អ្នកវិភាគមួយចំនួនបានលើកឡើងកាលពីម្សិលមិញថា ការលើកឡើង ឬក៏មិនលើកឡើងរបស់លោក បារ៉ាក់ អូបាម៉ា (Barack Obama)ប្រធានាធិបតីអាមេរិកអំពីរបាយការណ៍បញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា អំឡុងការមកបំពេញទស្សនកិច្ចក្នុងរាជធានីភ្នំពេញរបស់លោកនាពេលខាងមុខឆាប់ៗនេះ ដូចដែលសមាជិកសភាមួយចំនួនរបស់សហរដ្ឋអាមេរិកបានស្នើឲ្យលោកដោះស្រាយនោះ នឹងជាការថ្លឹងថ្លែងមួយអំពីផលប្រយោជន៍ជាច្រើនរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ប៉ុន្តែចំពោះអ្វីដែលលោកប្រធានាធិបតីនឹងលើកយកមកនិយាយនោះនៅត្រង់ថាតើលោកនឹងនិយាយពីបញ្ហានេះយ៉ាងដូចម្ដេចនោះ គឺវាអាស្រ័យលើទស្សនរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន មកលើគោលជំហររបស់ប្រទេសកម្ពុជាក្នុងការទប់ទល់នឹងឥទ្ធិពលដែលកំពុងតែកើនឡើងរបស់ប្រទេសចិននៅទូទាំងតំបន់នេះ។
នៅក្នុងលិខិតដែលប្រើពាក្យធ្ងន់ៗមួយចុះថ្ងៃទី៣១ ខែតុលា សមាជិកសភាសហរដ្ឋអាមេរិកជាច្រើនរូប មកពីគណបក្សសាធារណរដ្ឋនិងគណបក្សប្រជាធិបតេយ្យ រួមទាំងលោក ចន ម៉ាកខេន (John McCain) សមាជិកព្រឹទ្ធសភា និងជាអតីតបេក្ខជនឈរឈ្មោះប្រធានាធិបតីអាមេរិកបានអំពាវនាវឲ្យលោកបារ៉ាក់ អូបាម៉ា លើកឡើងជាសាធារណៈពីការរំលោភបំពានជាច្រើន កើតឡើងក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ពួកគេក៏បានសំណូមពរឲ្យលោកអូបាម៉ាជំរុញលោក ហ៊ុន សែន លើកលែងទោសលោក សម រង្សុី ដែលកំពុងតែរស់នៅបែបនិរទេសខ្លួនអាចវិលមកចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិនៅឆ្នាំក្រោយ។
លោក ខាល ថាយើ (Carl Thayer) សាស្ត្រាចារ្យរបស់បណ្ឌិតសភាការពារជាតិអូស្ត្រាលីលើកឡើងថា ប្រសិនបើសមាជិកសភាសហរដ្ឋអាមេរិកទាំងនេះ ទទួលបានជោគជ័យពីអ្វីដែលលោក បារ៉ាក់ អូបាម៉ា បានពិភាក្សាជាមួយលោក ហ៊ុន សែន វានឹងមិនធ្វើឲ្យខាតបង់ចំពោះទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុងភ្នំពេញនិងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនឡើយ។
នៅក្នុងលិខិតរបស់ពួកគេ សមាជិកសភាសហរដ្ឋអាមេរិកទទូចថា ការដែលបាត់បង់ឱកាសនេះ មិនបានលើកឡើងអំពីតម្លៃលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា និងធ្វើឲ្យឥទ្ធិពលរបស់ចិនកាន់តែខ្លាំងនៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់ទាំងមូល។
លោក ថាយើបានសួរថា“ ប្រសិនបើសកម្មជនសិទ្ធិមនុស្សចង់លើកឡើងពីបញ្ហានេះតើពួកគេបានត្រៀមខ្លួន ដើម្បីទទួលខុសត្រូវចំពោះផលប៉ះពាល់នាំឲ្យខូចទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជា និងធ្វើឲ្យប៉ះពាល់ដល់ឥទ្ធិពលរបស់ប្រទេសចិនដែលកំពុងតែកើនឡើងមកលើរបបដឹកនាំរបស់លោក ហ៊ុន សែន?”។
លោកបានបន្ដថា “ រឿងសំខាន់ដែលគួរតែលើកយកមកពិភាក្សានោះគឺ តើបញ្ហាសិទ្ធិមនុស្សគួរតែជាបញ្ហាសំខាន់នៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក តែធ្វើឲ្យប៉ះពាល់ដល់បញ្ហាផ្សេងៗទៀតឬទេ? ចុះអំពីសិទ្ធិការងារ និងផលិតផលសម្លៀកបំពាក់ ដែលទទួលបានសិទ្ធិពិសេស ដើម្បីចូលទៅកាន់ទីផ្សារសហរដ្ឋអាមេរិកវិញ តើយ៉ាងដូចម្ដេចដែរ”?។
លោក ថាយើ បានគូសបញ្ជាក់ថា ឥទ្ធិពលពិតប្រាកដរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនគឺទំនាក់ទំនងផ្នែកយោធាជាមួយនឹងរដ្ឋាភិបាលរាជធានីភ្នំពេញ។ លោក ថាយើ ថ្លែងថា “ លោកប្រធានាធិបតី គូួរតែសំដែងនូវការព្រួយបារម្ភរបស់លោកអំពីបញ្ហាសិទ្ធិមនុស្ស។ សហរដ្ឋអាមេរិកគួរចាំមើលថា តើលោក ហ៊ុន សែន នឹងឆ្លើយតប និងអនុវត្តតាមគោលនយោបាយដើម្បីកែតម្រូវស្ថានភាពនេះ បានយ៉ាងដូចម្ដេច។ ប៉ុន្ដែ មានបញ្ហាផ្សេងៗទៀតនៅមិនទាន់ច្បាស់លាស់នៅឡើយទេ រួមមានទំនាក់ទំនងផ្នែកការពារជាតិរវាងសហរដ្ឋអាមេរិក និងកម្ពុជា ដែលប្រហែលជាមធ្យោបាយចម្បងតែមួយគត់ សម្រាប់បង្កើនឥទ្ធិពលសហរដ្ឋ អាមេរិកមកលើប្រទេសកម្ពុជា ដែលជាឥទ្ធិពលមួយខ្លាំងជាងឥទ្ធិពលរបស់ប្រទេសចិននោះ។
អាមេរិកកំពុងតែបង្កើតយុទ្ធសាស្ត្រសំខាន់របស់ខ្លួនមកលើតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលនឹងបង្កើនវត្តមានផ្នែកកងកម្លាំងរបស់ខ្លួន នៅក្នុងតំបន់។ ហើយដើម្បីធ្វើឲ្យការបង្វែរយុទ្ធសាស្ត្ររបស់ខ្លួនទទួលបានការគាំទ្រនៅក្នុងតំបន់នោះ លោក បារ៉ាក់ អូបាម៉ា នឹងមកបំពេញទស្សនកិច្ចក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៩ និងថ្ងៃទី២០ ខែវិច្ឆិកា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូពា៌ និងកិច្ចប្រជុំមេដឹកនាំមកពីបណ្តាប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាមេរិក។ការមកបំពេញទស្សនកិច្ចរបស់លោក បារ៉ាក់ អូបាម៉ា នេះ គឺជាការមកបំពេញទស្សនកិច្ចលើកដំបូងហើយរបស់ប្រធានាធិបតីអាមេរិក ដែលកំពុងតែកាន់អំណាច។
លោក អ៊ាន ស្ដរី (Ian Storey) សាស្ត្រាចារ្យជាន់ខ្ពស់មួយរូបនៅឯវិទ្យាស្ថានសម្រាប់ការសិក្សាអំពីតំបន់អាស៊ីអាគ្នេយ៍ ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី បានមានប្រសាសន៍ថា សិទ្ធិមនុស្ស នឹងមិនមែនជាបញ្ហាអាទិភាពអំឡុងការមកបំពេញទស្សនកិច្ចរបស់លោកបារ៉ាក់ អូបាម៉ា ឡើយ។
លោក អ៊ាន ស្ដរី បានមានប្រសាសន៍ថា “ នៅពេលសហរដ្ឋអាមេរិកបានផ្សារភ្ជាប់ម្ដងទៀតជាមួយបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជា ប្រទេសវៀតណាមកម្ពុជា ឡាវ និងប្រទេសភូមា នោះ អាមេរិកនឹងមិនអើពើចំពោះការរិះគន់អំពីរបាយការណ៍សិទ្ធិមនុស្សរបស់ប្រទេសទាំងនេះឡើយ ហើយបែជាចាត់ទុកការបង្វែរយុទ្ធសាស្ត្ររបស់ខ្លួនគឺជារឿងសំខាន់ទៅវិញ”។
នៅពេលលោក បារ៉ាក់ អូបាម៉ា បានជាប់ជាប្រធានាធិបតីរយៈពេលបួនឆ្នាំបន្ដទៀតលោកបានថ្លែងថា ការធ្វើឲ្យមានតុល្យភាពរបស់សហរដ្ឋអាមេរិកនៅតំបន់អាស៊ី នឹងធ្វើឲ្យសហរដ្ឋអាមេរិកកាន់តែខ្លាំង ដូចជាបង្កើនទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងរដ្ឋាភិបាលក្រុងភ្នំពេញជាដើម។
លោក អ៊ាន ស្ដរី លើកឡើងថា “ និយាយជារួម ការមកបំពេញទស្សនកិច្ចនេះ នឹងធ្វើឲ្យទំនាក់ទំនងកម្ពុជាសហរដ្ឋអាមេរិកកាន់តែល្អឡើង តែទោះជាយ៉ាងណា ប្រទេសចិនក៏នឹងទំនងជាបន្ដធ្វើជាដៃគូគោលនយោបាយផ្នែកការបរទេសដ៏សំខាន់បំផុតជាមួយប្រទេសកម្ពុជាដែរ។ស្ថិតក្រោមការដឹកនាំរបស់លោកហ៊ុន សែន ផលប្រយោជន៍របស់ប្រទេសចិននឹងត្រូវបានការពារ និងលើកតម្កើង”។
ដូចអ្វីដែលខ្លួនបានធ្វើសម្រាប់ប្រទេសភូមា និងប្រទេសឡាវ ប្រទេសចិនមានទំនាក់ទំនងយ៉ាងកក់ក្ដៅជាមួយនឹងប្រទេសកម្ពុជា ដោយសារតែ បានជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធដ៏ធំសម្បើម និងជំនួយផ្នែកយោធា និងប្រាក់កម្ចីជាច្រើន តែទោះជាយ៉ាងណា មានអ្នកមួយចំនួនបានគូសបញ្ជាក់ថា ជំនួយរបស់រដ្ឋាភិបាលក្រុងប៉េកាំងទាំងនេះ មិនមែនឲ្យមកដោយទទេៗនោះទេ។
លោក ចន ស៊ីអូស៊ារី (John Ciorciari) ជាសាស្ត្រាចារ្យ និងជាអ្នកជំនាញប្រចាំតំបន់អាស៊ីរបស់សាកលវិទ្យាល័យមីឈីហ្គេន(Michigan) បានលើកឡើងថា ជំនួយទាំងនេះរបស់ប្រទេសចិន គឺគ្រាន់តែធ្វើសម្រាប់គោលដៅតែមួយប៉ុណ្ណោះ ហើយបានចាប់ផ្ដើមធ្វើឲ្យមានភាពសៅហ្មងក្នុងចំណោមប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ខ្លះហើយ។ ផ្ដើមធ្វើឲ្យមានភាពសៅហ្មងក្នុងចំណោមបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ខ្លះហើយ។
លោកបានមានប្រសាសន៍ថា ក្នុងស្ថានភាពបែបនេះ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនប្រហែលជាគិតរកវិធីផ្សេង ដើម្បីដោះស្រាយបញ្ហានៅក្នុងតំបន់។ លោកបានលើកឡើងទៀតថា “ បែបនោះផ្តល់ឱកាសសម្រាប់សហរដ្ឋអាមេរិកប្រកួតប្រជែងដោយមានប្រសិទ្ធភាព តាមរយៈការបង្កើតជាដៃគូប្លែកគេមួួយ ដែលមានអំណាចធំធេង ដោយផ្អែកលើគោលការណ៍អភិបាលកិច្ចល្អនិងគោរពសិទ្ធិមនុស្ស។
ការប្រកួតប្រជែងមិនស្មើភាពគ្នាបែបនេះនឹងនាំឲ្យមានការប្រកួតប្រជែងមួយ ដែលមិនត្រឹមត្រូវតាមបទដ្ឋានអភិបាលកិច្ច ទាំងសម្រាប់សហរដ្ឋអាមេរិក និងសម្រាប់ប្រទេសកម្ពុជា”។ មានប្រទេសភូមាជាឧទាហរណ៍ស្រាប់។ចាប់តាំពីលោកប្រធានាធិបតី ថេន សេន(Thein Sein) បាននាំប្រទេសនេះដើរលើមាគា៌ល្អមួយ ពីប្រទេសគួរឲ្យស្អប់ខ្ពើមមួយទៅជាប្រទេសអនុវត្តតាមលទ្ធិប្រជាធិបតេយ្យដ៏គួរឲ្យស្រឡាញ់ចូលចិត្តកាលពីឆ្នាំ២០១០មក ប្រទេសភូមាទទួលបានការដកទណ្ឌកម្មពីសហរដ្ឋអាមេរិក ហើយនៅក្នុងដំណើរការនេះនោះ ត្រូវបានគេមើលឃើញជាទូទៅថា ជាជម្រើសមួយសម្រាប់ទប់ទល់នឹងការគាំទ្ររបស់ចិន ដែលគ្មានអ្នកពិនិត្យពិច័យជាច្រើនទសវត្សរ៍មកនេះ។
ដំណើរទស្សនកិច្ចរបស់លោក អូបាម៉ាទៅកាន់ទីក្រុងរ៉ង់ហ្គូន នៅក្នុងខែនេះ គឺជាដំណើរទស្សនកិច្ចលើកដំបូងមួយទៀត របស់ប្រធានាធិបតីសហរដ្ឋអាមេរិក កំពុងកាន់អំណាច គឺជាការគាំទ្រនិងជាការទទួលស្គាល់ចំពោះកិច្ចប្រឹងប្រែងទាំងនេះ។
លោក ជូស័រ ឃើឡានហ្ស៊ីក (Joshua Kurlantzick) ដែលជាអ្នកតាមដានស្ថានការណ៍វិវឌ្ឍន៍យ៉ាងស្អិតនៅក្នុងប្រទេសចិននិងអាស៊ីអាគ្នេយ៍ក្នុងឋានៈជាសមាជិកមួយរូបនៅក្នុងក្រុមប្រឹក្សាទទួលបន្ទុកទំនាក់ទំនងការបរទេស (Council on Foreign Relations) ដែលមានមូលដ្ឋាននៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានមានប្រសាសន៍ថា របៀបវារៈនិយាយអំពីកំណែទម្រង់រឹងមាំក្នុងប្រទេសភូមា អាចនឹងធ្វើឲ្យលោក ហ៊ុន សែន នៅតែជាបុរសចម្លែកម្នាក់ក្នុងចំណោមបណ្តាសមភាគីរបស់លោកមកពីបណ្តាប្រទេសសមាជិកអាស៊ាន។
លោកបានបន្តថា “ លោកអូបាម៉ាដឹងថាដោយសារតែប្រទេសភូមា បានកែប្រែហើយនោះ លោក ហ៊ុន សែន ប្រាកដជាត្រូវនៅជាមេដឹកនាំផ្តាច់ការបំផុតនៅក្នុងតំបន់។ លោក អូបាម៉ាក៏មើលឃើញពីរបៀបដែលលោកហ៊ុនសែន កាន់តែមានភាពស្និទ្ធស្នាលជាមួយប្រទេសចិនផងដែរ ដូច្នេះមានន័យថាលោកដឹងពីក្តីបារម្ភទាំងអស់នេះ”។
លោកបន្ថែមថា “ មានចំណាប់អារម្មណ៍ជាច្រើន ចំពោះចំណុចដ៏សំខាន់នេះ ប៉ុន្តែប្រទេសកម្ពុជា មិនមានចាប់អារម្មណ៍អ៊ីចឹងនោះទេ ដូច្នេះខ្ញុំរំពឹងថានឹងមានការបន្តដាក់គំនាបពីរដ្ឋាភិបាលរបស់លោក និងពិត ណាស់គំនាបពីរដ្ឋសភាអាមេរិក មកលើលោក ហ៊ុនសែន”៕
លោកឡៅម៉ុងហៃអ្នកវិភាគនយោបាយឯករាជ្យ បានមានប្រសាសន៍ថា ដោយមានសម្ពន្ធមិត្តក្នុងតំបន់រួចទៅហើយនៅក្នុងប្រទេសហ្វីលីពីន ប្រទេសថៃ ប្រទេសវៀតណាម និងប្រហែលសូម្បីតែប្រទេសភូមាផងនោះ សហរដ្ឋអាមេរិក អាចជំរុញឲ្យកម្ពុជាគោរពសិទ្ធិមនុស្សបាន។
លោកមានប្រសាសន៍ថា “ [លិខិតពីក្រុមសមាជិកសភាសហរដ្ឋអាមេរិក] ដាក់សម្ពាធមកលើប្រធានាធិបតីទើបជាប់ឆ្នោតមួយអាណត្តិទៀតនេះ ឲ្យគិតពិចារណាដោយប្រុងប្រយ័ត្ន ប្រសិនបើលោកអាចធ្វើអ្វីមួយបាន [នៅក្នុងប្រទេសកម្ពុជា] ដោយមិនបង្កគ្រោះថ្នាក់ដល់គោលនយោបាយរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ីទេនោះ”។
នៅក្នុងការទន្ទឹងរង់ចាំដំណើរទស្សនកិច្ចរបស់លោក អូបាម៉ា មកកាន់តំបន់អាស៊ីអាគ្នេយ៍ក្រុមហ៊ុន IHS Global Insight ដែលជាក្រុមហ៊ុនវិភាគព័ត៌មានផ្នែកពាណិជ្ជកម្មដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានមានប្រសាសន៍កាលពីថ្ងៃអង្គារថា បណ្តាមេដឹកនាំរបស់កម្ពុជា គួរតែត្រៀមខ្លួនរួចជាស្រេចសម្រាប់ការពិភាក្សាដ៏តានតឹងមួយចំនួន។
ក្រុមហ៊ុន IHS Global Insight បានលើកឡើងនៅក្នុងលិខិតដ៏ខ្លីមួយថា ប្រទេសកម្ពុជា គួរតែ“ ត្រៀមខ្លួនទទួលយកការថ្កោលទោស
ពីអន្តរជាតិ”។ ក្រុមហ៊ុននេះបន្តថា “ ជំនួសឲ្យការទះដៃ អបអរសាទរ ក៏មានការរំពឹងទុកថា សហរដ្ឋអាមេរិក នឹងលើកឡើងពីក្តីបារម្ភធំៗជុំវិញបញ្ហាសិទ្ធិមនុស្ស និងការចាត់វិធានការរបស់កម្ពុជាមកលើគណបក្សប្រឆាំង”។
លោក ប៉ាវីន ឆាឆាវ៉ាលពុងពុន (Pavin Chachavalpongpun) សាស្ត្រាចារ្យរបស់មជ្ឈមណ្ឌលសម្រាប់ការសិក្សាពីតំបន់អាស៊ីអាគ្នេយ៍
(Center for Southeast Asian Studies) នៃសាកលវិទ្យាល័យក្យូតូ (Kyoto Unioversity) បានមានប្រសាសន៍ថា លោកឆ្ងល់ថា តើការរិះគន់របស់សហរដ្ឋអាមេរិកល្អប៉ុណ្ណា។
លោកមានប្រសាសន៍ទៀតថា “ សហរដ្ឋអាមេរិក មិនអាចគេចផុតពីបញ្ហាដ៏សំខាន់នេះបានទេ។ ប៉ុន្តែ និយាយដោយស្មោះត្រង់
ទៅខ្ញុំគិតថាសូម្បីតែលោកអូបាម៉ាក៏មិនចង់លើកឡើងអំពីបញ្ហានេះ និងដាក់គំនាបលើប្រទេសកម្ពុជា ដោយសារបញ្ហានេះដែរ ពីព្រោះស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា នឹងមិនប្រែប្រួលនៅពេលណាមួយឆាប់ៗនេះទេ”។
លោកស្រី ជា វណ្ណាត អ្នកវិភាគនយោបាយ
ឯករាជ្យរូបទៀត បានមានប្រសាសន៍ថានោះគឺជាមូលហេតុដែលលោក អូបាម៉ានឹងត្រូវ “ ស្វែងរកជម្រើសដ៏ល្អមួយ” នៅក្នុងការលើកឡើងពីប្រធានបទនេះជាមួយលោកហ៊ុនសែន។ លោកស្រីបានបន្ថែមថាជំនួយបន្តិចបន្តួច សម្រាប់ផ្នែកយោធារបស់សហរដ្ឋអាមេរិក ប្រហែលជានឹងអាចជួយបង្កើនទំនាក់ទំនងបាន។
លោកស្រី ជា វណ្ណាត មានប្រសាសន៍ថាលោកហ៊ុនសែននៅតែមានចំណុចរសើប ចំពោះមុខមាត់របស់រដ្ឋាភិបាលលោក នៅលើឆាកអន្តរជាតិ ហើយបើទោះបីជាក្នុងពេលថ្មីៗនេះ កម្ពុជា បានទទួលបរាជ័យក្រោមដៃប្រទេសកូរ៉េខាងត្បូង សម្រាប់អាសនៈក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្តី ក៏មានការរំពឹងទុកថា រដ្ឋាភិបាលលោកនឹងព្យាយាមដណ្តើមយកអាសនៈនេះម្តងទៀត។
ដូចលោកឡៅម៉ុងហៃដែរលោកស្រីជា វណ្ណាត បានមានប្រសាសន៍ថា ប្រទេសកម្ពុជា ត្រូវការសហរដ្ឋអាមេរិក ខ្លាំងដូចសហរដ្ឋអាមេរិកត្រូវការកម្ពុជាអ៊ីចឹងដែរ។ ប្រទេសកម្ពុជា នាំចេញជាងពាក់កណ្តាលនៃសម្លៀកបំពាក់របស់ខ្លួន ដែលជាសរសៃឈាមនៃឧស្សាហកម្មនាំចេញរបស់ប្រទេស តាមរយៈការនាំចេញទៅកាន់ទីផ្សារអាមេរិកដោយការអនុគ្រោះពន្ធជាយូរមកហើយ។
លោក ជីម ម៉ាកដឺមូត (Jim McDermott) សមាជិកសភាសហរដ្ឋអាមេរិក ដែលជាអ្នកធ្លាប់បានជំរុញឲ្យមានការមិនយកពន្ធ សម្រាប់ផលិតផលសម្លៀកបំពាក់របស់កម្ពុជា កាលពីពេលកន្លងមកនោះ គេជាសមាជិកម្នាក់ស្ថិតក្នុងចំណោមសមាជិកសភាចំនួន១២រូប ដែលបានចុះហត្ថលេខាលើលិខិតផ្ញើជូនលោក អូបាម៉ា ឲ្យលោកលើកឡើងពីបញ្ហាសិទ្ធិមនុស្ស។
បើយោងតាមទូរលេខសម្ងាត់របស់ស្ថានទូតសហរដ្ឋអាមេរិកដែលគេហទំព័រទម្លាយភាពអាថ៌កំបាំង ដែលគេហទំព័រវីគីលីក (WikiLeaks) ធ្លាប់ចេញផ្សាយ បានឲ្យដឹងថាសម្រាប់រដ្ឋាភិបាលកម្ពុជាចមពោះណទាណគ្មានលក្ខខណ្ឌរបស់ប្រទេសចិន មន្ត្រីក្នុងជួររដ្ឋាភិបាលក្រុងភ្នំពេញមានការខកចិត្តរបស់ខ្លួនចំពោះអត្រាការប្រាក់ខ្ពស់ ដែលពួកគេត្រូវសងទៅរដ្ឋាភិបាលក្រុងប៉េកាំងវិញ។
លោកស្រី ជា វណ្ណាត មានប្រសាសន៍ថា“ កម្ពុជាដូចជាបក្សីអ៊ីចឹង។ស្លាបម្ខាងជាសហរដ្ឋអាមេរិកនិងស្លាបម្ខាងទៀតជាចិនហើយបក្សីត្រូវការស្លាបទាំងពីរទើបអាចហោះហើរបាន”៕
ប្រែសម្រួលដោយតែមសុខុម