28 C
Phnom Penh

អង្គការ​សហ​ប្រ​ជា​ជាតិ​​ទទួលគ្រប់គ្រង​បន្តមូលនិធិ​សម្រាប់​​ប្រ​យុទ្ធ​នឹង​ជំ​ងឺ​ គ្រុន​ចាញ់នៅ​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជំនួយ​ឥត​សំណង​ពី​មូលនិ​ធិសាកល​(Global Fund)​សម្រាប់​​​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់​នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​មិន​ផ្តល់​ឲ្យ​​ផ្ទាល់​​ទៅ​មជ្ឈម​ណ្ឌល​ជាតិ​​​គ្រប់​គ្រង​ជំងឺ​គ្រុនចាញ់​​ដែលគ្រប់​គ្រង​ដោយ​រដ្ឋា​ភិបាល​ទៀត​ទេ​ ដោយ​សារ​​មជ្ឈ​មណ្ឌល​នេះ​ទទួល​រង​នូវ​ការចោទ​ប្រកាន់​​អំពី​ការ​គ្រប់​គ្រងហិរញ្ញវត្ថុ​​មិន​បាន​ល្អ​។

យោង​តាម​មន្រ្តី​​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់​​បាន​ឲ្យ​ដឹង​ថា មូលនិធិ​សា​កល​​​សម្រាប់​គាំ​ទ្រ​​កម្មវិធី​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់ នឹង​ត្រូវ​គ្រប់​គ្រង​ដោយ​អង្គការ​កម្ម​វិធីអភិវឌ្ឍន៍​​របស់​អង្គការ​សហប្រជាជាតិ​ នៅ​រាជ​ធានី​ភ្នំពេញ​។

យោង​តាម​លោកតុលប៊ុនគាប្រធាន​អ្នក​ឯកទេស​ជំងឺ​ឆ្លង​ របស់​មជ្ឈមណ្ឌលជាតិ​ប្រ​យុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់​​ មាន​ប្រសាសន៍​ថាចាប់​ពី​ខែ​ធ្នូ​តទៅ​ មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់​នឹង​ដាក់​ពាក្យ​ស្នើ​សុំយល់​ព្រម​​​​សម្រាប់​មូល​និធិ​​​សាកលពី​អង្គការ​អភិវឌ្ឍន៍​កម្មវិធី​របស់​អង្គការ​សហប្រជាជាតិ​ ដែល​​មាន​សិទ្ធិ​សម្រេច​​​​។

លោកប៊ុនគា មាន​ប្រសាសន៍​បន្ដ​ថា“ [មូល​​និធិ​​សាកល​] មិន​បាន​កាត់​ផ្ដាច់​ជំនួយ​ទេ ប៉ុន្ដែយើង​ត្រូវ​តែ​ស្នើ​សុំ​ ថវិការ​ពីអង្គការ​អភិវឌ្ឍន៍​កម្មវិធី​របស់​អង្គការ​សហប្រជាជាតិ”។

លោកភីធើ​ វ៉ាន់ម៉ារ៉េន (Pieter van Maaren) អនុប្រ​ធាន​​​​​គណៈកម្មាធិកាសម្រប​សម្រួល​​ប្រ​ចាំ​ប្រ​ទេស​​​ ដែល​ទទួល​ខុស​ត្រូវ​ផ្នែក​ជំនួយ​​ឥត​សំណង​របស់​មូល​និធិ​​សាកល​ក្នុង​​ប្រទេស​កម្ពុជា​​ បាន​បញ្ជាក់​ថា​​មូល​និធិ​សាសកល​បាន​ស្នើ​​​ឲ្យ​គណៈកម្មាធិការ​សម្រប​សម្រួលក្នុង​ប្រទេស​​ស្វែង​​រក​ដៃ​គូ​​ថ្មី​សម្រាប់​ទទួល​ខុ​ស​ត្រូវ​ថវិកា​ជំនួយ​ចំនួន​៤៦​,៩​លាន​ដុល្លារ​ សម្រាប់​កម្មវិធី​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ជំនួយ​ឥត​សំណង ​ដែល​មាន​គម្រោង​សម្រាប់​ឆ្នាំ​ក្រោយ​នេះ ធ្លាប់បាន​ផ្ដល់​ដោយ​ផ្ទាល់​ទៅ​មជ្ឈមណ្ឌល​ជាតិ​ប្រ​យុទ្ធ​នឹង​​​ជំងឺ​គ្រុន​ចាញ់​របស់​រដ្ឋាភិបាល​។

លោកម៉ារ៉េនដែល​ជា​នាយក​អង្គការ​សុខភាព​ពិភព​លោក​​ប្រ​ចាំ​ប្រទេស​កម្ពុជា​ផង​ដែរ មាន​ប្រសាសន៍​ថា មិន​អាច​បញ្ជាក់​បាន​ទេ​ថា តើ​អង្គការ​អភិវឌ្ឍន៍​កម្មវិធី​របស់​អង្គការ​សហប្រជាជាតិ ​អាច​ជា​អ្នក​​​ទទួល​ជំនួយ​​នេះ​ ឬយ៉ាង​ណា​នោះ​ទេ។

លោកហ្វីលីប​ សែន​ (Philip Sen) អ្នក​នាំាពាក្យ​​ការិយាល័យ​អ្នក​សម្រប​សម្រួល​របស់​អង្គការ​សហប្រជាជាតិ​​​បាន​បដិសេធ​​មិន​ធ្វើ​អត្ថាធិប្បាយ​​​អំពី​​គម្រោង​​ចំណាយ​ប្រាក់​​របស់​មូលនិធិ​សាកល​​ភ្លាមៗ​ទេ ហើយ​លោក​មាន​ប្រសាសន៍​ថា មូល​និធិ​​នេះ​អាច​បែង​ចែក​ “ ជា​ច្រើន​គោល​ដៅ​” ​តាម​ការ​សម្រេច​របស់​​អ្នក​ទទួល​ជំនួយ​ថ្មី​​​សម្រាប់​​កម្មវិធី​ប្រ​យុទ្ធ​នឹងជំងឺ​គ្រុន​ចាញ់​​ក្នុង​ប្រទេស​កម្ពុជា​។

ចាប់​តាំង​ពី​ឆ្នាំ​២០០៣មកមូល​និធិ​សាកល​​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍​ ជំងឺ​របេង និង​ជំងឺ​គ្រុន​ចាញ់​ បាន​អនុម័ត​យល់​ព្រម​ផ្ដល់​ជំនួយ​ឥត​សំណង​ចំនួន​១១៦,៨​លាន​ដុល្លារ​ សម្រាប់​​កម្មវិធី​​ប្រ​យុទ្ធ​​នឹង​ជំងឺ​គ្រុន​ចាញ់​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ជំនួយ​នោះ​ត្រូវ​បាន​​​បាន​បែង​ចែក​​ចំនួន​៨៨​លាន​ដុល្លាររួច​ហើយ​។

នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​ចេញ​កាល​ពី​ថ្ងៃ​ពុធ អង្គការ​មូលនិធិ​សាកល​បាន​លើក​ឡើង​ថា ការ​ស៊ើប​អង្កេត​ផ្ទៃ​ក្នុង​បាន​រក​ឃើញ​ថា​ មាន​ការ​ប្រើ​ប្រាស់​មូល​និធិ​មិន​ត្រឹម​ត្រូវ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ថា​ ការ​កែ​តម្រូវ​​ក្នុង​ការ​គ្រប់​គ្រង​មូល​និធិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ គឺ​ជា​ការ​ចាំ​បាច់​។

លោកសេតហ្វៃសុន (Seth Faison) អ្នក​នាំ​ពាក្យ​អង្គការ​មូល​និធិ​សាកលបាន​សរសេរ​ក្នុងអុីម៉េលថា“ការ​ស៊ើប​អង្កេត​មួយ​​​ធ្វើ​ឡើង​ដោយ​​​ការិយាល័យ​អគ្គ​ត្រួត​ពិនិត្យ​នៃ​អង្គការ​មូល​និធិ​សាកល អំពីជំនួយ​ឥត​សំណង​​ក្នុងប្រ​ទេស​កម្ពុជា​បាន​រក​ឃើញ​ភ័ស្ដុតាង​គួរឲ្យ​ជឿ​ទុក​ចិត្ត​បាន​​ដែលអាចបញ្ជាក់ថាមាន​ការ​ប្រើ​ប្រាស់​ហិរញ្ញ​វត្ថុ​ខុសមែនទែន​​”​។

យោង​តាម​លោក ហ្វៃសុន​ ឲ្យ​ដឹង​ទៀត​ថា​ “ មូល​និធិ​សាកល និង​ប្រទេស​ម្ចាស់​ជំនួយ​ក៏​បាន​គិត​អំពីសារៈសំខាន់​នៃ​​ការ​ផ្លាស់​ប្ដូរ​ និង​​អ្នក​​​រៀបចំ​​​ប្រតិ​បត្តិ​ជាថ្មី​ឡើង​វិញផង​ដែរ​”។ នៅ​ក្នុង​របាយការណ៍​មួយស្តី​ពី​​ការ​ស៊ើប​អង្កេត​រយៈ​ពេល​១៨​ខែ​ របស់​អង្គការ​មូល​និធិ​សាកល ចំពោះ​​ដៃ​គូរបស់​ខ្លួននោះ​​​នឹង​ចេញ​ផ្សាយ​នៅ​សប្ដាហ៍​ខាង​មុខ​នេះ​។

មន្ដ្រី​គណៈ​កម្មាធិការ​សម្រប​សម្រួល​ក្នុង​ប្រទេស​ និង​អង្គការ​មូល​និធិ​សាកល​បាន​បដិ​សេធមិន​បញ្ជាក់​ថា តើ​របាយការណ៍​ដែល​នឹង​ចេញ​នៅ​ពេល​ខាង​មុខ​នោះ​ មានពាក់​ព័ន្ធ​នឹង​ការ​សម្រេច​នៃ​ការផ្តល់​​​មូល​និធិ​តាមរយៈ​​​អង្គការ​កម្មវិធីអភិវឌ្ឍន៍​​របស់​អង្គការ​សហ​ប្រជាជាតិឬយ៉ាង​ណា​នោះ​ទេ​ ទោះ​ជាយ៉ាង​ណារបាយការណ៍​ចេញពី​លើក​មុន​របស់​អង្គការ​មូល​និធិសាកល​ បាន​ចោទ​ប្រកាន់​ពី​ការ​ប្រើ​ប្រាស់​មូល​និធិ​មិន​ត្រឹម​ត្រូវ​របស់​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់ផង​ដែរ​។

នៅ​ក្នុង​របាយការណ៍​​បន្ទាប់​មួយ​​ទៀត​​​ស្តីពីការ​ធ្វើ​សាវនកម្ម​​លើក​ចុង​ក្រោយ​របស់​អង្គការ​មូល​និធិសាកល​កាល​ពី​​ខែ​តុលា​ឆ្នាំ​២០១០អគ្គ​សាវនករ​បាន​គូស​បញ្ជាក់​​អំពី​​ការ​ប្រើ​ប្រាស់​មូលនិធិមិន​ត្រឹម​ត្រូវ​បែបជា​ប្រ​ព័​ន្ធនៅ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់​ ដោយ​មាន​ការ​កេង​បន្លំក្នុង​ការ​ចំណាយប្រាក់​ និង​ការ​ចំណាយ​​មិន​ត្រឹម​ត្រូវរបស់​មន្ត្រី​ជាន់​ខ្ពស់។ កាល​ពី​ខែ​មិថុនាឆ្នាំ​មុន​ អង្គការ​មូល​និធិ​សាកល បាន​ដកមូល​និធិ​ចំនួន​២០​លាន​ដុល្លារ​ ដោយ​សារ​រដ្ឋាភិបាល​ បានប្រើ​ប្រាស់​មូល​និធិ​​មិន​បាន​ត្រឹម​ត្រូវ​កាល​ពី​ពេល​កន្លង​មក។

ការ​វាយ​តម្លៃ​​ជា​ចុង​ក្រោយ​​របស់​អគ្គ​សាវនករ​បាន​ផ្តល់​ពិន្ទុ​​​ B2 ឲ្យ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់​​គឺមានន័យថា​ “ ​​មិន​សមរម្យ​​ ប៉ុន្ដែ អាច​ដំណើរ​ការ​បាន​​” ហើយ​ចំណុច​C សម្រាប់​ “ មិន​អាច​ទទួល​យក​បាន​”។

លោកវ៉ាន់ម៉ារ៉េនបាន​មាន​ប្រសាសន៍​ថាការ​ផ្លាស់​ប្ដូរ​​វីធី​​​គ្រប់​គ្រង​​មូល​និធិ​​របស់​មូល​និធិ​សាកលមិនមាន​ប៉ះពាល់ដល់​ផ្នែ​ក​សេវា​កម្ម​ របស់មជ្ឈ​មណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់​ ដែលកំពុងផ្តល់សេវាព្យាបាលដល់​អ្នក​ជំងឺ​​​និង​​នៅ​ក្នុង​គម្រោង​របស់​ខ្លួន​នោះ​ទេ​​។លោក​បាន​មាន​ប្រសាសន៍​បន្ដ​ថា “ មូល​និធិ​សាកល​នៅ​តែ​ផ្ដល់​ជា​មូលនិធិ​​តាម​រយៈ​ការ​ផ្ដល់​សេវា​កម្ម​ចាំបាច់​”៕

ប្រែសម្រួល​ដោយឃិនណៃ

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស