31 C
Phnom Penh

លោក ហ៊ុន សែន ៖ នៅ​ប្រទេសកម្ពុជាគ្មាន​អ្នក​ទោស​នយោបាយ​​​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃ​សុក្រ​ លោក​នាយក​រដ្ឋ​មន្ត្រី​​ហ៊ុន សែន ​បាន​បញ្ជាក់​​ពី​ជំហររបស់​លោក​ថា​​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​គ្មាន​អ្នក​ទោស​នយោ​បាយ​ទេ​​​ ចំណែកឯប្រ​ព័ន្ធ​តុលាការ​​កម្ពុជា​គឺ​ឯក​រាជ្យ​ ដោយមិន​មាន​ការ​ជ្រៀត​ជ្រែក​ពី​នយោ​បាយ​ឡើយ ហើយ​បាន​ចោទ​ប្រកាន់​មនុស្ស​ ដែល​លោក​មិនបញ្ចេញ​ឈ្មោះថា​ បង្ខំ​លោកឲ្យរំលោភ​ច្បាប់​ ដោយ​ស្នើ​ឲ្យ​លោកដោះ​លែង​អ្នក​ទោស​ទាំង​អស់ដោយលោក​បាន​បញ្ជាក់​ថា អំណាច​នោះ​ហួស​​ពី​លទ្ធ​ភាព​​របស់​លោក​។

ថ្លែង​ទៅ​កាន់​សិស្ស​ និសិ្សតកសិករនិង​មន្ត្រី​រដ្ឋា​ភិបាល​ជាង​១.០០០​នាក់ នៅ​ឯ​ពិធី​ចែក​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​មួយ​ នៅ​ខេត្ត​ព្រះ​វិហារលោក​ ហ៊ុនសែនក៏​បាន​ថ្លែង​ប្រាប់​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​នានា និង​អ្នក​នយោ​បាយ​ថាវិវាទ​ដី​ធ្លី​អាច​នឹង​បន្ត​កើត​មាន​ ប្រ​សិន​បើ​ពួក​គេ​ធ្វើ​អន្តរា​គមន៍ ហើយ​លោក​បាន​បន្ទោស​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ថា បាន​លាប​ពណ៌​អាក្រក់ដល់​ប្រទេស​កម្ពុជា។

ដោយ​ងាក​ទៅ​ថ្លែង​អំពី​បញ្ហា​អ្នក​ទោស​នយោ​បាយ ដែល​លើក​ឡើង​ដោយ​លោក​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា (BarackObama) ដែល​បាន​ធ្វើ​ទស្សន​កិច្ច​ក្នុង​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ច័ន្ទ ក្នុង​អំឡុង​កិច្ច​ពិភាក្សា​ទ្វេ​ភាគី​ជា​មួយ​លោកនៅ​រាជ​ធានី​ភ្នំ​ពេញ លោក ហ៊ុនសែន បាន​ថ្លែង​ថា អ្នក​ទោស​​នៅ​ក្នុង​ពន្ធនា​គារ​​របស់ប្រទេស​កម្ពុជាមិន​​មាន​ការ​បែង​ចែក​ឋានៈទេ។ លោក ហ៊ុន សែន ក៏​បាន​បន្ថែម​​ថា ប្រព័ន្ធ​​តុលាការ​កម្ពុជា ដែលត្រូវ​បាន​គេ​ចោទ​ប្រកាន់​​ជា​ទូ​ទៅ​ថា ស្ថិត​ក្រោម​ឥទ្ធិ​ពល​របស់​គណ​បក្ស​កំពុង​កាន់​អំណាច​ គឺជា​តុលាការ​ឯក​រាជ្យ​ និង​​ប្រកាន់​ភ្ជាប់​តាម​ច្បាប់​។

លោកថ្លែង​ដោយ​មិន​បញ្ចេញ​ឈ្មោះ​អ្នក​ទោស​នយោ​បាយ​ចំ​ឈ្មោះ​ថា “ ដូច​ខ្ញុំ​បាន​ជម្រាប​រួច​ហើយ​ថា ប្រទេស​កម្ពុជា​មិន​មាន​អ្នក​ទោស​នយោ​បាយ​ទេ ប៉ុន្តែ មាន​អ្នក​ន​យោ​បាយ​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​មាន​ពិរុទ្ធ​ភាព​ ពី​បទ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ”។

លោក ហ៊ុន សែន ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា លោក​ត្រូវ​បាន​គេ​ជំរុញ​ឲ្យ​ធ្វើ​អន្តរា​គមន៍​ទៅ​​ប្រព័ន្ធ​តុលាការ ដើម្បី​ឲ្យ​ដោះ​លែង​អ្នក​ទោស​ទាំង​អស់។ ទោះ​ជា​យ៉ាង​នោះ​ក្តី លោក ហ៊ុន សែន មិន​បាន​បញ្ជាក់​ថា នរណា​ជា​អ្នក​ជំរុញ​ និង​ដាក់​សម្ពាធ​ឲ្យ​លោក​ធ្វើ​ដូច្នោះ​ឡើយ។ កាល​ពី​ថ្ងៃ​ច័ន្ទ លោក អូបាម៉ា បាន​លើក​ឡើង​នៅពេលជួបជាមួយលោក​នាយក​រដ្ឋ​មន្ត្រី អំពីការ​ចាំ​បាច់​​ក្នុងការ​ដោះ​លែង​អ្នក​ទោស​នយោ​បាយ។

លោក ហ៊ុន សែន បាន​ថ្លែង​បន្ត​ទៀត​ថា“ ពួក​គេ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អន្តរា​គមន៍។ មាន​សំណើ​ជា​ច្រើន​ឲ្យ​ខ្ញុំ​ធ្វើ​អន្តរា​គមន៍ ដើម្បី​ដោះ​លែង​អ្នក​ទោស​នយោ​បាយ។ បើ​ខ្ញុំ​ធ្វើ​ដូច្នោះមែន​ ខ្ញុំ​នឹង​ក្លាយជាមនុស្សដូច​គេ​ចោទ​ប្រកាន់​”។​

លោក​ថ្លែង​បន្ត​ថា “ លោកចោទ​ប្រកាន់​ខ្ញុំថា ខ្ញុំ​ជា​អ្នក​គ្រប់​គ្រង​តុលាការ​ ដែល​ជា​ស្ថា​ប័ន​មួយ​ឯក​រាជ្យ​ ធ្វើអ៊ីចឹង​ដូចជា​ឲ្យ​ខ្ញុំ​ប្រព្រឹត្តិ​ខុស​ច្បាប់​។ ពួក​គេ​ស្នើ​ឲ្យ​ខ្ញុំ​ដោះ​លែង​អ្នក​នេះ ឬ​អ្នក​ទោស​នោះ ប៉ុន្តែ​ តើ​ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាង​ណា​ បើតុលាការ​ជា​តុលា​ការ​ឯក​រាជ្យ បើយើង​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​ ត្រូវ​តុលា​ការផ្តន្ទាទោស​។មិន​មាន​នរណា​ម្នាក់អាច​​នៅពីលើ​ច្បាប់​ឡើយ​”។

ដោយលើកយកជាឧទាហរណ៍​មួយ ដើម្បី​បញ្ជាក់​ថា តុលាការ​ឯក​រាជ្យ​ លោក ​ហ៊ុន សែនបាន​កត់​សម្គាល់​ថា មន្ត្រី​រដ្ឋា​ភិ​បាល​ជាន់​ខ្ពស់​មួយ​ចំនួន​ ក្នុង​ជួរ​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ មន្ត្រី​នគរ​បាល និង​មន្ត្រី​រដ្ឋា​ភិបាល មក​ពី​គណ​បក្ស​ប្រជា​ជន​កម្ពុជា ត្រូវ​បាន​តុលាការ​ផ្តន្ទា​ទោស​និង​ដាក់​ពន្ធនាគារ​ពី​បទ​ឧក្រិដ្ឋ​ជា​ច្រើន​។

ចំពោះ​បញ្ហា​ដី​ធ្លី លោក ហ៊ុន សែន បាន​ព្រមាន​ថា ប្រសិន​បើ​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាលឬ​គណបក្ស​នយោ​បាយ​ណា​ជាប់​ពាក់​ព័ន្ធ​ជម្លោះ​ដី​ធ្លី​ អាច​នៅ​តែ​មិន​អាច​ដោះ​ស្រាយ​​បាន និង​ពិត​ជា​ជាប់​គាំង​មិន​ខាន។

លោក​ថ្លែង​បន្ត​​នៅ​ក្នុង​ពិធី​ចែក​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​ជូន​ប្រជា​ពល​រដ្ឋ​ចំនួន​៥៧៧​គ្រួសារ ដែល​មាន​ផ្ទៃ​ដី​សរុប​ចំនួន​១.៩៧៩​ហិកតាថា “ ខ្ញុំ​បាន​បញ្ជូន​សារ​ពី​ទី​នេះថា ខ្ញុំ​នឹង​មិន​អាច​ដោះ​ស្រាយ​បញ្ហា​ដី​ធ្លី​ នៅ​ពេល​ណា​ជាប់​ពាក់​ព័ន្ធ​ជាមួយ​នឹងអ្នក​នយោ​បាយ​ និង​អង្គការក្រៅ​រដ្ឋា​ភិបាល​ ឬ​គណបក្ស​នយោ​បាយ​ឡើយ​។

លោក​បាន​ថ្លែង​ទៀត​ថា “ នោះ​ហើយ​ជា​អ្វី​ដែល​ខ្ញុំ​បាន​លើក​ឡើង​ថា ពួក​គេ​គួរកំុ​​ជាប់​ពាក់​ព័ន្ធ​ជាមួយ​នឹង​នយោ​បាយ​ ប្រសិន​បើ​ពួក​គេ​ចង់​ឲ្យ​ខ្ញុំ​ដោះ​ស្រាយ​បញ្ហា​វិវាទ​ដី​ធ្លី​នោះ​”។ ដោយលើកឡើង​អំពី​ ការ​ថ្លែង​សុន្ទរកថា​ដ៏​វែង​របស់​លោក លោក​ក៏​បាន​ស្តី​បន្ទោស​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា មិន​បាន​ផ្សាយ​អំពី​សមិទ្ធ​ផល​របស់​រដ្ឋា​ភិបាល ក្នុង​ការ​ចែក​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លីដល់​ប្រជា​ពល​រដ្ឋ​​​ទេ គឺ​និយាយ​តែ​រឿងអាក្រក់​ដើម្បីបង្ខូច​កិតិ្តយសប្រទេស​កម្ពុជា​ នៅ​លើ​ពិភព​លោក​។

លោកបាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ ខ្ញុំ​បាន​ប្រាប់​ [អ្នក​ទេស​ចរ​បរទេស] ថា នៅ​ប្រទេស​កម្ពុជា​មាន​ពីរបែប ទី​១​ប្រទេស​កម្ពុជានៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ប្រទេស​កម្ពុជា​មួយ​ទៀត​ គឺ​ជា​ប្រទេស​កម្ពុជា​ពិត​ប្រាកដ។ ប្រទេស​កម្ពុជា នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ គឺ​ជា​ឋាន​នរក​ ហើយ​ប្រទេស​​កម្ពុជា​ពិត​ប្រាកដ​ គឺ​ជា​អ្វី​ដែល​អ្នក​បាន​ឃើញ​ គឺជា​ទី​កន្លែង​មួយ​ ដែល​មិន​មាន​ការ​ហាម​ឃាត់​ ក្នុង​ការ​ធ្វើ​ដំណើរឡើយ​”។​

លោក ឡៅ ម៉ុង​ហៃ អ្នក​វិភាគ​នយោ​បាយ​​ឯក​រាជ្យ​ បាន​មាន​ប្រសាសន៍​ថា របាយ​ការណ៍​របស់លោក​ សុរិយា ស៊ូបេឌី ប្រេសិត​ពិសេស​របស់​អង្គការ​សហ​ប្រជា​ជាតិ​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដែល​បាន​លើក​ឡើង​អំពី​វិវាទ​ដី​ធ្លី​ ការបំបិទសិទ្ធិ​សេរី​ភាព​​ក្នុង​ការ​បញ្ចេញ​មតិ និង​ទាមទារឲ្យធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​ ក៏​បាន​បញ្ជាក់​អំពី​ចំណុច​ខ្សោយ​នៃ​ប្រព័ន្ធ​តុលាការ​ផង​ដែរ ដោយ​លោក​​បាន​បញ្ជាក់​ថា ស្ថិត​ក្រោម​ឥទ្ធិពល​អ្នក​មាន​ប្រាក់​ និង​អ្នក​​មាន​អំណា​ច​។

លោក​ថ្លែង​បន្ត​ថា “ នៅ​ពេល​ណា​ប្រព័ន្ធ​តុលាការ​ ស្ថិត​នៅ​ក្រោម​អំណាច​អ្នក​នយោ​បាយ​ សំណុំរឿងទាំង​ឡាយ​ និងអ្នកត្រូវ​បាន​តុលាការ​ផ្តន្ទា​ទោស​ គឺ​ពិត​ជា​ទាក់​ទង​នឹង​រឿង​នយោ​បាយ​។ ដូច្នោះ​គេ​គឺ​ជា​អ្នក​ទោស​នយោ​បាយ​ ពី​ព្រោះ​តុលាការ​ជា​ស្ថាប័ន​មួយ​ ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​អ្នក​នយោ​បាយ​ ដើម្បី​បំបិទ​មាត់​គូ​ប្រជែង​ ឬ​អ្នក​នយោ​បាយ​ប្រឆាំងផ្សេង​ទៀត”៕

ប្រែ​សម្រួល​ដោយ ឃិន ណៃ​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស