មន្ត្រីបរិស្ថានម្នាក់បានលើកឡើងកាលពីម្សិលមិញថា មានតែ៥ភាគរយប៉ុណ្ណោះនៃគម្រោងអភិវឌ្ឍន៍សំខាន់ៗជាង២.០០០ ដូចជាគម្រោងវារីអគ្គិសនី ផ្លូវផ្នល់ និងស្ពាន ដែលបានអនុម័តយល់ព្រមដោយរដ្ឋាភិបាល ចាប់ពីឆ្នាំ២០០៤ដល់ឆ្នាំ២០១១ បានធ្វើការសិក្សាពីផលប៉ះពាល់បរិស្ថាន។
ថ្លែងនៅឯសិក្ខាសាលាមួយ ក្នុងរាជធានីភ្នំពេញ ស្តីពីសេចក្ដីព្រាងច្បាប់ថ្មីមួយអំពីផលប៉ះពាល់បរិស្ថាន លោកដាញ់សេរីអនុប្រធាននាយកដ្ឋានវាយតម្លៃផលប៉ះពាល់បរិស្ថាននៃក្រសួងបរិស្ថានមានប្រសាសន៍ថាច្បាប់ស្ដីពីការការពារ បរិស្ថាននិងការគ្រប់គ្រងធនធានធម្មជាតិ ដែលបានអនុម័តនៅឆ្នាំ១៩៩៦នោះមិនមានអំណាចគ្រប់គ្រាន់ ដើម្បីធានាឲ្យក្រុមហ៊ុននានាសិក្សាពីផលប៉ះពាល់បរិស្ថានជាចាំបាច់មុនពេលចាប់ផ្តើមអនុវត្តគម្រោងនោះទេ។
លោកសេរីថ្លែងបន្ដថា “ យើងបានជួបប្រទះនូវការលំបាកជាច្រើនក្នុងការអនុវត្តច្បាប់នេះ។ចាប់ពីឆ្នាំ១៩៩៩ដល់ឆ្នាំ២០០៣មិនមានរបាយការណ៍ស្ដីពីការវាយតម្លៃផលប៉ះពាល់បរិស្ថានទេ ប៉ុន្ដែ ចាប់ពីឆ្នាំ២០០៤ដល់ឆ្នាំ២០១១… យើងទទួលបានរបាយការណ៍ស្ដីពីការវាយតម្លៃផលប៉ះពាល់បរិស្ថានពីគម្រោងចំនួន១១០គម្រោងតែប៉ុណ្ណោះ ហើយយើងគិតថា គម្រោងទាំងអស់មានចំនួន២.០០០គម្រោង”។
លោកសេរីបានឆ្លើយតបទៅនឹងសំណួររបស់លោកសំសុភីជាទីប្រឹក្សាច្បាប់នៅទីស្ដីការគណៈរដ្ឋមន្ត្រីដែលបានសួរថា ហេតុអ្វីបានជាត្រូវការសេចក្ដីព្រាងច្បាប់ថ្មីស្ដីពីការវាយតម្លៃផលប៉ះពាល់ផ្នែកបរិស្ថាន។ដោយសារច្បាប់ស្តីពីការការពារបរិស្ថានដែលរដ្ឋាភិបាលបានចេញអនុក្រឹត្យមួយកាលពីឆ្នាំ១៩៩៩ ដែលចែងថាគ្រប់រោងចក្រ ទំនប់វារីអគ្គិសនីដែលមានកម្លាំងលើសពីមួយមេហ្គាវ៉ាត់ឡើងទៅ ការរុករករ៉ែ សណ្ឋាគារធំៗ គម្រោងផ្លូវថ្នល់ដែលមានចាប់ពី១០០គីឡូម៉ែត្រឡើងទៅនិងដីសម្បទានសេដ្ឋកិច្ច ដែលមានទំហំលើសពី១០.០០០ហិកតាឡើងទៅ និងគម្រោងផ្សេងៗទៀតត្រូវតែធ្វើការសិក្សាវាយតម្លៃពីផលប៉ះពាល់បរិស្ថានមុនការចាប់ផ្តើមអនុវត្តគម្រោងរបស់ខ្លួន។
លោកសេរីថ្លែងបន្ដថា “ នៅពេលយើងយកអនុក្រឹត្យនេះមកអនុវត្ត…យើងបានរកឃើញថា គម្រោងខ្លះក្នុងចំណោមគម្រោងទាំងនោះមិនបានអនុវត្តតាមអនុក្រឹត្យនេះទេ”។ លោកបានបន្ថែមថា ភាពខ្វះចន្លោះក្នុងការអនុវត្តច្បាប់នោះមួយផ្នែក ដោយសារមិនមានការដាក់ទណ្ឌកម្មចំពោះក្រុមហ៊ុនទាំងឡាយណា ដែលមិនបានធ្វើការសិក្សាវាយតម្លៃពីផលប៉ះពាល់បរិស្ថាន។
សេចក្ដីព្រាងច្បាប់ថ្មីស្ដីពីការវាយតម្លៃពីផលប៉ះពាល់បរិស្ថានត្រូវបានពិភាក្សា កាលពីម្សិលមិញ ដើម្បីលើកឡើងឲ្យចំគោលដៅ នៃស្ថានភាពបច្ចុប្បន្ននេះ ដោយរួមបញ្ចូលការដាក់ទណ្ឌកម្មសម្រាប់ក្រុមហ៊ុននិងបុគ្គលណាដែលរកឃើញថា មិនបានសិក្សាពីផលប៉ះពាល់បរិស្ថាន។ជាឧទាហរណ៍សម្រាប់ក្រុមហ៊ុនសំណង់ និងគម្រោងវិនិយោគនានាដែលបានបញ្ចាប់ដោយមិនមានការសិក្សាពីផលប៉ះពាល់ជាមុន អាចនឹងត្រូវពិន័យរហូតដល់៥.០០០ដុល្លារ ហើយមន្ដ្រីនៅក្រុមហ៊ុនទាំងនោះអាចត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ប្រាំមួយខែ។
សេចក្ដីព្រាងច្បាប់ថ្មីនេះចែងថា “ គ្រប់គម្រោងអភិវឌ្ឍន៍ និងសកម្មភាពទាំងអស់ ទោះជាទទួលបានការអនុម័តយល់ព្រមពីក្រសួងពាក់ព័ន្ធក៏ដោយ ត្រូវតែអនុវត្តតាមច្បាប់ស្ដីពីការសិក្សាវាយតម្លៃពីផលប៉ះពាល់បរិស្ថាននេះ”។
សេចក្តីព្រាងច្បាប់ថ្មីនេះ ក៏តម្រូវឲ្យក្រុមហ៊ុននានាប្រឹក្សាយោបល់ជាមួយសហគមន៍ដែលអាចរងការប៉ះពាល់ ដោយសារគម្រោងនោះផងដែរ ហើយក្រុមហ៊ុនមានកាតព្វកិច្ចចេញផ្សាយនូវលទ្ធផលសិក្សាពីផលប៉ះពាល់ផ្នែកបរិស្ថានរបស់ខ្លួនតាមប្រព័ន្ធអីុនធើណិត។ ទោះជាយ៉ាងណាក៏ដោយ ក៏មានករណីពិសេសអាចលើកលែងចំពោះគម្រោងទាំងឡាយណាដែលរដ្ឋាភិបាលគិតថា ចាំបាច់សម្រាប់ហេតុផលនានាដូចជាសន្ដិសុខជាតិជាដើម។
សេចក្ដីព្រាងច្បាប់ថ្មីស្ដីពីការវាយតម្លៃផលប៉ះពាល់បរិស្ថានចែងថា គម្រោងរបស់រដ្ឋ ដែលអនុម័តដោយរដ្ឋាភិបាល ឬអនុម័តដោយរដ្ឋសភា ហើយដែលគិតថាជាគម្រោងបន្ទាន់ទាក់ទងនឹងបញ្ហាសន្ដិសុខជាតិ ការការពារជាតិ និងការការពារគ្រោះមហន្ដរាយ ត្រូវបានលើកលែងមិនចាំបាច់សិក្សាពីផលប៉ះពាល់បរិស្ថានទេ។
សេចក្ដីព្រាងច្បាប់នេះក៏បានស្នើឲ្យមានអនុក្រឹត្យថ្មីមួយ ដើម្បីកំណត់ដំណើរការសម្រាប់ធ្វើសេចក្តីសម្រេចថាក្រុមប្រឹក្សាយោបល់មួយណាមានលទ្ធភាពសិក្សាពីការវាយតម្លៃផលប៉ះពាល់នៅក្នុងប្រទេស។ លោកម៉ុកម៉ារ៉េតរដ្ឋមន្ត្រីក្រសួងបរិស្ថានមានប្រសាសន៍ក្នុងសុន្ទរកថានៅសិក្ខាសាលាកាលពីម្សិលមិញថា សេចក្ដីព្រាងច្បាប់ថ្មីនេះ មានសារៈសំខាន់ណាស់ ដើម្បីជៀសវាងជម្លោះរវាងសហគមន៍ និងក្រុមហ៊ុន។
ថ្លែងនៅខាងក្រៅសិក្ខាសាលាមួយកាលពីម្សិលមិញ លោកម៉ុក ម៉ារ៉េតបាននិយាយសម្រាលពីបញ្ហាជាមួយក្រមខណ្ឌច្បាប់ដែលមានស្រាប់ ប៉ុន្ដែលោកថ្លែងថាសេចក្ដីព្រាងច្បាប់ថ្មីនេះគឺជាការចាំបាច់ដោយសារសេដ្ឋកិច្ចកម្ពុជាកំពុងរីកចម្រើន យ៉ាងលឿន។ទោះជាយ៉ាងណា លោកម៉ារ៉េតបានទទួលស្គាល់ថា មានគម្រោងខ្លះមិនបានសិក្សាពីផលប៉ះពាល់បរិស្ថានទេ។
លោកថ្លែងបន្ដថា “ នេះជាបញ្ហាមួយ។ក្រុមហ៊ុនខ្លះមិនទាន់បានដឹងពីច្បាប់របស់យើងទេ។ ពួកគេមិនបានដាក់របាយការណ៍ពីការសិក្សាវាយតម្លៃពីផលប៉ះពាល់មកឲ្យយើងនៅឡើយទេ”។
លោកបានថ្លែងទៀតថា ក្រសួងបរិស្ថានបច្ចុប្បន្ននេះ កំពុងពិនិត្យមើលគម្រោងដីសម្បទានសេដ្ឋកិច្ចនៅក្នុងតំបន់ការពារតាមច្បាប់ភូមិបាលបច្ចុប្បន្ន។ លោកបញ្ជាក់ថា ក្រុមហ៊ុនណាដែលរកឃើញថា មិនបានសិក្សាពីផលប៉ះពាល់បរិស្ថានយើងនឹងលុបចោលដីសម្បទានរបស់ក្រុមហ៊ុននោះ“ ជាពិសេសដីសម្បទានសេដ្ឋកិច្ច ដែលមិនមានការសិក្សាពីផលប៉ះពាល់យើងនឹងលុបចោលដីសម្បទានសេដ្ឋកិច្ចនោះ”៕
ប្រែសម្រួលដោយឃិនណៃ