33 C
Phnom Penh

មន្ត្រី​សហរដ្ឋអាមេរិក​ជួប​ប្រជំុ​តុ​មូល​​សម្ងាត់ជាមួយ​ក្រុម​អង្គការ​សិទ្ធិមនុស្ស ល្បីៗ​នៅ​កម្ពុជា​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ​នៅខាង​ក្រៅ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​និង​អាសីុ​បូព៌ា​ មន្ត្រី​ជាន់​ខ្ពស់​​អាមេរិក​មួយ​រូប​ បាន​ជួប​ប្រ​ជំុ​ជា​សម្ងាត់​ជាមួយ​​បណ្តា​​​មេដឹក​នាំ​អង្គការ​សិទ្ធិ​មនុស្ស​សំខាន់ៗ​បំផុត​នៅ​​កម្ពុជា ​​​ដើម្បី​ពិភាក្សា​​អំពី​ប្រធាន​បទ​ដូច​ជា​ ដី​សម្បទាន​សេដ្ឋ​កិច្ច​​ កំណែ​ទម្រង់ប្រព័ន្ធ​តុលាការ​ និង​ការ​បោះ​ឆ្នោត​​នៅ​ពេល​ខាង​មុខ​។

អង្គការ​សិទ្ធិ​មនុស្ស​ទាំង​នោះ ​បាន​លើក​ឡើង​ថា​ លោកស្រី​ សាមន្ថា ផៅវើ (Saman​tha Power) នាយក​ជាន់​ខ្ពស់​សម្រាប់​កិច្ច​ការ​អន្តរ​ជាតិ​ និង​សិទ្ធិ​មនុស្ស​ប្រចាំ​ក្រុម​ប្រឹក្សា​សន្តិ​សុខ​ជាតិ​សហរដ្ឋ​អាមេរិកបាន​ជួប​ប្រជុំ​តុ​មូល​ជា​សម្ងាត់​ជាមួយ​តំណាង​​មក​ពី​បណ្តា​អង្គការ​នានា​ រួម​ទាំង​អង្គការ​អាដហុក លីកាដូ គណៈ​កម្មា​ធិការ​សម្រាប់​​ការ​បោះ​ឆ្នោត​ដោយ​​សេរី​ និង​យុត្តិធម៌ ហៅកាត់​ថា  ខុមហ្វ្រែល និង​មជ្ឈ​​មណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​។

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​ដែល​បាន​ចូល​រួមក្នុង​​កិច្ច​ប្រជំុ​ កាល​ពី​ម្សិលមិញនោះ​ មាន​ប្រសាសន៍​ថា ទោះ​​បី​ជា​ភាគី​សហ​រដ្ឋ​អាមេរិក​បាន​ស្នើឲ្យ​រក្សា​ការ​សម្ងាត់ចំពោះ​ខ្លឹម​សារ​ជាក់​លាក់​នៃកិច្ច​ប្រជុំ​នោះ​ក៏ដោយ​ ក៏​បញ្ហា​ទាក់​ទង​នឹង​សិទ្ធិ​មនុស្ស​មួយ​ចំនួន​​ត្រូវ​បាន​ពិភាក្សា​ផង​ដែរ​ រួម​ទាំង​ការ​បន្ត​​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ (ដែល​រដ្ឋា​ភិបាល​​បាន​ផ្អាក​កាលពី​ខែ​ឧសភា) ឯករាជ​ភាព​នៃ​ប្រព័ន្ធតុលាការ​​ ​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិនិង​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៣។

លោកវីរៈថ្លែងថាលោក​បាន​លើក​ឡើង​ពី​កង្វល់​របស់​លោក​ផ្ទាល់​អំពី​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​ដោយ​ជំទាស់​​ថា ស្ថា​ប័ន​រដ្ឋាភិបាល​មួយ​នេះ​មិន​ឯក​រាជ្យ​ពី​គណ​បក្ស​​ប្រ​ជាជន​កម្ពុជា​កំពុង​កាន់​អំណាច​​របស់​លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន​​ នោះ​ទេ។

ថ្លែង​នៅទីក្រុង​វ៉ាសីុនតោន ​​​​កាល​ពី​សប្តាហ៍​មុនលោកស្រី​ ផៅវើ​ បាន​មាន​ប្រសាសន៍ថាការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣​ ទំនង​ជា​​មិន​សេរី​និង​យុត្តិធម៌​ឡើយ។

កាល​ពីថ្ងៃអាទិត្យ ក្រសួងការ​បរ​ទេស​បាន​​ចោទប្រកាន់​លោកស្រី​​ ផៅវើ​ នៅ​ក្នុង​សេចក្តី​​ថ្លែងការណ៍​​មួយ​ថា លោកស្រី​បាន​ដើរ​តួជា​អ្នក​​នាំ​ពាក្យ​ឲ្យ​គណ​បក្ស​ប្រឆាំង​នៅ​កម្ពុជា​។

លោក វីរៈ មាន​ប្រសាសន៍បន្តថា “ ខ្ញុំ​គិត​ថាពួកគេ​ [សហរដ្ឋអាមេរិក] ចង់​ដឹង​​ព័ត៌មាន​​​អំពី​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា​ថែម​ទៀត​​។ពួកគេ​បាន​លើក​ឡើង​ថា ​សិទ្ធិមនុស្ស​ជា​បញ្ហា​មួយ​យ៉ាង​សំខាន់​ដែល​សហរដ្ឋអាមេរិក​មាន​កង្វល់​ចំពោះ​ប្រទេសកម្ពុជា​”។

លោក​ថ្លែង​បន្ត​ទៀត​ថា “ ការ​ផ្តោត​សំខាន់​​ចំពោះ​កិច្ច​ពិភាក្សា​តុមូល ​គឺ​ចង់​ជួយ​ឲ្យ​មន្ត្រី​សហ​រដ្ឋអាមេរិក​ ទទួល​បាន​ព័ត៌មាន​កាន់​តែ​ច្បាស់​អំពី​​ស្ថានភាព​នៅក្នុង​ប្រទេស​​កម្ពុជា”​។

លោក គល់ បញ្ញា នាយកប្រតិបត្តិគណៈ​កម្មាធិការ​សម្រាប់​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​ មាន​ប្រសាសន៍ថា សហ​រដ្ឋ​អាមេរិក​​បាន​ស្នើ​ឲ្យ​អ្នក​ចូល​រួម​ប្រជំុ​ទាំងអស់​កុំ​​និយាយ​​ប្រាប់​អ្នក​យក​ព័ត៌មាន​អំពី​កិច្ច​ពិភាក្សា​ជា​មួយ​លោកស្រី​ ផៅវើ​ ឲ្យ​សោះប៉ុន្តែលោក​ថ្លែង​ថាលោកមិន​បានយល់​អំពី​មូលហេតុ​នៃការ​រក្សា​​ការ​សម្ងាត់របស់​ក្រុង​វ៉ាសីុនតោន​នោះ​ទេ។ លោកមាន​ប្រសាសន៍ទៀត​ថា “ពួកគេ​ពិត​​ជា​បាន​ស្នើ​ឲ្យ​រក្សា​ការ​សម្ងាត់​មែន​។ ខ្ញុំ​មិន​អាច​​ពន្យល់់​បាន​ថា ហេតុ​អ្វី​នោះ​ទេ​…។ បើ​សិន​​ពួកគេ​មិន​ចង់​ឲ្យ​ខ្ញុំ​រក្សា​ការ​សម្ងាត់ទេ ខ្ញុំ​អាច​និយាយ​ជាមួយ​អ្នក​​ណា​ក៏​បានដែរ​”។ លោកស្រី ពង្ស ឈីវហ្គេច ប្រធាន​អង្គការ​​លីកាដូ ​បដិសេធ​មិន​ធ្វើ​សេចក្តី​អត្ថា​ធិប្បាយ​​អំពី​ប្រធាន​បទ​នៃកិច្ច​ប្រជុំ​តុមូល​ជាមួយនឹង​លោក​ស្រីផៅវើនោះ​ទេ៕

ប្រែសម្រួលដោយឃិនណៃ​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស