28 C
Phnom Penh

ក្រុម​ហ៊ុន​ Air France-KLM​ មាន​គម្រោង​ឈប់​ហោះ​ហើរ​មក​កាន់​រាជធានី​ភ្នំ​ពេញ​នៅ​ឆ្នាំ​ក្រោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាង​ក្រុម​ហ៊ុន​អាកាសចរណ៍​ អ៊ែរហ្វ្រង់​ ​​កាអិលអឹម​ (Air France-KLM)​ បាន​ឲ្យ​ដឹង​កាល​​ពី​ម្សិល​មិញ​ថា​ បន្ទាប់​ពី​ទើប​តែ​បាន​ចាប់​ផ្តើម​ការ​ហោះ​ហើរ​រវាង​ទីក្រុង​ប៉ារីស​ និង​រាជ​ធានី​​ភ្នំ​ពេញ​បាន​តែ​ពីរ​ឆ្នាំ​ប៉ុណ្ណោះ​ ក្រុម​ហ៊ុន​អាកាស​​ចរណ៍​មួយ​នេះ​មាន​គម្រោង​ឈប់​ហោះ​ហើរ​​រវាង​ទី​ក្រុង​ទាំង​ពីរ​​ក្នុង​ខែ​មីនា​ឆ្នាំ​២០១៣​ ​ដោយ​សារ​មាន​ការ​ធ្លាក់​ចុះ​នូវ​ចំនួន​អ្នក​ធ្វើ​ដំ​ណើរ។

លោក​ ហ្សូអ៊ែប​ ប្រីស​ (Joep Bruijs)​ នាយក​​ប្រចាំ​តំបន់​ទទួល​បន្ទុក​ខាង​ប្រតិបត្តិការ​ដឹក​ជញ្ជូន​ទំនិញ​របស់​ក្រុម​ហ៊ុន​ Air France-KML​ បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ពី​ទីក្រុង​បាង​កក​ថា​ “ យើង​មាន​ផែន​ការ​បញ្ឈប់​ការ​ហោះ​ហើរ​នៅ​ដំណាច់​ខែ​មីនា​ខាង​មុខ​នេះ​”។

លោក​ ហ្សូអ៊ែប​ ប្រីស​ បាន​ឲ្យ​ដឹង​ថា ចំនួន​​អ្នក​ដំណើរ​មិន​គ្រប់​គ្រាន់​ ដើម្បី​ឲ្យ​ក្រុម​ហ៊ុន​អាច​បន្ត​ដំណើរ​ការ​ជើង​ហោះ​ហើរ​ទៀត​បាន​​ទេ។​ លោក​បាន​មាន​ប្រសាសន៍​ដោយ​សំដៅ​​ដល់​សំណួរ​ជា​ច្រើន​ទៀត​ចំពោះ​លោក​ ហ៊ែវេ​ ​មូលីន​ (Herve Moulin)​ អ្នក​ចាត់​ការ​ទូទៅ​ប្រចាំ​​តំបន់​របស់​ក្រុម​ហ៊ុន​ Air France–KLM​ ដែល​មិន​អាច​ទាក់​ទង​សុំ​ការ​ពន្យល់​បាន​ដូច្នេះ​ថា “ បើ​​និយាយ​ពី​ខាង​អ្នក​ដំណើរ​វិញ​ យើង​មិន​អាច​រក​ប្រាក់​គ្រប់​ថ្ងៃ​ចំណាយ​បាន​នោះ​ទេ​”។

ក្រុម​ហ៊ុន​ Air France-KLM​ ដែល​បាន​ចាប់​ផ្តើម​បើក​ប្រតិបត្តិការ​ជើង​ហោះ​ហើរ​ពាណិជ្ជ​កម​្មមក​កាន់​ប្រទេស​កម្ពុជា​សាជា​ថ្មី​ កាល​ពី​ខែ​មីនា​ឆ្នាំ​២០១១​ បន្ទាប់​ពី​បាន​អវត្ត​ពី​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​៣៧​ឆ្នាំ​មក​ ហើយ​នា​ពេល​បច្ចុប្បន្ននេះ​ កំពុង​បើក​ការ​ហោះ​ហើរ​រវាង​ទីក្រុង​ប៉ារីស​ និង​រាជ​ធានី​ភ្នំ​ពេញ​ចំនួន​បី​ជើង​ក្នុង​មួយ​សប្តាហ៍​ ដោយ​ប្រើ​យន្ត​ហោះ​ធុន​​ប៊ូអុីង​៧៧៧​អេស​ (Boeing 777s) ចំណុះ​៣០៩​​កៅ​អុី​ ហើយ​ទៅ​ឈប់សំចត​នៅ​ក្រុង​បាងកក។

ជើង​ហោះ​ហើរ​លើក​ដំបូង​របស់​ក្រុម​ហ៊ុន​​អាកាសចរណ៍​ Air France-KLM​ គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៧៤​បាន​មក​ចុះ​ចត​នៅ​អាកាស​យាន​​ដ្ឋាន​អន្តរជាតិ​ភ្នំ​ពេញ​កាល​ពី​ថ្ងៃ​ទី​២៧​ ខែ​ មីនា​ ឆ្នាំ​២០១១​ ហើយ​ត្រូវ​បាន​ទទួល​សា្វគមន៍​យ៉ាង​​អធិក​អធមពី​សំណាក់​ក្រុម​មន្ត្រី​ជា​ច្រើន​រូប​ ដែល​បាន​លើក​ឡើង​ថា​ សេចក្តី​សម្រេច​របស់​​ក្រុម​ហ៊ុន​ Air France-KLM​ គឺ​ជា​សញ្ញា​មួយ​ ដែល​​ស្តែង​ឲ្យ​ឃើញ​ពី​ការ​ស្នើ​សុំ​ជា​លក្ខណៈ​អន្តរ​ជាតិ​​របស់​​កម្ពុជា​ដែល​មាន​ការ​កើន​ឡើង។

ព្រឹត្តិការ​ណ៍​ចុះ​ចត​ដំបូង​ត្រូវ​បាន​ចូល​រួម​ដោយ​លោក​ឧបនាយក​រដ្ឋ​មន្ត្រី​ សុខ​ អាន​នាយក​ប្រតិ​បត្តិ​ក្រុម​ហ៊ុន​ Air France-KLM​ លោក​ ភ្យែ​ ហង់រី​ ហ្គួហ្កន​ (Pierre Henri Gourgeon)​ និង​រដ្ឋលេខា​ធិការ​ក្រសួង​ដឹកជញ្ជូន​បា​រាំង​ លោក​ ​ថេរី​ ម៉ារៀនី​ (Theirry Mariani)។

លោក​ ហូ​ វណ្ឌី​ សហ​ប្រធាន​ក្រុម​ការ​ងារ​អភិវឌ្ឍ​ន៍ទេចរណ៍​រដ្ឋ​ និង​ឯក​ជន​ បាន​មាន​ប្រសា​សន៍​ថា​ លោក​មាន​ការ​ភ្ញាក់​ផ្អើល​ដែល​ទទួល​បាន​ដំណឹង​ថា​ ក្រុម​ហ៊ុន​ Air France-KLM​ នឹង​ឈប់​​ការ​ហោះ​ហើរ​មក​កាន់​រាជធានី​ភ្នំ​ពេញ​។

លោក​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា​ “​ វាគឺ​​ជា​ការ​ភ្ញាក់​ផ្អើល​សម្រាប់​ខ្ញុំ។​ យើងមាន​ក្តី​បារម្ភ​​ចំពោះ​រឿង​នេះ​ ហើយ​យើង​មិន​ចង់​ទទួល​បាន​​ដំណឹង​បែប​នេះ​ទេ​”។

លោក​ ហូ​ វណ្ឌី​ ក៏​បាន​ស្នើ​សុំ​ផងដែរ ​ដេើម្បី​ ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ក្រុម​ហ៊ុន​អាកាសចរណ៍​ផ្សេងៗ​​ទៀត​ដក​ខ្លួន​ចេញ​ពី​ប្រទេស​កម្ពុជា​ ហើយ​លោក​ស្នើ​សុំ​​ដល់​រដ្ឋា​ភិបាល​ និងក្រុម​ហ៊ុន​ អាកាស​យាន​ដ្ឋាន​កម្ពុជា​ (Cambodia Airport)​ ដែល​ជា​ប្រតិ​បត្តិករ​អាកាស​យាន​ដ្ឋាន​ជាតិ​របស់​ប្រទេស​កម្ពុជា​ឲ្យ​ធ្វើ​ការ​ងារ​រួម​គ្នា​ ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ ​ដូចជា​ការ​កាត់​បន្ថយ​ថ្លៃ​ឈ្នួល​ចុះ​ចត​ ថ្លៃ​ឈ្នួល​​ចត​ និង​ថ្លៃ​ឈ្នួល​ហោះ​កាត់​ជា​ដើម៕

ប្រែសម្រួល​ដោយ​ ហួង​ កុក​ទៀន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស