33 C
Phnom Penh

ក្រុម​ហ៊ុនបី​ចុះ​កិច្ច​ព្រម​ព្រៀង​សាង​សង់​ទំនប់​វារីអគ្គិសនី​ទន្លេ​សេសាន​ក្រោម​២ ក្នុង​ខេត្ត​ស្ទឹង​ត្រែង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិលមិញនៅ​ក្នុង​រាជ​ធានី​ភ្នំពេញក្រុម​ហ៊ុនរ៉ូយ៉ាល់​គ្រុបបាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយ​ក្រុម​ហ៊ុន​ចិនឈ្មោះ ហាយដ្រូឡាន​កាង (Hydrolancang Inertnational Energy Co.Ltd) ដើម្បី​សាង​សង់​ទំនប់​វារី​អគ្គិសនី​​ទន្លេ​សេសាន​ក្រោម​២​ដ៏​ចម្រូ​ងចម្រាស​​នៅ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង។​

បន្ទាប់​ពី​លោកគិត​ ម៉េង​ ប្រធាន​ក្រុម​ហ៊ុនរ៉ូយ៉ាល់​គ្រុបនិង​លោកហួងកាង​មិញប្រធាន​ក្រុម​ហ៊ុន ហាយដ្រូឡាន​កាង បាន​ចុះ​ហត្ថ​លេខា​លើ​​កិច្ច​ព្រម​ព្រៀង​វិនិយោគទុនរួច​មក​ តំណាង​មក​ពី​ក្រុម​ហ៊ុន​ទាំង​ពីរ​បាន​ចុះ​ហត្ថ​លេខា​លើ​​​កិច្ច​ព្រម​ព្រៀងដោយ​ឡែក​មួយ​ទៀត​ជាមួយនឹង​ក្រសួង​ហិរញ្ញវត្ថុនិង​ក្រសួង​ឧស្សាហកម្ម​ដែល​​អនុញ្ញាត​​​​ឲ្យ​​​ដំណើរ​​ការ​សាង​សង់​គម្រោង​នេះ​។​

យោង​តាម​​ការ​លើក​ឡើង​​នៅ​ក្នុង​ពិធី​នោះ​បាន​ឲ្យ​ដឹង​ថា ការ​សាង​សង់​នេះនឹង​មាន​រយៈពេល​ប្រាំ​ឆ្នាំ​ ហើយ​ទំនប់​នេះ​​នឹង​​ដំណើរ​ការ​រយៈពេល​៤០​ឆ្នាំ​មុន​ពេល​​ផ្ទេរ​កម្ម​សិទ្ធិឲ្យ​​រដ្ឋាភិបាល​។ប៉ុន្ដែ​​ ការ​​លើក​ឡើង​នោះ​ពុំ​មាន​សេចក្ដី​លម្អិត​ពាក់​ព័ន្ធ​នឹង​កិច្ច​ព្រម​ព្រៀង​នោះ​ទេ។​

កាល​ពី​ម្សិលមិញនេះ​ដែរ​​ ទី​ភ្នាក់​ងារ​​ព័ត៌​មាន​ចិន​ ស៊ីនហួ​ (Xinhuo)បាន​រាយ​ការណ៍​ថា តម្លៃ​វិនិយោគ​ទុន​លើ​ទំនប់​នេះមាន​ទឹក​ប្រាក់​សរុប​ចំនួន​៧៨១​លាន​ដុល្លារ​ ​ហើយ​នៅ​ពេល​គម្រោង​នេះចាប់​ផ្ដើម​ប្រតិ​បត្តិ​ការ ​រដ្ឋាភិបាល​នឹង​ទទួល​បាន​ចំណូល​ពន្ធ​​ពី​ទំនប់​នេះ​ជា​ទឹក​ប្រាក់​ចំនួន​២៩,៦​លាន​ដុល្លារក្នុង​មួ​យឆ្នាំៗ។​

​យោង​តាម​ឯក​សារ​មួយ​ដែល​ទទួល​បាន​កាល​ពី​ដើម​ខែ​នេះ​បង្ហាញ​​ថា ក្រុម​ហ៊ុន​ រ៉ូយ៉ាល់​គ្រុប​នឹង​មាន​ភាគ​ហ៊ុនរហូត​​៩០​ភាគរយ​នៅ​ក្នុង​គម្រោងជា​ដៃ​គូ​ជាមួយ​ក្រុម​ហ៊ុន​ ហាយ​ដ្រូឡាន​កាង ចំណែក​ឯ​ក្រុម​ហ៊ុន​អគ្គិសនី​ដ៏​ធំ​នៅ​ប្រទេស​​វៀត​ណាម​វិញរដ្ឋា​ភិបាល​មាន​ភាគ​ហ៊ុន​ត្រឹម​តែ​១០​ភាគ​រយ​ប៉ុណ្ណោះ។​

កាលពី​ម្សិល​មិញ​ ពុំ​ំមាន​ការ​ពន្យល់​ណា​មួយ​ពាក់​​ព័ន្ធ​នឹង​មូល​ហេតុ​ដែល​តំណាង​របស់​ក្រុម​ហ៊ុន​អគ្គិសនី​វៀត​ណាម​មិន​មាន​វត្តមាន​ក្នុង​ពិធី​ចុះ​ហត្ថ​លេខានោះ​ទេហើយ​លោក កាង​មិញ ប្រធាន​ក្រុម​ហ៊ុន ហាយ​ដ្រូឡាន​​កាង ​ក៏​បដិសេធ​មិន​​​​​​ធ្វើ​អត្ថា​ធិ​ប្បាយ​អំពី​ការ​ពាក់​ព័ន្ធ​របស់​ក្រុម​ហ៊ុន​លោក​នៅ​ក្នុង​គម្រោង​នេះ​ដែរ។​

​យោង​តាម​ឯក​សារ​ដែល​ទទួល​បាន​ពី​ក្រសួង​បាន​ឲ្យ​ដឹង​ថា កិច្ច​ព្រម​ព្រៀង​ដែល​ធ្វើ​ឡើងដោយ​ក្រុម​ហ៊ុន​រ៉ូយ៉ាល់​គ្រុប ក្រុម​ហ៊ុនហាយដ្រូឡាន​កាង និង​ក្រុម​ហ៊ុន​អគ្គិសនី​វៀត​ណាម​ មាន​ឈ្មោះ​ថាក្រុម​ហ៊ុន​ថាម​ពល​វារីអគ្គិសនីទន្លេសេសាន​ក្រោម​២(Hydro Power Lower Seasan 2 Co.Ltd.)។​

ដោយ​មាន​ទីតាំង​ស្ថិត​នៅ​ជិត​ចំណុច​ប្រសព្វ​នៃ​​ទន្លេ​សេសាន​និង​ទន្លេ​ស្រែ​ពក​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ គម្រោងទំនប់​វារី​អគ្គិស​នី​កម្លាំង​​៤០០​មេហ្គាវ៉ាត់នេះ​ នឹង​តម្រូវ​ឲ្យ​​ប្រជា​ពលរដ្ឋ​ប្រហែល​៥.០០០​នាក់​ផ្លាស់​​ទី​លំនៅចេញ​ពីទី​នោះ​ ទោះ​បី​ជា​អ្នក​ជំនាញ​បរិស្ថាន​ជឿជាក់​ថា អ្នក​ភូមិ​ច្រើន​​ពាន់​នាក់​ទៀត​ ​នៅ​ផ្នែក​ខាង​លើ​និង​ខាង​ក្រោម​ទន្លេ​នេះ​​នឹង​រង​ផល​ប៉ះ​ពាល់​​ក៏​ដោយ​។ របាយ​ការ​ណ៍​មួយក៏​បាន​​បា៉ាន់ស្មាន​ថា ទំនប់​វារី​អគ្គិសនី​ទន្លេ​សេសាន​ក្រោម​២​នេះ​អាច​បង្កឲ្យ​បាត់​បង់​បរិមាណ​ត្រី​ក្នុង​ទន្លេ​មេគង្គចំនួន​៩,២ភាគរយ។​ នៅខាង​ក្រៅ​ពិធីចុះ​ហត្ថលេខា​ក្នុង​សណ្ឋាគារ​កំាបូឌីយ៉ាណា​ របស់​​​ ក្រុម​ហ៊ុនរ៉ូយ៉ាល់​គ្រុបលោកគិតម៉េងបាន​មាន​ប្រសាសន៍ថា ថាមព​ល​ទាំង​អស់​ដែល​បាន​មក​ពី​ទំនប់​នេះ​នឹង​សម្រាប់​ផ្គត់ផ្គង់​ក្នុង​ប្រទេសកម្ពុជា​។

លោកគិតម៉េង​ បានមាន​​ប្រសាសន៍​ថា“ ថាមពល១០០​ភាគ​រយ​នឹងផ្តល់​​ឲ្យ​​ប្រជា​ពលរដ្ឋកម្ពុជា​ ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​ខ្លួន​”។ ដើម្បី​សម្រាល​ក្តី​បារម្ភ​របស់​អ្នក​ភូមិ​រាប់​ពាន់​នាក់​ដែល​ត្រុូវ​ផ្លាស់លំនៅ​ដ្ឋាន​ដើម្បី​បើក​​ផ្លូវ​សាង​សង់​ទំនប់​នេះ​ លោកគិតម៉េង​ បាន​មាន​ប្រសាសន៍​ថា គេ​នឹង​បង្កើត​គណៈ​កម្មាធិការ​អន្តរ​​ក្រសួង​មួយ​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​​ថាការ​តាំងលំនៅ​ថ្មី​និ​ង​ការ​ផ្តល់​ប្រាក់​សំណង​ត្រូវ​បាន​អនុវត្ត​ដោយ​យុត្តិធម៌​។

ទោះ​បី​ជា​មាន​ការ​អះ​អាង​របស់​លោកគិត​ ម៉េង​ ក៏​ដោយ​ ក៏​លោក​ ចាន់ថន ​តំណាង​អ្នក​ភូមិ​នៅក្នុង​ឃំុស្រែគរបាន​លើក​ឡើង​ថាអ្នក​ភូមិ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ណាមួួ​យពាក់​​ព័ន្ធ​នឹង​អនាគត​របស់​ខ្លួន​​ឡើយ។

លោក ចាន់ ថន បាន​សួរ​ថា “ តើ​អ្នក​សប្បាយ​ចិត្ត​ទេ​ ប្រសិន​បើ​អ្នក​ត្រូវ​គេ​បណ្តេញ​ចេញ​ពី​លំនៅដ្ឋាន​​ បាត់​បង់​មុខ​របរនិង​អាជីព​របស់​អ្នក​នោះ​?”៕

ប្រែសម្រួលដោយហមសុផាណ្ណា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស