28 C
Phnom Penh

​លោក ហ៊ុន សែន ថ្លែងថា កុំ​យក​បញ្ហា​វិវាទដីធ្លី​ធ្វើ​នយោបាយ​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​នាយករដ្ឋមន្ត្រីហ៊ុនសែនកាល​ពី​ម្សិលមិញបាន​ថ្លែងថារដ្ឋា​ភិបាល​អាច​ធ្វើការ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ទាំង​ឡាយ​ និង​អ្នក​នយោ​បាយ​ណា​ដែល​ចង់​ដោះ​​​ស្រាយបញ្ហាវិវាទដី​ធ្លី​ប្រសិន​បើ​ពួកគេ​យល់​ព្រម​មិន​យក​បញ្ហាទាំង​នោះ​ធ្វើ​​ “​នយោបាយ​​​”​​​។

ថ្លែងនៅ​​​ក្នុង​ពិធី​សម្ពោធ​​បើក​ការ​ដ្ឋាន​សាងសង់​ស្ពាន​អាកាសថ្មី​នៅ​ក្នុង​ខណ្ឌមាន​ជ័យ​ក្នុង​រាជធានី​ភ្នំពេញលោក​ ហ៊ុនសែនបាន​​ថ្លែង​បញ្ជាក់​ពី​ការ​លើក​ឡើង​របស់​លោក ​កាល​ពី​ថ្ងៃសុក្រ​ នៅ​ខេត្ត​ព្រះ​វិហារ ដែល​នៅ​​ទី​នោះ​ លោកបាន​ថ្លែងបន្ថែម​ថា លោក​​នឹង​មិន​“​ ដោះស្រាយ”ហើយ​នឹង​ពន្យារពេល​​ដោះស្រាយ​​​ជម្លោះ​ដី​ធ្លី​​​ដែល​ជាប់​ពាក់​ព័ន្ធជា​​​មួយ​នឹង​អ្នក​​នយោបាយ​មួយ​ចំនួន​ ឬ​គណ​​​បក្ស​​​​នយោបាយ​ ឬ​​អង្គការ​​សង្គម​ស៊ីវិល​។

លោក​មាន​ប្រសាសន៍​ កាលពី​ម្សិល​មិញ​ថា “ខ្ញុំ​ចង់​កែតម្រូវ​ និង​បញ្ជាក់​ឲ្យ​បាន​ច្បាស់​អំពី​បញ្ហានេះ​។អ្វី​ដែល​ខ្ញុំ​ចង់​ជៀសវាង​គឺ​​មិន​ឲ្យ​មាន​បញ្ហា​ជាប់​​ពាក់ព័ន្ធ​ជា​មួយ​[អង្គការ​ក្រៅ​រដ្ឋា​ភិបាល​នានា​ឬអ្នក​នយោបាយ​​​] ដែល​​​​​យក​បញ្ហា​វិវាទដី​ធ្លី​ធ្វើ​នយោបាយ​ ជំរុញ​ឲ្យ​​មាន​បញ្ហា​នយោបាយ​ ឬ​ធ្វើ​ឲ្យ​​វិវាទ​​ដីធ្លី​កាន់​​​​តែ​ខ្លាំង​ឡើង​​សម្រាប់​ផល​​​​ប្រយោ​​​ជន៍​​​នយោបាយឡើយ”។

លោក​មាន​ប្រសាសន៍បន្តថា“ប៉ុន្តែ ​ក្នុង​ករណី​​ណា​ដែល​គណបក្ស​នយោ​បាយ​ឬ​​​អង្គការ​ក្រៅ​រដ្ឋាភិបាល​​ទាំង​នោះ​មិន​មាន​បំណង​បំភ្លៃការ​ពិត ​[ពួកគេ]​ អាច​ចូល​រួម​ដោះ​ស្រាយ​បញ្ហានេះ​​បាន​… ហើយ​ជួយ​ស្វែង​រក​ដំណោះស្រាយ”។

លោកថ្លែង​បន្ត​ទៀត​ថា“ប៉ុន្តែខ្ញុំ​បញ្ជាក់​ថាខ្ញុំ​នឹង​មិន​ដោះស្រាយ ​[វិវាទដី​ធ្លី] ដែល​ពាក់​ព័ន្ធ​នឹង​នយោបាយ​ទេ… [ករណី​ទាំង​នេះ​]​មិន​អាច​ដោះ​ស្រាយ​បាន​ទេពីព្រោះ​បំណង​របស់​ពួកគេ​ចង់​រំខាន​យើង”។ ថ្លែងនៅ​ឯពិធី​ចែក​ប័ណ្ណកម្មសិទ្ធិដី​ធ្លី​នៅ​​​ក្នុង​ខេត្ត​ព្រះ​វិហារ​​កាល​ពី​ថ្ងៃ​សុក្រ​ ជា​​ការ​ធ្វើ​ដំណើរ​​​​ចែក​ប័ណ្ណកម្មសិទ្ធិ​​ចុង​ក្រោយ​បំផុត​របស់​លោក​នៅ​​ទូទាំង​ប្រទេស​​​ដែល​លោក​បាន​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​​ដោយ​ផ្ទាល់​ជូន​​ប្រជា​​​ពលរដ្ឋ​​រាប់​រយ​នាក់​នោះ ​​លោកហ៊ុនសែនបាន​ប្រាប់​ប្រជាពលរដ្ឋ​ សិស្សនិស្សិតនិង​មន្ត្រី​រដ្ឋាភិបាល​ជិត​១.០០០នាក់​ថាប្រសិន​បើ​អង្គការ​ក្រៅរដ្ឋាភិបាល​នានា​ ឬគណ​បក្ស​នយោ​បាយ​ណា​ជាប់​ពាក់​ព័ន្ធ​ក្នុង​ជម្លោះ​ដី​ធ្លីនោះ​ពួកគេ​​មិន​អាច​ដោះ​ស្រាយ​បាន​ទេ។

ទោះ​ជា​យ៉ាង​ណា​ កាលពីម្សិលមិញលោកហ៊ុនសែនបាន​ទទួល​ស្គាល់​ថាមាន​អង្គការ​ក្រៅរដ្ឋាភិបាល​មួយ​ចំនួន​បាន​ជួយ​អ្នក​ភូមិ“ឲ្យ​ជៀសវាង​​ពី​ការ​ចាប់​យក​ដី​រដ្ឋ​ ឬដី​ឯកជន​”។

លោកហ៊ុនសែនក៏បាន​ថ្លែង​ផង​ដែរ​​ថាវា​ “សមហេតុ​ផល​”សម្រាប់​ប្រជាពលរដ្ឋ​​ដែល​បាន​ងាក​ទៅ​រក​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅក្នុង​ករណី​​ដែល​​មន្ត្រី​មូល​ដ្ឋាន​ជាប់​ពាក់​ព័ន្ធ​​ក្នុង​ជម្លោះ​ដី​ធ្លី​ជាមួយ​ពួក​គាត់​។

លោកហ៊ុនសែន ​ថ្លែង​បន្ថែម​ទៀត​ថា“តាម​ការ​​​​ពិត​មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​​​មាន​បំណង​ល្អ​។ពួកគេ​ចង់​ស្វែង ​រក​ដំណោះ​ស្រាយ​ និង​​​ការពារ​អ្នក​ភូមិ​​​ផង​​ដែរ​។ដើម្បី​ជៀសវាង​កុំ​ឲ្យ​​មាន​ការ​ចាប់​យក​ដី​ពី​អាជ្ញាធរ​ឬដី​ឯកជន​​ វា​ជា​ការ​ត្រឹម​ត្រូវ​ដែល​អ្នក​ភូមិ​ស្វែងរក​ជំនួយ​ពីអង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំងនោះ”។

លោកអំសំអាតអ្នក​គ្រប់​គ្រង​បច្ចេក​​​ទេស​​​​​នៅ​​អង្គការសិទិ្ធមនុស្ស​លីកាដូបាន​​​មាន​ប្រសាសន៍​​​ថាលោកស្វាគមន៍​រដ្ឋាភិបាល​ក្នុង​ការ​​ធ្វើការ​ជាមួយ​បណ្តាអង្គការ​​​ក្រៅ​រដ្ឋា​ភិបាល ​ដើម្បី​ដោះស្រាយ​បញ្ហា​វិវាទដី​ធ្លី​ដែល​កំពុង​កើត​មាន​នេះ​​។

លោកមាន​ប្រសាសន៍បន្តថា“យើង​ចង់​ឃើញ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​វិវាទដី​ធ្លី​ឲ្យ​បាន​ត្រឹម​ត្រូវ​ ពីព្រោះ​កាលពីពេល​កន្លង​មកអ្នក​ភូមិ​បាន​ស្វែងរក​ជំនួយ​ពី​អង្គការ​ក្រៅរដ្ឋាភិបាល​​នានាឲ្យ​ជួយ​​ដោយ​សារ​អាជ្ញាធរ​ព្រងើយ​កន្តើយក្នុងការ​ដោះ​ស្រាយ​​​​បញ្ហានេះ”។

​សកម្មមជនសិទ្ធិ​មនុស្ស​បាន​លើក​ឡើង​​ថា​ទោះបី​ជា​​មាន​ការ​បញ្ជាក់​ពី​លោកហ៊ុនសែនអំពី​​ការ​អត្ថាធិប្បាយរបស់​លោកនិង​ការ​សរសើរ​ដោយ​កម្រ​របស់​លោក​ចំពោះ​អង្គការ​ក្រៅ​រដ្ឋាភិបាល​​នានា​​ដែល​កំពុង​ធ្វើ​ការ​លើ​បញ្ហា​​វិវាទ​ដីធ្លី​ដ៏ស្មុគស្មាញនោះសកម្ម​ជន​សិទ្ធិមនុស្ស​បាន​និយាយថាការ​ព្រមាន​​​​​របស់​លោក​នាយក​រដ្ឋមន្ត្រី​នៅតែ​ជា​​កង្វល់​​ដដែល​។

លោកនីចរិយាប្រធាន​​ផ្នែក​​​ឃ្លាំ​មើល​​នៅ​អង្គការ​សិទ្ធិមនុស្ស​អាដ​ហុកបាន​​​មាន​ប្រសាសន៍​​​ថា“ប្រសិន​បើ​​ករណី​ [វិវាទ​ដី​ធ្លី] នៅ​តែមាននោះ​​ប្រជាពលរដ្ឋ​​កាន់​ច្រើន​ឡើង​​​​គាំទ្រ​គណបក្ស​ប្រឆាំង​លោកអាច​និយាយ​​​ថាលោកមិន​ចង់​ដោះស្រាយ​បញ្ហា​នេះ​​ពីព្រោះ​ករណី​ទាំង​នេះ​ជាប់​ពាក់ព័ន្ធ​នឹង​គណបក្ស​ប្រឆាំង​។នេះ​មានន័យ​ថាការ​រើស​អើង​ផ្នែក​នយោបាយ​នៅក្នុង​ប្រទេស​នេះ​នឹង​​កើត​ឡើង​។ជា​ពិសេស​នៅ​ពេល​ការ​បោះ​​​ឆ្នោត​ជាតិ​មក​ដល់​”។

លោកឡៅម៉ុងហៃអ្នក​វិភាគ​នយោ​​​បាយ​​​​ឯករាជ្យ​មាន​ប្រសាសន៍ថា“ការ​ផ្តាច់​​ទំនាក់​ទំនង​រវាង​​​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា​និង​គណបក្ស​ប្រឆាំង​ពី​អ្នក​ដែល​ជាប់​ពាក់​ព័ន្ធ​ ឬ​ជាជន​រង​គ្រោះ​ដោយ​សារ​ចាប់​យក​ដី​”។

លោក​​​បានមាន​ប្រសាសន៍​បន្តថា​​​​ នេះ​ជា​យុទ្ធសាស្រ្ត​មួយ ​ដើម្បី​ធ្វើ​ឲ្យ​ក្រុម​អ្នក​តវ៉ា​​ចុះ​ខ្សោយ។បើ​គ្មាន​​ការ​គាំទ្រ​ និង​ដំបូន្មាន​​ដោយផ្ទាល់​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាលទេ​​​ ពួក​គេ​​មិន​អាច​ខ្លាំង​បាន​ឡើយ​។

​ជា​ការ​​ពិត ​អង្គការ​ក្រៅ​រដ្ឋាភិបាល​​​ត្រូវ​បាន​ចាប់​ពិរុទ្ធ​ក្នុង​ពេល​កន្លងមក​ចំពោះ​ការ​ជាប់​ពាក់ព័ន្ធ​​ក្នុង​បញ្ហាវិវាទដី​ធ្លី​។ កាលពីខែសីហាឆ្នាំ​២០១១ក្រសួង​មហាផ្ទៃ​បាន​ព្យួរ​អង្គការ​ក្រៅ​រដ្ឋាភិបាល​​ក្នុង​ស្រុក​មួយ​ឈ្មោះថាសមាគមធាង​ត្នោត​​​ដោយ​​​សារ​ផ្សាយ​របាយការណ៍​រិះគន់​ការ​បណ្តេញ​ចេញ​ដោយបង្ខំ​ដែល​បាន​កើត​ឡើង​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​ដែល​បច្ចុប្បន្ន​នេះ​កំពុង​ជួស​ជុល​ឡើង​វិញ​។ក្រសួង​មហា​​​ផ្ទៃបាន​ចោទ​អង្គការ​នេះ​ថាបាន​ញុះញង់​ប្រជាពលរដ្ឋ​ដែល​រងការ​គំរាមកំហែង​​ពី​ការ​បណ្តេញ​ចេញ​ឲ្យ​ជំទាស់​នឹង​គម្រោង​ជួស​​​ជុល​ប្រព័ន្ធ​ផ្លូវ​ដែក​នេះ​​៕

ប្រែសម្រួលដោយឃិនណៃ​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស