28 C
Phnom Penh

ខួប​​​លើក​​​ទី២ នៃហេតុការណ៍​​​រត់​​​ជាន់គ្នា​​​ស្លាប់​​​​​​កន្លង​​​ទៅ​​​​ស្ងាត់​ៗ នៅ​លើ​ស្ពាន​ពេជ្រ​ ក្នុង​រាជ​ធានីភ្នំពេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល បាន​​​ចាត់​​​ទុក​​​ឧបទ្ទ​វហេតុ​​​នៃ​ការ​​​​ផ្អើល​រត់​​​ជាន់​​​គ្នា​​​ស្លាប់ ថា​​​ជា​​​ការ​​​បាត់​​​បង់​​​ជីវិត​​​​​​មនុស្ស​​​ដ៏​ច្រើន​​​បំផុត​​​នៅ​​​ប្រទេស​​​កម្ពុជា​​​ចាប់​​​តាំង​​​ពី​​​ការ​​​ដួល​​​រលំ​​​នៃ​​​របប​​​ខ្មែរ​​​ក្រហម​​​ជាង​​​បី​​​ទសវត្សរ៍​​​កន្លង​​​មក​​​នេះ។នៅ​​​ថ្ងៃ​​​ទី​២២ ខែ​​​វិច្ឆិកា ឆ្នាំ​​​២០១០ ​អ្នក​ដើរ​កម្សាន្ដ​ពេល​​​​បុណ្យ​​​អំុទូក​​​ចំនួន​​​៣៥៣​​​នាក់ ភាគ​​​ច្រើន​​​ជា​​​យុវជន​​​ និង​​​យុវនារី​​​មក​​​ពី​​​បណ្ដា​​​ខេត្តបាន​​​ស្លាប់​​​​​​ដោយ​​​សារ​​​ការ​​​ថប់​​​ដង្ហើម នៅ​​​ក្នុង​​​​គំនរ​សាក​សពដែល​គរ​លើ​គ្នា​​​​​​​នៅ​​​លើ​​​ស្ពាន​​​កោះពេជ្រ​ក្នុង​រាជធានី​​​ភ្នំពេញ ឬក៏បាន​​​ស្លាប់​​​ដោយសារ​​​មនុស្ស​​​រត់​​​ជាន់​​​គ្នា​​​ប្រសេច​​​ប្រសាច​​​​នៅ​ពេល​នោះ។

ប៉ុន្តែ កាល​​​ពី​​​ម្សិល​​​មិញ រយៈ​​​ពេល​​​ពីរ​​​ឆ្នាំ​​​គត់​ខួប​​​នៃ​​​ការ​​​រត់​​​ជាន់​​​គ្នា​​​ស្លាប់​​​នៅ​​​ថ្ងៃ​​​នោះ​បាន​​​​កន្លង​​​ទៅ ​​​ដោយ​​​ការ​​​ធ្វើ​​​មិន​​​ដឹង​​​មិនឮ​​​របស់​​​រដ្ឋា​ភិបាល។ពេញ​​​មួយ​​​ព្រឹក​​​នេះ អ្នក​​​កាន់​​​ទុក្ខ​​​មួយ​​​ចំនួន បាន​​​ដើរ​នៅ​​​ក្បែរ​​ចេតិយ ​ដែលបាន​​​កសាង​​​​​​​នៅ​​​កន្លែង​​​កើត​​​ហេតុ​​​នេះ​​​កាល​​​ពី​​​ឆ្នាំ​​​មុន ដើម្បី​​​​​សែន​ព្រេន​ឧទ្ទិស​​​​ដល់​​​ព្រលឹង​​​របស់​​​​សាច់​ញាតិ​ ដែល​បាន​​​ស្លាប់។​​​នៅ​​​មុន​​​ពេល​​​ថ្ងៃ​​​លិច សមាជិក​​​៤០​​​នាក់​​​របស់​​​ចលនា​​​យុវជន ​​​មក​​​ពី​​​គណបក្ស​​​សមរង្សុី បាន​​​រៀប​​​ចំ​ការ​​​បួង​​​សួង ដោយ​​​លុតជង្គង់​​​នៅ​​​ពី​​​មុខ​​​ចេតិយ​​​នេះ ខណៈ​​​ព្រះសង្ឃ ប្រោះ​​​ព្រំ​​​ទឹក​​​​មន្ដ។

ក្រុម​​​អ្នក​​​រៀប​​​ចំពិធី​​​នេះ បាន​​​និយាយ​​​ថា ​រដ្ឋាភិបាល ដែល​​​ត្រូវ​​​បានមនុស្ស​​​មួយ​​​ចំនួន​​​​​​បន្ទោស​​​ថា មិន​​​បាន​​​​គ្រប់គ្រង​ក្រុម​​​​​​​​មនុស្ស​​​ដ៏​​​ច្រើន​​​នៅ​​​ថ្ងៃ​​​នោះ មិន​​​គួរ​​​បំភ្លេច​​​ថ្ងៃ​​​នេះ​​​ទេ។ លោក សួង សុភ័ណ ដែលជា​​​ប្រធាន​​​ចល​​​នា​​​យុវជន​​​របស់​​​គណបក្សប្រឆាំង​​​នេះ ​មាន​​​ប្រសាសន៍​​​ថា “ នេះជា​​​ការ​​​បង្ហាញ​​​​ឲ្យឃើញយ៉ាង​​​ច្បាស់​​​ថា រដ្ឋាភិបាល បាន​​​និង​​​កំពុង​​​​ព្យាយាមបំភ្លេច​​​ហេតុការណ៍​​​នេះ និង​​​មាន​​​បំណង​​​បិទបាំង​​​បញ្ហា​​​ទាំង​​​នេះ។វា​​​ជា​​​ការ​​​បង្ហាញ​​​ឲ្យ​​​ឃើញ​​​យ៉ាង​​​ច្បាស់​​​ថា រដ្ឋា​ភិបាល​មិន​​​ចាប់​​​អារម្មណ៍​​​ចំពោះ​​​បញ្ហា​​​នេះទេ”។​ប៉ុន្តែ យើង​​​ចាំបាច់ ​​​ត្រូវ​​​រំឭក អំពី​​​ហេតុ​​​ការណ៍​​​នេះ ហើយ​​​យើង​​​មក​​​ជា​​​រៀង​​​រាល់​​​ឆ្នាំ” ។

លោក ឡុង ឌីម៉ង់ អ្នក​​​នាំ​​​ពាក្យ​​​សាលា​​​រាជ​ធានី​​​ភ្នំពេញ មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​បាន​​​​ដឹង​​​ទេថា​​​ហេតុ​​​អ្វី អាជ្ញាធរ សម្រេច​​​ចិត្ត​​​មិន​​​រៀប​​​ចំ​​​ពិធី​​​រំ់ឭក​​​វិញ្ញាណក្ខន្ធ​​​នៅ​​​ឆ្នាំ​​​នេះ​​​។ រយៈ​​​ពេល​​​ប៉ុន្មាន​​​ថ្ងៃ​​​បន្ទាប់​​​ពី​​​​​​ហេតុ​​​ការ​​​ណ៍​​​នៃ​​​ការ​ផ្អើល​រត់​​​ជាន់គ្នា​​​ស្លាប់​​​នេះ ក្រុម​​​មន្ត្រី​​​នគរ​​​បាល​​​ បាន​ទទួល​ស្គាល់​​​​ពី​​​ការ​​​ខ្វះចន្លោះ​មួយ​ចំនួន​ក្នុង​​​​​​​ការ​​​គ្រប់​​​គ្រង​​​​ក្រុម​​​​មនុស្ស​​​ ដែល​​​បាន​​​មក​​​ផ្ដុំ​​​គ្នា​​​យ៉ាង​​​កក​​​កុញ​​​​​​នៅ​​​កោះ​​​ពេជ្រ​​​នា​យប់​​​នោះរួម​ទាំង​ការ​ខ្វះ​កម្លាំង​នគរ​បាល​ផង​ដែរ។ក្រុម​​​មន្ត្រី​​​នគរបាល​​​ទាំង​​​នោះ ក៏​​​បាន​​​បន្ទោស​​​ម្ចាស់​​​កោះ​​​នេះ ​គឺ​ក្រុម​ហ៊ុន​​​​សារជីវ​កម្ម​​វិនិយោគ​​​ទុន​​​​​​កម្ពុជា ក្រៅប្រទេស (OCIC)ដែល​​​បាន​​​បន្ទោស​​​សាលា​​​រាជធានី​​​វិញ។​ប៉ុន្តែ​ ពេលគណៈកម្មាធិការ​​​ពិសេស​​​ត្រូវ​​​បាន​​​បង្កើត​ឡើង​​​​​​ដោយ​​​​​​មិន​​​រាប់​​​បញ្ចូល​​​​​​មន្ត្រី​​​រដ្ឋា​​​ភិបាល​​​នោះបាន​​​បិទ​​​ការ​​​សើុប​​​អង្កេត​​​របស់​​​ខ្លួន​​​ចំពោះ​​​ហេតុ​​​ការណ៍​​​នេះ បន្ទាប់​​​ពី​​​រយៈ​​​ពេល​​​មួយ​​​សប្ដាហ៍​មក លោក​ ហុ៊ន សែន បាន​​​​សម្រេច​​​ថា គ្មាន​​​អ្នក​​​ណា​​​ម្នាក់ ជាប់​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​បញ្ហា​​​នេះ​​​ទេ។ លោកបានមាន​​​ប្រសាសន៍​​​នៅ​​​ពេល​នោះ​​​ថា “ គ្មាន​​​នរណា​​​ម្នាក់​​​​​​ត្រូវ​​​ស្ដី​​​បន្ទោស​​​​​​ចំពោះ​​​ហេតុ​​​ការណ៍​​​​ផ្អើល​រត់​​​ជាន់​​​គ្នា​​​ស្លាប់​​​ដែល​​​មិន​​​នឹក​​​ស្មាន​​​ដល់​នេះ​ទេ​”។

របាយការណ៍​​​របស់​​​គណៈកម្មាធិការ​​​នេះ​ដែល​​​មិន​​​បាន​​​ផ្សព្វ​​​ផ្សាយ​​​ជា​​​សាធារ​​​ណៈ បាន​​​សន្និដ្ឋាន​​​ថា ហេតុ​​​ការណ៍​​​ផ្អើល​​រត់​​​ជាន់​​​គ្នា​​​ស្លាប់​​នេះ​បាន​​​កើត​​​មាន​​​ឡើង​​​ពេល​​​មនុស្ស​​​ខ្លះ​​​ក្នុង​ចំណោម​​​​​មនុស្ស​ទាំង​នោះ​បាន​​​ស្រែកខ្លាំងៗ​​​ថា ស្ពាន​នេះ​​​​យោល​យោគ​ជិត​​​បាក់​​​​ហើយ​។

បន្ទាប់​​​មក​​​សាលារាជធានី បាន​​​​វាយ​កម្ទេច​​​​ស្ពាន​​​នេះ​​​​​ចោល ហើយ​​​បាន​​​សាង​​​សង់​​​ស្ពាន​​​ថ្មពីរ មួយ​​​នៅ​​​កន្លែង​​​​​​ស្ពាន​​​ចាស់។ ប៉ុន្តែ កិច្ច​​​ខិតខំ​​​ប្រឹង​​​ប្រែង​​​ជា​​​លើក​​​ទី២​​​របស់​​​សមាជិក​​​សភា​​​​​​​​​មក​​​ពី​​​គណ​​​បក្សប្រឆាំង​​​ឲ្យ​​​មាន​​​ការ​​​សើុប​​​អង្កេត​​​ដោយ​​​ឯករាជ្យ​​​ចំពោះ​​​មូល​​​ហេតុ​​​នៃ​​​ហេតុ​​​​ការណ៍​​​​ផ្អើល​រត់​​​ជាន់​​​គ្នា​​​​នេះ​ ត្រូវ​​​បាន​​​​​​បដិសេធ ដោយ​​​គណបក្ស​​​​កាន់​​​អំណាច។

លោកស្រី មូរ សុខហួរ សមាជិក​​​សភា​​​មក​​​ពី​​​គណបក្សប្រឆាំង ដែល​​​បាន​​​ចូល​​​រួម​​​​​​នៅ​​​ក្នុង​​​ពិធី​​​បួង​​​សួង​​​កាល​​​ពី​​​រសៀល​​​ម្សិល​​​មិញ មាន​​​ប្រសាសន៍​​​ថា “ អ្នកជាប់ពាក់ព័ន្ធ គឺ​ស្នង​ការនគរ​បាល លោក កែប​​​ ជុតិមា អភិបាល​​​រាជ​​​ធានី។ យ៉ាង​​​ហោច​​​ណាស់​​​ក៏​​​លោក អភិបាលរាជធានី​មក​ទី​នេះ​ដែរ​នៅ​​​ថ្ងៃ​​​នេះ”។

លោក តាំង វេង​​​គី ដែល​​​បាន​​​បាត់​បង់​​​​កូន​​​ប្រុស​​​អាយុ១៦​​​ឆ្នាំ ឈ្មោះ តាំង មូនី នៅ​​​ក្នុង​​​ហេតុ​​​ការណ៍​​​រត់​​​ជាន់​​​គ្នា​​​ស្លាប់​នេះ​បានបន្ទោស​​​​ម្ចាស់​​​កោះឯកជន​​​នេះ។ “ ខ្ញុំ​​​ចង់​​​ឲ្យ​​​រដ្ឋាភិបាល ដាក់​​​ទណ្ឌកម្ម​​​​​​ម្ចាស់​​​កោះ​​​ពេជ្រ​​​នេះ ពី​​​ព្រោះ កូន​​​របស់​​​ខ្ញុំ បាន​​​ស្លាប់​​​នៅ​​​លើ​​​ស្ពាន ហើយ​​​ពួក​​​គេ​​​ជា​​​អ្នក​​​ទទួល​​​ខុស​​​ត្រូវ” នេះជា​​​ការ​​​លើក​​​ឡើង​​​របស់​​​លោក ​វេង គីដែលមក​​​​​​បួង​​​សួង​​​នៅ​​​ចេតិយ​​​រំឭក​វិញាណ​​ក្ខន្ធ​​​នេះ ជា​​​មួយ​​​នឹង​​​ធូប​​​ និង​​​ផ្កា​​​មួយ​​​បាច់។

លោកបន្ដ​​​​ថា “ ខ្ញុំមក​​​​​​ដើម្បី​​​រំឭក​​​ដល់​​​កូន​ប្រុស​​​​ជា​​​ទី​​​ស្រឡាញ់ វាជា​​​ការ​​​ចាំ​បាច់​ណាស់​​​សម្រាប់​​​ខ្ញុំ​​​​ក្នុង​ការ​ធ្វើ​​​ការ​​​រំឭក​​​នេះ។​ខ្ញុំមិន​នឹក​ស្មាន​ថា កូន​​​ប្រុស​​​របស់​​​ខ្ញុំ​​​ស្លាប់់​​​នៅ​​​លើ​​​ស្ពាន​​​នេះ​​​ទេ”៕

ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស