35 C
Phnom Penh

ប្រព័ន្ធ​​​តុលាការ​​​នៅ​ក្នុង​ប្រទេស​កម្ពុជា​​​​​​មិន​​​អាច​​​ដោះ​​​​ស្រាយ​​​សិទ្ធិ​​​របស់​​​ទណ្ឌិត​​​ដែល​ជាអនីតិជន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​​​ឯសិក្ខាសាលា​​​រយៈពេល​​​ពីរ​​​ថ្ងៃ​​​​​​ស្ដី​​អំ​ពី​​​សិទ្ធិ​​​កុមារ​​​កាល​​​ពី​​​ថ្ងៃ​ច័ន្ទ មន្ត្រី​​​​ខេត្ត​​​សៀម​​​រាប​​​លើក​​​ឡើង​​​​​​ថា  ​​​កង្វះ​​​​​​ប្រព័ន្ធ​​​តុលា​ការសម្រាប់​អនីតិជន​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ មាន​​​ន័យ​​​ថា ​អនីតិជន​​​តែង​​​តែ​​​ត្រូវ​​​បាន​​​ដាក់​​​ពន្ធ​​​នាគារ​​​ជា​មួយ​​​​នឹង​​​ទណ្ឌិត​​​វ័យ​​​ចំណាស់ហើយ​​​ក្មេង​​​ៗ​​​ទាំង​​​នោះ​​​ជាប់​​​ពន្ធ​​​នាគារ​​​ដោយ​​​​​​មិន​​​បាន​​​ទទួល​ការអប់​​​រំ​​​ជាផ្លូវ​​​ការ​​​ឡើយ​។

រៀប​​​ចំ​​​ដោយ​​​ក្រសួង​​​យុត្តិធម៌ ដោយ​​​មាន​​​ការ​​​ឧបត្ថម្ភពី​​​អង្គការ​​​យូនីសេហ្វ និង​​​អង្គការ​​​សិទ្ធិ​​​កុមារ​​​អន្ដរជាតិ សិក្ខា​​​សាលា​​​នេះ​​​មាន​​​បំណង​​​ស្វែង​​​រក​​​ដំណោះ​​​ស្រាយ​​​ចំពោះ​​​​គម្លាត​​​នៅ​ក្នុង​​​ប្រព័ន្ធ​​​ច្បាប់​​​បច្ចុប្បន្ន​​​ ការអនុវត្ត​​​ច្បាប់​​​ដែល​​​នៅ​​​មាន​​កម្រិត និង​​​ឥរិយាបថ​​​​មិន​ល្អ​​​​ចំពោះ​​​កុមារ​​​នៅ​​​ក្នុង​​​ប្រព័ន្ធ​​​តុលាការ​​​កម្ពុជា។

អង្គការ​​​យូនីសេហ្វ បាន​​​លើកឡើង​​​នៅ​ក្នុង​​​សេច​​​ក្ដី​​​ថ្លែង​​​ការណ៍​​​មួយ​​​ថា “ ការ​​​ខ្វះ​​​លទ្ធភាព​​​ស្វែង​​​រក​​​យុត្តិ​​​ធម៌​​​របស់​​​កុមារ​​​អាច​​​ជាឧប​​​សគ្គ​​​ដល់​​​​ការ​​អនុវត្ត​​​​ច្បាប់​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា” ។អង្គការ​​​យូនី​​​សេហ្វ​​​បាន​​​បន្ថែម​​​ថា​កុមារ​​​ដែល​​​ត្រូវ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ឧក្រិដ្ឋ​​​នៅ​​​ក្នុង​​​ប្រទេស​​នេះ​​​ជា​​​រឿយ​​​ៗ​​​​មិន​មាន​មេធាវី​ការ​ពារ​ឡើយ​​​​​។

នៅ​​​ក្នុង​​​ក្រម​​​នីតិ​​​វិធី​​​ព្រហ្មទណ្ឌ និង​​​ក្រម​​​ព្រហ្មទណ្ឌពិតជា​​​មាន​​​​មាត្រា​​​​មួយ​​​ចំនួន​​​​​​ពាក់​​​ព័ន្ធ​​​នឹង​​​អនី​​​តិជន ប៉ុន្ដែ​​​​​​គ្មាន​​​ប្រព័ន្ធ​​​តុលាការ​​​​ដាច់​ដោយឡែក​សម្រាប់​អនីតិជន​​​​​​​ទេនៅ​​​ក្នុង​​​ប្រទេស​កម្ពុជា​​​ ចំណែក​​​ច្បាប់​​​សម្រាប់​​​អនីតិ​ជន​​​ស្ថិត​​​ក្នុង​​​ដំណាក់​​​កាល​​​ព្រាង​​​នៅ​​​ឡើយ។​​​

យោង​​​តាម​​​តួ​​​លេខ​​​ផ្ដល់​​​ដោយ​​​អង្គការ​​​យូនី​​​សេហ្វ​​​បាន​​​ឲ្យ​​​ដឹង​​​ថា ចំនួន​​​អនីតិ​​​ជន​​​ជាប់​​​ពន្ធ​​​នាគារ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​បាន​​​កើន​​​ឡើង​​​ពី ៤០៣​​​នាក់​​​ក្នុង​​​ឆ្នាំ​​​២០០៥​​​ ដល់​​៧៧២​​​នាក់​​​ក្នុង​​​ឆ្នាំ​​​២០១០។

សកម្មជន​​​សិទ្ធិ​​​មនុស្ស ​​​បាន​​​លើកឡើង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា កង្វះ​​​ការ​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​ចំពោះ​​​អនីតិជន​​​ក្នុង​​​ប្រព័ន្ធ​​​​តុលាការ​​បាន​​​ធ្វើ​​​ឲ្យ​​​សុវត្ថិ​​​ភាព​​​របស់​​​អនី​​​តិជន​​​ប្រឈម​​​នឹង​​​ហានិភ័យ។​​​

លោក សុក សំអឿន នាយក​​​ប្រតិបត្តិ​​​​​​អង្គការ​​​ក្រុម​​​អ្នក​​​ច្បាប់​​​ការ​​​ពារ​​​សិទ្ធិ​​​​​​​កម្ពុជា​​​បាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មាន​​​ប្រសាសន៍ថា “ ខ្ញុំគិត​​​ថា គួរតែ​​​មាន​​​មណ្ឌល​​​ឃុំខ្លួន​​​អនីតិជន​​​មួយ​​​ដាច់​​​ដោយ​​​ឡែក​​​ពី​​​មនុស្ស​​​ចាស់ ហើយ​​​រដ្ឋាភិបាល​​​ត្រូវ​​​តែធ្វើ​​​ឲ្យ​​​ប្រាកដ​​​ថា កុមារ​​​ដែល​​​នៅ​​​ក្នុង​​​ពន្ធ​​​នាគារ​​​ទាំងនោះ​​​អាច​​​បន្ដ​​​ការ​​​សិក្សា​​​របស់​​​ខ្លួន​​​បាន​​​”។​​​

លោក​​​បាន​​​បន្ថែម​​​ថា“ កុមារ​​​ក្រោម​​​អាយុ​​​១៤​​​ឆ្នាំមិន​​​ត្រូវ​​​ទទួល​​​ទោស​​​ព្រហ្ម​​​ទណ្ឌ​​​ទេ ​ប៉ុន្ដែ​​​ជា​​​រឿយៗ​​​យើង​​​ត្រូវ​​​ព្យាយាម​​​ពន្យល់​​​នគរ​​​បាល​​​ឲ្យ​​​ជឿថា កុមារ​​​ទាំង​​​នោះ​​​មាន​​​អាយុ​​​ក្រោម​​​១៤​​​ឆ្នាំ”។

លោក សំអឿន បាន​​​មានប្រសាសន៍​​​ថា ​គំរូ​​​ដ៏​​​សម​​​រម្យ​​​សម្រាប់​​​កម្ពុជា​​​ត្រូវ​​​មើល​​​នោះគឺ​​​ប្រទេស​​​ថៃ។​​​នៅ​​​ទី​​​នោះ ​ការ​ផ្តន្ទា​ទោស​​​អតិ​​​បរមា​​​សម្រាប់​​​​អនីតិជន​​​​គឺ​មាន​រយៈ​ពេល​ពី​​រ​​​ឆ្នាំ​ដោយ​ដាក់​នៅ​​​ក្នុង​​​មណ្ឌល​​​ឃុំ​​​ខ្លួន​​​អនី​​​តិជន​​​។​​​ចំណែក​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​វិញ ជា​​​រឿយ​​​ៗ ទោស​​​ត្រូវ​​​បាន​​​តុលាការ​​​​កាត់​ចេញ​ពាក់​កណ្តាល​ ប៉ុន្ដែ​​​នោះ​​​​មាន​​​ន័យ​​​ថា កុមារ​​​នៅ​​​តែ​​​ជាប់​​​ពន្ធ​​​នាគារ​​​ច្រើន​​​ឆ្នាំ​​​ដដែល។​​​

លោក យូ ប៊ុនឡេង ប្រធាន​​​​សាលា​ឧទ្ធរណ៍​​​​បាន​​​មានប្រសាសន៍ថា សិក្ខា​​​សាលា​​​នោះ​​​នឹង​​​​វាយ​តម្លៃ​​ពី​ការ​អនុវត្ត​​​ច្បាប់​ក្នុង​​​​​ការ​​​ឃុំ​​​ខ្លួន​​​អនីតិជន​​​និង​វាយ​តម្លៃ​អំពី​ផល​​​​ប៉ះពាល់​​​​ដល់​សិទ្ធិ​​​កុមារ​​​។​​​

លោក យូ ប៊ុនឡេង​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “ យើង​​​ក៏​​​ត្រូវ​​​ពិចារណា​​​អំពី​​​ការ​​​ឃុំ​​​ខ្លួន​​​ដែល​​​គួរ​​​តែ​​​ជា​​​ជម្រើស​​​ចុង​​​ក្រោយ​​​ផង​​​ដែរ។​​​អនីតិ​ជន​​​គួរតែឃុំ​​​ខ្លួន​​​ក្នុង​​​ពន្ធ​​​នាគារ​​​ដោយ​​​ឡែក​​​ពី​​​មនុស្ស​​​ចាស់”។

លោក អាលីស្ដែរ នីកុលសុន (Alistair Nicholson)ប្រធាន​​​អង្គការ​​​សិទ្ធ​​​ិកុមារ​​​អន្ដរ​​​ជាតិ​​​​​​​​​មានប្រសាសន៍ថា ច្បាប់​​​កម្ពុជា​​​បាន​​បញ្ចូល​រួច​ហើយ​នូវ​ចំណុច​មួយ​នៃ​អនុ​សញ្ញា​​​​អង្គការ​​​សហ​​​ប្រជាជាតិ​​​ស្ដី​​​អំពី​​​សិទ្ធិ​​​កុមារ​​​ ប៉ុន្ដែការ​​​អនុវត្ត​​​​ច្បាប់​នោះ​​​នៅ​​​តែ​​​ជា​​​បញ្ហា។​​​

លោក​​​បាន​​​មានប្រសាសន៍ថា “ មាន​​​​ភាព​ល្អ​​​ក្នុង​​​ច្បាប់​​​កម្ពុជា​​​ពាក់​​​ព័ន្ធ​​​នឹង​​​​កុមារ​​​ ​ដោយ​​​​​​ការ​​​កែ​​​ប្រែ​​​ជា​​​ច្រើន​ត្រូវ​បាន​ពិចារណា​រួច​ហើយ​​​​ ប៉ុន្ដែ​​​មិន​​​ទាន់​​​បាន​​​ធ្វើ​​​នៅ​​​ឡើយ​​​ទេ និង​​​នៅ​​​តែ​​​មិន​​​ទាន់​​​បាន​​​យល់​​​និង​​​អនុវត្ត​​​ពេញ​​​លេញ​​ទេ។​​​កុមារ​​​ដែល​​​ត្រូវ​​​​បាន​សង្គម​​​​​​អាណិត​ ​អាសូរ​និង​​ថែ​ទាំ​​​​ទំនង​​​ជា​​​នឹង​​​ក្លាយ​​​ជា​​​ពលរដ្ឋ​​​ល្អ​​​ពេល​​​គេ​​​ពេញ​​​វ័យ”៕

​​​ប្រែ​​​សម្រួល​​​ដោយ ហម សុផាណ្ណា​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស