30.7 C
Phnom Penh

ប្រទេស​​​វៀត​​​ណាម​បង្ហាញខ្លួនជា​​​ប្រទេស​​​ទី២ ដែល​​​ជំទាស់នឹង​​​ការ​​​អះអាង​​​ថាមាន​មតិ​​​រួម​​​របស់​​​អាស៊ាន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គោល​​​ជំហរ​​​របស់​​​ប្រទេស​​​សមាជិក​​​អាស៊ាន​​​​ស្ដី​​​ព​ី​​​ជម្លោះ​​​ដែន​​​ទឹក​​​នៅ​​​ក្នុងសមុទ្រ​​​ចិន​​​ខាង​​​ត្បូង​​​​​​​មាន​​​ភាព​​​ប្រេះឆា​​​នឹង​​​គ្នា​បន្ត​​​ទៀត​​​ កាល​​​ពី​​​ម្សិលមិញ​​​ នៅ​​​ពេល​​​ប្រទេស​​​ហ្វីលីពីន​​​ បាន​​​បញ្ជាក់​​​ថា ប្រទេស​​​វៀត​​​ណាម ​​​គឺ​​​ជា​​​ប្រទេស​​​ទី​​​២ ដែល​​​ជំទាស់​​​ទៅ​​​នឹង​​​ការ​​​អះអាង​​​របស់​​​ប្រទេស​​​កម្ពុជា ​​​បានលើក​ឡើងថា ​ប្រទេស​​​​ក្នុង​​​តំបន់​​​បាន​​​ព្រមព្រៀង​​​លើ​​​មតិ​​​រួម​​​ ដោយ​មិន​​​ដាក់​​​បញ្ចូល​​​ជម្លោះ​​​ដែន​​​ទឹក​​​នៅ​សមុទ្រ​ចិន​ខាង​ត្បូងជា​​​បញ្ហា​​​អន្តរ​ជាតិ​​​នោះ។

លោក​​​ ផាម ប៊ិញមុិញ (Pham Binh Minh) រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ការ​​​បរទេស​​​វៀតណាម ​​​មិន​​​បាន​​​បញ្ជាក់​​ពីគោល​​​ជំហរ​​​របស់​​​រដ្ឋាភិបាល​ទីក្រុង​​​ហាណូយ​​​ដោយ​​​ផ្ទាល់​​​នោះ​​​ទេ​​​ ប៉ុន្តែ​​​លោក​​​បាន​​​លើក​​​ឡើង​​​ថា ជម្លោះ​​​ដែន​​​ទឹក​​​ដែល​​​​ប្រទេស​​​សមាជិក​​​អាស៊ាន​​​ចំនួន​​​បួន​​​ មាន​ដូច​​​ជា​​​ប្រទេស​​​ហ្វីលីពីន​​​ វៀត​​​ណាម​​​ ម៉ាឡេសីុ និង​​​ប្រទេស​​​ព្រុយណេ បាន​​​ជំទាស់​​​នឹង​​​ប្រទេស​​​​ចិន​​​ ត្រូវ​​​បាន​​​ចាត់​​​ទុកថាមានជាប់​ពាក់ព័ន្ធនឹង​​​ប្រយោជន៍​​​អន្តរជាតិ​​​រួច​​​ទៅ​​​ហើយ​​​ ហើយ​ឥឡូវនេះ​កំពុង​មាន​​​ការ​​​ព្រួយ​​​បារម្ភ ​​​អំពីសេរី​ភាព​​​​នៃ​​​ការ​​​ធ្វើ​​​ចរាចរណ៍​​​តាម​​​ផ្លូវ​​​ទឹក​​​ និង​​​ការ​​​រក្សា​​​ស្ថិរភាព​​​នៅ​​​ក្នុង​​​តំបន់។

លោក​​​ ប៊ិញមុិញ បានថ្លែងថា “ បញ្ហា​​​ទី​​​​១ គឺ​​​ជា​​​បញ្ហា​​​ជម្លោះ​​​ដែន​​​ទឹក​​​ បញ្ហា​​ផ្សេង​​​ទៀត​​​ គឺ​​ថា សន្តិភាព​​​ និង​​​ស្ថិរភាព​​​នៅ​​​ក្នុង​​​​តំបន់​​​ អាច​​​នឹង​​​ទទួល​​​រង​​​នូវ​​​ផល​​​ប៉ះពាល់​​​ ប្រសិន​​​​បើ​​​មាន​​​អ្វី​​​បាន​​​កើត​​​ឡើង​​​នៅ​​​សមុទ្រ​​​ចិន​​​ខាង​​​ត្បូង​​​ រីឯ​​​បញ្ហា​​​ទី​​​៣ គឺ​​​ប៉ះពាល់​​​ដល់​ការ​ធ្វើ​​​ចរា​ចរ​ណ៍​​​តាម​​​​​​​​​សមុទ្រ​​​​ឆ្លងកាត់តំបន់ដែល​​​មាន​​​ជម្លោះ​​​នេះ”។ លោក​​​​​​បាន​​​បន្ថែម​​​ថា “ ប្រសិន​​​បើ​​​យើង​​​​​​ក្រឡេក​​​មើល​​​ទៅ​​​បញ្ហា​​​នោះ​​​ យើង​​​អាចឃើញ​​​​ថា បញ្ហា​​​នោះ​​​ គឺ​​​ជា​​​បញ្ហា​​​អន្តរជាតិ​​​រួច​​​ហើយ​​​”។

ថ្លែង​​​ទៅ​​​កាន់​​​អ្នក​​​យក​​​ព័ត៌មាន​​​ កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​ នៅ​​​ឯ​​​កិច្ច​​​ប្រជុំ​​​កំពូល​​​អាស៊ាន​​​ ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ លោក​​​ កៅ គឹមហួន រដ្ឋ​​​លេខា​ធិការ​​​​ក្រសួង​​​ការបរទេស​​​កម្ពុជា​​​ បាន​​​អះអាង​ថា មេដឹកនាំ​​​ក្នុង​​​តំបន់​​​បាន​​​ព្រម​​​ព្រៀង​​​ថា ​បញ្ហា​​​​ជម្លោះក្នុងសមុទ្រ​​​ចិន​​​ខាង​​​ត្បូង​​​ គួរ​​​តែ​​​ត្រូវ​​​បាន​​​​ដោះ​​​ស្រាយ​​​តាម​​​រយៈ​​​យន្តការអាស៊ាន-​​​ចិន​​​។

ទោះ​​​បីជា​​​យ៉ាង​​​ណា​​​ លោក បេនិកណូ ​អាគី​​ណូ ​(Benigno Aquino) ប្រធានាធិបតី​​​ហ្វីលីពីន​​​ ភ្លាម​​​ៗ​​​នោះ​​​បាន​​​បដិសេធ​​​ចំពោះ​ការ​​​​អះអាង​​​នេះ ដោយ​​​បាន​​​លើក​​​ឡើង​​​​​​ថា មិន​​​មាន​​​​មតិ​​​រួម​​​លើ​​​បញ្ហា​​​នេះ​​​ទេ​​​ ដោយ​​​សារ​​​តែ​​​ប្រទេស​​​ហ្វីលីពីន ក៏​​​ដូចជា​​​ប្រទេស​​​សមាជិក​​​អាស៊ាន​​​មួយ​​​ផ្សេង​​​ទៀត ដែល​​​លោក​​​មិន​​​បញ្ចេញ​​​ឈ្មោះជឿជាក់​​​ថា ជម្លោះ​​​ក្នុងសមុទ្រ​ចិន​​​ខាង​​​ត្បូង​​​ គឺ​​​ជា​​​បញ្ហា​​​អន្តរជាតិ​​​។

លោក អាល់បឺត ដែលរ៉ូសារីយ៉ូ (Albert Del Rosario) រដ្ឋមន្ត្រីការបរទេស​​​ប្រទេស​​​ហ្វីលីពីន​​​ បាន​​​បញ្ជាក់​​​ម្ដង​​​ទៀត​​​ កាល​​​ពី​​​ម្សិល​មិញ​​​ “ ដើម្បី​​​ទទួល​​​បាន​​​មតិ​​​រួម​​​ អ្នកត្រូវ​​​​និយាយ​​​​អំពី​​​ការ​​​ព្រម​​​ព្រៀង​​​១០០ភាគ​​​រយ​​​។ យើង​​​ប្រកាន់​​​គោល​​​ជំហរ​​​ថា យើង​​​មិន​​​ព្រម​​​ព្រៀង​​​នោះ​​​ទេ​​​ ហេតុ​​​ដូច្នេះ​​​មិន​​​មាន​​​មតិ​​​រួម​​​ឡើយ”។

លោក​​​ ដែលរ៉ូសារីយ៉ូ ​​​មាន​​​ប្រសាសន៍​​​ថា  “ បើ​​​តាម​​​ការ​​​ពិត​​​ ប្រសិន​​​បើ​អ្នក​​​និយាយ​​​ អំពី​​ប្រទេស​​​វៀត​​​ណាម​​​វិញ​​​ គឺ​​​ថា ប្រទេស​​​វៀត​​​ណាម​​​ ក៏​​​មិន​​​ព្រម​​​​ដែរ។ ​​​វៀត​​​ណាម​​​បាន​​​ប្រកាន់​​​​គោល​​​ជំហរ​​​របស់​​​ខ្លួន​​​តាំង​​​ពី​​​ដំបូង​​​មក ​​​ហើយ​​​ជំទាស់​​​នឹង​​​ការ​​​យល់​​ថា មាន​​​មតិ​​​រួម​​​នោះ​​”។

នៅ​​​ពេល​​​បិទ​​​កិច្ច​​​ប្រជុំ​​​កំពូល​​​អាសីុ​​​បូព៌ា ​កាល​​​ពី​​​ម្សិលមិញ ដែល​​​ប្រទេស​​​សមាជិក​​​អាស៊ាន​​​​ចំនួន​​​១០ បាន​​​ចូល​​​រួម ក៏​​​ដូច​​​ជា​​​​​ជាមួយ​មេដឹកនាំ​​មក​​​ពី​​​សហរដ្ឋ​​​អាមេរិក​​​ ជប៉ុន​​​ ចិន​​​ឥណ្ឌា​​​ នូវែលសេឡង់ កូរ៉េខាងត្បូង និង​​​ប្រទេសអូស្ត្រាលី លោក​​​ ដែលរ៉ូសារីយ៉ូ និង​​​លោក​​​ស្រី ហ្វូ យីង (Fu Ying) អនុរដ្ឋ​​​មន្ត្រី​​​ការ​បរទេស​​​ចិន​​​ បាន​​​ធ្វើសន្និសីទ​​​កាសែត​​​​​​នៅ​​​ពេល​​​​ដំណាល​​​គ្នា​​​ ដែល​​​មាន​​​ចម្ងាយ​​​ប៉ុន្មាន​​​ម៉ែត្រ​​​ពី​​​គ្នា​​​ នៅ​​​ក្នុង​​​វិមាន​​​សន្ដិភាព​​​។

លោក​​​ ដែលរ៉ូសារីយ៉ូ បាន​​​លើក​​​ឡើង​​​ម្ដង​​​ទៀតពីគោល​​​ជំហរ​​​របស់ប្រទេស​​​ហ្វីលីពីន​ថា ខ្លួន​​​មាន​​​សិទ្ធិ​​​ប្រើប្រាស់​​​បណ្ដាញ​​​ផ្សព្វផ្សាយ​​​ ឬ​​​ក៏​​​វេទិកា​​​ណាមួយ​​​ក៏​​​បាន​​​ដែរ​​​​​​ឲ្យ​​​តែ​​​អាច​​​​​​ការ​​​ពារ​​​​ផល​​​ប្រយោជន៍​​​ជាតិ​​​របស់​​​ខ្លួន​​​បាន​​​ ហើយ​​​ការ​ដែល​​​មិន​​​ដាក់​​​​​​ជម្លោះ​​​សមុទ្រ​​​ចិន​​​ខាង​​​ត្បូង​​​ចូល​ជា​​​បញ្ហា​​​អន្តរជាតិ​​​ គឺ​​​គ្រាន់​​​តែ​​​ជា​​​ការ​​​បញ្ចេញ​​​មតិ​​​មួយ​​​ អំឡុង​​​កិច្ច​​​ប្រជុំ​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​ប៉ុណ្ណោះ​​​​ វា​​​មិន​​​មែន​​​ជា​​​មតិ​​​រួម​​​នោះ​​​ឡើយ​​​។

លោក​​​ ដែលរ៉ូសារីយូ៉ បាន​​​លើក​​​ឡើង​​​ពី​​​ការ​​​​អះអាង​​​អំពីមតិ​​​រួម​​​របស់​​​អាស៊ាន​​​ថា “ ខ្ញុំ​មិន​​​អាច​​​ពន្យល់​​​ពី​​​អ្វី​​​​​​ ដែល​​​​​​កម្ពុជា​​​​​​ធ្វើ​បាន​​ឡើយ​​​ ឬ​​​ក៏​​​មិន​​​អាច​​ពន្យល់​​​ពី​​​អ្វី​​​ ដែល​​​​​​កម្ពុជា​​​កំពុង​​​តែ​​​គិត​​​នៅ​​​ពេល​​​ខ្លួន​​​​​​បាន​​​ធ្វើ​​​អ្វី​​​នោះឡើយ​​​​”។

លោក​​​បាន​​​លើក​​​ឡើង​​​បន្ថែម​​​ថា “ វិធាន​និយាយអំពីមតិ​​​រួម​​​មាន​​​ន័យ​​​ថា យើង​​​គ្រប់​​​រូប​​​ត្រូវ​​​តែ​​​ព្រមព្រៀង​​​គ្នា​​​ទាំង​​​អស់​​​។ ជាការ​​​ពិត​​​យើង​​​មិន​​​បាន​​​ព្រមព្រៀង​​​គ្នា​​​ឡើយ​​​ហេតុ​​​ដូច្នេះ​​​​ហើយ គឺ​​​វា​​​មិន​​​មាន​​​មតិ​​​រួម​​​នោះ​​​ទេ​​​”។

លោក​​​ក៏​​​បាន​​​លើក​​​ឡើង​​​ដែរ​​​ថា មាន​​​ការ​​ផ្តល់យោបល់មួយ​​​ពី​​​ប្រទេស​​​ហ្វីលីពីន​​​ថា ប្រទេស​​​ចិន​​​ គួរ​​​តែ​​​ដក​​​ចេញ​​​នាវា​​​របស់​​​ខ្លួន​​​ចេញពី​​​ប្រជុំ​​​កោះ​​​ស្កាបារ៉ាហ្វ សូល (Scarborogh Shoal) ស្ថិត​​ក្នុង​​​ដែនសមុទ្រ​​​ចិន​​​ខាង​​​ត្បូង​​​។ ប្រទេស​​​ទាំង​​​ពីរ​​​បាន​​​ប្រឈម​មុខ​​​ដាក់​​​គ្នា​​​ ជុំវិញជម្លោះ​​​ដែន​​​ទឹក​​​នេះ​​​​​​តាំង​​​ពី​​​ខែ​​​មេសា​​​មក​​​ម្លេ៉ះ​​​​​​នៅ​​​ពេល​​​ពួក​​​គេ​​​​​​ចាប់​​​ផ្ដើម​​​បញ្ជូន​​​នាវា​​​ការពារដែនសមុទ្រ​​​ និង​​​ទាហាន​​​ជើង​​​ទឹក​​​​​​កាន់​​​ប្រជុំ​​​កោះ​​​ស្កាបារ៉ាហ្វ សូ តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា​​​ ប្រទេស​​​ហ្វីលីពីន ចាប់​​​តាំង​​​ពី​​​ពេល​​​នោះ​​​មក​​​បាន​​​ដក​​​នាវា​​​របស់​​​ខ្លួន​​​​​​ចេញ​​​ពី​​​ទី​​​នោះ​​​ហើយ​​​។

លោក​​​ស្រី ហ្វូ យីង បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​សន្និសីទ​​​ព័ត៌មាន​​​ថា ប្រទេស​​​ចិន​​​មាន​​​គោល​​​នយោបាយ​​​ យកចិត្តទុកដាក់​ចំពោះអ្នក​​​ជិត​​​ខាង​​​ខ្លួន និង​​​ពង្រឹង​​មិត្តភាព​​​ ហើយ​​​ប្រជុំ​​​កោះ​​​ស្កាបារ៉ាហ្វ សូល ដែល​​​អាច​​​ហៅ​​​បាន​​​ថា ជា​​​កោះ​​​ហ័ងយ័ន (Huangyuan) ជា​​​ភាសា​​​ចិន​​​ គឺ​​​ជា​​​ដែន​​​ទឹក​​​របស់​​​ចិន។

លោក​​​ វេ៉ន ជាបា៉វ (Wen Jiabao) នាយក​​​រដ្ឋ​​​មន្ត្រី​​​ចិន​​​ បាន​​​ឆ្លើយ​​​តប​​​ចំពោះ​​​បញ្ហា​​​នេះ​​​​​​នៅ​​​ពេល​​​មេដឹកនាំ​​​​​​នៃ​​​បណ្តាប្រទេស​​​មួយ​​​ចំនួន​​​បាន​​លើក​​​ឡើង​​​រៀងៗខ្លួន​​​។ លោក​​​ វេ៉ន ជាប៉ាវ បាន​​​មាន​​​ប្រសាសន៍​​​ថា ប្រជុំ​​​កោះ​​​ហ័ងយ័ន គឺ​​​ជា​​​ដែន​​​ទឹក​​​របស់​​​​​​ចិន​​​ ហើយ​​​មិន​​​ដែល​​​មាន​​​ជម្លោះ​​​ឡើយ​​​”។ លោក​​​ស្រី ហ្វូ យីង បាន​​​លើក​​​ឡើង​​​ទៀតថា “វិធានការណ៍ការពារ​​​អធិបតេយ្យភាព​​​របស់​​​ប្រទេស​​​ចិន​​​គឺ​​​ជា​​​វិធានការណ៍ចាំបាច់ និង​​​អនុវត្ត​​​ទៅ​​​តាម​​​ច្បាប់​​​”។

លោកស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើងបាន​​​តាំង​​​ចិត្ត​​​រក្សា​​​សន្ដិភាព​​​ និង​​​ស្ថិរភាព​​​នៅក្នុង​​​សមុទ្រ​​​ចិន​​​ខាង​​​ត្បូង​​​។ យើង​​​បាន​​​ដោះ​​​ស្រាយ​​​ដោយ​​​សមស្រប​​​ចំពោះ​​​ឧបទ្ទវហេតុ​​​ ដែល​​​មិន​​​មែន​​​បង្ក​​​ឡើង​​​ដោយប្រទេស​​​ចិន​​​​​​”។

លោកស្រី ហ្វូ​  យីង បាន​​​បន្ថែម​​​ថា “យើង​​​មិន​​​ចង់​​​​​លើ​​​កអំពី​​​ជម្លោះ​​​នេះ​​​នៅ​​​ក្នុង​​​ឱកាស​​​បែប​​​នេះ​​​​​ទេ​​​ ហើយ​​​យើង​​​ក៏​​​មិន​​​ចង់​​​សង្កត់​​​ធ្ងន់​​​ហូសហេតុ​​​ទៅ​​​លើ​​​ជម្លោះ​​ក្នុង​ដែន​​​ទឹក​​​ និង​​​ការ​​​ខ្វែង​​​គំនិត​​​គ្នា​​​នេះដែរ​​​។យើង​​​គិត​​​ថា វា​​​មិន​​​មែន​​​ជា​​​គំនិត​​​ល្អ​​​នោះ​​​ទេ​​​ ចំពោះព្យាយាមបង្ក​​​ភាព​​​តានតឹង​​​ឲ្យកាន់​​​តែ​​​ខ្លាំងឡើង​​​នៅ​​​ក្នុង​​​តំបន់​​​​​​នោះ​​​។

លោក​​​ អាគីណូ ក៏​​​បាន​​​​​​សង្កត់​​​ធ្ងន់​​​ពី​​​សារៈ​​​សំខាន់​​​នៃ​​​​​​ការ​​​កំណត់​សិទ្ធិ​​​​​​​​​ទាមទារ​​នៅ​​​ក្នុង​​​សមុទ្រ​​​ចិន​​​ខាង​​​ត្បូង​​​នេះ​​​ដែរ។ លោក​​​បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​ថា “មិន​​​ដឹង​​​ថា ពេល​​​ណា​​​ទើបរឿងរ៉ាវរបស់​​​សមុទ្រ​​​ចិន​​​ខាង​​​ត្បូង​​​ត្រូវ​​​បាន​​​បញ្ជាក់​​​ឲ្យ​​​បាន​​​ច្បាស់​​​នោះ​​​ទេ ហើយ​​​ការកំណ​ត់​តំបន់​​​ដែន​​​ទឹក​​​  អាច​​ក្លាយ​​​ជា​​​បញ្ហា​​​បន្ទាន់​​​ នឹង​​​មាន​​​សារៈសំខាន់ជាងពេលនេះទេ”៕

ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស