្នក​ពិគ្រោះ​យោបល់​​របស់អង្គការ​សហប្រជាជាតិ​សម្រាប់​ស្ត្រី​អន្ដរជាតិ​ ដែល​កំពុង​ជួយ​ព្រាង​អនុស្ស​រណៈ នៃ​ការ​យោគ​យល់​គ្នា​ ​មាន​ប្រសាសន៍​​ក្នុង​សិក្ខា​សាលាថារដ្ឋាភិបាល​មាន​ការ​រីក​ចម្រើន​ប្រកប​ដោយ​វិជ្ជមាន​។ លោក​ស្រី​ក៏​បាន​សង្កត់​ធ្ងន់​ផងដែរ​ អំពី​សារៈសំខាន់​នៃ​ការ​អនុវត្ត​ឲ្យ​បាន​រឹង​មាំ​នូវ​ច្បាប់​ និង​គោល​ការណ៍​នានា​ពាក់ព័ន្ធ​នឹង​ពល​ករ​ចំណាក​ស្រុក​។

លោកស្រីហូលីដេ ​មាន​ប្រសាសន៍​ថា “ មានចំណុចជាច្រើន​ បានកើត​ឡើង​​ ចំពោះ​កា​រកែ​លម្អ​ច្បាប់​ និង​គោល​ការណ៍​នានា​ ប៉ុន្ដែ ពេល​នេះ​ គឺ​ជា​ពេល​ដែល​ត្រូវ​ចាប់​ផ្ដើម​អនុវត្ត​​ច្បាប់​នេះ​ហើយ​ និងត្រូវចាប់​ផ្ដើមការ​បណ្ដុះ​បណ្ដាល​ដល់អាជ្ញា​ធរ​ថ្នាក់​ក្រោម​ជាតិ​អំពី​ច្បាប់​ថ្មី​ និង​ដើម្បី​ចាប់​ផ្ដើម​ផ្សព្វផ្សាយ​ការណែ​នាំ​អំពី​ការ​ធ្វើ​ចំណាក​ស្រុក​ប្រកប​ដោយ​សុវត្ថិភាព​”។

លោកជំទាវហូណូនសមាជិក​​សភាដែល​​គណៈកម្មាធិការ​របស់​លោក​ស្រី បាន​ជួយ​ព្រាង​​ច្បាប់​នេះ​ ​មាន​ប្រសាសន៍​ថា “ ​ចំពោះ​អនុស្សរណៈ​នៃការ​យោគ​យល់​គ្នា [ជាមួយ​ប្រទេស​ម៉ាឡេស៊ី] យើងកំពុង​ជំរុញ​ឲ្យ​មាន​ការ​អនុវត្ត​ឲ្យ​បាន​ប្រសើ​រឡើង​ និង​ពិនិត​ឲ្យ​បាន​ល្អិត​ល្អន់​​។ យើង​កំពុងធ្វើ​ការ​ប្រកប​ដោយ​ការសហ​ការគ្នា​ជាមួយ​នឹង​ទី​ភ្នាក់​ងារនិង​ក្រុមហ៊ុន​​ជ្រើស​រើស​​ពលករ​…ដើម្បី​រាយការ​ណ៍​មក​ឲ្យ​យើង​ និង​ដើម្បី​អនុវត្ត​ច្បាប់​នេះ​ និង​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​នេះ​ ឲ្យមាន​ប្រសិទ្ធភាព​”៕

ប្រែសម្រួល​ដោយហមសុផាណ្ណា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស