30.1 C
Phnom Penh

ការរិះគន់​​​នៅ​តែ​បន្ដ​កើត​មានឡើង ចំពោះសេច​​​ក្ដី​​​​ប្រកាស​ស្ដីពី​​​​​​​​​សិទិ្ធ​​​មនុស្ស​​​​របស់​សមាគម​អាស៊ាន​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​​​រិះគន់បន្ត​​​កើត​​​មាន​​​ឡើង​​​ត​​​ទៅ​​​ទៀត​កាល​​​ពី​​​ម្សិល​​​មិញ ចំពោះ​សេច​​​ក្ដី​​​​ប្រកាស​ស្តី​ពី​​​​សិទិ្ធ​​​មនុស្ស​​​អាស៊ាន ដែល​​​ត្រូវ​​​បាន​​​ចុះ​​​ហត្ថ​លេខា​ ​​​នៅ​​​រាជធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​បន្ទាប់​​​ពី​​​ក្រុម​​​មេ​​​ដឹក​​​នាំ​​​ក្នុង​​​តំបន់ បាន​​​សម្រេច​ធ្វើ​​​ការ​​​ត្រួត​​​ពិនិត្យ​​​មើល​​​ឡើង​​​វិញ​​​នៅ​​​​​​នាទី​​​ចុង​​​ក្រោយ ដែលត្រូវ​​​បាន​​​​គេ​​​យល់​​​ថា​​​ មិន​​​សម​​​​ស្រប​​​ទាល់តែ​សោះ។

ក្រុម​​​អ្នក​​​ជំនាញ​​​​​​អង្គការ​​​សហប្រជា​​​ជាតិ ​និង​​​សង្គម​​​សុីវិល បាន​​​រិះគន់​​​​​​ចំពោះ​កង្វះ​​​ការ​ពិគ្រោះ​យោបល់​​​នៅ​​​ក្នុង​​​ការ​​​ត្រៀម​​​តាក់​តែង​​​​​​​​សេច​​​ក្ដី​ប្រកាស​នេះ និង​​​បាន​​​និយាយ​​​ថា ​ការ​ប្រើ​​​ពាក្យ​​​​ពេចន៍​នៅ​​​ក្នុង​​​សេច​​​ក្ដី​​​​ប្រកាស​​​​នេះ ​នឹង​​​ផ្ដល់​​​ជា​​​មធ្យោបាយ​​​មួ​យ​ដល់​​​​​​​រដ្ឋាភិបាល​ដើម្បី​ចៀស​វាង​​ពី​​​​ច្បាប់​​​សិទិ្ធ​​​មនុស្ស​​​អន្តរ​ជាតិ។

ការ​​​ធ្វើ​​​វិសោធន​​​កម្ម​​​នៅ​​​នាទី​​​ចុង​​​ក្រោយ​​​​មួយ​ បាន​​​បន្ថែម​ខ​​​្លឹមសារ​​​ដល់​​​សេច​​​ក្ដី​​​​ប្រកាស​​​​ចុង​​​​ក្រោយ​នេះ​ ដែល​យោង​តាម​​​​ច្បាប់សិទិ្ធ​​​មនុស្ស​​​អន្តរជាតិ ដែល​​​សំខាន់​បំផុត​នោះ​គឺ​​​​សេច​​​ក្ដី​​​​ប្រកាស​ជាសកល​​​​ស្តី​ពី​​​​សិទ្ធិ​​​មនុស្សនិង​​​សេច​​​ក្ដី​​​​ប្រកាស​​​​នៅ​​​ទី​​​ក្រុង​​​វីយែន មាន​ប្រយោជន៍​តិចតួច​​សម្រាប់​​សម្រាល​ដល់​​​​ការ​​​ភ័យ​​​ខ្លាច ជាពិសេស ជា​​​មួយ​​​នឹង​​​ឯកសារ​ដែល​​​​លើក​ឡើង​​​​​​​អំពី​​​បញ្ហា​​​ចម្រូង​ចម្រាស​​​ ដូច​​​ជា ​“ សីលធម៌​​​សាធារណៈ”និង “ សន្តិសុខ​​​ជាតិ”​ជា​​​ដើម។

នៅ​​​ក្នុង​​​សេច​​​ក្ដីថ្លែង​​​ការណ៍​​​មួយ អង្គការ​​​សង្គម​​​សុីវិល​​​កម្ពុជា ​ក្នុង​តំបន់ និង​​​អន្តរជាតិ​​​ចំនួន​​​៥៥​​​ បាន​​​និយាយ​​​ថា “ ឯកសារ​​​នេះ​​​គឺ​​​ជា​សេចក្ដី​​​​​ប្រកាស​មួយ​​​​អំពី​អំណាច​របស់​​​រដ្ឋា​​​ភិបាលដែល​ត្រូវ​បាន​ប្រែ​ក្លាយ​ទៅ​​​​ជា​​​សេចក្ដី​​​​ប្រកាស​ស្តីពី​សិទ្ធិមនុស្ស​​​”។

អង្គការ​​​សង្គម​​​សុីវិល​​​ទាំង​​​នេះ បាន​​​និយាយ​​​​ទៀត​​​ថា “ ដរាបណា​​​គោល​​​ការណ៍​​​ជា​​​ទូទៅ​​​នៃ​​​​សេចក្ដី​​​​ប្រកាស​នេះ​​​ និង​ការ​ខ្វះ​ចន្លោះ​ដែល​នៅ​​​តែ​​​មាន​​ក្នុង​សេចក្តី​ប្រកាស​នេះ ​ព័ត៌មាន​​​​មិន​​​ត្រឹម​​​ត្រូវ​​​​​​​នឹង​​​បង្ហាញ​​​​ទៅ​​​​​​​រដ្ឋាភិបាល​​​ថា ​​​កាតព្វ​​​កិច្ច​​​សិទិ្ធ​​​មនុស្ស​​​អន្តរជាតិ អាច​​​នឹង​​​ត្រូវ​​​បាន​​​គេ​​ចៀស​វាង”។

ការ​​​ផ្លាស់ប្ដូរ​​​ចុង​​​ក្រោយ​មួយ​ទៀត​​​​នៅ​​​ក្នុង​​​សេច​​​ក្ដី​​​​ប្រកាស​នេះ ​បើ​​​​ប្រៀប​​​ធៀប​​​ជា​​​មួយ​​​​នឹង​​​សេច​​​ក្ដី​​​​ព្រាង​​​ដំបូង ត្រូវ​​​បាន​​​គេ​​​លុប​​​ចោល​​​​​​​ខ្លឹមសារ ដែលនិយាយ​​​ពីសេរីភាព​​​​នៃ​ការ​ជួប​ជុំ​​ជា​​​​​​សិទិ្ធ​​​បុគ្គល​​​​ ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​​​អន្តរជាតិ​​​ ដើម្បី​​​​រួប​រួម​គ្នា​ស្វែង​រក​ផល​​​ប្រយោជន​៍​​​រួម​​។

លោកស្រី យូយន់ វ៉ាយូនីងរូម (Yuyun Wahyuningrum)​​​ ទី​​​ប្រឹក្សា​​​ជាន់​​​ខ្ពស់​​​​​ទទួល​បន្ទុក​អាស៊ាន​និង​​​​សិទិ្ធ​​​មនុស្ស ​​​នៅ​​​ក្រុម​​​ការ​​​ងារ​​​សិទិ្ធ​​​មនុស្ស​​​របស់​​​ប្រទេស​​​ឥណ្ឌូ​​​ណេសុី បាន​​​មាន​​​ប្រសាសន៍​​​ថា សេច​​​ក្ដី​​​​ប្រកាស​​ចុង​ក្រោយ​​​​នេះ“បង្ហាញ​​​​ពី​​​​​​​ភាព​​​ខុស​​​គ្នា​​​នៃសមាជិក​​នីមួយៗ​​​​

នៅ​​​ក្នុង​​​តំបន់​​​អាស៊ាន​​​”។ លោកស្រីបាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​​ទៀត​​​ថា “ សមាជិក​​​ខ្លះ​​​ចង់​​​​ឲ្យ​មាន​ការ​រីក​ចម្រើន​​និង​សមាជិក​​​ខ្លះ​​​ទៀត​​​មិន​​​ចង​​​់​​​​​​ឲ្យ​​​មាន​​​ការ​រីក​ចម្រើន​ទេ”។

សេច​​​ក្ដី​​​​ប្រកាស​នេះ គឺជា​​​ការ​​​សម្រប​​​សម្រួល​​​ដ៏​​​​​​តឹង​​​តែង​​​​​​​​​​​​រវាង​​​ក្រុម​​​ប្រទេស​​​កុម្មុយ​នីស្ត ដូច​​​ជា​​​ប្រទេស​​​វៀត​​​ណាម​​​ ដែល​នៅ​ទី​នោះ​​​​​​សហជីព និង​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល ​ត្រូវ​​​បាន​​​រឹត​​​បន្តឹង​​​យ៉ាង​​​ខ្លាំង​​​ក្លា ហើយ​​​សង្គម​​​បើក​​​ចំហ​​​ភាគ​​​ច្រើន​​​ដូច​​​ជា​​​​​ថៃ ​ហ្វីលីពីន និង

​​​​ប្រ​​​ទេស​​​ឥណ្ឌូណេសុី ដែល​​​បាន​​​និង​​​កំពុង​​​ជំរុញ​​​ឲ្យ​​​មាន​​​​​​សេចក្ដី​​​​ប្រកាស​ស្តី​ពីសិទិ្ធ​​​មនុស្ស​​​​កាន់​តែ​រឹង​​​មាំ​​​​ជា​ង​មុន​។

​​​ចំពោះ​​​អ្វីដែល​​​សេចក្ដី​​​​ប្រកាស​របស់​​​​អាស៊ាន​​​សម្រេច​​​​​​បាន​​​​ពិត​ប្រាកដ​ ដែល​មិនមានកាតព្វកិច្ច្​ផ្លូវ​ច្បាប់​ ស្រប​​​​តាម​​​​គោល​​​ការណ៍​​​មិន​​​ជ្រៀតជ្រែក​​​ចូល​​​កិច​​​្ច​​​ការ​​​ផ្ទៃ​​​ក្នុង​​​​​​របស់​​​ប្រទេស​​​ជា​​​សមាជិក​​​អាស៊ាន​​​នោះ ​លោកស្រី យូយន់ បាន​​​មាន​​​ប្រសាសន៍​​​ថា ​សេច​​​ក្ដី​​​​ប្រកាស​​នេះអាច​​​​​​ប្រើ​​​ជា “ ឧបករណ៍​​​ការទូត​​​” ដើម្បី​​​ដោះ​ស្រាយ​​​ការ​​​រំលោភ​​​សិទិ្ធ​​​មនុស្ស ។

លោកស្រី យូយន់ បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា សេច​​​ក្ដី​​​​ប្រកាស​​​​នេះ អាច​​​នឹង​​​ត្រូវ​​​ប្រើ​​​​​​ដោយ​​​​​​គណៈកម្មាធិការ​​​អន្តរ​​​រដ្ឋា​ភិបាល​​​អាស៊ាន​ទទួល​បន្ទុក​សិទិ្ធ​​​មនុស្ស​​​ ហើយ​បាន​លើក​​​ឡើង​​​ពី​​​ស្ថាប័ន​​​នេះ​ដែល​រហូត​​​មក​​​ទល់​​​ពេល​​​នេះ ​មិន​បាន​​​​​​ប្រើ​​​អំណាច​​​របស់​​​ខ្លួន​​​ដើម្បី​​​សើុប​​​អង្កេត​​​ការ​​​រំលោភ​​​បំពាន​​​សិទិ្ធ​​​មនុស្ស​​​នៅ​​​ក្នុង​​​តំបន់​​​នេះ​ទេ។

លោកស្រី យូយន់ បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ទៀត​​​ថា ​ពេល​មាន​​​​សេច​​​ក្ដី​​​​ប្រកាស​​​​​នេះ​​​នៅ​​​ក្នុង​​​ដៃ​ហើយ​នោះ​ “ រដ្ឋ​​​មន្ត្រី​​​ការបរទេស​គួរ​​​តែ​​​លើក​​​ឡើង​​​អំពី​​​បញ្ហា​​​នានា​​​​ពាក់​​​ព័ន្ធ​​​ទៅ​​​នឹង​​​ការ​​​រំលោភ​​​បំពាន​​​សិទិ្ធ​​​មនុស្ស”។

បញ្ហា​​​សិទិ្ធ​​​មនុស្ស​​​មួយ ​ដែល​អាស៊ាន​មើល​ឃើញ​សព្វ​ថ្ងៃ​អាច​​​ជា​​​រដ្ឋ​​​រ៉ាក​​​ឃីន (Rakhine) របស់​​​ប្រទេស​​​ភូមា ដែល​​​ប្រ​​​ជាជន​​​​មូស្លីម​​​រ៉ូហុីងយ៉ា​​​​​​ប្រហែល​​​៨០០.០០០​​​នាក់ មិន​​​ត្រូវ​​​បាន​​​ទទួល​​​ស្គាល់​​​ថា​​​ជា​​​ពលរដ្ឋ​​​ភូមា ហើយ​​​មាន​ការ​​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​​ជម្លោះ ជន​ជាតិ​ភាគ​តិច​​​​​​​ជា​​​មួយ​​​នឹង​​​ក្រុម​​​​​​ពុទ្ធសាសនិក។

កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ លោក ​ស៊ូរិន ​ពិតស៊ូវណ្ណ​(Surin Pitsuwan) អគ្គលេខាធិការ​​​អាស៊ាន ​បាន​​​​មាន​​​ប្រសាសន៍​​​ថា ​​​​​​មេដឹក​​​នាំ​​​អាស៊ាន  បាន​​​លើក​​​​ឡើង​​អំ​ពី​​​ការ​​​ព្រួយ​​​បារម្ភ​​​ ចំពោះ​បញ្ហា​​​ជន​ជាតិ​​​ភាគតិច​​​រ៉ូហុីង​​​យ៉ា ជា​​​មួយ​​​នឹង​​​លោក​​​ ថេន ​សេន(Thein Sein)ប្រធានាធិបតី​​​ប្រទេស​​​ភូមា៕

ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស