29 C
Phnom Penh

មិ​ន​ទាន់​ដឹង​ពី​មូល​ហេតុ​នៃ​ការ​បាញ់​ប្រហារ​លើ​ជនជាតិ​រុស្ស៊ី​ម្នាក់​ក្នុង​​រាជធានីភ្នំពេញ​នៅ​ឡើយ​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថាជន​ជាតិ​រុស្ស៊ី​ម្នាក់​បាន​រង​របួស​​ធ្ងន់​​ បន្ទាប់​ពី​ជន​​​​មិន​ស្គាល់​មុខ​​​មួយ​​​ក្រុម​បាន​​បាញ់​មួយ​​​គ្រាប់​​​ត្រូវ​​​ចំ​​​ពោះ​​​ កាល​ពី​​រំលង​អធ្រាត្រ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ច័ន្ទ​ នៅ​ក្នុង​ខណ្ឌ​ចំការ​មន​ រាជ​ធានី​ភ្នំពេញ​។

លោកមុំស៊ីថាប្រធាន​​​នគរបាល​ទេសចររាជ​ធានី​ភ្នំពេញ​ បាន​មាន​ប្រសាសន៍​ថាលោកកូស​ស្ដេនកូកុន​ស្តាន​ទីន (Kostenko Konstantin) អាយុ​៤២​ឆ្នាំ ជា​អ្នក​ជំនួញ​ម្នាក់​ ដែល​បាន ​​​រស់​នៅ​ក្នុង​ខេត្ត​កំពត​រយៈ​ពេល​ប្រាំមួយ​ខែ​មក​ហើយ​នោះ​​​ ត្រូវ​បាន​គេ​បាញ់​មួយ​គ្រាប់​ ​ខណៈ​ពេល​គាត់​ចុះ​ពី​លើ​រថយន្ដ​តូយូ៉តាហាយ​ឡិនដឺ​ នៅ​ខាង​ក្រៅ​ផ្ទះ​មិត្ត​ភក្ដិ​ម្នាក់​នៅ​ក្នុង​សង្កាត់​ទន្លេបាសាក់​ ខណ្ឌ​ចំការ​មន​។

លោកស៊ីថាមាន​ប្រសាសន៍​បន្ត​​​​ថា “ ​ជន​រង​គ្រោះ​ត្រូវ​គេ​បាញ់​មួយ​គ្រាប់​ចំ​ដៃ​ខាង​ឆ្វេងធ្លាយ​មក​ពោះ​” ហើយ​លោក​​បន្ថែម​ថានគរបាល​កំពុង​ស៊ើប​អង្កេត​ ដើម្បី​ស្វែង​​​រក​​​ចាប់​ខ្លួន​ជន​ល្មើស​។

លោកមាន​​​ប្រសាសន៍​​​បន្ត​​​ទៀត​​​ថា​​​ “ ខ្មាន់​​​កាំ​​​ភ្លើង​​​​​​កំ​​​ពុង​រត់​គេច​ខ្លួន​នៅ​ឡើយ ហើយ​មាន​ព័ត៌មាន​តិច​តួច​ទាក់​ទង​នឹង​​​​ករណី​​​នេះ​ពី​ព្រោះ​នៅ​ពេល​​មាន​​ការ​បាញ់​ប្រហារ​នេះ​មិន​មាន​​សាក្សី​នៅ​តាម​ផ្លូវ​នោះ​​​ទេ​”។

​​​នៅ​​​​ក្នុង​បន្ទប់​​ដាច់​ដោយ​ឡែក​មួយ​​នៅ​គ្លីនិក​ខេមរៈបុត្រ​ ដែល​​​​​​ស្ថិតនៅ​តាម​​​បណ្តោយ​​​ផ្លូវ​២៧១​កាល​ពី​ម្សិលមិញ​ លោកកុន​ស្តាន​ទីន​ ត្រូវ​បាន​​បញ្ចូល​ឈាម និង​​​​ព្យួរ​​​​សេ​​​រ៉ូមមាន​​​ប្រសាសន៍​​​ថា ​​​​​​​លោក​​​ត្រូវ​​​បាន​​​បាញ់ ដោយ​​​​ជន​មិនស្គាល់​មុខ​ម្នាក់​ក្នុង​ចំណោម​បក្ខ​ពួក​បួន​នាក់​ជិះ​ម៉ូតូ​ពីរ​គ្រឿង​សំដៅ​ទៅ​រថយន្ដ​របស់​លោក​។

លោកកុន​ស្តាន​ទីនបាន​និយាយ​ថាលោក​មិន​បាន​ចាំ​មុខ​បុរស​ទាំង​នោះ​​​​ទេ ហើយ​​​​លោក​​មាន​ប្រសាសន៍​ថាបុរស​ទាំង​នោះ​ជាជន​ជាតិ​អាស៊ី​ ហើយ​គាត់​មិន​ដែល​មាន​ជម្លោះ​ជាមួយ​នរណា​ម្នាក់​​​​ដែល​​​អាច​​​បណ្តាល​​​ឲ្យ​​​មាន​​​ការ​​​បាញ់​​​ប្រ​​​ហារ​​​នេះ​​​ទេ​​​។គាត់​បាន​បន្ថែម​​ទៀត​​ថា ជន​​​​​​ល្មើស​​​ទាំង​នោះ​​​​មិន​​​បាន​​​​យក​ទ្រព្យ​​​សម្បត្តិ​​​​របស់​គាត់​ទេ​។

អ្នក​ស្រី​​​ដារីយ៉ានីគ្លូដូ (Dariara Nikludoo) អាយុ​៣០​ឆ្នាំ​ ជា​មិត្ត​ភក្តិ​ម្នាក់​​​របស់​លោក កុន​ស្តាន​ទីន មក​ពី​ទីក្រុង​មូស្គូ ​បាន​និយាយ​តាម​ទូរស័ព្ទ​ថា ការ​​​​បាញ់​​​​ប្រហារ​នេះ​បាន​កើត​ឡើង​នៅ​កណ្ដាល​អធ្រាត្រ បន្ទាប់​ពី​អ្ន​ក​​​ស្រី​​​​និង​ស្ត្រី​​​​ជន​ជាតិ​រុស្ស៊ី​ពីរនាក់​ផ្សេង​ទៀត​ជិះ​រថយន្ដ​ជាមួយ​លោក កុន​ស្តាន​ទីន ​ពី​ក្រុង​ព្រះសីហនុ​ មក​​​​រាជ​ធានី​ភ្នំពេញ​ ដែល​ពួកគាត់​​​​មាន​គម្រោង​​​​ស្នាក់​​​នៅ​​​​​​​មួយ​យប់​​នៅ​ខុនដូ​របស់​​ស្ត្រី​ម្នាក់​ ជា​មួយ​មិត្ត​ភក្ដិ​របស់​គាត់​។

អ្នក​ស្រីបន្ថែម​ថា “ ​ជន​មួយចំនួន ​​​​ដែល​​​ជិះ​​​ម៉ូតូ​នោះ​​​…ពួក​​​គេ​​​មាន​​​​​​អាវុធ​ ដូច្នោះ​មិត្ត​ភក្ដិ​របស់​ខ្ញុំ [​​​លោក ​​​កុន​ស្តាន​ទីន] ស្នើ​ឲ្យ​យើង​អង្គុយ​នៅ​កៅ​អីខាង​ក្រោយ​។ពួក​គេ​មាន​កាំ​ភ្លើង​មួយ​ដើម​ ហើយ​ស្រែក​ដាក់​យើង​”។

​​​អ្នក​ស្រី​ នី​គ្លូដូនិយាយថា ​​​លោកកុន​ស្តាន​ទីន​បាន​ប្រាប់​ឲ្យ​​​បុរស​ទាំង​នោះ​​ចាក​ចេញ​ ហើយ​​ជន​ម្នាក់​ក្នុង​ចំណោម​ជន​ទាំង​នោះ​បាញ់​លោក​តែ​ម្ដង​។វា​ជា​​​ស្ថាន​​​ភាព​​​បន្ទាន់​​​ណាស់​​​​។

លោក ស្រី​ ភឹមប៊ុណ្ណារិទ្ធ ជា​វេជ្ជបណ្ឌិត​​​​ដែល​​​ព្យាបាល​លោក កុន​ស្តាន​ទីន និង​ជា​ម្ចាស់​គ្លីនិក​ខេមរៈបុត្រ​ ​មាន​ប្រសាសន៍​ថាលោក​បាន​ផ្ទេរ​លោក​ កុន​ស្តាន​ទីនទៅ​កាន់​មន្ទីរពេទ្យ​មួយ​កាល​ព្រឹក​ម្សិលមិញ​ ហើយ​គាត់​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​ធ្ងន់​ធ្ងរ​នៅ​ឡើយ​ ដោយ​​សារ​ក្បាល​គ្រាប់​នៅ​បៀម​ជាប់​នៅ​ភ្លៅ​​ខាង​ស្ដាំ​របស់​​គាត់​។

លោក ភឹមប៊ុណ្ណារិទ្ធ ​មាន​ប្រសាសន៍​បន្តថា​​​ “ ជន​រង​គ្រោះ​រង​របួស​​ធ្ងន់​។ ការ​ព្យា​បាល​​របួស​​​របស់​គាត់​អាច​មាន​រយៈ​ពេល​យ៉ាង​តិច​១០​ថ្ងៃ​”។ ​លោកបាន​​បន្ថែម​ថាមន្ត្រី​​​នគរបាល​ និងមន្ត្រី​ស្ថាន​ទូត​រុស្ស៊ី​ បាន​ចុះ​មក​សួរ​សុខទុក​្ខ​លោកកុន​ស្តាន​ទីននៅ​គ្លីនិក​របស់​លោក​៕

(រាយការណ៍​បន្ថែម​ដោយឃីសុវុឌ្ឍី)

ប្រែសម្រួល​ដោយឃិនណៃ

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស