38 C
Phnom Penh

ទំហំ​ពាណិជ្ជ​កម្ម​កម្ពុជា​កើន​ឡើង​ដល់​ចំនួន​១១,១៧​ពាន់​លាន​ដុល្លារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បើ​យោង​តាម​ទិន្នន័យ​ ដែល​ត្រូវ​បាន​ចេញ​​ផ្សាយ​ដោយ​ក្រសួង​ពាណិជ្ជ​កម្ម​ កាល​ពី​ម្សិល​មិញ​បាន​បង្ហាញ​ឲ្យ​ដឹង​ថា​ ទំហំ​ពាណិជ្ជ​កម្ម​សរុប​​របស់​ប្រទេស​កម្ពុជា​ ចាប់​ពី​ខែ​មករា​ ដល់​ខែ​តុលា​ បាន​កើន​ឡើង​ដល់​ចំនួន​១១,១៧​ពាន់​លាន​​ដុល្លារ​ ពោល​គឺ​កើន​ឡើង​ចំនួន​១៨,១​ភាគ​រយ​ បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ កាល​ពី​ឆ្នាំ​មុន។

លោក​ ខុន​ សាវុធ​ ប្រធាន​ទទួល​បន្ទុក​ខាង​ស្ថិតិ​នៃ​នាយក​ដ្ឋាន​កាំ​កុង​ត្រូល​ ក្រសួង​ពាណិជ្ជ​​កម្ម​​​ បាន​ឲ្យ​ដឹង​ថា​ ការ​នាំចេញ​ពី​ប្រទេស​កម្ពុជា​បាន​កើន​ឡើង​ដល់​ចំនួន​៤,៥​ពាន់​លាន​ដុល្លារ​ នៅ​ក្នុង​រយៈ​ពេល​១០​ខែ​កន្លង​ទៅ​នេះ​ ពោល​​គឺ​បាន​កើន​ឡើង​ចំនួន​១១​ភាគ​រយ។

លោក​​មាន​ប្រសាសន៍​ដូច្នេះ​ថា​ “ ​យើង​​យល់​ឃើញ​ថា​ ប្រហែល​៩០​ភាគ​រយ​នៃ​ការ​នាំ​ចេញ​ទាំង​អស់​ គឺ​ខាង​វិស័យ​កាត់​ដេរ​ ដែល​​កំពុង​នាំ​ចេញ​ទៅ​កាន់​ទី​កន្លែង​សំខាន់ៗ​មួយ​ចំនួន​ ដូចជា​ សហរដ្ឋ​អា​មេរិក​ជា​ដើម​”។

ចំណែក​ឯ​ការ​នាំ​ចូល​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ បាន​កើន​ឡើង​ចំនួន​២៣,៦​ភាគ​រយ​ ពោល​គឺ​បាន​កើន​ឡើង​ដល់​ចំនួន​៦,៦៧​ពាន់​លាន​ដុល្លារ​ គិត​ចាប់​ពី​ខែ​មករា​ ដល់​ខែ​តុលា។​ ទំនិញ​នាំ​ចូល​មក​កាន់​ប្រទេស​កម្ពុជា​ភាគ​ច្រើន​មាន​ដូចជា​ សម្ភារ​សំណង់​ វត្ថុ​ធាតុ​ដើម​សម្រាប់​​ប្រើ​ប្រាស់​ក្នុង​វិស័យ​កាត់​ដេរ​ ព្រម​ទាំង​ប្រេង​​សាំង​ជា​ដើម។

លោក​ សាវុធ​ បាន​ប្រសាសន៍​ឲ្យ​ដឹង​បន្ថែម​​ទៀត​ថា​ “ យើ​នៅ​មិន​ទាន់​អាច​ផលិត​ឲ្យ​បាន​គ្រប់​គ្រាន់​នូវ​អ្វី​ ដែល​យើង​ត្រូវ​ការ​ជា​ចាំ​បាច់​ ដើម្បី​បង្កើន​សេដ្ឋ​កិច្ច​របស​់ប្រទេស​​យើង​បាន​នៅ​ឡើយ​ទេ​ ដូច្នេះ​ ការ​ពឹង​ផ្អែក​របស់​យើង​​លើ​ការ​នាំ​ចូល​ពី​បរទេស​នៅ​តែ​មាន​កម្រិត​ខ្ពស់​ បើប្រៀប​ធៀប​ទៅ​នឹង​អ្វី​ ដែល​យើង​នាំ​ចេញ​​នោះ​”៕

ប្រែស​ម្រួល​ដោយ​ ហួង​ កុក​ទៀន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស