ឯកសារផ្លូវច្បាប់ចំនួនប្រាំមួយទាក់ទងនឹងរឿងក្តីប្តឹងឧទ្ធរណ៍របស់លោកមុឹកដារ៉ា អតីតប្រធាននគរបាលប្រឆាំងគ្រឿងញៀន ហើយគេជឿថាបានបាត់ ឬត្រូវគេលួចបាត់រយៈពេលជាងមួយឆ្នាំមកហើយ ត្រូវបានរកឃើញនៅក្នុងការិយាល័យចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះ។
កាលពីខែមុន មេធាវីរបស់លោក មុឹកដារ៉ា ដែលកំពុងប្តឹងឧទ្ធរណ៍ជំទាស់នឹងការផ្តន្ទាទោសក្នុងខែមករាតាមការចោទប្រកាន់ជាច្រើនករណីពីបទជួញដូរគ្រឿងញៀន និងអំពើពុករលួយដែលត្រូវជាប់ពន្ធនាគារអស់មួយជីវិត បានលើកឡើងថាតុលាការគួរតែរកឯកសារដើមមិនមែនឯកសារថតចម្លងដែលត្រូវប្រើដើម្បីចោទប្រកាន់គាត់ទេ។
ក្រុមមេធាវីក៏បានស្នើឲ្យមានការស៊ើបអង្កេតផងដែរ ចំពោះឯកសារដែលបាត់នៅកន្លែងដំបូង។លោកអុិតសម្ផស្ស អនុប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ និងជាចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះអំឡុងរឿងក្តីតុលាការដំបូងរបស់លោក ដារ៉ា បានមានប្រសាសន៍ថា “ យើងបានរកឃើញឯកសារទាំងនេះកាលពីថ្ងៃអាទិត្យ។វាជាឯកសារដើមពិតប្រាកដ”។
លោកបានថ្លែងថា “ ខ្ញុំមិនដឹងថា វាកើតឡើងយ៉ាងម៉េចទេ”។ លោកបានពន្យល់ថា ឯកសារនេះត្រូវបានរកឃើញនៅក្នុងថតតុមួយ។លោកបានបន្តថា“ ប្រហែលជាក្រឡាបញ្ជីច្រឡំដៃទុកដាក់ឯកសារនេះ ឬប្រហែលជាខ្ញុំច្រឡំដៃ។ មានមនុស្សច្រើន ពីព្រោះក្រឡាបញ្ជីឬជំនួយការ និងខ្លួនខ្ញុំផ្ទាល់ទាំងអស់គ្នាប្រើបន្ទប់នោះ”។
លោកផាន់វណ្ណរ៉ាត់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ឯកសារដែលរាប់ទាំងចំណារដោយដៃពេលនគរបាលសាកសួរឈ្មោះ ទុយ ធី អ្នកជួញដូរគ្រឿងញៀនដែលជាប់ពន្ធនាគារ ដែលអះអាងថា ខ្លួនបានទិញថ្នាំញៀន មេតំហ្វតាមីនរាប់ពាន់គ្រាប់ពីលោកដារ៉ា គឺជាភ័ស្តុតាងដ៏សំខាន់នៅក្នុងរឿងក្តីនេះ។ លោកបន្តថា“ ឯកសារនេះរកឃើញក្នុងថតតុរបស់ចៅក្រម។ឯកសារទាំងនេះ គឺជាភ័ស្តុតាង ដែលអាចចោទលោក ដារ៉ាបាន”។
លោកម៉ៃវណ្ណដានី មេធាវីរបស់លោកដារ៉ាបានមានប្រសាសន៍កាលពីម្សិលមិញថា ខណៈដែលលោកមិនទាន់ឃើញឯកសារនេះ លោកមិនទាន់ដឹងច្បាស់ថា វាជាឯកសារដើមនោះទេ។
លោកមានប្រសាសន៍ថា “ ខ្ញុំមិនដឹងថាតើឯកសារទំាងនោះ ពិតប្រាកដ ឬមិនមែននោះទេ ព្រោះវាបាត់យូរហើយ។តើឯកសារនោះត្រូវបានរកឃើញមែនទេ ឬពួកគេបង្កើតឯកសារ ដើម្បីចោទប្រកាន់កូនក្តីរបស់ខ្ញុំ ពីព្រោះវាជាឯកសារសំខាន់ដែលចោទគាត់ពីបទឧក្រិដ្ឋឬ?”។
បើទោះជាអ្នកស្រី ទុយធីដើមឡើយបានប្រាប់នគរបាលថាខ្លួនបានទិញថ្នាំញៀនមេតំហ្វេតាមីនចំនួន២.០០០គ្រាប់ពីលោក ដារ៉ា ក្នុងឆ្នាំ២០១០ អំឡុងផ្តល់សក្ខីកម្មរបស់អ្នកស្រីនៅក្នុងការបើកសវនាការបណ្តឹងឧទ្ធរណ៍កាលពីក្នុងខែសីហា អ្នកស្រីបានភ្លេចពាក្យសម្តី និងបានបដិសេធដាច់ខាតថា មិនបានទិញថ្នាំញៀនពីអតីតប្រធាននគរបាលរូបនេះទេ។ សាលាឧទ្ធរណ៍នឹងប្រកាសសាលដីកានៅថ្ងៃទី៣១ ខែធ្នូ៕
ប្រែសម្រួលដោយចេវប៊ុននី