29.3 C
Phnom Penh

ជ្រើស​រើស​ទីតាំង​ទី​១​​​សម្រាប់​ប្រជា​ពលរដ្ឋ​ដែល​ត្រូវ​​ផ្លាស់​ទី​លំនៅ​​ដោយ​សារ​​ទំនប់​ទន្លេសេសានក្រោម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​ខេត្ត​កាល​ពី​ថ្ងៃ​អង្គារ​បានជូន​ដំណឹង​ដល់​​ប្រជា​ពលរ​ដ្ឋ​ប្រហែល​៥០០​គ្រួសារ​នៅ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ថា មន្ត្រី​បាន​សម្រេចជ្រើស​រើស​ទីតាំង​ថ្មី​មួួយ​កន្លែង​​សម្រាប់​ឲ្យ​ពួកគាត់​រស់​នៅ​បន្ទាប់​ពី​គេ​តម្រូវ​ឲ្យពួកគាត់ផ្លាស់​​ទីលំនៅ​​មុន​ពេល​សាង​សង់​ទំនប់​ទន្លេ​សេសាន​ក្រោម​២។​

កាល​ពី​លើក​មុនអាជ្ញាធរ​​មូល​ដ្ឋាន​គ្រោង​​ឲ្យ​ពួក​គាត់​តំាង​លំនៅ​ក្នុង​ទី​តាំង​មួយ ​ដែល​ស្ថិត​ក្នុង​ឃុំ​ស្រែ​គរ​ ជា​ទី​រហោ​ឋាន​និង​មិន​អាច​ប្រកប​របរ​កសិកម្ម​បាន​។​ លោក​ ឡូយសុផាតអភិបាល​ខេត្ត​ស្ទឹង​ត្រែង​បាន​មានប្រសាសន៍​ថា ទី​តាំង​ថ្មី​នេះ​អ្នក​ភូមិ​ចូល​ចិត្ត​ជាង​។​លោក​បាន​បន្ថែម​ថា ក្រុម​ហ៊ុនរ៉ូយ៉ាល់​គ្រុប​ និង​ក្រុម​ហ៊ុនហាយដ្រូ​ឡាន​កាង (Hydrolancang)​​​​​​​​ ដែល​​សាងសង់​ទំនប់​នេះ​កំពុង​ទទួល​ខុសត្រូវ​ក្នុង​ការ​សាង​សង់​លំនៅ​ដ្ឋាន​ថ្មី​ឲ្យ​ពួកគាត់​។

លោក​ សុផាត​ បាន​មានប្រសាសន៍​ពាក់​ព័ន្ធ​នឹង​ទីតាំង​ថ្មី​ដែល​ស្ថិត​នៅចម្ងាយ​ប្រហែល​១៥​គីឡូ​ម៉ែត្រពី​ឃុំ​ស្រែគរ​ក្បែរ​​ទន្លេ​សេសាន​​ថា “ យើង​ចង់​ឲ្យ​ក្រុម​ហ៊ុន​ចាប់​ផ្ដើម​ប្រគល់​ប្រាក់​សំណង​ឲ្យ​គ្រួសារ​ដែល​រង​ផល​ប៉ះ​ពាល់​​ទាំង​អស់​​ត្រឹម​ដើម​ឆ្នាំ​២០១៣ដើម្បី​ឲ្យ​ពួកគាត់​អាច​ចាប់​ផ្ដើម​បង្ក​បង្កើន​ផលបាន”។​

​លោកសុផាតបាន​បន្ត​ថាអ្នក​ភូមិ​នៅ​ក្នុង​ឃុំ​ក្បាល​រមាស ប្រហែល​​៣០០​គ្រួសារ​ដែល​បាត់​បង់​លំនៅ​ដ្ឋាន​ដោយ​សារ​តែ​ការ​សាង​សង់​ទំនប់​​នេះ​​បាន​ស្នើ​សុំ​ទី​តាំង​សង់​លំនៅ​ដ្ឋាន​ថ្មី​តាមបណ្ដោយ​ផ្លូវ​ជាតិ​លេខ​៧៨​ដែល​មួយ​ផ្នែក​​នៅ​ជាប់​នឹង​ខេត្ត​មណ្ឌល​គិរី។​ប៉ុន្ដែ​ ទោះ​យ៉ាង​ណា​ អាជ្ញា​ធរ​នៅ​មិន​ទាន់​​បាន​សម្រេចថា តើ​គួរឲ្យ​គ្រួសារ​​​ទាំង​នេះ​តាំង​លំនៅ​ដ្ឋានថ្មី ​នៅ​កន្លែង​ណា​នោះ​ទេ។

គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​កម្លាំង​៤០០​មេហ្គាវ៉ាត់​ដែល​មាន​ឈ្មោះ​ថា ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​២​នេះ ត្រូវ​បាន​ទី​ស្ដី​ការ​គណៈរដ្ឋ​មន្ត្រី​អនុម័តឲ្យ​សាងសង់​​កាលពីដើម​ខែ​នេះ និង​កំណត់​ឲ្យ​អ្នក​ភូមិ​​ប្រហែល​​៥.០០០​គ្រួសារនៅ​​ក្នុង​ស្រុក​សេសានផ្លាស់​លំនៅ​ដ្ឋាន។​​​​​

​​​​​លោក​ ចាន់​ ថនតំណាង​សហគមន៍​ក្នុង​ឃុំ​ស្រែ​គរបាន​មាន​ប្រសាសន៍​​ថា លោក​សប្បាយ​​ចិត្ត​ណាស់​ដែល​អ្នក​ភូមិ​នៅ​ក្នុង​ឃុំ​របស់​លោក​​ទទួល​បាន​ទីតាំង​សង់​លំនៅ​ដ្ឋាន​ថ្មី​តាម​សំណើ។

លោក​បាន​មាន​ប្រសាសន៍​បន្ដថា “ យើង​កំពុងតែ​អំពាវ​នាវ​ឲ្យ​រដ្ឋា​ភិបាល​និង​ក្រុម​ហ៊ុន​ដែល​ពាក់​ព័ន្ធ​ចុះ​វាស់​វែង​ដី​ក្នុង​ទីតាំង​ថ្មី​នេះ​ឲ្យ​ពួក​យើង​ដោយ​ផ្ទាល់ ​​ហើយ​ការ​វាស់​វែង​ដី​នេះ​គួរតែ​ប្រព្រឹត្ត​ទៅ​ដោយ​យុត្តិ​ធម៌​និង​គ្មាន​សម្ពាធ ឬ​ការ​បង្ខំ”។

ឯក​សារ​ចុះ​ថ្ងៃទី​៣១ ​ខែ​តុលា​ ដែល​ទទួល​បាន​ពី​ក្រសួង​ឧស្សាហកម្ម​ រ៉ែនិង​ថាម​ពល​ចែង​ថា ក្រុម​ហ៊ុន​នឹង​ទុក​ប្រាក់​ចំនួន​៨,២៨​លាន​ដុល្លារសម្រាប់​ជា​ប្រាក់​សំណង​ដល់​អ្នក​ភូមិ។ ប៉ុន្ដែ​ទោះ​ជា​យ៉ាង​ណា ឯកសារ​នោះ​មិន​បាន​បញ្ជាក់​ថាតើ​ពេល​ណាឬ​នរណា​​ជាអ្នក​​​បែង​ចែក​ប្រាក់​បុន្មាន​ទៅ​ឲ្យ​គ្រួសារ​នីមួយ​ៗ​នោះទេ៕​​ប្រែ​សម្រួល​ដោយហមសុផាណ្ណា​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស