ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីម្សិលមិញថា ខ្យល់ព្យុះត្រូពិកមួយមានប្រភពចេញពីសមុទ្រចិនខាងត្បូងដែលមានកម្លាំងខ្យល់ និងភ្លៀងយ៉ាងខ្លាំងនោះ នឹងវាយប្រហារមកលើឆ្នេរសមុទ្រកម្ពុជាក្នុងថ្ងៃនេះ។
យោងតាមទិន្នន័យ ដែលផ្ដល់ដោយមជ្ឈមណ្ឌលឃ្លាំមើលខ្យល់ព្យុះរបស់កងទ័ពអាកាសនិងកងទ័ពជើងគោកអាមេរិកបានឲ្យដឹងថា វិសម្ពាធខ្យល់ព្យុះត្រូពិកតាមឆ្នេរសមុទ្រវៀតណាម នឹងវាយប្រហារមកលើប្រទេសកម្ពុជា ហើយខ្យល់ព្យុះត្រូពិកដែលមានភ្លៀងធ្លាក់ខ្លាំងនៅថ្ងៃសុក្រនេះនឹងមានកម្លាំងខ្យល់រហូតដល់៦៤គីឡូម៉ែត្រក្នុងមួយម៉ោង។
លោកឱមរីណា អនុប្រធាននាយកដ្ឋានឧតុនិយមរបស់ក្រសួងធនធានទឹក និងឧតុនិយមបានមានប្រសាសន៍ថា សេចក្ដីប្រកាសព្រមានបានបញ្ជូនទៅឲ្យអាជ្ញាធរតាមបណ្ដាខេត្តមួយចំនួនរួចហើយ ដែលអាចរងផលប៉ះពាល់ខ្លាំង ដោយសារខ្យល់ព្យុះដែលនឹងមកដល់ខាងមុខនេះ។
លោករីណាបានមានប្រសាសន៍ថា“ យើងបានផ្ដល់ព័ត៌មានដល់បណ្ដាខេត្តមួយចំនួនរួចហើយដើម្បីឲ្យត្រៀមខ្លួន។ខេត្តស្វាយរៀង ជាខេត្តដំបូងគេ ដែលនឹងត្រូវរងផលប៉ះពាល់បន្ទាប់មកទៀតគឺខេត្តមួយចំនួននៅភាគខាងត្បូងនៃប្រទេសកម្ពុជា”។
លោកបានបន្ថែមថាខ្យល់ខ្លាំងអាចបង្កឲ្យសមុទ្រមានរលកខ្លាំង ដូច្នេះទូកនេសាទ និងនាវាទេសចរណ៍ នឹងត្រូវហាមមិនឲ្យចេញទៅសមុទ្រទេ ដោយរង់ចាំដល់ថ្ងៃសៅរ៍ទើបខ្យល់ព្យុះនេះឆ្លងផុត។ អាជ្ញាធរខេត្តមួយចំនួនដូចជា ខេត្តព្រះសីហនុ ខេត្តកែប និងខេត្តតាកែវ បានលើកឡើងថា កាលពីល្ងាចម្សិលមិញ ពួកគេមិនទាន់បានទទួលសេចក្ដីប្រកាសព្រមានណាមួយពីក្រសួងទេ ប៉ុន្ដែបានលើកឡើងថាពួកគេនឹងផ្សព្វផ្សាយព័ត៌មាននេះ។
លោកស្រីបេនអភិបាលខេត្តតាកែវ បានថ្លែងថា “ យើងនឹងផ្ដល់ព័ត៌មានដល់អ្នកភូមិឲ្យប្រុងប្រយ័ត្ន ហើយឪពុកម្ដាយត្រូវប្រាប់កូនកុំឲ្យជ្រកក្រោមដើមឈើ ពេលមេឃកំពុងភ្លៀង និងពេលខ្យល់កំពុងបក់ខ្លាំង ដើម្បីជៀសវាងមែកឈើបាក់ធ្លាក់សង្កត់លើ”។
លោកចេវគឹមហេងអភិបាលរងខេត្តព្រះសីហនុ ថ្លែងថា លោកនឹងបញ្ជូនសេចក្ដីប្រកាសព្រមាននេះទៅអាជ្ញាធរស្រុក និងអាជ្ញាធរឃុំ និងមន្ទីរទេសចរណ៍ខេត្តផងដែរ។ លោកគឹមហេង បានបន្ថែមថា“ ប្រសិនបើអាកាសធាតុផ្លាស់ប្ដូរខ្លាំង ដោយមានភ្លៀង
ខ្លាំង និងរលកធំៗ យើងនឹងមិនអនុញ្ញាតឲ្យ [ទូក] ចេញក្រៅទេ ប៉ុន្ដែប្រសិនបើអាកាសធាតុវិលមកធម្មតា ពួកគេនៅតែអាចចេញទៅនេសាទបាន ហើយ [ទេសចរ] ក៏អាចធ្វើដំណើរទៅកម្សាន្ដលើកោះនានាបានដែរ។
កាលពីខែតុលា ខ្យល់ព្យុះត្រូពិកឈ្មោះហ្គេមីដែលបក់មកពីសមុទ្រចិនខាងត្បូងនេះដែរបានវិវត្តទៅជាវិសម្ពាធត្រូពិក ពេលមកដល់ប្រទេសកម្ពុជា តែបានបណ្ដាលឲ្យមានការខូចខាតបន្ដិចបន្ដួចប៉ុណ្ណោះ៕
ប្រែសម្រួលដោយហមសុផាណ្ណា