បណ្តាអង្គការក្រៅរដ្ឋាភិបាលបាន លើកឡើងពីបញ្ហាព្រួយបារម្ភជាច្រើនដែលនឹងត្រូវដាក់ជូនទៅក្រសួងបរិស្ថានក្នុងពេលឆាប់ៗនេះ ជុំវិញច្បាប់វាយតម្លៃពីផលប៉ះពាល់ផ្នែកបរិស្ថាន (EIA) ដែលទើបស្នើឡើង និងដែលត្រូវរដ្ឋាភិបាលចេញផ្សាយកាលពីសប្តាហ៍មុន។
ក្តីព្រួយបារម្ភដែលត្រូវបានអង្គការបណ្តាញសិក្សាពីផលប៉ះពាល់ផ្នែកសង្គមនិងបរិស្ថានដោយសារឧស្សាហកម្មនិស្សារណកម្ម (Extractive Industry Social and Environment Impact Network) ជាសមន្ធអង្គការក្រៅរដ្ឋាភិបាលបានចងក្រងឡើងនេះបង្ហាញពីការខ្វះចន្លោះដ៏ធំមួយនៅក្នុងសេចក្តីព្រាងច្បាប់ដែលអនុញ្ញាតឲ្យគម្រោងនានារបស់រដ្ឋដែលគេគិតថា“ មានលក្ខណៈបន្ទាន់”ដំណើរការដោយមិនចាំបាច់មានការវាយតម្លៃពីផលប៉ះពាល់។
លិខិតឆ្លើយតបពីអង្គការ Extractive Industry Social and Environment Impact Network លើកឡើងថា“ មួយផ្នែកមន្ត្រីក្រសួងគួរតែទទួលបានការលើកទឹកចិត្តឲ្យបង្កើតគោលការណ៍ដើម្បីជួយកំណត់ថា តើបណ្តាគម្រោងណាមួយពិតជាមានភាពបន្ទាន់នោះ”។
ទោះបីជាលិខិតឆ្លើយតបនេះបានកោតសរសើរចំពោះការបញ្ចូលពិគ្រោះយោបល់ជាសាធារណៈនៅក្នុងសេចក្តីព្រាងច្បាប់នេះក្តី ក៏លិខិតនេះគូសបញ្ជាក់ថា “ ច្បាប់នេះគួរតែផ្តល់សេចក្តីលម្អិតបន្ថែមទៀតអំពីដំណើរសម្រាប់ស្វែងរកការចូលរួមជាសាធារណៈ រួមទាំងបទប្បញ្ញត្តិនានាដែលធានាថា សាធារណជនទទួលបានព័ត៌មានទាន់ពេលវេលា និងគ្រប់គ្រាន់អំពីគម្រោងនេះនិងឱកាសរបស់ពួកគេក្នុងការចូលរួម”។
នៅឯសិក្ខាសាលាមួយក្នុងរាជធានីភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍ ដែលនៅទីនោះគេបានបញ្ចេញសេចក្តីព្រាងច្បាប់នេះ មន្ត្រីបានលើកឡើងថាមានតែប្រហែល៥ភាគរយប៉ុណ្ណោះនៃគម្រោងនានា ដែលរួមមានរោងចក្រទំនប់វារីអគ្គិសនី និងផ្លូវថ្នល់ អនុម័តចន្លោះពីឆ្នាំ២០០៤ដល់ឆ្នាំ២០១១ ពិតជាបានធ្វើការវាយតម្លៃពីផលប៉ះពាល់ផ្នែកបរិស្ថាន។
ខណៈដែលសេចក្តីព្រាងច្បាប់នេះលើកឡើងថា នឹងចេញអនុក្រឹត្យមួយដើម្បីគ្រប់គ្រងអ្នកពិគ្រោះយោបល់់នានាដែលធ្វើការវាយតម្លៃពីផលប៉ះពាល់ផ្នែកបរិស្ថាននោះអង្គការក្រៅរដ្ឋាភិបាលទាំងនេះក៏បានលើកឡើងដែរថា បណ្តាអ្នកពិគ្រោះយោបល់មិនគួរមានជម្លោះផលប្រយោជន៍ឡើយនិងគួរត្រូវបានវិនិច្ឆ័យដោយឯករាជ្យដើម្បីផ្តល់ការវាយតម្លៃប្រកបដោយគុណភាពខ្ពស់។
លោកដេលឌាឡេ (Dayl Dealehr) ដែលបានចូលរួមពាក់ព័ន្ធក្នុងដំណើរការធ្វើសេចក្តីព្រាងច្បាប់នេះនិងប្រធានក្រុមហ៊ុន Cambodia Environment Ltd ជាក្រុមហ៊ុនមួយដែលធ្វើការវាយតម្លៃពីផលប៉ះពាល់ផ្នែកបរិស្ថាន បានមានប្រសាសន៍ថា “វាជារឿងសំខាន់ដែលគេមានទំនុកចិត្តលើអ្នកផ្តល់ការវាយតម្លៃនេះ។ ប៉ុន្តែ ខ្ញុំមិនយល់ស្របនឹងសំណើឲ្យអ្នកពិគ្រោះយោបល់នានាឆ្លងកាត់ដំណើរការធ្វើតេស្តសាកល្បងសមត្ថភាពនោះទេ”។
លោកមានប្រសាសន៍ថា នៅក្នុងដំណើរការវាយតម្លៃពីផលប៉ះពាល់ផ្នែកបរិស្ថានល្អបំផុត បណ្តាអ្នកពិគ្រោះយោបល់អាចប្រឈមនឹងការបាត់បង់កេរ្តិ៍ឈ្មោះរបស់ខ្លួនដោយសារការត្រួតពិនិត្យពួកគេ និងដោយសារត្រូវគេត្រួតពិនិត្យបែបនេះនោះ។
លោក ឌាឡេ បានមានប្រសាសន៍ថាលោកក៏មានគម្រោងដាក់ជូនសំណើជាលាយលក្ខណ៍អក្សរទៅក្រសួងនេះផងដែរទាក់ទិននឹងសេចក្តីព្រាងច្បាប់នេះ។លោកមានប្រសាសន៍ថា សំណើទាំងនោះនឹងរួមមានបទប្បញ្ញត្តិមួយដើម្បីធ្វើឲ្យប្រាកដថាគម្រោងនានាមិនជាប់គាំង ខណៈពេលដែលរដ្ឋាភិបាលគិតពិចារណាអំពីការវាយតម្លៃពីផលប៉ះពាល់ផ្នែកបរិស្ថានរបស់ខ្លួន។
លោកមានប្រសាសន៍ថា“ ប្រសិនបើគ្មានការឆ្លើយតបក្នុងរយៈពេល៦០ថ្ងៃឬ៩០ថ្ងៃពេលនោះសន្មតថាគ្មានការប្រឆាំងជំទាស់”។
លោក ឌាឡេ មានប្រសាសន៍ថា បញ្ហាដ៏ធំជាមួយនឹងសេចក្តីព្រាងច្បាប់នេះ គឺការអនុវត្ត។លោកបន្តថា“វានឹងមានការកែប្រែខ្លះៗដែលក្រសួងផ្សេងៗទៀតត្រូវដោះស្រាយជាមួយក្រសួងបរិស្ថាន”។
នៅឯសិក្ខាសាលាកាលពីសប្តាហ៍មុនមន្ត្រីមកពីស្ថាប័នផ្សេងៗក្នុងជួររដ្ឋាភិបាលបានលើកឡើងពីក្តីបារម្ភអំពីសេចក្តីព្រាងច្បាប់នេះដែលផ្តល់ឲ្យក្រសួងបរិស្ថាននូវ សិទ្ធិវ៉េតូប្រកបដោយប្រសិទ្ធភាពលើការអភិវឌ្ឍនានា។
លោក ឌាឡេ មានប្រសាសន៍ថា “ ពួកគេប្រហែលជាដឹងថាពិបាកនឹងទទួលយក។វាអាចធ្វើឲ្យក្រសួងមួយចំនួនបាត់បង់អំណាច”៕
ប្រែសម្រួលដោយ តែមសុខុម