ទីស្ដីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃសុក្របានចេញសេចក្ដីថ្លែងការណ៍មួយបដិសេធចំពោះការអះអាង ដែលផ្សព្វតាមបណ្ដាញទូរទស្សន៍ថៃថា រដ្ឋាភិបាលថៃបានជួលជនជាតិកម្ពុជារាប់ពាន់នាក់ឲ្យរំខានដល់ការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលនៅក្នុងទីក្រុងបាងកក កាលពីថ្ងៃសៅរ៍។
យោងតាមសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រីបានឲ្យដឹងថាបណ្ដាញទូរទស្សន៍ថៃអេអេសធីវី (ASTV)បានផ្សាយរឿងមួយកាលពីថ្ងៃសុក្រ ដែលក្នុងនោះលោកសំគៀតពង្សប៉ៃប៊ូន (SamKiat Pongpaiboon) សមាជិកគណបក្សប្រឆាំងថៃបានចោទប្រកាន់លោកថាក់ស៊ីនស៊ីណាវ៉ាត្រា (Thaksin Shinawatra)អតីតនាយករដ្ឋមន្ត្រីថៃថា “បាននាំជនជាតិខ្មែរពី៤.០០០នាក់ទៅ៥.០០០នាក់មកបង្កចលាចលក្នុងអំឡុងពេលតវ៉ានេះ”។
លោកសំគៀត និយាយនៅចំពោះមុខបាតុកម្មទ្រង់ទ្រាយធំរបស់អ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលរាប់ម៉ឺននាក់ដែលជាប់ពាក់ព័ន្ធជាមួយចលនាអាវលឿងរាជានិយម ប្រឆាំងនឹងរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីថៃលោកស្រីយីងឡាក់ស៊ីណាវ៉ាត្រា(Yingluck Shinawatra)ប្អូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃថាក់ស៊ីន ដែលត្រូវគេទម្លាក់ពីតំណែង។លោកនាយករដ្ឋមន្ត្រី ហ៊ុនសែនមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលរបស់លោកស៊ីណាវ៉ាត្រា។
យោងតាមទីភ្នាក់ងារអេភី (AP)បានឲ្យដឹងថាទោះបីជាអ្នករៀបចំសង្ឃឹមថានឹងមានអ្នកតវ៉ាប្រហែល៥០០.០០០នាក់ចូលរួមធ្វើបាតុកម្មក្នុងទីក្រុងបាងកកក៏ដោយ ក៏កាលពីថ្ងៃសៅរ៍មានអ្នកតវ៉ាប្រមាណពី១០.០០០នាក់ទៅ១៥.០០០នាក់ប៉ុណ្ណោះបានមកជួបជុំគ្នានៅជិតរដ្ឋសភា។ ការតវ៉ានេះបានបញ្ចប់បន្ទាប់ពីនគរបាលបានចាប់ខ្លួនបាតុករប្រហែល១៣០នាក់ដែលព្យាយាមទម្លាយរបាំងការពារ។
យោងតាមអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សបានឲ្យដឹងថា នៅក្នុងការផ្សាយរបស់បណ្ដាញទូរទស្សន៍អេអេសធីវីបានឲ្យដឹងថាលោកសំគៀតសមាជិកសម្ពន្ធប្រជាជនដើម្បីប្រជាធិបតេយ្យដែលប្រឆាំងរដ្ឋាភិបាល បាននិយាយចោទប្រកាន់ថា លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានជួលជនជាតិកម្ពុជារហូតដល់៥.០០០នាក់ឲ្យធ្វើជាពួកអាវក្រហម គាំទ្រលោកស្រីយីងឡាក់។
លោកសំគៀត ពង្សប៉ៃប៊ូនបាននិយាយថា ជនជាតិកម្ពុជាបានបន្លំធ្វើជាពួកអាវក្រហមទាំងនោះ ត្រូវបានគេបញ្ជូនទៅឲ្យរំខាននៅក្នុងបាតុកម្មនេះ។
ទីស្ដីការគណៈរដ្ឋមន្ត្រីបានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍ថា ការជួលជនជាតិកម្ពុជាឲ្យអន្ដរាគមន៍នៅក្នុងបាតុកម្មនយោបាយក្នុងប្រទេសថៃ គឺប្រឆាំងនឹងរដ្ឋធម្មនុញ្ញ ហើយសេចក្ដីរាយការណ៍បែបនេះមានបំណងធ្វើឲ្យប្រទេសទាំងពីរបាត់ទំនុកចិត្តនឹងគ្នា។
បណ្ដាញទូរទស្សន៍អេអេសធីវី ដែលបង្កើតឡើងដោយឈ្មោះ សុ៊នធិលីមថុងគុល (Sondhi Limthongkul) មេដឹកនាំសម្ពន្ធប្រជាជនដើម្បីប្រជាធិបតេយ្យនិងជាមេប្រព័ន្ធផ្សព្វផ្សាយ មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ កាលពីម្សិលមិញ៕
ប្រែសម្រួលដោយហមសុផាណ្ណា