38.8 C
Phnom Penh

អ្នក​តវ៉ា​ក្នុង​សហគមន៍​បឹង​កក់​បាន​លើកស្លាក​សញ្ញា​សុំ​​ឲ្យ​លោក អូបាម៉ា​ ជួយនៅ​កន្លែង​បណ្តេញ​ចេញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​​តវ៉ា​ប្រ​ឆាំង​នឹង​ការ​ប​ណ្តេញ​ចេញ​នៅ​​កណ្តាល​រាជ​ធានី​ភ្នំ​ពេញ​កាល​ពី​ម្សិល​មិញ​​បាន​លើក​ស្លាក​​សញ្ញា​ធំ​ពីរ​ ដែល​សរសេរថា“ SOS” (មាន​ន័យ​ថាសុំ​ឲ្យ​លោក​ជួយ)​ ដោយ​ជំរុញ​​ឲ្យ​ប្រ​​ធានា​ធិបតី​​​​សហ​រដ្ឋ​អា​មេរិក​លោក​​ បារ៉ាក់អូបាម៉ា​(Barack Obama)​​និង​ រដ្ឋ​មន្ត្រី​ការ​បរទេស​លោក​ស្រី​ហ៊ីលឡារី​ គ្លីនតុន​​(Hillary Clinton)​ជួយធ្វើ​អន្តរាគមន៍​​ក្នុង​​ការ​ទាមទារ​​ដី​ធ្លីរបស់​ពួក​គាត់​​ជា​យូរ​មក​ហើយ​ជា​មួយ​រដ្ឋា​ភិបាល​។

ក្រុម​អ្នក​តវ៉ា​ប្រ​ហែល​១០០​នាក់​​ ដែល​ធ្លាប់​បានបណ្តេញ​ចេញ​ឬ​ប្រឈម​នឹង​ការ​បណ្តេញ​ ចេញ​​​ពី​សហគមន៍​នានា​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​​បាន​លើក​សញ្ញា​​ទាំង​ពីរ​នេះ​នៅ​តំបន់​បឹង​កក់​ ដែល​នៅ​ទី​នោះ​​មាន​ប្រ​ជា​ពលរដ្ឋ​៤.០០០​នាក់​​ត្រូ​វ​បាន​បណ្តេញ​ចេញ​​ក្នុង​រយៈ​ពេល​​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ដោយ​ក្រុម​ហ៊ុន​មួយ​ដែល​គ្រប់​គ្រង​ដោយ​លោក ឡៅ ម៉េង​ឃិន​ សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រ​ជា​ជន​កម្ពុជា​។

ទាំង​លោក​​ អូបាម៉ានិង​ លោកស្រី​ គ្លីតុន ​នឹង​មក​ដល់​ប្រ​ទេស​កម្ពុជា​នៅ​ថ្ងៃ​នេះ​ដើម្បី​ចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំ​កំពូល​អាស៊ាន​ និង​អាស៊ី​បូព៌ា។អ្នក​ស្រីទេពវ៉ាន់នីបាន​មាន​ប្រ​សាសន៍​ថា​ “ ​យើង​​សូម​​អំពាវ​នាវ​​ទៅ​​​លោក​ អូបាម៉ា​​ ឲ្យ​ជួយ​​ពួក​យើង​​​​​ទទួល​បាន​សិទ្ធិ​មនុស្ស ​​និង​លទ្ធិ​ប្រជា​ធិបតេយ្យ​ពិត​ប្រាកដ​ក្នុង​ប្រទេស​​កម្ពុជា​​ពី​ព្រោះ​យើង​ទាំង​អស់​គ្នា​បច្ចុប្បន្ន​នេះ​កំពុង​រស់​នៅ​ក្រោម​ការ​គាប​សង្កត់​យ៉ាង​ខ្លាំង​”។

អ្នកស្រី​ ទេព វ៉ាន់នី ជា​ស្ត្រី​ម្នាក់​ក្នុង​ចំណោមស្រ្តីអ្នក​ភូមិ​​នៅ​សហគមន៍​បឹង​កក់​១៣​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​​​​​អំឡុង​ការ​តវ៉ា​ ដោយ​អហិង្សា​មួយ​​ប្រ​ឆាំង​នឹង​ការ​បណ្តេញ​ចេញ​កាល​ពី​ខែ​ឧសភា។ស្ត្រី​ទាំង​នោះ​ត្រូវ​បាន​ដោះ​លែង​វិញ​មួយ​ខែ​ក្រោយ​​មក​។ អ្នកស្រី​មាន​ប្រ​សាសន៍​បន្តថា​​ “ យើង​ត្រូវ​ការ​គាត់​ [លោក អូបាម៉ា​] ដើម្បី​​ស្វែង​រក​យុត្តិធម៌​ឲ្យ​ពួក​យើង​ទាំង​អស់​គ្នា​​ដែល​ត្រូវ​បាន​គេ​បណ្តេញ​ចេញ​”។

អង្គការ​សិទ្ធិ​មនុស្ស​​ក្នុង​ស្រុក​ និងអន្តរ​ជាតិ​ នា​ពេល​ថ្មីៗ​នេះ​បាន​ចូល​រួម​ជា​មួយ​សមា​ជិក​សភា​សហ​ភាព​អឺរ៉ុបអូស្ត្រាលី ​និង​អាមេរិក ​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​​កម្ពុជា​​លើក​កម្ពស់​​​សិទ្ធិ​មនុស្ស​​​ដែល​កាន់​តែ​អាក្រក់​ទៅៗនោះ។

កាល​ពី​សប្តាហ៍​មុន​អាជ្ញាធរ​បាន​បង្កើន​ការ​គាប​សង្កត់​​លើ​ការប្រឆាំង​ជា​សាធារណៈ​នៅ​មុន​ពេល​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ​​ដោយ​មាន​ការ​ដាក់​សម្ពាធ​លើ​ម្ចាស់កន្លែង​​ឯក​ជន​ឲ្យ​លុបចោល​ឬ បញ្ឈប់​សិក្ខាសាលា​របស់​អង្គការ​សង្គម​ស៊ីវិល។

កាល​ពី​ថ្ងៃ​ព្រ​ហស្បតិ៍​ នគរបាល​បាន​​ឃុំ​ខ្លួន​ប្រ​ជា​ពលរដ្ឋ​ប្រាំ​បី​នាក់​ជា​បណ្តោះ​អាសន្ន​​ដោ​យ​​សារ​បាន​បាញ់​ថ្នាំ​​ជា​​អក្សរ SOS ​និង បិទ​រូប​ថត​លោក អូបាម៉ា​ នៅ​លើ​ដំបូល​ផ្ទះ​របស់​ពួក​គាត់​នៅ​ជិត​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។

អាជ្ញាធរ​រាជ​ធានី​ភ្នំ​ពេញ​បាន​និយាយ​​ថា​​ពួក​គេ​ត្រូវ​តែ​​រុះ​រើ​​ផ្ទះ​ទាំង​នោះ ​ដើម្បី​ធានា​សន្តិសុខ​សម្រាប់​មេដឹក​នាំ​ពិភព​លោក មក​ចូល​រួម​កិច្ច​ប្រ​ជុំ​កំពូល​អា​ស៊ាន​។ អ្នកស្រីជ្រៃនីម ​ប្រជា​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ប្រ​ជា​ពលរដ្ឋ​​ ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នោះ​​​​ ក៏បាន​ចូលរួម​​ធ្វើ​ ការ​តវ៉ា​នៅ​បឹង​កក់​ដែរ​កាល​ពី​ម្សិល​មិញ​។

អ្នកស្រី​បាន​និយាយ​ថា​ “ ​ខ្ញុំ​សូម​អំពាវ​នាវ​ឲ្យ​លោកអូបាម៉ា​ ជួយ​ធ្វើ​អន្តរាគមន៍​ក្នុង​គ្រា​មាន​អា​សន្ន​របស់​យើង​​ ពី​ព្រោះ​អាជ្ញាធរ​​នឹង​បណ្តេញ​យើង​ចេញ​​បន្ទាប់​ពី​កិច្ច​ប្រ​ជុំ​កំពូល​​នេះ​។ខ្ញុំ​ក៏ចង់​ស្នើ​ឲ្យ​រដ្ឋា​ភិបាល ​​និង​អង្គការ​សិទ្ធិ​មនុស្ស​នានា​​ធ្វើការ​ស៊ើប​អង្កេត​ដី​ ដែល​យើង​បាន​រស់​នៅ​ដោយ​ស្រប​ច្បាប់​​នេះ​ដែរ ​ព្រោះ​អាជ្ញា​ធរ​បាន​ចុះ​ហត្ថលេខា​​លើ​ឯក​សារ​​ហើយ​​បាន​ទទួល​ស្គាល់​នូវ​[កម្មសិទ្ធិ​​ស្រប​ច្បាប់​] របស់​យើងហើយ​”។

ក្នុង​អំឡុង​ការ​ធ្វើ​បាតុកម្ម ​​​​ក្រុម​អ្នក​តវ៉ា​បាន ​បង្ហោះ​ប៉ោង​ប៉ោង​​ចម្រុះ​ពណ៌​ និង​​ហៅ​​​លោកអូបាម៉ា​ និង​លោកស្រី គ្លីនតុន ​ថាជា “ ​​បិតានិងមាតា​” ​នៃ​លទិ្ធ​ប្រ​ជា​ធិបតេយ្យ​។

ក្រុម​អ្នកតវ៉ា​ត្រូវ​បាន​រារាំង​មិន​ឲ្យ​ដង្ហែ​ក្បួន​ទៅ​កាន់ “សួន​សេរី​ភាព” នៅ​ជិត​នោះដែល​​រដ្ឋាភិបាល​បាន​​បង្កើត​ឡើង​​សម្រាប់​ធ្វើបាតុកម្ម​បែបនេះ​ទេ​​។  ក្រុម​អ្នក​តវ៉ា​បាន​និយាយ​ថា ​ពួក​គេ​នឹង​ ធ្វើ​ការ​តវ៉ា​ម្តង​ទៀត​នៅ​ថ្ងៃ​នេះ​​ពេល​លោកអូបាម៉ា​ មក​ដល់​ប្រ​ទេស​កម្ពុជា​៕

ប្រែ​សម្រួល​ដោយឃិនណៃ​ ​

​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស