30.7 C
Phnom Penh

គ.ជ.ប.មិន​​​និយាយ​​​ ថាមាន​ទណ្ឌិត​​ប៉ុន្មាន​​​នាក់​​​ត្រូវ​​​បាន​​​លុបឈ្មោះ​​​​ចេញ​​​​​​ពី​​​បញ្ជី​​​ឈ្មោះ​​​បោះ​​​ឆ្នោត​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​គណៈកម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​​ឆ្នោត(គ.ជ.ប.)កាល​​​ពីម្សិល​​​មិញ​​​មិន​​​បាន​​​ប្រាប់​​​ថា តើមាន​​​ឈ្មោះ​​​ទណ្ឌិត​ប៉ុន្មាន​នាក់​ ក្រៅ​​​ពី​​​លោក សម រង្ស៊ី មេ​​​ដឹក​​​នាំ​គណបក្ស​​​ប្រឆាំង​​​ត្រូវ​​​បាន​​​គេ​​​លុប​​​​ឈ្មោះ​ចេញ​​​ពីបញ្ជី​​​ឈ្មោះ​​​បោះ​​​ឆ្នោត​​​នោះទេ។​​​

លោក សម រង្ស៊ី ដែល​​​បាន​​​និរទេស​​​ខ្លួន​​​ឯង​​​កាល​​​ពី​​​ឆ្នាំ​​​២០០៩​​​បន្ទាប់​​​ពី​​​ត្រូវ​​​បាន​​​ផ្ដន្ទា​ទោស​​​ឲ្យ​​​ជាប់​​​ពន្ធ​​​នាគារ​​​រយៈពេល​​​១១​​​ឆ្នាំ​​​ពី​​​បទ​​​ចោទ​​​ប្រកាន់​​​ជា​​​ច្រើន​​​ករណី ​​​ដែល​​​គេ​​​ចោទ​ថា ពាក់​​​ព័ន្ធ​​​នឹង​​​នយោបាយ​​​នោះ ត្រូវ​​​បាន​​​គ.ជ.ប. លុប​​​ឈ្មោះ​​​​​​ចេញ ពី​បញ្ជី​​​​បោះ​​​ឆ្នោតកាល​​​ពី​​​ខែ​​​មុន​។

មូល​​​ដ្ឋាន​​​នៃ​​​ការ​​​លុប​​​ឈ្មោះ​​​លោក ​សម ​រង្ស៊ី ចេញ​​​ពី​​​បញ្ជី​​​ដែល​​​បាន​​​ធ្វើ​​​ឲ្យ​​​លោក​​​លែង​​​មាន​​​លទ្ធភាព​​​ឈរ​​​ឈ្មោះ​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​ជាតិ​​​ឆ្នាំ​​​ក្រោយ​​​នោះ​​​មាន​​​លក្ខ​​​ណៈ​​​មិន​​​ច្បាស់​​​លាស់​​​ ហើយ​​​​​ដោយ​សារ​តែ​គេ​បាន​ដឹង​ពី​ការ​​​លុប​​​ឈ្មោះ​​​​ទណ្ឌិត​​​​ដទៃ​​​ទៀត​​​​​​នោះ​​ ហាក់​ដូច​ជា​ឈ្មោះ​ទាំង​នោះ​ត្រូវ​បាន​លុប​ដោយ​កម្រ​ និង​មាន​​​​ការ​រៀប​ចំ​ច្បាស់​លាស់​​ទៀត​ផង​។​​​​​​​​​​​​​​​​​​

លោក ទេព នី​​​ថា អគ្គលេខាធិការ​​​គ.ជ.ប. បាន​​​មានប្រសាសសន៍​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ​ឈ្មោះ​​​ដែល​​​ត្រូវ​​​បាន​​​លុប​​​ចេញ​​​ពី​​​បញ្ជី​​​ឈ្មោះ​​​​​​បោះ​​​ឆ្នោត​​​ក្នុង​​​ឆ្នាំ​​​នេះ​​​សរុប​​​ទាំង​​​អស់​​​មាន​​​ចំនួន​​​១៤០.០០០​​​នាក់ ក្នុង​​​នោះ​​​មាន​​​ឈ្មោះ​​​​​​ជាន់​​​គ្នា ឈ្មោះ​​​​​​ក្លែង​​​បន្លំ ឈ្មោះអ្នក​​​ស្លាប់ និង​​​ឈ្មោះ​​​អ្នក​ទោស​។​​​

លោក នី​​​ថា មិន​​​បាន​​​បង្ហើប​​​ឲ្យ​​​ដឹង​​​ទេថា តើ​​​ក្នុង​​​ចំណោម​​​ឈ្មោះ​​​ទាំង​​​១៤០.០០០​​​​នាក់​​​នោះ​​​មាន​​​ឈ្មោះ​​​​អ្នក​ទោស​ ដូច​​​ជាលោក ​សម រង្ស៊ី ​​​​​​ប៉ុន្មាន​​​នាក់​​​នោះ​ទេ​​។ លោក​​​បាន​​​មានប្រសាសន៍ថា “ខ្ញុំមិន​​​អាច​​​ប្រាប់​​​ថា តើ​​​មាន​​​ឈ្មោះ​​​​អ្នក​ទោស​​​​​ប៉ុន្មាន​​​នាក់​​​ដែល​​​ត្រូវ​​​បាន​​​លុប​​​ចេញ​​​ពីបញ្ជី​​​នោះទេ”។​លោក​​​បាន​​​បន្ថែម​​​ថា ជាធម្មតា​​​​​​​​​​​​​​​គ្មាន​​​ប្រព័ន្ធ​​​ច្បាប់​​​កំណត់​​​​ច្បាស់​​​លាស់ទេ វា​​​ស្រេចតែ​​​សមា​ជិក​​​ក្រុម​​​ប្រឹក្សាឃុំ-សង្កាត់​​​និង​​​នគរ​​​បាល​​​ទេ ​ដែល​​ជាអ្នក​​​ប្រាប់​​​​​​គ.ជ.ប.​ឲ្យ​​​លុប​​​ឈ្មោះ​​​អ្នក​ទោស​​​​ចេញ​​​ពី​​​បញ្ជី។

លោក ហ៊ី រ៉ុង ប្រធាន​​​នាយក​​​ដ្ឋាន​​​ប្រតិបត្តិ​​​ការរបស់​គ.ជ.ប. ក៏​​​បាន​​​បដិសេធ​​​មិន​​​និយាយ​​​ថា តើ​​​មាន​​​ឈ្មោះ​​​​អ្នក​ទោស​ប៉ុន្មាន​​​នាក់​​​ត្រូវ​​​បាន​​​គេ​​​លុប​​​ចេញ​​​ពី​បញ្ជី​​​ឈ្មោះ​​​បោះ​​​ឆ្នោត​​​​នោះ​ដែរ។ លោក ប្រែង សាវុធ ប្រធាន​​​គ.ជ.ប.​​​ខេត្ត​​​កំពង់​​​ធំក៏​​​មិន​​​បាន​​​​​​និយាយ​​​ថា តើ​​​ក្នុង​​​ចំណោម​​​ឈ្មោះ​​​ទាំង​​​១៧.០០០​​​នាក់​​​ដែល​​​ត្រូវ​​​បាន​លុប​​​ចេញ​​​ពី​​​បញ្ជី​​​ក្នុង​​​ឆ្នាំ​​​នេះ​​​មាន​​​ឈ្មោះ​​​​អ្នក​ទោស​​​​ប៉ុន្មាន​​​នាក់​​​នោះទេ។

លោក ម៉ែន សុថាវរិន សមាជិក​​​ព្រឹទ្ធ​​​សភា​​​គណបក្ស​​​ សម រង្ស៊ី ប្រចាំ​​មណ្ឌល​​​​កំពង់​​​ធំ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ក្នុង​​​ចំណោម​​​ឈ្មោះ​​​សកម្ម​ជន​​​​​គណបក្ស​​​ប្រឆាំង​​​ដែល​​​ត្រូវ​​​បាន​​​ផ្ដន្ទា​ទោស​ពី​​​បទ​​​​ល្មើស​ផ្សេងៗ​ទាំង​​​៥៤៧​​​ករណី​​​តាំង​​​ពី​ឆ្នាំ​​​២០០០​​​មកនោះ​​​ ​គេ​ដឹង​ថាមាន​​​តែឈ្មោះ​​​​​​​អ្នក​ទោស​១២​​​នាក់​​​ប៉ុណ្ណោះ​​​ ត្រូវ​​​បាន​​​លុប​​​ចេញ​​​​ពី​​​បញ្ជី​​​ឈ្មោះ​​​បោះ​​​ឆ្នោត។

ផ្អែក​​​​តាម​​​​ការ​​​លុប​​​ឈ្មោះ​​​តាម​​​អំពើ​​​ចិត្ត​​​នោះ​​​ លោក សុថាវរិន បានមានប្រសាសន៍​​ថា​លោក​​​ជឿ​​​ថា ឈ្មោះ​​​របស់​​​លោក សម រង្ស៊ី ក៏​​​ត្រូវ​​​បាន​​​គេ​​​លុប​​​ចោល​​​ដែរ។​​​ កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ ក្រុម​​​ប្រឹក្សា​​​ធម្មនុញ្ញ​​​បាន​​​តម្កល់​​​សេចក្ដី​​​សម្រេច​​​លុប​​​ឈ្មោះ​​​លោក ​សមរង្ស៊ី ចេញ​​​ពី​​​បញ្ជី​​​។

​​​ប្រការ​​​នេះ​​​បាន​​​ធ្វើ​​​ឲ្យ​​​អង្គការ​​​ខុម​​​ហ្វ្រែល​​​​​​​​​សួរ​​​រក​​​នីត្យានុកូល​​​ភាព​​​​​​​ក្នុង​ការ​​​លុប​​​ឈ្មោះ​​​ចេញ​​​ពី​​​បញ្ជី​​​បែប​​​នេះ។ច្បាប់​​​ស្ដី​​​ពី​​​ការ​​​បោះ​​​ឆ្នោត​​​សភា​​​ដែល​​​ក្រុម​​​មន្ត្រី​​​បានលើ​​​កឡើង​​​នោះ​​​​​​​ចែង​​​ថា​ ជន​​​ដែល​​​មិន​​​ជាប់​​​ពន្ធ​​​នាគារ​​​ទើប​អាច​​​បោះ​​​ឆ្នោត​​​បាន​​​៕

​​​ប្រែ​​​សម្រួល​​​ដោយ ហម សុផាណ្ណា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស