27 C
Phnom Penh

បារ៉ាក់ អូបាម៉ា ​​នឹង​លើក​​អំពីបញ្ហា​សិទ្ធិ​មនុស្ស​ ជាមួយ​ ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហរដ្ឋ​អាមេរិក​នឹង​លើក​ឡើង​អំពី​​បញ្ហា​ការរំលោភ​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា ​​និង​​ជំរុញ​ឲ្យលោក​​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​​ រៀប​ចំ​ការ​បោះ​ឆ្នោត​ប្រកបដោយ​សេ​រី​ និង​យុត្តិធម៌​​ និង​បញ្ចប់​វប្បធម៌​នៃ​ការ​ចាប់​ដី​ខុស​ច្បាប់​​ ក្នុង​អំឡុង​ការ​ធ្វើ​ទស្សន​កិច្ច​​របស់​​​ប្រធា​នា​​ធិបតី​អាមេរិក​លោក​ បារ៉ាក់​ អូបាម៉ា (Barack Obama) ​នៅ​សប្តាហ៍​ក្រោយនេះ​។

លោកស្រី​ សាមន្ថា​​ ផៅវើ​ (Samantha Power) នាយក​ជាន់​ខ្ពស់​ផ្នែក​កិច្ច​ការ​បរទេស​ និង​​សិទ្ធិ​មនុស្ស​ ប្រចាំក្រុម​ប្រឹក្សា​សន្តិ​សុខ​ជាតិ​ ​អាមេរិក បាន​ថ្លែងថា អាមេរិក​មាន​ក្តី​កង្វល់​ ដោយ​សារលោក ហ៊ុន សែន មើល​ទៅ​​ដូច​ជាកំពុង​ធ្វើ​ដំណើរ​ក្នុង “ ​ទិស​ដៅ​មួយ​ដ៏​គួរឲ្យ​ព្រួយ​បារម្ភ” ពាក់ព័ន្ធនឹង​បញ្ហា​សិទ្ធិ​មនុស្ស​ និងការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​ក្រោយ។

លោកស្រី ផៅវើ មាន​ប្រសាសន៍​ទៅ​កាន់​​អ្នក​ព័ត៌​មាននៅ​ក្នុង​សន្និសីទ​កាសែត​មួយ​​ ក្នុង​សេតវិមាន កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា“ និយាយ​ដោយខ្លី នៅ​កម្ពុជា​ អស់​លោក​ខ្លះ​ប្រហែល​ជា​​បាន​សង្កេត​រួច​មក​ហើយ​ថា លោក ហ៊ុនសែនតាម​ពិត​ទំនង​កំពុងរំលោភ​បំពាន​លើ​សិទ្ធិ​របស់​សង្គម​ស៊ីវិល និង​ធ្លាប់​មាន​ឧបទ្ទវហេតុ​កើត​ឡើងលើមនុស្សមួយ​ចំនួន​ទៀត​ ដោយ​​មាន​ការ​​អំពាវ​នាវ​ឲ្យ​លោក​ប្រធានា​ធិបតី អូបាម៉ាចាត់​​វិធានការ​ឲ្យ​​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​​យុត្តិធម៌ ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​ក្រោយ។បច្ចុប្បន្ន​នេះមិន​មានសញ្ញា​ណា​មួយ​អាច​បញ្ជាក់​ថា ការ​បោះ​ឆ្នោត​នោះ​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិ​ធម៌​ឡើយ”។

លោកស្រីបានថ្លែងថា “ ខ្ញុំ​អាច​និយាយ​​បាន​ថា ការចូលរួម​របស់​យើង​ជាមួយ​ប្រជា​ពល​រដ្ឋ​កម្ពុជា តាមរយៈ​គោលការណ៍ទ្វេ​ភាគី គឺ​ជា​សារ​​មួយ​យ៉ាង​សំខាន់​…​គឺ​សារៈ​សំខាន់​នៃ​ការ​បោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​ និង​ការ​បញ្ចប់​ការ​ចាប់​យក​ដី​ដោយ​ខុស​ច្បាប់​ ការ​ការ​ពារនិង​​លើក​កម្ពស់សិទ្ធិ​មនុស្ស”។

លោក​ស្រីមាន​ប្រសាសន៍​បន្ត​ថា “ ​នោះ​ជា​ចំណុច​សំខាន់​ក្នុងការទំនាក់ទំនង​ជាមួយ​លោក​ ​ហ៊ុន សែន។ លោកគឺ​ជាប្រធានរៀប​ចំ​កិច្ច​ប្រជំុ​​អាស៊ាន​​ ប្រទេស​កម្ពុជា គឺ​ជា​ម្ចាស់​ផ្ទះនៃ​កិច្ច​ប្រជ​ំុ​កំពូល​អាស៊ាន ដ៏​មាន​សារៈ​សំខាន់​នេះនិង​​​ការ​ជួប​ជុំ​មន្ត្រី​ការ​ទូត​នានា​ផង​ដែរប៉ុន្តែ​ សារ​របស់​យើង​ជូន​ចំពោះ​លោកតាម​រយៈ​ទំនាក់​ទំនង​ទ្វេ​ភាគី គឺ​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់ដើម្បី​ដោះស្រាយ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ ដែល​កំពុង​តែ​កើតឡើងក្នុង​ប្រទេស​កម្ពុជា​ ហើយ​ជំរុញ​ឲ្យ​លោកចាប់​ផ្តើម​គិតអំពី​ក្តី​កង្វល់​​ទាំង​នេះ ជា​ជាង​បន្ត​ដំណើរទៅ​មុខ​ក្នុងទិស​ដៅ​ដ៏​គួរ​ឲ្យ​បារម្ភ​នេះ”។

លោក​ស្រីផៅវើនឹងត្រូវ​ចូល​រួម​ក្នុង​ការ​ប្រជំុ​តុ​មូល​ពីរដង ​នៅ​រាជ​ធានី​ភ្នំ​ពេញនាថ្ងៃ​អង្គារ​ “ ​បញ្ហា​ទី​១ និយាយ​ជាមួយ​សកម្ម​ជន​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស​ និង​ជនរង​គ្រោះពី​ព្រោះ​បញ្ហា​ជួញ​ដូរ​មនុស្ស គឺ​ជា​បញ្ហា​​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​យើង​ព្យាយាមជំរុញ​ឲ្យ​​មាន​ការ​ខិតខំ​ប្រឹង​ប្រែង​ពីសំណាក់រដ្ឋា​ភិបាល​​កម្ពុជា​ ក្នុង​​ការ​ផ្តន្ទាទោសជនល្មើសនិង​គាំទ្រ​ចំពោះ​ការងារជួយជន​រង​គ្រោះ​”។​

លោក​ស្រីផៅវើថ្លែង​បន្ត​ថា “ បន្ទាប់​មកកិច្ច​ប្រជំុ​តុមូល​ទី​២ នឹង​ពិភាក្សា​អំពី​បញ្ហាសិទ្ធិ​មនុស្ស​ បញ្ហា​នយោ​បាយ​ សិទ្ធិ​នារីនិង​ផ្តោត​ការ​​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​បោះ​ឆ្នោត​ និង​ស្ថាន​ភាពរបស់សង្គម​ស៊ីវិល អង្គការ​ក្រៅ​រដ្ឋា​ភិ​បាល​ និង​បញ្ហាផ្នែកនយោ​បាយ​នៅ​​ប្រទេស​កម្ពុជា។ដូច្នេះ វា​ជា​ឱកាស​មួយ​ សម្រាប់​ប្រ​ធានា​ធិបតីលោក អូបាម៉ាបាន​ដឹងនូវ​អ្វី​ដែល​ប្រជា​ពល​រដ្ឋ​​កម្ពុជាចង់​បាន និងដឹងពីការ​លើក​ឡើង​ពី​ក្តី​កង្វល់​​របស់​ពួក​គេ ដូច្នោះ​យើង​អាច​រាប់​បញ្ចូល​​ក្តី​កង្វល់​ទាំង​នោះ​ថា​ ជាការងារ​ដ៏មានសារៈ​សំខាន់ ដែលត្រូវ​ដោះស្រាយ​តាមរយៈ​ទំនាក់​ទំនង​ទ្វេភាគី​​”។

សេចក្តី​ថ្លែង​ការណ៍​របស់​លោក​ស្រីផៅវើអាចជាការ​រិះ​គន់​ជា​សាធារណ​ៈ​ និងដោយ​កម្រ​មកលើ​លោក​ ហ៊ុន សែន ដែលរដ្ឋា​ភិបាល​​​ក្រុង​​វ៉ាស៊ីនតោន កំពុង​យកចិត្តទុកដាក់​តាម​រយៈ​សេចក្តី​ប្រកាស​របស់​ខ្លួន​ ក្នុងការគាំទ្រ​តំបន់​អាស៊ី ប៉ាស៊ីហ្វិក ថាជាចំណុលស្នូលក្នុង​ការងារទប់ទល់នឹង​ឥទ្ធិ​ពល​របស់​ចិន ដែល​កំពុង​តែ​កើន​ឡើង​នៅក្នុង​តំបន់​នេះ។​ ពាក្យ​រិះ​គន់​ខ្លាំងៗពី​សំណាក់រដ្ឋា​ភិបាល​​ក្រុង​វ៉ាស៊ីន​តោនកើត​ឡើង​បន្ទាប់​ពី​សភា​សហ​ភាព​អឺរ៉ុប​ កាល​ពី​ពេល​ថ្មីៗ​នេះ ​អនុម័ត​ចំពោះ​ដំណោះ​​ស្រាយ​ថ្មី​មួយ​ ចំណែកឯ​ព្រឹទ្ធសភា​ប្រទេស​អូស្ត្រា​លី បាន​លើក​ឡើង​អំពី​សិទ្ធិ​មនុស្ស​ ដែល​​កាន់​តែ​អាក្រក់​ទៅ​​ក្នុង​ប្រទេស​កម្ពុជាដែរហើ​យ​ទាមទារឲ្យ​មាន​ការ​បោះ​ឆ្នោត​ ដែល​អាច​ទទួល​យក​បាន​នៅ​ក្នុង​ឆ្នាំ​២០១៣។

នៅក្នុង​របាយ​ការណ៍​ថ្មីៗ​បំផុត របស់​​លោក ​សុរិយា ស៊ូបេឌី ប្រេសិត​ពិសេស​អង្គការ​សហ​​ប្រជា​ជាតិទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​​កម្ពុជា ​រិះ​គន់​ពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

អង្គការ​លើក​លែង​ទោស​អន្តរ​ជាតិ ក៏​បាន​​អំ​ពាវ​នាវ​ កាល​ពី​ថ្ងៃ​សុក្រ​ផង​ដែរ​ឲ្យ​ប្រមុខ​រដ្ឋ​នៃ​ប្រទេស​​នានាដែលមកបំពេញ​ទស្សន​កិច្ច​ក្នុងប្រទេស​កម្ពុជា​ ឲ្យដាក់​សម្ពាធ​លើ​រដ្ឋា​ភិ​បាលកម្ពុជា​ តាម​រយៈ​អ្វី​ដែលគេ​ហៅ​ថា​ “ ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​​ កំពុងតែ​អាក្រក់​ឡើងៗ​”។

អង្គការ​លើក​លែង​ទោស​អន្តរ​ជាតិ​ បាន​លើក​ឡើង​ថា “ ​វិបត្តិ​នៃ​ការ​រំលោភ​យក​ដី​ធ្លី​នៅ​តែ​បន្តកើតមាន ​ការ​បណ្តេញ​ចេញ​ដោយ​​បង្ខំ​ ជម្លោះដី​ធ្លី​ និង​ការ​ចាប់​យក​ដី​ដោយខុស​ច្បាប់​ បាន​ប៉ះ​ពាល់ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា​រាប់​មឺុន​​នាក់ ហើយ​បណ្តាលឲ្យមាន​ការ​តវ៉ា​កើន​ឡើង​យ៉ាង​ច្រើន​”។

អង្គការ​លើក​លែង​ទោស​អន្តរជាតិ​បាន​បន្ថែម​ថា​ សិទ្ធិ​សេរី​ភាព​ក្នុង​ការ​​បញ្ចេញ​មតិ​កំពុង​ត្រូវ​គេរឹតត្បិតជា​ពិសេស​នៅ​ក្នុង​តំបន់​​មាន​វិវាទ​ដី​ធ្លី​​ ដែល​មាន​ការ​តវ៉ា​​ និង​ការ​សម្លាប់​មនុស្ស​មាន​ការកើន​ឡើង​។

សិក្ខា​សាលាសង្គម​ស៊ីវិល​អាស៊ាន​ និង​វេទិកា​ប្រជាជន​អាស៊ាន ក៏​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​ កាល​ពី​ថ្ងៃ​សុក្រ អំពាវ​នាវ​ឲ្យ​​​រដ្ឋ​​ជា​សមាជិក​​ក្នុង​ប្លុក​​ទាំង​អស់ “​​ជំរុញ​​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិ​ធម៌​”។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទី​ស្ដីការ​គណៈរដ្ឋ​មន្ត្រី​មាន​ប្រសាសន៍​ថា​​​ សិទ្ធិ​មនុស្ស​​គឺ​ជា​ “ ​​បញ្ហា​ប្រពៃ​ណី​” ដែល​បាន​កើត​ឡើង​ជា​រៀង​រាល់​ថ្ងៃ​ ពី​ព្រោះ “អ្នក​គ្រប់​គ្នា​ព្រួយ​បារម្ភ​អំពី​សិទ្ធិ​មនុស្ស​”។ លោកស៊ីផានមាន​ប្រសាសន៍​បន្ដ​ថា“​វា​ជាការ​ល្អ​ដែលគេ​នឹង​ពិភាក្សាអំពីបញ្ហានេះហើយ​ជា​ឱកាស​មួយ​​សម្រាប់​លោក អូបាម៉ា​​ ដើម្បី​ទទួល​បាន​ព័ត៌មាន​ល្អ។

ព័ត៌មាន​អាច​ទទួល​បាន​ខុសគ្នា​។វា​ជា​ការ​ល្អ​​ ដែល​ពួក​គេ​ជួប​មុខ​គ្នា​ដោយ​ផ្ទាល់​ ដូច្នោះ​ពួក​គេ​អាច​យល់​ចិត្តគ្នា​ទៅ​វិញ​ទៅ​មក​។នាយក​រដ្ឋ​មន្ត្រី​របស់​ខ្ញុំ​ និង​ផ្លាស់​ប្ដូរ​យោបល់​ជាមួយ​គាត់​។ គាត់​គឺ​ជា​មនុស្សចិត្ត​ទូលាយ​”។ លោកទេពនីថាអគ្គលេខាធិការ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​​បាន​​ច្រាន​​ចោល​នូវ​សេចក្ដី​ថ្លែង​ការណ៍​របស់​លោកស្រីផៅវើ ដែល​ធ្វើ​ឡើង​ដោយយោង​ទៅ​តាម​ព័ត៌មាន​តែ​មួយ​ផ្នែក​​តែ​ប៉ុណ្ណោះ​។

លោក​ថ្លែង​បន្ដ​ថា”​ខ្ញុំគិត​ថាវា​​គ្រាន់​តែ​ជា​ចំណុច​មួយ​នៃ​ទស្ស​ន​របស់​លោក​ស្រី​តែ​ប៉ុណ្ណោះ​។លោក​ស្រី​នឹង​ផ្ដល់​ការ​វិនិច្ឆ័យ​ផ្សេង​​ពី​នេះ​​​ បើសិន​ជា​លោក​ស្រី​បាន​ទទួល​ព័ត៌មាន​ត្រឹម​ត្រូវ​។ប៉ុន្ដែជា​អកុសល​ការ​ព្យាករណ៍​អំពី​បរិយាកាស​នៃ​ការ​បោះ​ឆ្នោត​សម្រាប់​ឆ្នាំ​ក្រោយ​របស់​លោក​ស្រីនោះ​​ គឺ​ធ្វើ​ឡើង​យោង​ទៅ​តាម​ព័ត៌មាន​តែ​មួយ​ផ្នែក​​ប៉ុណ្ណោះដូច្នោះ​លោក​ស្រី​មិន​បាន​មើល​ឃើញ​ពី​ព្រឹត្តិការណ៍​ពិត​នៅកម្ពុជា​ទេ​”។

សេចក្ដីប្រកាស​​របស់​សេតវិមាន​បាន​ទទួល​ការ​​សាទរ​ដោយ​​​លោកឡៅម៉ុងហៃអ្នកវិភាគ​នយោបាយ​ឯករាជ្យ​ និង​លោកគល់បញ្ញាអ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ ដែល​អ្នក​ទាំង​ពីរ​បាន​លើក​ឡើង​ថាការ​ជជែក​ដោយ​ផ្ទាល់​អំពីស្ថាន​ភាព​​​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដូច្នោះ​​ ថា​​ហួស​ពេលជា​យូរ​មក​​ហើយ​។

លោកឡៅម៉ុងហៃមាន​ប្រសសាន៍​ថាសហរដ្ឋ​អាមេរិក​ ទំនង​ជា​ឆ្លើយ​តប​ដោយ​ផ្ទាល់​ ទៅនឹងសម្ពាធពី​សំណាក់​​​អង្គការ​​សិទ្ធិ​មនុស្ស​​នានា​​ និង​អ្នក​នយោបាយ​មួយ​ចំនួន​ដែល​ជំរុញ​ឲ្យ​រដ្ឋាភិបាលក្រុង​វ៉ាស៊ីនតោនចាត់​វិធាន​ការ​ក្ដៅ​​មួយ​ស្ដី​អំពី​បញ្ហាសិទ្ធិមនុស្ស​នៅក្នុង​តំបន់​។

លោកម៉ុងហៃមាន​ប្រសាសន៍​បន្ដ​ថា”​ប្រហែល​ប្រទេស​កម្ពុជា​មិន​មាន​ឱកាស​ច្រើន​ទេ​ចំពោះ​​បញ្ហានេះ​​បើ​សិន​​ជា​សហរដ្ឋ​អាមេរិក​​មាន​ជំហរឹង​មាំ​នោះ​។ពួក​គេ​ត្រូវ​តែ​សម្រប​សម្រួល​តាម​ការ​អន្ដរាគមន៍​របស់​លោកអូបាម៉ា”។

លោកម៉ុងហៃ​មាន​ប្រសាស​បន្តទៀត​ថា​”​វា​អាស្រ័យ​លើ​របៀប​នៃ​ការ​ជជែកគ្នា ​រវា​ង​លោក​ប្រធានាធិបតី​ ជាមួយ​នឹង​លោក​នាយក​រដ្ឋ​មន្ត្រី​របស់​យើង​។ខ្ញុំមិន​គិត​ថា [លោកហ៊ុន​ សែន]​នឹង​ទទួលយកឬ​អាច​​បដិសេធ​​ទាំង​ស្រុង​​ចំ​ពោះ​ការ​អន្តរាគមន៍​​របស់​លោកអូបាម៉ាបាន​ទេ​។លោក​មិ​ន​អាច​​និយាយ​ថា​​កិច្ច​អន្ដរាគមន៍​នោះ​​ជា​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​កម្ពុជាទេ​ ពីព្រោះ​យើង​មាន​កាតព្វកិច្ច​គោរព​តាមកិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​ឆាំ១៩៩១។

លោក​ បញ្ញាដែល​គណៈកម្មាធិការ​សម្រាប់​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​របស់​លោក​ បាន​ចង្អុល​បង្ហាញ​នូវ​ចំណុច​ខ្វះ​ខាត​ជាយូរ​មក​ហើយ​ អំពី​របៀប​នៃ​​បោះ​ឆ្នោត​ដែល​បាន​ប្រព្រឹត្ត​ឡើង​នៅ​​ក្នុង​ប្រទេស​កម្ពុជា​នោះបាន​​មាន​ប្រ​សាសន៍​ថា​លោក​​បាន​ស្វាគមន៍​នូវ​ការ​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​របស់រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីន​តោនចំពោះ​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៣ខាង​មុខ​នេះ។ លោក​ថ្លែង​បន្ដ​ថា “​ខ្ញុំ​ពេញ​ចិត្ត​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​ និង​ការ​យល់ដឹង​អំ​ពី​ស្ថានភាព​​ប្រទេស​កម្ពុជា​បែប​នេះ ​ជា​ពិសេស​នៅ​មុន​ពេល​ការ​បោះ​ឆ្នោត​ ដូចដែល​បច្ចុប្បន្ន​​នេះ​​យើង​កំពុង​តែ​មាន​ការ​បារម្ភ​យ៉ាង​ខ្លាំង​នោះ”៕

(រាយការណ៍​បន្ថែម​ដោយគុចណារ៉េន)

                 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស