31 C
Phnom Penh

ក្រសួង​ការ​បរទេស​ចោទ​ប្រកាន់​មន្ត្រី​អាមេរិក​ថា​ ​គាំ​ទ្រ​បក្ស​ប្រឆាំង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិលមិញ​ រដ្ឋា​ភិបាល​បាន​ចោទ​ប្រកាន់​មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​ប្រចាំ​​ក្រុម​ប្រឹក្សា​​សន្ដិសុខ​ជាតិ​សហរដ្ឋ​អាមេរិក​ ដែល​បាន​ដើរ​តួ​ជា​អ្នក​នាំ​ពាក្យ​សម្រាប់​គណបក្ស​ប្រឆាំង​របស់​​កម្ពុជា​ ដោយសារកាល​ពី​សប្ដាហ៍​មុន​ ​លោក​ស្រី​បាន​លើក​ឡើង​អំពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​ និង​លើក​ឡើង​ពី​ភាព​មិន​ត្រឹម​ត្រូវ​នៅ​ក្នុង​ការ​បោះ​ឆ្នោ​តជាតិ​ឆ្នាំ​ក្រោយ​។

ថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​នៅ​សេត​វិមាន ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ លោក​ស្រីសាមន្ថាផៅវើ (Samantha Power) នាយក​ជាន់​ខ្ពស់​ផ្នែក​កិច្ច​ការ​បរទេស​ និង​សិទ្ធិ​មនុស្ស​ប្រចាំ​ក្រុម​ប្រឹក្សា​សន្ដិសុខ​ជាតិ​សហរដ្ឋ​អាមេរិក​ បាន​មាន​ប្រសាសន៍​ថាសហរដ្ឋ​អាមរិក​ព្រួយ​បារម្ភ​ថា ការ​បោះ​ឆ្នោត​ជាតិ​របស់​ប្រទេស​កម្ពុជា​នៅក្នុង​ឆ្នាំ​២០១៣ នឹង​មិន​សេរី​ និង​យុត្តិធម៌​ឡើយ​។លោក​ស្រីសាមន្ថាផៅវើក៏​បាន​លើក​ឡើង​ដែរ​ថា សារ​របស់​​អាមេរិក​ ចំពោះ​ប្រទេស​កម្ពុជា​អំឡុង​ការ​ចូល​រួម​របស់​លោក​ប្រធានា​ធិបតី​ បារ៉ាក់ អូបាម៉ា (Barack Obama) នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ និង​អាស៊ី​បូពា៌​ ដែល​ធ្វើ​ឡើង​ក្នុង​សប្ដាហ៍​នេះ គឺ​ចង់​ឲ្យ​បញ្ឈប់​ការ​រឹប​អូស​ដី​ធ្លី​ ហើយបែរមក​​ការ​ពារ​ និ​ងលើក​កម្ពស់សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ​។

ប៉ុន្ដែ នៅ​ក្នុង​សេចក្ដី​ថ្លែង​ការ​ណ៍​កាល​ពី​ម្សិលមិញក្រសួង​ការបរទេស​កម្ពុជា​បាន​លើក​​ឡើង​ថាលោក​ស្រីសាមន្ថាផៅវើនិង​កាសែត​​មួយ​ដែល​បាន​ចេញ​ផ្សាយ​​ពី​ការ​លើក​ឡើង​របស់​លោក​ស្រី​ កាល​ពី​ចុង​សប្ដាហ៍​កន្លង​​​ទៅ​​​បាន​ធ្វើ​ឲ្យ​សាធារណ​ជន​មាន​ការយល់​ច្រឡំ​។

ក្រសួង​ការបរទេស​កម្ពុជា​បាន​លើក​ឡើង​ ​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការ​ណ៍​មួយ​​ដែល​​មិន​​មាន​​ចុះ​ហត្ថលេខា​​ថា“ ​អ្វី​ដែល​បាន​លើក​ឡើង​នៅ​ក្នុង​កាសែតនោះ​​ នឹង​ធ្វើ​ឲ្យ​កាសែត​ ខេមបូឌា​ដេលី និង​លោក​ស្រី​ សាមន្ថាផៅវើក្លាយ​ជា​អ្នក​​នាំ​ពាក្យ​របស់​គណបក្ស​ប្រឆាំង​ ដែល​ចង់​ឈ្នះ​ឆ្នោត​យ៉ាង​ខ្លាំង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​ក្រោយ​ ក្នុង​ប្រទេស​កម្ពុជា​ ដោយ​សុខ​ចិត្ត​ធ្វើ​អ្វី​ៗ​ទាំង​អស់​​រួម​ទាំងការ​​សុំ​​​ជំនួយ​ពី​បរទេស​ជាដើម​។

សេចក្ដី​ថ្លែង​ការណ៍​នេះ​បន្ថែម​ថា“ អ្នក​គ្រប់​រូប​គួរ​តែ​ចង​ចាំ​ថា សម្ដេច​​​អគ្គ​មហា​​​សេនា​​​​បតី​តេជោ​ ហ៊ុនសែនបាន​លើក​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត​ថា លោក​តាំ​ង​ចិត្ត​យ៉ាង​មុត​មាំ​ថានឹង​ប្រគល់​អំណាច​ទៅ​ឲ្យ​គណបក្ស​ប្រឆាំង​ ប្រសិន​បើ​​គណបក្ស​ប្រឆាំង​​​ឈ្នះ​ឆ្នោត​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​ក្រោយ​នោះ​”។

ក្រសួង​ការ​បរទេស​បាន​លើក​ឡើង​ថា “ ប្រទេស​កម្ពុជា​ធានា​ថា នឹង​មាន​ការ​បោះ​ឆ្នោ​ត​ដោ​យសេរីនិង​យុត្តិ​ធម៌​នៅ​ឆ្នាំ​ក្រោយ​ ​ជា​មួយ​នឹង​​ការ​ចូល​រួម​ពី​អ្នក​អង្កេត​ការ​​​ណ៍​បោះ​ឆ្នោត​ជាតិ​ និង​អន្ដរជាតិ​រាប់​ពាន់​នាក់​”។

សេចក្ដី​ថ្លែង​ការណ៍​នេះ​​បន្ថែមទៀត​​ថាប្រទេស​កម្ពុជា​ គឺ​ជា​ប្រទេស​ឯករាជ្យ​ និង​មាន​អធិបតេយ្យ​ភាព​ទឹក​ដី​របស់​ខ្លួន។ប្រទេស​កម្ពុជា​ គឺ​ជា​សមាជិក​មួយ​របស់​អង្គការ​សហ​ប្រជាជាតិ និង​អង្គការ​ក្នុង​តំបន់​។​កម្ពុជា​មិន​មែន​ជា​ប្រទេស​ដែល​មិន​ចូល​ចំណោម​គេ​នោះ​ទេ​ ហើយ​ក៏​មិន​មែន​ជា​ប្រទេស​ដែល​ពឹង​តែ​ជំនួយ​បរទេស​នោះ​ដែរ​​”។

សេចក្ដី​ថ្លែង​ការណ៍​នេះ​ បាន​លើក​ឡើង​បន្ថែម​ថា គ្មាន​នរណា​ម្នាក់​អាច​រំលោភច្បាប់​បាន​នោ​ះទេ​។នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​​​

គឺ​ជា​សង្គម​បើក​ចំហ​នោះប្រទេស​កម្ពុជា​ ក៏​មិន​មែន​ជា​សង្គម​គ្មាន​ច្បាប់​នោះ​ដែរ​ ហេតុ​ដូច្នេះ​ហើយ​ប្រជា​ពលរដ្ឋ​គ្រប់​ៗរូប​​ត្រូវ​តែ​​គោរព​​ច្បាប់​ ទោះ​បី​ជា​អ្នក​នោះ​ជា​មេដឹក​នាំ​គណ​បក្ស​​ប្រឆាំង​ ឬ​សកម្ម​ជន​សិទ្ធិ​មនុស្ស​ក៏​ដោយ”។ លោក​ស្រី​ សាមន្ថាផៅវើនិង​មន្ត្រី​មួយ​ចំនួន​នៅ​ឯ​សេតវិមាន​មិន​អាច​ទាក់​ទង​សុំ​អត្ថា​ធិប្បាយ​ភ្លាម​ៗ​បាន​ទេ​។

លោកបារ៉ាក់អូបាម៉ាប្រធានា​ធិបតីសហ​រដ្ឋ​​អាមេរិក នឹង​មក​ដល់​រាជ​ធានី​ភ្នំពេញ​នៅ​ថ្ងៃ​នេះ។ លោក​នឹង​ក្លាយ​​ជា​មេដឹក​នាំ​សហ​រដ្ឋ​អាមេរិក​​កំពុង​កាន់​អំណាច​​ដំបូង​ដែល​​មក​ប្រទេស​កម្ពុជា​សម្រាប់​កិច្ច​ប្រជុំ​កំពូល​​​អាស៊ាននិង​អាស៊ីបូពា៌​។សមា​ជិក​សភា​មក​ពី​សហរដ្ឋ​អាមេរិក​ ​អឺរ៉ុប និង​​អូស្ត្រាលី​ សុទ្ធ​តែ​បាន​រិះ​គន់​ពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​នឹង​ធ្វើ​ជា​ប្រធាន​កិច្ច​​ប្រជុំ​កំពូល​នៅ​​សប្ដាហ៍​នេះ។

ការ​រិះ​គន់​ថ្មីៗ​នេះ ពី​សំណាក់​អន្ដរជាតិ​បាន​ផ្ដោត​ទៅ​លើ​វាសនា​របស់​មេដឹក​នាំ​គណ​​បក្ស​ប្រឆាំង​ គឺ​គណបក្ស​ សមរង្ស៊ីនិង​លោកម៉ម សូណង់ដូ ម្ចាស់​ស្ថានីយវិទ្យុ​ឯករាជ្យមួយ។ ​ទាំង​លោក​ សមរង្ស៊ីនិង​លោកម៉មសូណង់ដូ ​​​សុទ្ធ​តែត្រូវ​បាន​ចោទ​ប្រកាន់​ជា​ច្រើនករណី​​ ដែល​ជា​ទូទៅ​ត្រូវ​បាន​​ថ្កោល​ទោស​ពាក់​ព័ន្ធ​នឹង​បញ្ហា​នយោបាយ​ ហើយ​ត្រូវ​បាន​ផ្ដន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​យ៉ាង​យូរ​។

នៅប៉ុន្មាន​ថ្ងៃ​មុន​កិច្ច​ប្រជុំ​កំពូល​នេះ ​អង្គការ​សិទ្ធិ​មនុស្ស​ទាំង​​ក្នុង​តំបន់​ និង​ក្នុង​ស្រុក​ ព្រម​ទាំង​សហជីព​ជា​ច្រើន ​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ថា បាន​បំភិត​បំភ័យ​ម្ចាស់​ផ្ដល់​កន្លែង​ប្រជុំ​ឯក​ជន​ទូ​ទាំង​រាជ​ធានី​ឲ្យ​លុប​ចោល​ព្រឹត្តិការណ៍​ ដែល​ពួក​គេ​គ្រោង​នឹង​ធ្វើ​ឡើង​ ដើម្បី​លើក​ឡើង​ពី​បញ្ហា​មួយ​ចំនួន​ដូច​ជាសិទ្ធិ​ដី​ធ្លីសេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​នៅក្នុង​តំបន់​អាស៊ាន​។លោកស្រីសាមន្ថាផៅវើក៏​បាន​លើក​ឡើងពី​​បញ្ហា​នេះ​ដែរ​​នៅ​ក្នុង​ពេល​ទាក់​ទង​​តាម​ទូរ​ស័ព្ទ​ជាមួយ​អ្នក​យក​ព័ត៌មាន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​។

សេចក្ដី​ថ្លែង​ការ​ណ៍​របស់​ក្រសួង​ការ​បរ​ទេស ​ក៏មានបំណង​​​​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​យ៉ាងខ្លាំង​ចំពោះ​​បញ្ហា​ដី​ធ្លី​ ក្នុង​ប្រទេស​កម្ពុជា​​ ដែល​អង្គកា​រ​សិទ្ធិ​មនុស្ស​បាន​​ប៉ាន់​ប្រមាណ​ថា បាន​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជា​ពលរដ្ឋ​ចំនួន​៤០០.០០០​នាក់​ ​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​មក​នេះ​។

ក្រសួង​​នេះ​បាន​លើក​ឡើង​ថា “ ​ដោយ​សារ​តែ​បញ្ហា​ដី​ធ្លី​ គឺ​ជា​បញ្ហា​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​ជា​យូរ​មក​ហើយ​ ហេតុដូច្នេះ​កា​រចោ​ទ​ប្រកាន់​ទាំង​នេះ​ គឺ​ជា​ការ​ចោទ​ប្រកាន់​ខុស​ ហើយ​ផ្អែក​លើ​តែ​របាយការណ៍​ព័ត៌មាន​​មិន​ត្រឹម​ត្រូវ​។

ក្រសួង​បាន​លើក​ឡើងបន្ថែម​ទៀត​ថា “ រាជ​រដ្ឋា​ភិបាល​កម្ពុជា​មិន​មាន​គោល​នយោ​បាយ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​ និង​​ប្រើ​កម្លាំង​ហួស​ហេតុ​នោះ​ទេ​ គឺ​មិន​ដូច​នឹង​អ្វី​ដែល​គេ​បាន​ចោទ​ប្រកាន់​ខុស​នោះ​ឡើយ​”។ក្រសួង​បាន​លើក​ឡើង​បន្ថែម​ថា“ គោល​ជំហរ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា គឺ​ផ្ដល់​ប្រាក់​សំណង​ដោយ​សម​រម្យ​ ​ដោះ​ដូរ​ដី​ ឬក៏​ផ្លាស់​ទៅ​​ទីតាំងថ្មី​​នៅ​កន្លែង​នោះតែម្តង​​ ​ប្រសិន​បើអាច​ទៅ​រួច​​​។ ទោះ​ជាយ៉ាងណាគឺ​មាន​តែ​​មនុស្ស​មួយ​ក្រុ​ម​តូច​ប៉ុណ្ណោះ​ ដែល​នៅ​តែ​រស់​នៅ​លើ​ដី​ឯកជន​ និង​ដី​រដ្ឋ​ ហើយ​បាន​បដិសេធ​មិន​ព្រម​ទទួល​ប្រាក់​សំណង​ដែល​រដ្ឋាភិបាល​ផ្ដល់​​​​ឲ្យ​នោះ​៕

ប្រែសម្រួលដោយស៊ាស៊ុយឈាង

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស