មន្ត្រីបានលើកឡើង កាលពីម្សិលមិញថាអ្នកបើកបរយានយន្ត និងទោចក្រយានយន្តទាំងឡាយគួរត្រៀមខ្លួនសម្រាប់ការបិទផ្លូវ ការស្ទះចរាចរណ៍លើផ្លូវវាង និងការពន្យារពេលនៅប៉ុន្មានថ្ងៃខាងមុខនេះ ដោយសារតែអាជ្ញាធររាជធានីភ្នំពេញត្រៀមរៀបចំសម្រាប់ការមកដល់នៃមេដឹកនាំពិភពលោក ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងអាស៊ីបូព៌ា។
លោក គៀតច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានមានប្រសាសន៍ថាក្នុងចំណោមផ្លូវសំខាន់ៗដែលនឹងត្រូវបិទនោះរួមមាន មហាវិថីសហព័ន្ធរុស្ស៊ី មហាវិថីព្រះនរោត្តម និងមហាវិថីម៉ៅសេទុង ព្រមទាំង “ផ្លូវផ្សេងៗជាច្រើនទៀត” ផងដែរ។
លោកច័ន្ទថារិទ្ធបានមានប្រសាសន៍បន្តថា “ ការបិទផ្លូវគឺវាអាស្រ័យទៅតាមស្ថានភាពសន្តិសុខសម្រាប់មន្ត្រីទាំងនោះ។ យើងនឹងព្យាយាមធ្វើតាមកាលៈទេសៈបញ្ចៀសនូវស្ថានភាពកកស្ទះតាម ដែលអាចធ្វើទៅបាន និងព្យាយាមគ្រប់គ្រងចរាចរណ៍ឲ្យបាន ប៉ុន្តែយើងត្រូវតែការពារក្បូនគណៈប្រតិភូ” ។
លោកបានមានប្រសាសន៍បន្ថែមដូច្នេះទៀតថា ផ្នែកខ្លះនៃមហាវិថីទាំងនោះនឹងត្រូវបិទជាបណ្តោះអាសន្ននៅពេលណាក្បួនគណៈប្រតិភូធ្វើដំណើរឆ្លងកាត់ទៅ និងមកពីសណ្ឋាគាររបស់ពួកគេ។ កិច្ចប្រជុំកំពូលអាស៊ាន និងអាស៊ីបូព៌ានឹងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១៨ខែវិច្ឆិកាដល់ថ្ងៃទី២០ ខែវិច្ឆិកា នៅវិមានសន្តិភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្ថិតនៅតាមមហាវិថីសហព័ន្ធរុស្ស៊ី។
មេដឹកនាំពិភពលោកដែលរំពឹងថា នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននិងអាស៊ីបូព៌ានេះ មានប្រធានាធិបតី សហរដ្ឋអាមេរិកលោក បារ៉ាក់អូបាម៉ា (Barack Obama) លោកនាយករដ្ឋមន្ត្រីចិនវេនជាប៉ាវ (Wen Jiabao) លោកប្រធានាធិបតីរុស្ស៊ីវ្ល៉ាឌីមៀពូទីន(Vladimir Putin) និងនាយករដ្ឋមន្ត្រីឥណ្ឌាលោក ម៉ានមូហានស៊ីង (Manmohan Singh)។
លោកជួនសុវណ្ណស្នងការនគរបាលរាជធានីភ្នំពេញមានប្រសាសន៍ថា “ ផ្លូវនានានឹងមិនត្រូវបិទទាំងស្រុងនោះទេ។យើងគ្រាន់តែបិទមួយរយៈពេលខ្លីនៅពេលក្បួនគណៈប្រតិភូឆ្លងកាត់ និងនៅពេលក្បួនប្រតិភូចាកចេញ និងត្រឡប់ទៅសណ្ឋាគាររបស់គេវិញប៉ុណ្ណោះ។កងកម្លាំងនគរបាល និងកងកម្លាំងប្រដាប់អាវុធ នឹងជួយសម្រួលចរាចរណ៍ក្នុងអំឡុងពេលនោះ”។
កាលពីម្សិលមិញសាលារាជធានីភ្នំពេញបានបិទផ្លូវសម្រាប់យានយន្តឆ្លងកាត់នៅតាមមហាវិថីសហព័ន្ធរុស្ស៊ី និងមហាវិថីព្រះ មុនីវង្ស បន្ទាប់ពីពួកគេបានជូនដំណឹងដល់ម្ចាស់ហាងលក់ទំនិញនានា នៅតាមបណ្តោយមហាវិថីទាំងពីរនេះកាលពីសប្តាហ៍មុនឲ្យបិទការលក់ដូរមួយរយៈចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា រហូតដល់ថ្ងៃទី២៣ខែវិច្ឆិកា។
លោកម៉ាក់វ៉ាន់នីនអាយុ៣៦ឆ្នាំជាម្ចាស់ហាងលក់រថយន្តនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្បែរវិមានសន្តិភាព បាននិយាយថា “ ការបិទរយៈពេល១០ថ្ងៃគឺយូរណាស់សម្រាប់ការរកស៊ីរបស់លោក ពីព្រោះយើងមិនអាចលក់ដូររថយន្តបាន។ជាធម្មតានៅពេលក្រុមហ៊ុនយើងបើកដំណើរការរយៈពេល១០ថ្ងៃខ្ញុំអាចរកប្រាក់ជាមធ្យមបាន១.០០០ដុល្លារ”។
លោកហ្គារ៉េតវ៉លធើ (Gareth Walters)នាយកគ្រប់គ្រងផ្នែកលក់ និងទីផ្សារ បានមានប្រសាសន៍ថា នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ ចម្ងាយពីផ្លូវលេខ៩២ប្រហែលមួយគីឡូម៉ែត្រដែលលោក បារ៉ាក់អូបាម៉ារំពឹងថានឹងស្នាក់នៅទីនោះចរាចរណ៍តាមដងផ្លូវនេះត្រូវបានរឹតបន្តឹង។
លោកហ្គារ៉េតវ៉លធើ មានប្រសាសន៍បន្តថា “ នៅក្នុងរយៈពេលនេះយើងនឹងអនុញ្ញាតការចេញចូលដោយមានកម្រិត។ក្លឹបកម្សាន្តដំរី និងភោនីយដ្ឋាននឹងនៅតែបើកដំណើរការដដែល ប៉ុន្តែ ត្រូវកក់ទុកកន្លែងជាមុនក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាននេះ”។
លោក ច័ន្ទថារិទ្ធ បានមានប្រសាសន៍ថាលោកមិនទាន់បានដឹងថា មានគម្រោងបិទផ្លូវនៅមុខសណ្ឋាគារឡឺរ៉ូយាល់ ដែលមានទីតាំងស្ថិតនៅក្បែរស្ថានទូតសហរដ្ឋអាមេរិកឬយ៉ាងណានោះទេ។ លោកបានថ្លែងបន្ថែមទៀតថា “យើងកំពុងព្យាយាមធ្វើយ៉ាងណាកុំឲ្យមានការបិទផ្លូវច្រើនពេក ដូច្នេះប្រជាពលរដ្ឋអាចធ្វើដំណើរទៅមកបាន”។
លោកកេលីលឹងនាយកគ្រប់គ្រងនៅសណ្ឋាគារសាន់វេនៅទល់មុខស្ថានទូតសហរដ្ឋអាមេរិកមានប្រសាសន៍ថាលោកមិនបានដឹងថា មានការបិទផ្លូវនៅជិតសណ្ឋាគារលោកទេ ហើយភ្ញៀវរបស់លោកមិនមានបញ្ហាអ្វីទេ។លោកបានថ្លែងបន្តថា “ យើងមិនទាន់មានភ្ញៀវប្រមុខរដ្ឋប្រទេសណាស្នាក់នៅក្នុងសណ្ឋាគាររបស់យើងទេ។ដូច្នេះកម្រិតនៃស្ថានភាពសន្តិសុខគឺធម្មតាដូចជារៀងរាល់ថ្ងៃដែរ ហើយយើងនឹងនៅតែបើកជូនសាធារណជនទូទៅ”។
លោកសៀនម៉ាកគិនតូស (Sean McIntosh)អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅរាជធានីភ្នំពេញ បានបដិសេធមិនពិភាក្សាអំពីការរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន និងអាស៊ីបូព៌ានេះទេ៕
ប្រែសម្រួលដោយឃិនណៃ