28.4 C
Phnom Penh

សមាជិក​អាស៊ាន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ជំរុញ​រំហូរ​កម្លាំង​ពល​កម្ម​នៅ​ក្នុង​តំបន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​សេដ្ឋកិច្ច​មក​ពី​បណ្តា​ប្រទេស​ជា​សមា​ជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេ​យ៍ហៅ​​កាត់​ថា ​អាស៊ាន កាល​ពីម្សិល​មិញ​ បាន​ចុះ​ហត្ថ​​លេខា​លើ​កិច្ច​ព្រម​ព្រៀង​បន្ធូរ​​បន្ថយ​លក្ខខណ្ឌ​​រឹត​បន្តឹង​លើ​ចលនា​រំហូរ​ ​នៃ​កម្លាំង​ពល​កម្ម​ជំនាញ​ ដែល​នេះជា​ផ្នែក​មួយ​នៃ​ដំណើរ​ការ​ត្រៀម​ខ្លួន ​សម្រាប់​ធ្វើ​សមា​ហ​រណ​កម្ម​សហ​គមន៍​សេដ្ឋកិច្ច​អា​ស៊ា​ន ​ក្នុង​ឆ្នាំ​២០១៥​។

កិច្ច​ព្រម​ព្រៀង​ស្តីអំពី​ចលនា​នីតិ​បុគ្គល​អា​ស៊ាន ​មាន​គោល​បំណង​សម្រប​សម្រួល​ដំណើរ​ការ​វិនិយោគ​បរទេស​ ​និង​បង្កើន​លទ្ធ​ភាព​ទទួល​បាន​ការងារ​ធ្វើ​របស់​ប្រជា​ពល​រដ្ឋ​​គ្រប់​រូប​ នៅ​​បណ្តា​ប្រទេស​ជា​សមាជិក​សមា​គម​អាស៊ាន​  ដោយ​អំពាវ​នា​វ​ឲ្យ​រដ្ឋា​ភិបាល​នៃ​​ប្រជា​ជាតិ​ទាំងអស់​ព​ង្រីកវិសាល​ភាព ​​​​និង​ពង្រឹង​​គុណ​ភាព​ដំ​ណើរ​ការ​នៃ​ការ​ធ្វើ​អន្តោ​ប្រវេសន៍​​របស់​ប្រ​ជា​ពល​រដ្ឋ​ទាំង​នេះ​ ​បន្ធូរ​បន្ថយ​លក្ខខ​ណ្ឌ​​រឹត​បន្តឹង​លើ​កម្លាំង​ពល​កម្ម​ប​រទេស​ ​និង​បង្កើន​តម្លាភាព​វិនិយោគិន​ទាំង​ឡាយ​។

កិច្ច​ព្រម​ព្រៀង​នេះ ​ក៏​មាន​គោល​បំណ​ង​បង្ក​លក្ខណៈ​កាន់​តែ​ងាយ​ស្រួល​ សម្រាប់​បុគ្គ​លិក​​ថ្នាក់​គ្រប់​គ្រង​ និង​ថ្នាក់​នាយក​ប្រតិ​បត្តិ​ ​ក្នុងការ​ទទួល​បាន​ការងារ​ធ្វើ​នៅ​ក្នុង​ប្រ​ទេស​ក្នុងតំបន់​ និង​សម្រាប់​វិនិយោគិន​ ក្នុង​ការ​បើ​ក​​ការិយាល័យ​នៅ​ក្រៅប្រទេស​ផង​ដែរ​។ ​លោក ​ស៊ូរិន ​ពិត​ស៊ូវណ្ណ (Surin Pitsuwan) ​អគ្គ​លេខា​ធិការ​សមាគម​អាស៊ាន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹងថា “ ចលនា​សេរី​នៃ​កម្លាំង​ពលកម្ម​ក្នុង​តំបន់​ ​ពិត​ជា​មាន​សារ​ៈសំខាន់​ ក្នុង​ការ​បង្កើន​កិច្ច​សហ​​ប្រតិប​ត្តិការ​សេដ្ឋកិច្ច​ ​រវាង​បណ្តា​ប្រទេស​ដែល​​ជា​សមាជិក​របស់​សមាគម​អាស៊ា​ន​”។

លោក​អគ្គលេខាធិការ​សមាគម​អាស៊ា​ន​រូប​នេះ​ ​បាន​មាន​ប្រសា​សន៍​​នៅ​ក្នុង​កិច្ច​សម្ភាស​មួយបន្ទាប់​ពី​ពិធី​ចុះ​ហត្ថលេខា​បា​ន​បញ្ចប់​ថា​ “ ប្រ​សិន​បើ​អ្នក​ចង់​បោះ​ទុន​នៅ​ក្នុង​សេដ្ឋកិច្ច ​រ​វាងគ្នា​នឹង​គ្នាបន្ថែម​ទៀត​ ​អ្នក​ត្រូវ​អនុ​ញ្ញាត​​ឲ្យ​មាន​ចលនា​រំហូរ​​មនុស្ស​”។​ យោង​តាម​លោក ​លីម ហុង​ ហ៊ីន ​អគ្គ​លេ​ខា​​ធិការ​រង​សមា​គម​អាស៊ាន​ បាន​ឲ្យ​ដឹ​ងថា ​កិច្ច​ព្រម​ព្រៀង​នេះ​គឺ​ជា​​វិសាល​ភា​ព​ប​ន្ថែ​មលើ​កិច្ច​ព្រម​ព្រៀង​អាស៊ាន​​មុនៗ​ ផ្តោត​សំខាន់​ទៅ​លើ​វិស័យ​សេវាកម្ម​។

លោក​អគ្គលេខាធិការ​រង​រូប​នេះ​ បាន​ថ្លែង​ថា “ ​បច្ចុប្បន្ន​ យើង​ខិត​ខំ​ប្រឹងប្រែង​ពង្រីក​វិសាល​ភាព​ឲ្យ​គ្រប​ដណ្តប់​លើ​អ្វី​គ្រប់​យ៉ាង​នៅ​​ក្រោម​ព្រះ​អាទិ​ត្យ​ ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​រំហូរ​​នៃ​ចលនា​ប្រជាជន​ដែល​ធ្វើ​សកម្ម​ភាព​នៅ​ក្នុង​វិស័យ​ពាណិ​ជ្ជកម្ម ​​ដោះដូរ​ទំនិ​ញ ​និង​វិស័យ​វិនិយោគ​ក្នុង​សេដ្ឋកិច្ច”។

ក៏​ប៉ុន្តែ លោក​បាន​មានប្រសាសន៍​ទៀ​ត​ថា ​មិន​មែន​គ្រប់​ប្រទេស​នៅ​ក្នុង​តំបន់​នេ​ះ​ សុទ្ធ​តែ​​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ដូច​ៗ​គ្នា​ទេ ​នៅ​ពេល​​ប្រទេស​នីមួយ​ៗ​ឈានទៅ​រក​គុណភាព​​កម្លាំង​​ពល​កម្ម​របស់ខ្លួន​។ លោ​ក​​ថ្លែង​ថា “ទាក់​​ទង​ទៅ​នឹង​ធន​ធាន​ផ្សេង​ៗ​ ​ប្រទេស​នីមួយ​​ៗ​មាន​ក​ង្វះ​ខាត​​រៀង​ៗ​ខ្លួន ​ពោល​គឺ​ខ្វះ​ចំនួ​ន​​ប្រជា​ជ​ន​​​មាន​កម្រិត​ជំនាញ​ច្បាស់​លាស់​”​។

លោកចមប្រសិទ្ធ​ ទេស​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្មនៃ​ព្រ​ះរាជា​ណាច​ក្រ​កម្ពុជា ​បាន​មានប្រសាសន៍​នៅ​ក្រៅ​ពិធី​ចុះហត្ថ​លេខា​​​កាល​ពីម្សិល​មិញ​ថាព្រះរា​ជា​ណាចក្រ​កម្ពុជា​ អាច​នឹង​ទទួល​បា​ន​ផល​ប្រយោជន៍​យ៉ាង​ច្រើន​​ពី​រំហូ​រ​កម្លាំង​ពល​កម្ម​ពោរ​ពេញ​ដោយ​ចំណេះ​​ដឹង​ ​និង​ជំនា​ញ​ ដែល​ហូរ​មក​ពីក្រៅ​ប្រទេស​។ ​លោក​ទេស​រដ្ឋ​មន្ត្រី​ ​រដ្ឋ​មន្ត្រី​ក្រសួង​ពា​ណិជ្ជក​ម្ម​ ​​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា ​មានប្រ​សា​សន៍​ថា “ តាម​រយៈ​ការ​បើក​ច្រ​ក​សេដ្ឋ​កិច្ច​ទាំង​អស់​របស់​យើង​ ​សម្រាប់​វិស័​យ​សេវា​កម្ម​ ដើម្បី​ឲ្យ​​មនុស្ស​ចូល​មក​ ​ពួក​គេ​អាច​នឹង​មាន​លទ្ធ​ភាព​ធ្វើ​​អាជីវកម្ម​បាន​ ​ក៏ប៉ុន្តែ ​ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ដែរ ពួក​គេ​ក៏​នាំមក​ជាមួយ​នូវ​បច្ចេក​វិទ្យា​មក​ចែក​​ជូន​ប្រ​ជាជន​កម្ពុជា​ផងដែរ​”។

អ្នកស្រី​ សាន់​ដ្រា ​ដាមីកូ (Sandara D’A-​mico) នាយក​គ្រប់​គ្រង​ក្រុម​ហ៊ុនធន​ធាន​មនុស្ស​ អេជ​អអុីញ (HR Inc.) បាន​លើក​ឡើ​ងថា ​រំហូរ​ចូល​​នៃ​ពល​ករ​បរទេស​ដែល​មា​ន​ជំនាញ​ខ្ពស់មក​កម្ពុ​ជា​ ក៏​នឹង​បង្ហាញ​ឲ្យ​ឃើញ​ថាប្រទេស​នេះ ​ត្រូ​វ​ការ​ពង្រឹង​គុណភាព​នៃ​កម្លាំង​ពល​កម្ម​​​រប​ស់​ខ្លួន​ឯង​ផ្ទា​ល់​ផងដែរ ក្នុង​គោល​បំណង​​ពង្រឹងសមត​្ថភាព​ប្រ​កួត​ប្រជែង​នៅ​លើ​ទីផ្សារ​​ក្នុ​ង​តំបន់​”។ អ្នកស្រី​បាន​ថ្លែង​ថា “ ប្រទេស​​កម្ពុជា​នៅ​តែ​ស្ថិត​នៅ​លើ​ផ្លូវ​ដ៏វែង​ឆ្ងាយ​ ​ក្នុ​ង​​ការ​អភិវឌ្ឍ​កម្មវិធី​បណ្តុះ​បណ្តាល និង​ជំ​នាញ​បច្ចេក​​ទេស​ ដើម្បី​ឲ្យ​មាន​សមត្ថ​ភាព​ប្រកួត​ប្រជែង​នៅ​កម្រិតទីផ្សារ​​តំបន់”៕

ប្រែ​សម្រួលដោយកងសុធា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស