កាលពីម្សិលមិញ ថ្នាក់ដឹកនាំអាស៊ានចំនួន១០ប្រទេសបានចុះហត្ថលេខាលើសេចក្ដីប្រកាសសិទ្ធិមនុស្សលើកដំបូងបង្អស់ ដែលមិនធ្លាប់មាននៅក្នុងតំបន់ ជាមួយនឹងវិសោធនកម្មមួយនៅនាទីចុងក្រោយ ដែលសកម្មជនសិទ្ធិមនុស្សបាននិយាយថា មិនអាចជួយបន្ថយការភ័យខ្លាចបាន ដោយសារតែការប្រើពាក្យពេចន៍ក្នុងឯកសារនោះអាចនឹងផ្ដល់ផលអវិជ្ជមានដល់ការការពារសិទ្ធិសេរីភាពរបស់ពលរដ្ឋ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ានឆ្នាំនេះដែលប្រឈមនឹងការរិះគន់ពីអន្ដរជាតិចំពោះកំណត់ត្រាសិទ្ធិមនុស្សរបស់ប្រទេសកម្ពុជា បានរៀបចំពិធីចុះហត្ថលេខាលើសេចក្ដីប្រកាសស្តីពីសិទ្ធិមនុស្សប្រចាំតំបន់អំឡុងកិច្ចប្រជុំនៅឯវិមានសន្ដិភាពក្នុងរាជធានីភ្នំពេញ។
សេចក្ដីប្រកាសព្រាងដំបូងបានរងការរិះគន់យ៉ាងខ្លាំងពីសំណាក់អង្គការសិទ្ធិមនុស្សនិងអង្គការសហប្រជាជាតិដែលបានរំឭកថា កិច្ចព្រមព្រៀងនេះផ្តល់ឲ្យប្រទេសក្នុងតំបន់នូវបទប្បញ្ញត្តិមួយ ដែលត្រូវបានដកចេញពីសន្ធិសញ្ញាសិទ្ធិមនុស្សអន្ដរជាតិ ដែលខ្លួនជាហត្ថលេខីរួចហើយនោះ។
នៅចំពោះមុខអ្នកយកព័ត៌មានបន្ទាប់ពីការចុះហត្ថលេខាលើសេចក្ដីប្រកាសនេះលោក សុ៊ូរិន ពិតស៊ូវណ្ណ មានប្រសាសន៍ថា ថ្នាក់ដឹកនាំ “ បានកត់ត្រាទុកពីការត្អូញត្អែរទាំងនោះហើយ” និងថា រដ្ឋមន្ត្រីការបរទេសក្នុងតំបន់បានយល់ព្រមកែប្រែបទប្បញ្ញត្តិនោះហើយកាលពីថ្ងៃសៅរ៍។
លោក ស៊ូរិន បានមានប្រសាសន៍សំដៅដល់សេចក្ដីប្រកាសជាសាកលឆ្នាំ១៩៤៨ស្ដីពីសិទ្ធិមនុស្ស និងសេចក្ដីប្រកាសនៅទីក្រុងវីយែនឆ្នាំ១៩៩៣និងកម្មវិធីសកម្មភាពថា “ ត្រូវតែបន្ថែមកថាខណ្ឌសំខាន់មួយទៀតដែលយើងហៅថា ជាផ្នែកនៃប្រតិបត្តិការនិងដើម្បីអនុវត្តតាមសេចក្ដីប្រកាសជាសាកលនេះ”។ លោកបានបន្ថែមថា “ [យើង]មិនមែនត្រឹមតែប្រកាសថាយើងនឹងបន្ដការពារ និងពង្រឹងសិទ្ធិមនុស្សក្នុងតំបន់តាមវិធីរបស់យើងនោះទេ ប៉ុន្ដែយើងត្រូវខិតខំប្រឹងប្រែង រក្សាឲ្យមានបទដ្ឋានខ្ពស់បំផុតដូចដែលបានលើកឡើងក្នុងបរិធាននិងសេចក្ដីប្រកាសជាច្រើនរបស់សហគមន៍អន្ដរជាតិ”។
យោងតាមច្បាប់ថតចម្លងមួយដែលបានប្រគល់ឲ្យអ្នកយកព័ត៌មានកាលពីម្សិលមិញបានឲ្យដឹងថា បទប្បញ្ញត្តិចុងក្រោយនៃសេចក្ដីប្រកាសនេះចែងថា “ គ្មានចំណុចណាមួយនៅក្នុងសេចក្ដីប្រកាសនេះអាចត្រូវបានបកស្រាយសម្រាប់រដ្ឋ ក្រុម ឬបុគ្គលណាមួយក្នុងការអនុវត្តច្បាប់ណាមួយដែលមានបំណងធ្វើឲ្យប៉ះពាល់ដល់គោលបំណង និងគោលការណ៍ អាស៊ាន ឬក៏បំផ្លាញសេរីភាពនិងសិទ្ធិមូលដ្ឋានណាមួយដែលបានកំណត់ក្នុងសេចក្ដីប្រកាសនេះនិងបរិធានសិទ្ធិមនុស្សអន្ដរជាតិដែលមានរដ្ឋជាសមាជិកអាស៊ានជាប្រទេសចុះហត្ថលេខា”។
វិសោធនកម្មនាទីចុងក្រោយនេះ កើតមានឡើងបន្ទាប់ពីសេចក្ដីប្រកាសនេះ រងការរិះគន់យ៉ាងខ្លាំងពីគណៈកម្មាធិការស្វែងរកការពិតរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ។
នៅក្នុងលិខិតបើកចំហមួយ គណៈកម្មាធិការសម្របសម្រួលដំណើរការពិសេសរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអន្ដរជាតិ បានអំពាវនាវឲ្យប្រទេសជាហត្ថលេខីទាំងអស់ “ ធ្វើយ៉ាងណាធានាឲ្យបាននូវបទដ្ឋានសិទ្ធិមនុស្សអន្ដរជាតិពេលពួកគេពិចារណាលើការអនុម័តសេចក្ដីប្រកាសសិទ្ធិមនុស្សអាស៊ាន”។
ក្នុងលិខិតនេះ អ្នកជំនាញអង្គការសហ ប្រជាជាតិបានផ្ដោតលើពាក្យពេចន៍ប្រើ ប្រាស់ក្នុងសេចក្ដីប្រកាសនេះ ដូចជា “ ក្រមសីលធម៌ សន្ដិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ” និងហានិភ័យ ដែល “ ត្រូវរដ្ឋាភិបាលប្រើប្រាស់ជាលេស ដើម្បីដាក់កម្រិតតាមអំពើចិត្ត មិនស្មើភាព និងមិនចាំបាច់មកលើសិទ្ធិមនុស្ស”។
សេចក្ដីប្រកាសចុងក្រោយនោះនៅតែបញ្ចូលពាក្យទាំងនោះដដែល។ សេចក្ដីប្រកាសនេះចែងថា “ ការអនុវត្តសេរីភាព និងសិទ្ធិមនុស្សជាមូលដ្ឋាននឹងធ្វើតាមលក្ខខណ្ឌដូចបានកំណត់ក្នុងច្បាប់ ដើម្បីធានាឲ្យមានការទទួលស្គាល់សេរីភាពនិងសិទ្ធិមនុស្សមូលដ្ឋានរបស់អ្នកដ៏ទៃ និងដើម្បីឆ្លើយតបទៅតាមតម្រូវការសន្ដិសុខជាតិសណ្ដាប់ធ្នាប់សាធារណៈ សុខភាពសាធារណៈសន្ដិសុខសាធារណៈ ក្រមសីលធម៌សាធារណៈព្រមទាំងសុខុមាលភាពប្រជាពលរដ្ឋទូទៅ នៅក្នុងសង្គមប្រជាធិបតេយ្យ”។
លោក ម៉ាទី ណាតាឡេហ្គាវ៉ា(Marty Nata-legawa)រដ្ឋមន្ត្រីក្រសួងការបរទេសរបស់ឥណ្ឌូណេស៊ី ក៏បានមានប្រសាសន៍ការពារសេចក្ដីប្រកាសនេះដែរ។
លោក ណាតាឡេហ្គាវ៉ា មានប្រសាសន៍ថា“ ប្រសិនបើអ្នកសង្កេតការណ៍អព្យាក្រឹតភាគច្រើនពិតជាបានអាននូវអ្វីដែលទើបតែបានអនុម័តពេលនេះ ពួកគេនឹងត្រូវទទួលស្គាល់ថា នេះគឺជាឯកសារសំខាន់ដែលស្របតាមសេចក្ដីប្រកាសស្តីពីសិទ្ធិមនុស្សសាកលក៏ដូចជាកម្មវិធីសកម្មភាពសិទ្ធិមនុស្សក្នុងទីក្រុងវីយែនដែរ”។
លោកបានបន្ថែមថា “ នេះគឺជាអ្វីដែលយើងបានអនុម័តនាពេលនេះ និងដែលមិនបានអនុម័តសោះពីមុនមក។ ដូច្នេះ វាគឺជាបទដ្ឋានសំខាន់មួយសម្រាប់អាស៊ានដើម្បីរក្សាភាពស្មោះត្រង់ពាក់ព័ន្ធនឹងកាតព្វកិច្ចសិទ្ធិមនុស្សរបស់ខ្លួន”។
លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson)អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី មានប្រសាសន៍ថា សេចក្ដីប្រកាសនេះជា “ លទ្ធផលដែលមានគុណវិបត្តិកើតចេញពីដំណើរមានគុណវិបត្តិ ដែលរដ្ឋាភិបាលបានធ្វើការសម្រេចដោយគ្មានការចូលរួមពីប្រជាពលរដ្ឋ”។
លោករ៉ូប៊ឺតសុនបានលើកឡើងនៅក្នុងអុីម៉េលថា “ គួរឲ្យសោកស្តាយណាស់ ការមិនគោរពតាមបទដ្ឋានសិទ្ធិមនុស្សអន្ដរជាតិមិនមែនជារឿងថ្មីចំពោះអាស៊ានទេ”៕
ប្រែសម្រួលដោយ ហម សុផាណ្ណា