26 C
Phnom Penh

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន មាន​ប្រសាសន៍​ថា ស៊ីក្លូ​នៅ​ក្នុង​រាជធានីភ្នំពេញ​គួតែ​រថែរក្សា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបាន​ថ្លែងអំពី​ការ​អភិរក្សដោយ​ការ​ធ្វើ​ដំណើរ​តាម​រ៉ឺ​ម៉ក​កង់​​ ឬ ​ស៊ីក្លូដែល​ធ្លាប់​មាន​នៅក្នុង​​រាជ​ធានីភ្នំពេញ​​ខណៈពេល​ដែល​រាជ​ធានី​​​នេះ​កំពុង​តែ​​កើន​ឡើង​​យាន​យន្ត​ទំនើប​ៗ​​ជាច្រើន។

ថ្លែង​នៅក្នុង​ពិធីសម្ពោធបើក​ការដ្ឋាន​សាង​សង់​​ស្ពាន​អាកាស​ថ្មី​ក្នុង​ខណ្ឌ​មានជ័យ​ រាជ​ធានី​ភ្នំពេញ​ លោកហ៊ុនសែន​ បាន​លើក​អំពី​ប្រធាន​បទ​នេះ​ មក​ពិភាក្សា​ខណៈ​ពេល​ដែល​ការ​កក​ស្ទះ​ចរា​ចរណ៍​នៅ​រាជ​ធានី​ភ្នំពេញ​​កំពុង​បង្ក​ការ​លំបាក​​យ៉ាង​ខ្លាំង​ស្ទើរ​គ្រប់​ទី​កន្លែង។

លោកថ្លែង​ថា “ បច្ចុប្បន្ន​​នេះ​យើង​កំពុង​​​ព្រួយ​បារម្ភ​​​អំពីការ​បាត់​បង់​ស៊ីក្លូ។ ​បើ​និយាយ​ពី​ភាព​ទំនើប​វិញ គ្មាន​​នរណា​ម្នាក់​ខ្វល់ខ្វាយ ​អំ​​ពី​ស៊ីក្លូទេ។ យើង​ត្រូវ​តែ​ធ្វើការ​អភិរក្សវា​​ផង​ដែរ​​។យើង​ឃើញ​មាន​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ខ្លះ​បាន​យក​ចិត្តទុក​ដាក់​អំពី​បញ្ហា​ស៊ីក្លូ​នេះ​ដែរហើយ​​អ្នក​ទេស​ចរបរទេស​ចូល​ចិត្ត​ជិះ​ស៊ីក្លូ​​”​។

ទោះ​ជា​យ៉ាង​ណា​ លោកហ៊ុនសែនបាន​ឈប់​លើក​ឡើង​ពី​រឿង​​នេះ​​ភ្លាម​​ហើយ​មិន​បាន​​​ប្រាប់​​ថា ត្រូវ​​អភិរក្ស​​​ស៊ីក្លូ​​ដោយ​របៀប​ណានោះ​ទេ​​ ​ដោយ​​ទុក​ឲ្យ​​អ្នក​ទទួល​ខុស​ត្រូវ​អំពី​បញ្ហា​នេះ​​ធ្វើ​តាមអនុសាស​ដែលលោក​​​បាន​លើក​ឡើង​។

លោក អុឹម សម្បត្តិ នាយក​ប្រតិបត្តិ​នៃ​សមា​គម​អភិរក្ស​ស៊ីក្លូ​ និង​មុខ​របរ​បាន​ស្វាគមន៍​នូវ​អនុសាសន៍​​របស់​នាយករដ្ឋ​មន្ត្រី​ដោយ​និយាយ​ថាលោកសង្ឃឹម​ថាបញ្ហា​នេះ​អាច​ជួយ​ឲ្យ​ស៊ីក្លូមាន​ប្រជាប្រិយ​ភាព​ថែម​ទៀត​។លោកមាន​ប្រសាសន៍ថា​ ចំនួន​អ្នក​ធាក់​ស៊ីក្លូ​បាន​ធ្លាក់​ចុះ​យ៉ាង​លឿន​ កាលពី​ឆ្នាំ​២០០៨​មាន​អ្នក​ធាក់​ស៊ីក្លូ​​ចំនួន​១.៥០០នាក់និង​នៅ​ឆ្នាំ២០១១មាន​ចំនួន​១.០០០នាក់​។

លោកមាន​ប្រសាសន៍​បន្តថា “ ឥឡូវ​នេះ​យើង​មានការ​បារម្ភអំពី​ការ​ធ្លាក់​ចុះ​នៃចំនួន​ស៊ីក្លូ​ដែល​មាន​ចំនួន​ប្រហែល​​៦០០ទៅ​៧០០​គ្រឿង​​កំពុង​ដំណើរការ​។ការ​ធ្លាក់​ចុះ​នេះ​ដោយ​សារ​ពួកគេ [អ្នក​ធាក់ស៊ីក្លូ] មិន​អាច​រក​ប្រាក់​គ្រប់​គ្រាន់​បាន ​​ដូច្នេះ​មនុស្ស​កាន់​តែ​តិច​ទៅៗ​ដែល​ចង់​មក​ធាក់​ស៊ីក្លូ”។

លោកសម្បត្តិមាន​ប្រសាសន៍​បន្ត​ទៀត​ថាអាជ្ញាធរ​​បាន​​បាន​ជួយ​ឲ្យ​អ្នក​ធាក់​ស៊ីក្លូ​ចត​ស៊ីក្លូ​របស់​ខ្លួន​តាម​បណ្តោយ​ផ្លូវ​នានា​ និង​ពួកគេ​បាន​ជួយ​លើក​តម្កើង​ស៊ីក្លូ​ទេសចរណ៍​ ប៉ុន្តែលោកជឿថាមិន​មាន​ស៊ីក្លូ​ច្រើន​​ទៀត​ទេ។ លោកសម្បត្តិបាន​លើក​ឡើងថា​​ សមា​គម​របស់​លោក​​បាន​ស្នើ​ទៅ​សាលា​រាជ​ធានី​ដើម្បី​ឲ្យ​ជួយ​ផ្តល់​កន្លែង​សម្រាប់​ធ្វើ​​ការិយា​ល័យ​សមាគម​​ ហើយ​បាន​ស្នើ​សុំ​ឲ្យ​មាន​កន្លែង​​ចត​ស៊ីក្លូ​បម្រុង​ទុកជា​ពិសេស​​ ប៉ុន្តែ​ មិន​ដែល​  ទទួល​បាន​​ការ​​ឆ្លើយ​តប​ពី​មន្ត្រី​សាលា​រាជ​ធានីវិញ​ទេ។

លោកអុកវណ្ណៈអាយុ​៤១ឆ្នាំជា​អ្នក​ធាក់​​ស៊ីក្លូ​ម្នាក់​បាន​និយាយថា “ នៅ​ក្នុង​រដូវ​កាល​មាន​អ្នក​ទេសចរណ៍​ច្រើន​យើង​អាច​រក​ប្រាក់​បាន​ប្រាំដុល្លារ​ឡើង​ទៅ​ក្នុង​មួយ​ថ្ងៃប៉ុន្តែ នៅ​រដូវកាល​មិន​មាន​ភ្ញៀ​វទេសចរ​យើង​​អាច​រកប្រាក់​បាន​ត្រឹម​តែ​៧.០០០​រៀល ឬ១០.០០០រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ។ ឥឡូវ​នេះ​ពួកគេ [អ្នក​ទេសចរក្នុង​ស្រុក និង​បរទេស​] ឈប់​ជិះ​ស៊ីក្លូ ហើយ​ពួកគេ​ចូល​ចិត្តជិះរឺុម៉ក​ម៉ូតូ​វិញ”។

លោកឡុងឌីម៉ង់អ្នក​នាំ​ពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ​ មាន​ប្រសាសន៍​ថា លោក​មិន​បាន​ដឹងអំពី​គំនិត​ផ្តួច​ផ្តើម​របស់​រដ្ឋា​ភិ​បាល ​ដើម្បី​ជួយ​អ្នក​ធាក់​ស៊ីក្លូ​ទេហើយ​បាន​បដិសេធ​​មិន​ធ្វើ​អត្ថា​ធិប្បាយបន្ថែម​ទៀត​ទេ​។ លោកតាំងសុជាតិគ្រិស្នាប្រធាន​​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ​ បាន​បដិសេធ​ មិន​ធ្វើ​សេចក្ដី​អត្ថា​ធិប្បាយ​​អំពីស៊ីក្លូ​នៅ​រាជ​ធានី​ភ្នំពេញ​ទេ៕

ប្រែសម្រួលដោយឃិនណៃ​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស