កាលពីម្សិលមិញ អាជ្ញាធរមូលដ្ឋានបានឃាត់ខ្លួនអ្នកភូមិប្រាំបីនាក់ដែលរស់នៅក្បែរអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញអស់រយៈពេល១២ម៉ោងបន្ទាប់ពីបានចោទប្រកាន់អ្នកភូមិពីបទគំរាមកំហែងដល់សន្ដិសុខចំពោះការដាក់រូបថតលោក បារ៉ាក់ អូបាម៉ា (Barack Obama) ប្រធានាធិបតីសហរដ្ឋអាមេរិក នៅលើដំបូលផ្ទះរបស់ខ្លួន និងបានបាញ់ថ្នាំកំប៉ុងជាអក្សរ អេសអូអេស (SOS) នៅខាងក្រោមរូបថតទាំងនោះ។
អ្នកភូមិមានបំណងបង្ហាញអក្សរនៅលើដំបូលផ្ទះរបស់ខ្លួនដល់លោកប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងកិច្ចខិតខំប្រឹងប្រែងមិនឲ្យមានការបណ្ដេញខ្លួនចេញពីភូមិថ្មគោលដែលនៅទីនោះប្រជាពលរដ្ឋជាង១៨០គ្រួសារត្រូវបានប្រាប់ឲ្យចេញពីលំនៅដ្ឋានរបស់ខ្លួនដើម្បីបើកផ្លូវដល់ការបង្កើត “ តំបន់ទ្រនាប់” សម្រាប់ការពារសន្ដិសុខនៅជុំវិញអាកាសយានដ្ឋាន មុនកិច្ចប្រជុំកំពូលអាស៊ាន និងអាស៊ីបូពា៌ នាសប្ដាហ៍ក្រោយនេះ។
នគរបាលបានលើកឡើងថា ស្ត្រីប្រាំមួយនាក់និងបុរសពីរនាក់ត្រូវបានចាប់ខ្លួនដោយសារតែបានបង្កអសន្ដិសុខក្នុងរយៈពេលប៉ុន្មានថ្ងៃមុនកិច្ចប្រជុំកំពូលនេះដែលនឹងមានការចូលរួមពីលោក អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក វេន ជាប៉ាវ (Wen Jiabao) នាយករដ្ឋមន្ត្រីចិនលោក ម៉ាននម៉ូហាន ស៊ីង (Manmohan Singh) នាយករដ្ឋមន្ត្រីឥណ្ឌា និងថ្នាក់ដឹកនាំក្នុងតំបន់ជាច្រើនរូបទៀត។
លោក សុទ្ធ សាធ ចៅសង្កាត់ចោមចៅបានលើកឡើងថា “ពួកគេបានបង្កអសន្ដិសុខ…។រឿងនេះមិនធ្ងន់ធ្ងរទេ ប៉ុន្ដែ យើងត្រូវតែរក្សាសុវត្ថិភាពសម្រាប់កិច្ចប្រជុំកំពូល”។
នៅឯភូមិថ្មគោល កាលពីព្រឹកម្សិលមិញមន្ត្រីនគរបាលរាជធានីភ្នំពេញ និងទាហានរាប់រយនាក់ប្រដាប់់ដោយកាំភ្លើងអាកា៤៧ត្រូវបានដាក់ពង្រាយឲ្យការពារសន្ដិសុខនៅតាមផ្លូវចូលទៅក្នុងភូមិនេះ។
ក្រោយពីបានយករូបរបស់លោក បារ៉ាក់អូបាម៉ា ចេញរួចហើយ គេបានឃើញមន្ត្រីនគរបាលរាជធានីភ្នំពេញឡើងលើដំបូលផ្ទះដោយមានថ្នាំកំប៉ុងបាញ់លុបអក្សរអេសអូអេសចោលទៀងផង។ លោក គង់ ផល្លា អាយុ៤៧ឆ្នាំជាប្ដីរបស់អ្នកស្រី ខៀវ សារី ដែលត្រូវបានឃាត់ខ្លួននោះបានប្រាប់ឲ្យដឹងថា “ ប្រពន្ធរបស់ខ្ញុំកំពុងលាងចានឆ្នាំង ស្រាប់តែនៅពេលនោះនគរបាល៤០នាក់មកដល់ផ្ទះរបស់ខ្ញុំ ឡើងយករូបរបស់លោកអូបាម៉ាចេញពីដំបូលផ្ទះរួចយកថ្នាំកំប៉ុងបាញ់លុបអក្សរអេសអូអេសតែម្ដង។បន្ទាប់មកពួកគេបានចុះមកដីនិងចាប់ខ្លួនប្រពន្ធខ្ញុំ។នគរបាលនិយាយថា គាត់បានប្រព្រឹត្តអំពើភេរវកម្ម រួចហើយចាប់គាត់ទៅ។ យើងមិនបានធ្វើអ្វីខុសទេ”។
លោក សុទ្ធ សុវណ្ណរ័ត្ន ជំនួយការរបស់លោក សុទ្ធសាធចៅសង្កាត់ចោមចៅបានលើកឡើងថា អ្នកភូមិត្រូវបានចាប់ខ្លួនដោយសារតែឈ្លោះប្រកែកជាមួយនគរបាល។ លោកបានមានប្រសាសន៍ថា “ យើងបានចុះមកពិនិត្យផ្ទះរបស់ប្រជាពលរដ្ឋ និងបានណែនាំឲ្យពួកគាត់ឲ្យយករូបថតទាំងនោះចេញ។យើងបានចាប់ខ្លួនមនុស្សយាងតិចប្រាំនាក់ ពីព្រោះនៅពេលអាជ្ញាធរមកបាញ់ថ្នាំលុបអក្សរ អេសអូអេស នោះ ពួកគេបានឈ្លោះប្រកែក និងបានរារាំងនគរបាលមិនឲ្យលុបអក្សរនោះ”។
បន្ទាប់ពីត្រូវបានដោះលែងវិញនៅម៉ោងប្រហែល៧និង៣០នាទីយប់ អ្នកភូមិឈ្មោះ ភួង សុភាព អាយុ៣៨ឆ្នាំក្នុងចំណោមអ្នកភូមិទាំងប្រាំបីនាក់ដែលត្រូវបានឃាត់ខ្លួននោះបាននិយាយថា នគរបាលយល់ព្រមដោះលែងពួកគេប្រសិនបើពួកគេចុះកិច្ចសន្យាថានឹងមិនតវ៉ាអំឡុងកិច្ចប្រជុំកំពូលអាស៊ាន និងអាស៊ីបូពា៌ ដែលនឹងប្រព្រឹត្តទៅនៅពេលដំណាលគ្នាចាប់ពីថ្ងៃអាទិត្យដល់ថ្ងៃអង្គារ។
អ្នកស្រី សុភាព បានឲ្យដឹងថា អ្នកភូមិទាំងប្រាំបីនាក់នោះបានយល់ព្រមចុះកិច្ចសន្យានោះ។អ្នកស្រីបានបន្ដថា“ខ្ញុំគិតថា អាជ្ញាធរចាប់ខ្លួនពួកយើងដោយសារតែពួកគេចង់បំបាក់ស្មារតីរបស់យើង និងចង់ឲ្យយើងឈប់តវ៉ាអំពីដីធ្លីរបស់យើង។ ប៉ុន្ដែ ខ្ញុំមិនខ្លាចទេ។ពេលកិច្ចប្រជុំកំពូលនេះចប់រួចរាល់យើងនឹងបន្ដការតវា៉ទៀត”។
លោក វង្ស សេរីវុទ្ធ អធិការរងនគរបាលខណ្ឌពោធិ៍សែនជ័យបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីការចាប់ខ្លួន ឬការដោះលែងអ្នកភូមិទាំងប្រាំបីនាក់នោះទេ។ លោកមឿនតុលាប្រធានមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ដែលជាអង្គការជំនួយផ្លូវច្បាប់នៅកម្ពុជាក៏ស្ថិតក្នុងចំណោមអង្គការក្រៅរដ្ឋាភិបាលនិងប្រព័ន្ធផ្សព្វផ្សាយនានាដែលរង់ចាំនៅខាងក្រៅអធិការដ្ឋាននគរបាលខណ្ឌកាលពីរសៀលម្សិលមិញចាំមើលគេដោះលែងមនុស្សទាំងប្រាំបីនាក់នោះ។ លោកតុលាបានសួរថា“តើការដែលអ្នកភូមិធ្វើបែបនេះបានបង្កឲ្យមានបញ្ហាអសន្ដិសុខអ្វីទៅ?”។
លោកបានបន្ដថា“អ្នកមិនអាចមើលវាឃើញពីលើយន្ដហោះទេ។ គោលបំណងគឺដើម្បីបំភ័យសហគមន៍នេះតែប៉ុណ្ណោះ។វាគួរឲ្យអៀនខ្មាសណាស់សម្រាប់កម្ពុជា… ពីព្រោះនេះគួរតែជាពេលវេលាសម្រាប់ប្រជាពលរដ្ឋបង្ហាញសេរីភាពរបស់ខ្លួន”។
អង្គការសិទ្ធិមនុស្សក្នុងស្រុកអាដហុកក៏បានថ្កោលទោសចំពោះការចាប់ខ្លួនមនុស្សទាំងនេះដែរ។ អង្គការនេះបានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍មួយថា“ការចាប់ខ្លួននិងការឃាត់ខ្លួនសកម្មជនសហគមន៍ទាំងនេះគឺជាឧទាហរណ៍មួយផ្សេងទៀតរបស់អាជ្ញាធរកម្ពុជាដែលមិនគោរពសិទ្ធិមនុស្ស”។អាជ្ញាធរកម្ពុជាមានបំណងបង្ហាញមុខមាត់ល្អរបស់កម្ពុជាឲ្យពិភពលោកបានឃើញ ប៉ុន្ដែ ការមិនអត់ឱនរបស់ខ្លួនចំពោះការប្រឆាំង និងមានបំណងប្រើប្រាស់នគរបាលដើម្បីរារាំងសេរីភាពនៃការបញ្ចេញមតិនោះបែរជាបង្ហាញឲ្យឃើញថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកាន់តែរួញតូចទៅៗ”។
រដ្ឋាភិបាលបានលើកឡើងថាគ្រួសារទាំងនោះបានសង់លំនៅដ្ឋានខុសច្បាប់ហើយពួកគេនឹងត្រូវបណ្ដេញចេញដោយគ្មានសំណងឡើយ។គ្រួសារទាំងនោះបានជំទាស់នឹងការអះអាងនេះដោយនិយាយថា ពួកគេជាម្ចាស់ដី ហើយអាជ្ញាធរមូលដ្ឋានក៏បានទទួលស្គាល់ការសាងសង់លំនៅដ្ឋានរបស់ប្រជាជនដែរ។ពួកគេនឹងមិនចាកចេញដោយគ្មានសំណងសមរម្យនោះទេ៕
(រាយការណ៍បន្ថែមដោយ អូន ភាព ឃីសុវុឌ្ឍី និង Joshua Wilwhol)
ប្រែសម្រួលដោយ ហម សុផាណ្ណា