27 C
Phnom Penh

អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​សកម្មជន​៖ ខ្លួន​​នៅ​តែ​បន្ដ​ការងារ​តស៊ូមតិ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​សិទ្ធិ​មនុស្ស​បាន​លើក​ឡើង​ថា​ ខ្លួន​​នឹង​បន្ដ​ត​ស៊ូ​មតិ​នៅ​ក្នុង​​ករណី​បណ្ដេញ​ចេញ​ និង​ការ​ចាប់​យក​ដី ហើយ​អ្នក​ភូមិ​ ដែល​ពាក់​ព័ន្ធ​នឹង​ជម្លោះ​ទាំង​នេះ​បាន​លើក​ឡើង​ថាពួក​គាត់​នឹង​បន្ដ​ស្វែង​រក​ជំនួយ​ពី​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ ថ្វីបើ​មាន​ការ​ព្រមាន​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែនឲ្យ​អង្គការ​សង្គម​ស៊ីវិល​នៅ​​ឲ្យ​ឆ្ងាយ​ពី​បញ្ហា​បែប​នេះ​ក្ដី​។

ថ្លែង​នៅ​ក្នុង​ពិធី​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី   កាល​ពី​ថ្ងៃ​សុក្រ​ លោកហ៊ុន​ សែនបាន​​ធ្វើ​​ការ​​ព្រមាន​ដល់​អ្នក​ភូមិ​កុំ​ឲ្យ​យក​ជម្លោះ​ដី​ធ្លី​​ធ្វើ​ឲ្យ​​ពាក់​ព័ន្ធ​នឹងបញ្ហា​​នយោបាយ​ ឬក៏​ធ្វើ​ឲ្យ​បញ្ហា​នេះ​កាន់​តែ​ធំ​ឡើង។ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែនបាន​មាន​ប្រសាសន៍ថា “ ខ្្ញុំ​នឹង​មិន​ដោះ​ស្រាយ​ បញ្ហា​ដី​ធ្លី​ទេ នៅ​ពេល​ណា​មាន​​អ្នក​នយោ​បាយ ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឬ​គណបក្ស​នយោបាយចូល​មក​ពាក់​ព័ន្ធ​”។

លោកសៀភីរម្យប្រធាន​ក្រុម​ការ​ងារ​ពិសេស​សិទ្ធិ​លំនៅ​ដ្ឋាន​ បាន​លើក​ឡើង​ថាការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុនសែនគឺ​ធ្វើ​ឲ្យ​មាន​ការ​ខក​ចិត្ត​ពី​ព្រោះ​លោក​ ហើយ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផ្សេង​ទៀត​កំពុង​តែ​ធ្វើ​ការ​លើ​បញ្ហា​នេះ​ ហើយ​នឹង​បន្ដ​ធ្វើ​ការ​ងារ​នេះ​តទៅ​ទៀត​ជា​មួយ​រដ្ឋាភិបាល​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ដី​ធ្លី​ទាំង​នេះ​។

លោកភីរម្យ ​បាន​ថ្លែងបន្ថែម​ទៀត​​ថា “ ជាការ​ពិតរដ្ឋា​ភិបាល​មាន​អំណាច​ដោះ​ស្រាយ​បញ្ហា​នេះ​ ហើយនាយក​រដ្ឋ​មន្ត្រី​មាន​អំណាច និង​មាន​កាតព្វកិច្ច​ដោះ​ស្រាយ​បញ្ហា​នេះ​ ហេតុ​ដូច្នេះ​ហើយ​លោក​គួរ​តែ​គិត​អំពី​ការ​ធ្វើការ​ជាមួយ​គ្នា​”។ លោក​បាន​បន្ដ​ថាតើ​លោក​ចង់​ទូល​ភ្នំ​មួយ​​តែ​ឯង​ ឬ​លោក​គួរ​តែ​ចែក​រំលែក​ឲ្យ​គេ​ជួយ​ទូល​ភ្នំ​នេះ​”។

លោកអំសំអាត​ អ្នក​គ្រប់​គ្រង​ផ្នែក​បច្ចេក​ទេស​នៅ​ឯ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ បាន​​បញ្ជាក់​ថា​ តួនាទី​របស់​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​គឺ​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ការ​ពារ​សិទ្ធិ​​របស់​គាត់​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​។

លោក​បាន​មាន​ប្រសាសន៍​ថា “ ​យើង​មិន​ដឹក​នាំ​ពួក​គាត់​ឲ្យ​ធ្វើ​ការ​តវ៉ា​ឡើយ”។ អ្នក​ស្រី​ ច្រាយ​ នីមអាយុ៣៤ឆ្នាំតំណាង​​សហគមន៍​ថ្មគោល​ ដែល​កំពុង​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ​ពី​ផ្ទះ​នៅ​ក្បែរ​បរិវេណ​របង​​អាកាស​យាន​ដ្ឋាន​អន្ដរជាតិ​ភ្នំពេញ​ បាន​និយាយ​ថា គេ​មិន​ចាំ​បាច់​ត្រូវ​ការ​អង្គការ​ក្រៅ​រដ្ឋាភិបាលនោះ​ទេ ប្រសិន​បើ​រដ្ឋាភិបាល​អាច​​ដោះ​ស្រាយ​បញ្ហា​បែបនេះ​បាន​នោះ។ អ្នក​ស្រី​​បន្ដ​ទៀត​ថា “ ​ប្រសិន​បើ​អាជ្ញា​ធរ​​ដោះ​ស្រាយ​បញ្ហា​របស់​អ្នក​ភូមិ​នៅ​ពេល​កើត​ឡើង​ យើង​នឹង​មិន​ត្រូវ​ការ​ស្វែង​រក​ជំនួយ​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឡើយ”។

អ្នក​ស្រី​ ច្រាយនីម ​លើក​ឡើង​ថា“​គ្មាន​​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ឬក៏​អ្នក​នយោបាយ​ណា​នៅ​ពី​ក្រោយ​ករណី​របស់​យើង​ឡើយ​ អង្គការ​ក្រៅ​រដ្ឋាភិបាល​គ្រាន់​តែ​ជួយ​យើង​នូវ​​ជំនួយ​ផ្នែក​ច្បាប់​ ហើយ​ពួក​គេ​បាន​ជួយ​អប់​រំ​យើង​អំពី​ច្បាប់​ភូមិបាល​ និង​ការ​តវ៉ា​ដោយ​គ្មាន​អំពើ​ហិង្សា​តែប៉ុណ្ណោះ​”។

អ្នក​ស្រីហេងមុំ​ អ្នក​ភូមិ​មក​ពី​សហគមន៍​បឹង​កក់​ជា​ទី​ដែលអ្នក​ភូមិ​រាប់​ពាន់​នាក់​ត្រូវ​បាន​បណ្ដេញ​ចេញ​​បាន​លើក​ឡើង​ថាគ្មានអង្គការ​ក្រៅ​រដ្ឋាភិបាល​ ឬក៏​អ្នក​នយោបាយ​ណាមួយ​នៅ​ពី​ក្រោយ​ការ​តវ៉ា​​ ដើម្បី​ដី​ធ្លី​របស់​ពួក​គាត់​ឡើយ​។

អ្នក​ស្រី​បាន​និយាយ​ថា”​ខ្ញុំ​ចង់​ផ្ញើ​សារ​ទៅ​កាន់​សម្ដេច​ ហ៊ុនសែនថាយើង​មិន​មែន​កំពុង​ធ្វើ​ការ​ ដើម្បី​បម្រើ​ប្រយោជន៍​នយោបាយ​របស់​នរណាមួយ​ឡើយ​ យើ​ង​ធ្វើ​ការ​ ដើម្បី​សិទ្ធិ​លំនៅ​ដ្ឋាន​របស់​យើង​ និង​ដើម្បី​ការ​ពារ​សិទ្ធិ​របស់​យើង​”។

លោកផៃស៊ីផានអ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី​បាន​មាន​ប្រសាសន៍​ថាការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ កាល​ពី​ថ្ងៃ​សុក្រ​ គឺ​ចង់​សំដៅ​ទៅ​លើ​អ្នក​​ទាំង​ឡាយ​ណា​ដែលកេង​ចំណេញ​ពី​​ជម្លោះ​ដី​ធ្លី​។

លោក​បាន​ថ្លែង​ថាលោក​ [លោកហ៊ុនសែន] មិន​ចង់​ឃើញ​ជម្លោះ​ដី​ធ្លី​ត្រូវ​បាន​កេង​ចំណេញ​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​​ឡើយ​ ហេតុ​ដូច្នេះ​ហើយ​លោក​អាច​ស្វែង​រក​មធ្យោបាយ​ដ៏​ល្អ​មួយដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​។ប្រសិន​បើ​ពួក​គេ​ធ្វើ​ឲ្យ​មាន​ភាព​រញ៉េរញ័យ​បែប​នេះលោក​មិន​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​បាន​ឡើយ​។

លោកផៃស៊ីផានក៏​បាន​លើក​ឡើង​ដែរថាវាគឺជា​ការ​ខុស​ ដែល​យក​បញ្ហា​ដី​ធ្លី​មក​លាយ​ឡំ​ជាមួយ​សិទ្ធិ​មនុស្ស​ ឬក៏​ស្ដី​បន្ទោស​សកម្មភាព​របស់​បុគ្គល​ដែល​ជា​សមាជិក​គណបក្ស​កាន់​អំណាច​គឺ​គណបក្ស​​ប្រជាជាន​កម្ពុជា​ ឬក៏​មន្ត្រី​រដ្ឋាភិបាលមកលើ​ការ​ដឹក​នាំ​ ឬក៏​​រដ្ឋាបាល​របស់​លោកហ៊ុនសែន។

លោកបាន​បន្ដ​ថា”​ប្រសិន​បើ​បុគ្គល​ម្នាក់​មកពីគណបក្ស​ប្រជាជន​កម្ពុជា​ និង​មាន​បុគ្គល​ផ្សេង​ទៀត​មក​ពី​រដ្ឋាភិបាល​ធ្វើ​អ្វី​ខុស​នោះ​ យើង​មាន​ច្បាប់​សម្រាប់​បុគ្គល​នោះ​។យើង​មិន​ចង់​ឲ្យ​ពួក​គេ​ចោទ​ទៅ​លើ​រដ្ឋាភិបាល​ ឬក៏​ប្រព័ន្ធ​ទាំង​មូល​នោះ​ឡើយ”។

​ លោកផៃស៊ីផាន​ បាន​យក​តុលាការ​ខ្មែរ​ក្រហម​មក​ធ្វើ​ជា​ឧទារណ៍​ថា ​អ្នក​​នយោបាយ​កម្ពុជា​មាន​ឋានៈ​ប៉ុណ្ណា​​មិន​គួរ​ទទួល​ខុស​ត្រូវ​រាល់​សកម្មភាព​របស់​បុគ្គល​នីមួយ​ៗ​នៅ​ក្នុង​គណបក្ស​ ឬ​ក៏​មន្ត្រី​​ក្រោម​បង្គាប់​របស់​ខ្លួន​ក្នុង​ជួរ​រដ្ឋាភិបាល។

លោកផៃស៊ីផាន​ បាន​មាន​ប្រសាសន៍​ថាឧទាហរណ៍​ អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ គេ​កាត់​ទោស​​មិន​មែន​តែ​របប​ ប៉ុលពត​ នោះ​ឡើយ​ គឺ​កាត់​ទោស​​ទាំង​​បុគ្គល​​​ផង​”។

ការ​រិះ​គន់​ជាយូរ​មក​ហើយ​​ចំពោះ​​​កំណត់​ត្រា​​របស់​រដ្ឋាភិបាល​ស្ដី​អំពី​បញ្ហា​ដី​ធ្លី​ ត្រូវ​បាន​ធ្វើ​ឲ្យ​អន្ដរជាតិ​ដឹង​ឮ​នៅ​ពេល​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​កំពុង​កាន់​អំណាច​ លោកបារ៉ាក់អូបាម៉ា (Barack Obama) បាន​លើក​ឡើង​ពី​ការ​បណ្ដេញ​ចេញនិង​ការ​ចាប់​យក​ដី​ធ្លី​ជាមួយ​នឹង​លោកហ៊ុនសែននៅ​ក្នុង​កិច្ច​ប្រជុំ​ទ្វេភាគី​មួយ​ដែល​ផ្ដោត​លើ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​។

មន្ត្រីរដ្ឋាភិបាល​​បាន​ឆ្លើយ​តប​វិញ​ដោយ​បដិសេធ​ថាមិន​មាន​បញ្ហា​បែប​នេះ​កើត​ឡើង​នោះ​ទេ​ ហើយ​បាន​អះអាង​ថារដ្ឋាភិបាល​របស់​លោកហ៊ុនសែនគឺ​ជា​ជន​រង​គ្រោះ​ដោយសារ​យុទ្ធនាការ​របស់​ជន​មួល​បង្កាច់​៕

ប្រែសម្រួល​ដោយស៊ាស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស