31 C
Phnom Penh

​ចំនួន​ទេសចរ​មក​​ប្រទេស​កម្ពុជា​កើន​ឡើង​ជាង​២៣​ភាគ​រយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​ទិន្នន័យ​ ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ដោយ​ក្រសួង​ទេសចរណ៍​ កាល​ពី​ម្សិល​មិញ​បាន​បង្ហាញ​ថា​ ចំនួន​ភ្ញៀវ​ទេស​ចរ​ ដែល​ធ្វើ​ដំណើរ​មក​ទស្សនា​ប្រទេស​កម្ពុជា​បាន​កើន​ឡើង​ដល់​ចំនួន​២,៨៦​លាន​នាក់​នៅ​ក្នុង​រយៈ​ពេល​១០​ខែ​ដំបូង​នៃ​ឆ្នាំ​២០១២​នេះ​ ពោល​គឺ​មាន​ការ​កើន​ឡើង​ចំនួន​២៣,៧​ភាគ​រយ​ បើ​ប្រៀប​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

លោក​ គង់​ សុភា​រក្ស ប្រធាន​នាយក​ដ្ឋាន​ព័ត៌​មាន​ និង​ស្ថិតិ​នៃ​ក្រសួង​ទេសចរណ៍​ បាន​មាន​ប្រសាសន៍​ថា​ ជើង​ហោះ​ហើរ​ផ្ទាល់​ថ្មីៗ​ជា​មួយ​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​នេះ​បាន​ជួយ​ជំរុញឲ្យ​មាន​ចំនួន​ភ្ញៀវ​ទេសចរ​កាន់​តែ​ច្រើន​មក​ទស្សនា​ប្រទេស​កម្ពុជា។​ ទី​ក្រុង​ម៉ានីល​ និង​ទីក្រុង​គន់​មីង​ (Kunming)​នៅ​ក្នុង​ខេត្ត​យូណាន​ (Yunnan)​ ប្រទេស​ចិន​គឺ​ជា​ទី​កន្លែង​ពីរ​ ដែល​មាន​ជើង​ហោះ​ហើរ​ផ្ទាល់​មក​កាន់​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ។

លោក​បាន​ឲ្យ​ដឹង​ដូច្នេះ​ថា​ “​ ទន្ទឹម​នឹង​ការ​មាន​ជើង​ហោះ​ហើរ​ផ្ទាល់​ថ្មីៗ​ច្រើន​ ចំនួន​ភ្ញៀវ​​ទេសចរក៏​បាន​កើន​ឡើង​ផង​ដែរ​ ចាប់​តាំង​ពី​យើង​មាន​ការ​តភ្ជាប់​ផ្លូវ​រថយន្ត​ក្រុង​នៅ​ក្នុង​ប្រទេស​កម្ពុជា​មក”។​ លោក​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា​ ភ្ញៀវ​ទេសចរជន​ជាតិ​វៀត​ណាម​ ដែល​ចូល​មក​ទស្ស​នា​ប្រទេស​កម្ពុជា​មាន​ចំនួន​ច្រើន​ជាង​គេ​បង្អស់​ បន្ទាប់​មក​គឺ​ជន​ជាតិ​កូរ៉េខាង​ត្បូង​ និង​ជន​ជាតិ​ចិន។

យោង​តាម​ទិន្នន័យ​នេះ​បាន​បង្ហាញ​ថា​ ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​សរុប​ ដែល​បាន​ធ្វើ​ដំណើរ​មក​ទស្សនា​ប្រទេស​កម្ពុជា​នៅ​ក្នុង​រយៈ​ពេល​១០​ខែ​ដំបូង​ នៃ​ឆ្នាំ​២០១២​នេះ​ មាន​ភ្ញៀវ​ទេសចរ​ចំនួន​១,៣៦​លាន​នាក់​បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​តាម​ផ្លូវ​អាកាស​ ពោល​គឺ​កើន​ឡើង​ចំនួន​១៦,៦​ភាគ​រយ​ បើ​ធៀប​នឹង​ឆ្នាំ​មុន៕

ប្រែសម្រួល​ដោយ​ ហួង​ កុក​ទៀន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស