37 C
Phnom Penh

ពាក្យថា អ្នក​ទោស​នយោបាយ​ ពិតជាលំបាកនឹង​ឲ្យ​និយម​ន័យ​  និង​​​ពិ​បាក​​ស្វែងយល់​​ខ្លាំងណាស់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកបារ៉ាក់អូបាម៉ា (Barack Obama) ប្រធានាធិបតី​សហរដ្ឋ​អាមរិក​ចង់​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ទោស​នយោបាយ​។ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន​ លើក​ឡើង​ថាគ្មានអ្នក​ទោស​នយោបាយ​នោះ​ទេ​។​នៅ​ពេល​អង្គការ​សិទ្ធិ​មនុស្ស​បាន​លើក​ឡើង​ថា មាន​អ្នក​ទោស​នយោបាយ​ច្រើន​នោះ​ ពួក​គេ​មិន​យល់​ស្រប​​គ្នា​ថា “ អ្នក​ទោស​នយោបាយ”​ទាំង​នេះ​​មាន​យ៉ាង​ដូចម្ដេច​នោះ​ទេ​​ ហើយ​ក៏​មិន​ដឹង​​ថាមាន​អ្នក​ទោស​នយោបាយ​ប៉ុន្មាន​នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ដែរ​​។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ​ការ​បក​ស្រាយ​​​​​ខាងលើនេះពិត​ជា​​​​ជួប​​​បញ្ហាចម្រូងចម្រាស។ លោក​ បារ៉ាក់អូបាម៉ាបាន​​ក្រើន​រំឭក​​អំឡុង​

​ការ​មក​បំពេញ​ទស្សនកិច្ច​ក្នុង​រាជ​ធានី​ភ្នំពេញ​​នា​ពេល​ថ្មី​ៗ​នេះ​ថា ទំនាក់​ទំនង​កម្ពុជា​-សហ​រដ្ឋ​អាមេរិក​ទៅ​ថ្ងៃ​អនាគត​ ពឹង​ផ្អែក​លើ​ការ​ដោះ​លែង​អ្នក​ទោស​នយោបាយ​ទាំង​នេះ​ ប៉ុន្ដែ លោក​បាន​លើក​ឡើង​តែ​មួយ​ករណី​ប៉ុណ្ណោះ​ គឺ​លោកម៉មសូណង់​ដូដែល​តែង​តែ​រិះគន់​រដ្ឋាភិបាល​ និង​ជា​ម្ចាស់​ស្ថានីយ​វិទ្យុ​ឯក​រាជ្យ​ដែលកំពុង​ជាប់​ពន្ធ​នាគារ​។

ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​រាជ​ធានី​ភ្នំពេញ​ បាន​លើក​ឡើង​ថាខ្លួន​មិន​បាន​ដឹង​ថាតើ​មាន​អ្នក​ទោស​នយោបាយ​ប៉ុន្មាន​នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ឡើយ​ ហើយ​ក៏​មិន​បាន​តាម​ដាន​បញ្ហា​នេះ​ដែរ​។លោកសុរិយាស៊ូបេឌីប្រេសិត​សិទ្ធិ​​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា​បាន​មាន​ប្រសាសន៍​ថាលោក​ត្រូវ​ការ​ពេល​វេលា​​ខ្លះ​ ដើម្បី​ឲ្យ​និយម​ន័យ​ថាតើ​អ្វី​ទៅ​ជា​អ្នក​ទោស​នយោបាយ​នៅ​ក្នុង​បរិបទ​​កម្ពុជា​។ អង្គការ​តែ​មួយ​គត់​ដែល​មិន​​ទំនង​ជា​តស៊ូ​ជាមួយ​នឹង​បញ្ហា​នេះ​ គឺ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​។

នៅ​ក្នុង​ចំណោម​អ្នក​ទោស​២០​ម្នាក់​នាក់​នៃ​អ្នក​ទោស​កម្ពុជា​​២៦​នាក់​ដែល​​ជាប់​ពន្ធនាគារនៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ខ្លួន​​ឃ្លាំ​មើល​ លោក​ស្រី​ ណាលីពីឡូក (Naly Plorge) ប្រធាន​អង្គការ​លីកាដូ​​បាន​លើក​ឡើង​ថាអ្នក​ទោស​ដែល​ជាប់​ពន្ធនាគារ​ចំនួន​១៣​នាក់​ សព្វ​ថ្ងៃ​មាន​​ឈ្មោះ​ជា​អ្នកទោស​នយោបាយ​​ គឺ​អ្នក​ដែល​ត្រូវ​បានផ្ដន្ទាទោស​ដោយ​អយុត្តិធម៌​​ចំពោះ​ការ​​លើក​កម្ពស់​ ន​ិង​ការ​ពារ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​សហគមន៍​របស់​ពួក​គេឬក៏​ក្រុម​ផ្សេង​ៗ​ទៀត​ដែល​មិន​បាន​ប្រើ​អំពើ​ហិង្សា​នោះ​។

ទោះ​ជា​យ៉ាងណា​អ្នក​ជាប់​ពន្ធ​នាគារ​ទាំង​១៣​នាក់​នោះត្រូវ​បាន​ចោទ​ប្រកាន់​ ឬក៏​ផ្ដន្ទាទោស​ពី​បទ​ល្មើស​មួយ​ចំនួន​ ដែល​រាប់​ចាប់​តាំង​ពី​ការ​ឆបោក​រហូត​ដល់​ការ​ប៉ុន​ប៉ង​ធ្វើ​ឃាត។លោកស្រីពីឡូកជឿជាក់​បញ្ហា​ទាំង​នោះ​ ប៉ុន្ដែមិន​ជឿ​ជាក់​​លើ​បញ្ហា​មួយ​ គឺ​បញ្ហា​របស់​លោកម៉មសូណង់​ដូដែល​ជា​គោល​ដៅ​​ដោយ​សារ​ការ​​ប្រឆាំង​យ៉ាង​សកម្ម​ប៉ុន្តែ​ដោយ​​អហិង្សា​ចំពោះ​​ការ​បណ្ដេញ​ចេញ​ពី​ដី​ធ្លី​ផ្សេង​ៗ​​។

លោកសុកសំអឿននាយក​ប្រតិបត្តិ​ក្រុម​អ្នក​ច្បាប់​ការ​ពារ​សិទ្ធិ​កម្ពុជា​ ដែល​ជា​អង្គ​ការ​ផ្ដល់​ជំនួយ​ផ្នែក​ច្បាប់​បាន​លើក​ឡើង​ថាការ​ផ្ដន្ទាទោស​ពី​បទ​ល្មើល​ដែល​ពាក់​ព័ន្ធ​នឹង​ករណី​នយោបាយ​ពិបាក​នឹង​យល់​ណាស់​។

លោកសុកសំអឿនបាន​ថ្លែង​ថា”​វា​ពិបាក​ណាស់​ពី​ព្រោះ​ជួន​កាល​ការចោទ​ប្រកាន់​ពី​បទ​ល្មើស​ គឺ​គួរ​ឲ្យ​សង្ស័យ​ណាស់​”។

លោកបាន​មាន​ប្រសាសន៍​ដោយ​លើក​ឡើង​ពីអ្នក​ប្រយុទ្ធ​ប្រឆាំង​ ដើម្បី​សេរី​ភាពរបស់​​កម្ពុជា​ថាការ​ឲ្យ​និយម​ន័យ​នេះគឺ​វា​នៅ​តែ​​ពិ​បាក​នៅ​ពេល​ណា​ករណី​ទាំង​នេះ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ប្រើ​អំពើ​ហិង្សា​ដែល​មាន​ការ​​គ្រោង​ទុក​នោះ​។សមាជិក​មួយ​ចំនួន​ត្រូវ​​បាន​ចោទ​ប្រកាន​់​ពី​បទ​បង្ក​ការ​វាយ​ប្រហារ​ដោយ​ប្រើ​អំពើ​ហិង្សា​ទៅលើ​អគារ​រដ្ឋាភិបាល​ និង​កង​កម្លាំង​សន្ដិសុខ​កាល​ពី​ឆ្នាំ២០០០។

លោកសុកសំអឿនបាន​ថ្លែង​ថា”កង​ទ័ព​សេរី​ជាតិ​កម្ពុជា​​ ទោះ​ជា​​បទ​ឧក្រិដ្ឋ​ក៏​ដោយក៏​វា​​នៅ​តែ​ជា​​រឿង​នយោបាយ​ដែរ”។

​ដោយសារ​​អ្នក​ទោស​នយោបាយ​មួយ​ចំនួន​អាច​មាន​​ការ​ពាក់​ព័ន្ធ​នឹង​សកម្មភាព​ហិង្សា​នោះ ​អង្គ​ការ​​មួយ​ចំនួន​ចូល​ចិត្ត​ប្រើ​ឃ្លា​ថា”អ្នក​ទោស​មនសិការ​”។

អង្គការ​លើក​លែង​ទោស​អន្ដរជាតិ​ដែល​បាន​បង្កើត​ឃ្លា​នេះ​ បាន​ឲ្យ​និយម​ន័យ​អ្នក​ទោស​មនសិការ​ថាជា​អ្នក​ដែល​ត្រូវ​បាន​គេ​ចាប់​ដាក់​ពន្ធ​នាគារ​ដោ​សារ​បញ្ហា​នយោបាយ ​សាសនា​ ឬ​​ជំនឿ​ផ្សេងៗ​ទៀត​ ជន​ជាតិ​ដើម​ភាគតិច​​ ភេទ​ ពណ៌​សម្បុរ​ ភាសាជាតិ​​សាសន៍​ ឬក៏​សង្គម​ដើម​ ស្ថាន​ភាព​សេដ្ឋកិច្ច​ កំណើត​ ទំនាក់​ទំនង​ផ្លូវ​ភេទ​ ឬក៏​បញ្ហា​ផ្សេង​ៗទៀត​ ប្រសិនបើ​ពួក​គេ​មិន​ដែ​ល​ធ្លាប់​ជាប់​ពាក​់​ព័ន្ធ​ និង​មិន​ដែល​ធ្លាប់​​គាំ​ទ្រ​អំពើ​ហិង្សា​នោះ​។

ទោះ​ជាយ៉ាង​ណា​លោក​ រ៉ូភើតអេប​បត (Ruper Abbott) អ្នក​ស្រាវ​ជ្រាវ​របស់​អង្គការ​លើក​លែង​ទោស​អន្ដរជាតិ​ប្រចាំ​ប្រទេស​កម្ពុជា​ បាន​លើក​ឡើង​ថាលោក​មិន​អាច​និយាយ​បាន​ទេ​ថាតើ​មាន​អ្នក​ទោស​បែប​នេះ​ ប៉ុន្មាន​នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ ហើយ​មនុស្ស​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ក្នុង​បញ្ជី​របស់​អង្គការ​លីកាដូ​ គឺ​សុទ្ធ​តែ​ជា​អ្នក​ទោស​នយោបាយ​។

សូម្បី​តែ​នៅ​ក្នុង​ប្រទេស​ភូមា​ជា​ទី​ដែល​សហរដ្ឋ​អាមេរិក​ ធ្វើ​ឲ្យ​មាន​​ការ​ដោះ​លែង​អ្នក​ទោស​នយោបាយ​ដែល​ជា​លក្ខខណ្ឌ​សំខាន់​សម្រាប់​ការ​​ដក​​ទណ្ឌកម្ម​នៅ​ក្នុ​ង​ប្រទេស​ភូមា​ក្ដី ក៏សហរដ្ឋ​អាមេរិក​​នៅ​តែ​ព្យាយាម​ស្វែង​យល់​​ថាអ្នកទោស​នយោបាយ​​មាន​ន័យ​យ៉ាង​ដូចម្ដេច​។

កាល​ពី​ខែ​មុន​ សេវា​កម្ម​ស្រាវ​ជ្រាវ​​សភា​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ (CRS) បាន​លើក​ឡើង​ថា ការ​ឲ្យ​និយម​ន័យ​នេះ​ កំពុង​តែ​ដំណើរ​ការ​។

CRS បាន​លើក​ឡើង​នៅ​ក្នុង​លិខិត​ដ៏​ខ្លី​មួយ​ថា​ “ ក្រសួង​ការ​បរទេស​កំពុង​តែ​ពិភាក្សា​គ្នា​យ៉ាង​សកម្ម​​​​ ជាមួយ​នឹង​រដ្ឋាភិបាល​ភូមា​ គណបក្ស​ប្រឆាំង​ និង​តំណាង​របស់​ក្រុម​ជន​ជាតិ​ភាគ​តិចអំពី​បញ្ហា​អ្នក​ទោស​នយោបាយរួម​មាន​ការ​ឲ្យ​និយម​ន័យ​នៃ​អ្នក​ទោស​នយោ​បាយ​ផងដែរ​”។

ដោយ​មាន​តួលេខ​ពី​រដ្ឋាភិបាល​ភូមា​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ CRS បាន​លើក​ឡើង​ថារដ្ឋាភិបាល​របស់​លោកថេនសេន (Thein Sein) បាន​ដោះ​លែង​អ្នក​ទោស​នយោ​បាយ​រាប់​រយ​នាក់​កាល​ពី​ឆ្នាំ​មុន​ គឺបាន​ដោះ​លែង​​អ្នក​ទោស​នយោបាយ​ចំនួន​១២៨​នាក់​ហើយ​​ក្នុងចំណោម​អ្នកទោសនយោបាយ​ចំន​ួន​៩១៤​នាក់​ទៀត​មិន​ទាន់​ដោះ​លែង។

ដោយ​​ប្រឈម​នឹង​ភាព​មិន​ច្បាស់​លាស់​​​​ក្នុង​ការ​ឲ្យ​និយម​ន័យ​នេះ​ លោកតូម៉ាស់អូជាឃ្វីនតានា (Tomas Ojea Quintana) ប្រេសិត​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​ប្រទេស​ភូមា បាន​ឲ្យ​និយម​ន័យចំនួន​ពីរផ្ទាល់ខ្លួន​របស់​​លោក​ចំពោះ​​ពាក្យ​អ្នក​ទោស​មនសិការ​។

តាម​ការ​ឲ្យ​និយម​ន័យ​របស់​លោក ឃ្វីន​តានាអ្នក​ទោស​មនសិការ​ គឺ​ជា​ជន​ណា​​ដែល​ត្រូវ​បាន​ផ្ដន្ទាទោស​ពី​បទ​រំលោភ​ច្បាប់​ដែល​រារាំង​ដល់​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ​ ​ យោបល់​ ការ​ជួប​ប្រជុំ​​ផ្ដុំ​គ្នា​ដោយ​​អហិង្សា​និង​​ជន​​ដែល​​ត្រូវ​បាន​បដិសេធ​​មិន​ឲ្យ​ចូល​​តុលាការ​ ឬក៏​អាច​ចូល​​​បាន​តែ​តុលាការ​ដែល​ខ្វះ​ឯករាជភាព​ ឬ​ជន​ដែល​ត្រូវ​​បដិសេធ​មិន​ដោះ​ស្រាយ​បណ្តឹង​។ នៅ​ក្នុង​របាយការ​ណ៍​លើក​មុន​ៗ​ លោកសុរិយាសូ៊បេឌី បាន​រៀប​រាប់​ពី​ប្រព័ន្ធ​តុលា​ការ​​ដែល​ពុក​រលួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

លោក​បាន​លើក​ឡើង​​ក​្នុង​របាយ​ការណ៍​​ឆ្នាំ​២០១០​មួយ​ថា “ ​អំពើ​ពុក​រលួយ​ទំនង​ជា​កើត​មាន​នៅ​គ្រប់​លំដាប់​ថ្នាក់​ក្នុង​ប្រព័ន្ធ​តុលាការ​កម្ពុជា​”។លោក​បាន​បន្ដ​ថា“ ​​ដោយ​សារ​ច្បាប់​ដែល​ត្រូវ​ការ​ជា​​ចាំ​បាច់​ដើម្បី​ការ​ពារ​ចៅ​ក្រម​មិន​មាន​​នោះ​​ ចៅក្រម​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​មន្ត្រី​រាជ​ការ​ ហ​ើយ​ហាក់​បី​ដូច  ​​ជា​ពឹង​ផ្អែក​លើ​ការ​គាំ​ទ្រ​ និង​ការ​ការ​ពារ​​ពី​នយោបាយ​ជាជាង​ពឹង​ផ្អែក​លើ​ច្បាប់​សម្រាប់​​​

រក្សា​សន្ដិសុខ​ដល់​ការ​ងារ​របស់​​ខ្លួន​។ បញ្ហា​នេះ​បាន​​បណ្តាល​ឲ្យ​ចៅ​ក្រម​ ន​ិង​ព្រះ​រាជ​អាជ្ញា​​ធ្វើ​ឲ្យ​ខូច​​ភាព​ឯករាជ្យ​​​របស់​ខ្លួន​”។ ដូច​អង្គការ​ក្នុង​ស្រុក​​នៅ​​កម្ពុជា​ផ្សេង​ទៀត​ដែរ​​ មជ្ឈមណ្ឌល​អប់​រំ​​ច្បាប់សម្រាប់​​សហគមន៍​ដែល​ជា​អង្គការ​ផ្ដល់​ជំនួយ​ផ្នែក​ច្បាប់​​ក៏​មិន​បាន​ឲ្យ​និយម​ន័យ​នៃ​ពាក្យ​អ្នក​ទោស​នយោបាយ​ ឬ​ក៏​ប្រាប់​ពី​ចំនួន​នៃ​អ្នក​ទោស​នយោបាយ​ដែរ​។ប៉ុន្ដែលោក​ ហួនចាន់ឌី អ្នក​គ្រប់​គ្រង​កម្មវិធី​នៅ​មជ្ឈមណ្ឌល​អប់រំច្បាប់​សម្រាប់​សហគមន៍​ បាន​លើកឡើង​ថា ថ្វី​បើ​​មាន​ការ​អះអាង​ពី​រដ្ឋាភិបាល​​យ៉ាង​ណា​​ក៏ដោយ​​ ក៏កម្ពុជា​​​មាន​អ្ន​ក​ទោស​នយោ​បាយ​ដែរ​។

លោក​បាន​បន្ដ​ថារាល់​ការ​បដិសេធ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ “ ​ប្រជា​ពលរដ្ឋ សាធា​រណជន បាន​ដឹង​ហើយ​ថា បញ្ហា​ទាំ​ងនោះ​គឺ​ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ”៕

ប្រែសម្រួលដោយ​ ស៊ាស៊ុយឈាង

                 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស