យោងតាមមន្ត្រីអង្គការសហប្រជាជាតិម្នាក់ និងបុគ្គលិកអង្គការសិទ្ធិមនុស្សបានឲ្យដឹងថា កាលពីម្សិលមិញអាជ្ញាធរមូលដ្ឋាននៅទូទាំងរាជធានីភ្នំពេញនៅតែបន្តបំភិតបំភ័យម្ចាស់ទីតាំងនិងម្ចាស់ផ្ទះសំណាក់ ដែលអង្គការសង្គមស៊ីវិលបម្រុងធ្វើសិក្ខាសាលាមុនកិច្ចប្រជុំកំពូលអាស៊ាន និងអាស៊ីបូពា៌នៅសប្តាហ៍ក្រោយនេះ។
អង្គការបណ្តាញប្រជាជនអាស៊ាន (Asean Grassroots People Network) ដែលកាលពីថ្ងៃអង្គារត្រូវបិទពិធីចាប់ផ្តើមរបស់ខ្លួន នៅពេលដែលម្ចាស់ភោជនីយដ្ឋានបានបដិសេធមិនឲ្យប្រារព្ធពិធីនេះ ហើយកាលពីម្សិលមិញពួកគេកាន់តែមានបញ្ហាថែមទៀត។
លោកមឿនតុលាប្រធានកម្មវិធីការងាររបស់មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បានមានប្រសាសន៍ថា សិក្ខាសាលាមួយស្តីពីបញ្ហាការងារ និងចំណាកស្រុកនៅមជ្ឈមណ្ឌលមូ៉ឌែន២ ដែលជាកន្លែងទទួលរៀបចំអាពាហ៍ពិពាហ៍ នៅក្នុងសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យត្រូវឈប់ភ្លាមៗ។
លោកបានមានប្រសាសន៍ថា “ នៅពេលសិក្ខាសាលាចាប់ផ្តើម អាជ្ញាធរមូលដ្ឋានជាមន្ត្រីនគរបាលសង្កាត់ចាក់អង្រែក្រោម បានសួរអ្នករៀបចំសិក្ខាសាលាថាតើពួកគាត់មានការអនុញ្ញាតពីសាលាក្រុងឬអត់”។ លោក តុលាបានមានប្រសាសន៍ថាបន្ទាប់ ពីនគរបាលសង្កាត់ចាកចេញ អ្នកគ្រប់គ្រងម្នាក់នៅមជ្ឃមណ្ឌលទាំងនោះ បានប្រាប់សិក្ខាកាមឲ្យចេញ។“គាត់ផ្តាច់ភ្លើង និងបិទទឹក”។
លោកឡោលីនណូ នាយប៉ុស្តិ៍នគរបាលសង្កាត់ចាក់អង្រែក្រោម បានបដិសេធថា នគរបាលមិនបានបិទសិក្ខាសាលានោះទេ ហើយអ្នកដែលឆ្លើយតាមទូរស័ព្ទនៅទីកន្លែងនោះបាននិយាយថាទីតាំងនោះ ប្រព្រឹត្តទៅជាធម្មតា។ និយោជិតម្នាក់ ដែលសុំមិនប្រាប់ឈ្មោះ បាននិយាយថា “ គ្មានអង្គការក្រៅរដ្ឋាភិបាលណាប្រជុំទេ មានតែកម្មវិធីអាពាហ៍ពិពាហ៍ដូចធម្មតា”។
លោកឡុងឌីម៉ង់ អ្នកនាំពាក្យរបស់សាលារាជធានីភ្នំពេញ បានបដិសេធថា លោកមិនបានដឹងពីការជ្រៀតជ្រែកនេះទេ។ លោកបានបន្ថែមថា “ ខ្ញុំមិនដឹងទេ។ សាលារាជធានីមិនបានបញ្ជាឲ្យបិទកិច្ចប្រជុំនេះទេ”។ លោកចេមហ៊ីណាន់ (James Heenan) តំណាងរបស់ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិក្នុងប្រទេសកម្ពុជាបានលើកឡើងក្នុងអុីម៉េលមួយថា ការិយាល័យរបស់លោក បាននិងកំពុងតាមដានកិច្ចប្រជុំនេះ រហូតដល់កិច្ចប្រជុំកំពូលអាស៊ាននិងអាស៊ីបូពា៌ហើយរកឃើញថាអ្នករៀបចំជាច្រើននាក់បានទទួលរងការព្រមាន ហើយឈ្មោះរបស់ពួកគេត្រូវបានកត់និងថតទុក ឬឲ្យម្ចាស់ទីតាំងបង្ខំលុបចោលការកក់ទុក។
លោកបានមានប្រសាសន៍ថា“ មនុស្សជាច្រើនបានរាយការណ៍ថា ម្ចាស់ទីតាំងធ្វើដូច្នេះដោយសារមានគំនាបពីអាជ្ញាធរ។ យើងបានលើកឡើងពីការព្រួយបារម្ភទាំងនេះដោយផ្ទាល់ជាមួយអាជ្ញាធរ”។ អង្គការបណ្តាញប្រជាជនអាស៊ានបានលើកឡើងក្នុងសេចក្តីប្រកាសកាលពីម្សិលមិញថាសិក្ខាកាមជាង២៥០នាក់ ដែលភាគច្រើនជាប្រជាជនកម្ពុជា ធ្វើដំណើរមកពីតាមបណ្តាខេត្តមកកាន់រាជធានីភ្នំពេញត្រូវបានបង្ខំឲ្យចេញពីផ្ទះសំណាក់កាលពីដើមសប្តាហ៍នេះ។
សេចក្តីប្រកាសនេះឲ្យដឹងថា “ អ្នកខ្លះត្រូវបានឲ្យចេញនៅពាក់កណ្តាលយប់ ខ្លះត្រូវបានបំភិតបំភ័យ ហើយខ្លះទៀតត្រូវបានប្រាប់ថាការកក់ទុករបស់ខ្លួនត្រូវបានគេបំភ្លេចចោលដោយអាថ៌កំបាំង”។
ខណៈដែលអង្គការបណ្តាញប្រជាជនអាស៊ានលើកឡើងថា សិក្ខាសាលាចំនួន១១ក្នុងចំណោមសិក្ខាសាលាចំនួន១២ ដែលពិភាក្សាពីបញ្ហា ដូចជាការបណ្តេញចេញ ដីសម្បទាន សន្តិសុខស្បៀងអាហារ និងពាណិជ្ជកម្មនៅក្នុងតំបន់អាស៊ានត្រូវបានធ្វើឡើងដោយជោគជ័យ តែសិក្ខាសាលាមួយៗបានទទួលរងការជ្រៀតជ្រែកពីនគរបាលស្លៀកពាក់ស៊ីវិល ឬម្ចាស់ទីតាំង ដោយទាមទារឲ្យសិក្ខាសាលានេះកុំពិភាក្សាអំពីនយោបាយ។
លោក សុកសំអឿននាយកប្រតិបត្តិរបស់ក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា និងជាសមាជិកគណៈកម្មាធិការនាយករបស់វេទិកាថ្នាក់ជាតិនេះ មានប្រសាសន៍ថា ក្នុងសិក្ខាសាលាដាច់ដោយឡែកមួយទៀត វេទិកាប្រជាជនអាស៊ាន ដែលបានដូរទីតាំងពីរលើករួចមកហើយនោះដោយសារការបំភិតបំភ័យត្រូវបានធ្វើឡើងនៅចម្ងាយបីបួនគីឡូម៉ែត្រក្រៅរាជធានីភ្នំពេញ គឺនៅមណ្ឌលកុមារកំព្រា របស់អង្គការសុវណ្ណកុមារ ក្នុងខេត្តកណ្តាល។
លោកបានលើកឡើងថា “ យើងមិនអាចស្វែងរកទីតាំងផ្សេងទៀតនៅក្នុងក្រុងបានទេ ប៉ុន្តែទីតាំងនេះ គឺជាទីតាំងរបស់អង្គការក្រៅរដ្ឋាភិបាល ដូច្នេះអាជ្ញាធរមូលដ្ឋានមិនអាចរំខានបានឡើយ។យើងបានទទួលមន្ត្រីនគរបាលខ្លះ បុ៉ន្តែមិនមានបញ្ហាទេ។អ្វីដែលយើងលើកឡើង យើងចង់ឲ្យរដ្ឋាភិបាលឮ”។
អង្គការសិទ្ធិមនុស្សលីកាដូ ថ្កោលទោសចំពោះការជ្រៀតជ្រែកនេះក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញ កាលពីម្សិលមិញ។សេចក្តីថ្លែងការណ៍នេះ បានលើកឡើងថា“ការបំភិតបំភ័យមកលើក្រុមអ្នករៀបចំសិក្ខាសាលា និងសិក្ខាកាមនៅឯសិក្ខាសាលា គឺមិនអាចទទួលយកបានទេ ចំពោះសេរីភាពក្នុងការបញ្ចេញមតិ និងការម្រមូលផ្តុំគ្នាហើយវាបានបញ្ជូនសារដ៏មានឥទ្ធិពលមួយទៅដល់ពិភពលោកថារដ្ឋាភិបាលកម្ពុជាមិនមានឆន្ទៈចង់បង្កើតសហគមន៍អាស៊ានមួយ ដែលគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន នោះទេ”៕
ប្រែសម្រួលដោយចេវប៊ុននី