27 C
Phnom Penh

គណបក្សប្រឆាំង​បង្ហោះ​ប៉េង​ប៉ោង​អំពាវ​នាវ​សុំ​ឲ្យ​ប្រធានាធិបតី​អាមេរិក​ បារ៉ាក់​ អូបាម៉ា ជួយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញគណ​បក្សសមរង្សុី​​ បាន​បង្ហោះ​ប៉េង​បោ៉ង​រាប់​ពាន់​ចេញ​ពី​ទី​តាំង​មួយ​ចំនួន​នៅ​ជំុ​វិញ​រាជធានី​ភ្នំពេញ​ ដើម្បី​អំពាវ​នាវ​សំុ​ជំនួយ​ពី​លោកបារា៉ាក់​ អូបាម៉ា (Barack Obama)ប្រធា​នាធិបតី​សហ​រដ្ឋអាមេរិក​ ដែល​បាន​អញ្ជើញ​មកដល់​រាជ​ធានី​ភ្នំពេញ​ កាល​ពី​ល្ងាច​ម្សិលមិញ។

នៅ​កាច់​​ជ្រុង​មួយ​នៃទីធ្លា​អតីត​ទីស្នាក់​ការ​ ​​ដែល​គេ​ទុក​ចោល​​មាន​សុទ្ធ​តែ​​ធូលី​របស់​គណ​បក្សសមរង្សុីនៅ​តាម​បណ្តោយ​មហា​វិថី​សុធារស មនុស្ស​ពីរនាក់ដែល​មាន​កំប៉ុង​​​ហ្គាសនៅ​ជុំវិញ​ខ្លួន​កំពុងសប់​ប៉េងប៉ោង​ទាំង​​អស់​កម្លាំង និងធុនទ្រាន់ ខណៈដែល​អ្នក​ស្ម័គ្រចិត្តជា​ច្រើន​នាក់​ទៀត​ កំពុង​រវល់​ចង​ស្លាកសញ្ញាភ្ជាប់​​នឹង​ប៉េង​ប៉ោង​ទំាំង​នោះ។

ស្លាកសញ្ញាខ្លះ​ គឺ​ជា​រូប​ថត​របស់​លោក​ អូបាម៉ា ដែល​​​​​​មាន​​សរសេរ​អក្សរ​ “ អេស​អូ​អេស​” (SOS)។​ បដាខ្លះ​ ដែល​ចង​ភ្ជាប់​នឹង​ចង្កោម​ប៉េងប៉ោង​នោះ ​មាន​ខ្លឹមសារដូច​ជា “ យើង​ត្រូវ​ការ​សេរី​ភាព​។សូម​ដោះលែង​អ្នក​ទោស​នយោបាយ។កម្ពុជា​គ្មាន​យុ​ត្តិ​ធម៌​ទេ។​ លោកអូបាម៉ាយើង​ត្រូវ​ការ​ជំនួយ​របស់​លោក។យើង​ត្រូវ​ការ​សិទ្ធិ​មនុស្ស​ពេញ​លេញ។ សូម​ស្វាគមន៍លោកអូបាម៉ា​ ដែល​បាន​មក​កាន់​​ប្រទេស​​គ្មាន​សិទ្ធិ​មនុស្ស​នេះ​” និង​ “ សូម​ជួយ​ពួក​យើងផង”។

នៅ​ឯទីស្នាក់​ការ​ថ្មី​របស់​គណបក្ស សមរង្សុីក្នុង​សង្កាត់​ចាក់​អង្រែក្រោម​ ខណ្ឌ​មានជ័យ​ រាជធានីភ្នំពេញលោកស្រី​ មូរសុខហួរតំណាង​​រាស្រ្តគណបក្ស សម រង្សុី បាន​សំុ​ឲ្យ​លោកអូបាម៉ា ធ្វើតាម​​ការ​លើក​ឡើង​របស់​​ក្រុម​មន្ត្រី​ក្នុង​រដ្ឋការ​របស់​លោក កាល​ពី​ថ្ងៃព្រហស្បតិ៍​ដែល​ថាបញ្ហាសិទ្ធិមនុស្ស​នៅ​កម្ពុជា​ នឹង​ត្រូវ​បាន​ដោះ​ស្រាយ​អំឡុង​ពេល​ទស្សន​កិច្ច​របស់​លោក​មក​កាន់​ប្រទេស​កម្ពុជា។

លោក​ស្រីមូរសុខហួរ ​មាន​ប្រសាសន៍ថា “ សូម​លោកអូបាម៉ា​ ប្រកាន់​ជំហរ​ដូច​ដែល​លោក​ធ្លាប់​ធ្វើ​។ ក្នុង​នាម​ជា​ប្រធា​នាធិបតី​ដែលមាន​ប្រភព​ចេញ​ពី​អាហ្វ្រិកនិង​អាមេរិកលោក​ដឹង​ហើយ​ថាត្រូវ​ធ្វើ​​យ៉ាង​ម៉េចដើម្បី​ឲ្យ​មាន​សេរី​ភាព​ និង​សិទ្ធិពេញ​លេញ​។ ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុត​មាំថា បញ្ហានេះ​នឹង​ត្រូវ​​លើក​ឡើង​។ខ្ញុំ​សូម​កោត​សរសេើរ​ដល់​គណៈ​ប្រតិភូ​របស់​លោកអូបាម៉ាចំពោះ​ការ​រៀប​ចំឲ្យ​គណ​បក្សទាំង​អស់បាន​ចូលរួមចាប់​តំាង​ពីអង្គការ​ក្រៅ​រដ្ឋាភិបាល​​​​រហូត​ដល់​គណ​​​បក្ស​​​​ប្រឆាំង​ទាំង​អស់”។

នៅ​ខាង​ក្រៅ​ទីស្នាក់​ការនា​វេលា​​​ម៉ោង​ប្រហែល​៤និង​៣០នាទី​ល្ងាច មនុស្ស​មួយក្រុម​ប្រហែល​២០នាក់​បាន​នាំ​គ្នាស្រែក​ “ លោកអូបាម៉ា! ​លទ្ធិប្រជាធិបតេយ្យ​!” មុនពេល​បង្ហោះ​ប៉េងប៉ោង​រាប់​រយ​ ដែល​នាំ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​មាន​ការងឿងឆ្ងល់​យ៉ាង​ខ្លាំង។

​នៅ​ឯបឹង​កក់​កន្លែង​បណ្តេញ​ប្រជា​ពល​រដ្ឋ​​ចេញ​នោះ​ កាល​ពីម្សិលមិញអ្នក​តវ៉ា​ប្រហែល​​៥០នាក់​បាន​នាំ​គ្នា​កាន់​រូប​ថត​ធំៗរបស់​លោកអូបាម៉ា និង​ស្លាកសញ្ញា​អំពាវនាវ​ឲ្យ​លោក​ជួយ​ដោះស្រាយ​ជម្លោះ​ដីធ្លីរបស់​ពួកគាត់។

មុន​ពេល​ដែល​យន្តហោះម៉ាក Air Force One មក​ដល់​អាកាស​យានដ្ឋានអន្តរជាតិ​ភ្នំពេញ​ នៅ​ម៉ោងប្រហែល​៥ និង​៤០ល្ងាច ​អ្នក​តវ៉ា​បាន​បង្ហោះ​ប៉េងប៉ោងប្រហែល​​២០ទៅ​៣០​ដែល​មាន​ភ្ជាប់​ដោយ​សារ​​មាន​ខ្លឹមសារ​ថា “ អាមេរិក​អាច​ជួយ​សង្គ្រោះ​យើង​” ហើយ​ “ ខ្ញុំ​ត្រូវ​ការ​ដី​”។

កាលពីព្រឹក​ថ្ងៃដដែល​នេះ​ មន្ត្រី​នគរ​បាល​​ប្រហែល​៤០នាក់​បាន​បញ្ឈប់​សមា​ជិក​ចល​នា​យុវជន​គណបក្សសមរង្សុី២០​នាក់និង​បាន​រឹប​អូស​យក​មូ៉តូ​បីគ្រឿង​។ក្រុម​នេះ​បាន​​បើក​បរ​នៅ​​ជំុវិញ​រាជធានី​ភ្នំពេញដោយ​ពាក់​អាវ​យឺតមាន​រូប​លោកអូបាម៉ា។

លោកឃឿនរ៉ើនសកម្ម​ជន​គណ​បក្ស​ប្រឆាំង​បាន​លើក​ឡើង​ថាយើង​គ្រោង​បើក​បរម៉ូតូ​តាមមហាវិថីព្រះនរោត្តម​ទៅ​កាន់​ស្ពាន​ជ្រោយចង្វា​និង​តាម​មហា​វិថី​ព្រះ​មុនី​វង្ស​។​ យើង​ចង់​ឲ្យ​លោកអូបាម៉ា​ ដឹង​ថាយើងកំពុង​ស្វាគមន៍លោក​។យើង​ចង់​ឲ្យ​លោក​ជួយឲ្យ​​​​សេដ្ឋកិច្ច​ប្រទេស​យើង​មានការ​រីកចម្រើន​”។

លោកមំុវៃនាយការិយាល័យ​នគរបាល​ចរាចរ​ណ៍​ផ្លូវ​គោក​ ខណ្ឌ​មាន​ជ័យ ​​បាន​មាន​ប្រសាសន៍ថា ក្រុម​នេះ​ត្រូវ​បាន​បញ្ឈប់​ដោយ​​សារ​ពួកគេ​មិន​គោរព​ច្បាប់​ចរាចរណ៍។

លោកបាន​មាន​ប្រសាសន៍ថា យើង​បាន​បញ្ឈប់​ពួកគេដោយ​សារពួកគេ​មិន​គោរព​ច្បាប់​ចរាចរណ៍​ ដែល​តម្រូវ​ឲ្យ​ពួក​គេ​មាន​ប័ណ្ណ​បើក​បរមានស្លាកលេខ​ មាន​កញ្ចក់​ និង​ពាក់​មួក​ការពារ​សុវត្ថិភាព​ ប៉ុន្តែពួកគេគ្មាន​ទេ។ការបញ្ឍប់ពួកគេនេះ​មិន​​ពាក់​ព័ន្ធ​ជា​មួយ​នឹង​ក្បួន​ដង្ហែ​​​របស់​ពួកគេ​ទេ៕

(រាយការណ៍​បន្ថែមដោយ Joshua Wilwohl) ​

ប្រែសម្រួលដោយហមសុផាណ្ណា​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស