34 C
Phnom Penh

​ប្រ​ជា​ពល​រដ្ឋ​​ជន​ជាតិ​ភាគ​តិច​​ចង់​បាន​​​​ប័ណ្ណ​កម្មសិទ្ធិ​ដី​ឯក​ជន​ ជាង​​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​សហគមន៍​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទោះ​បី​​ជា​​ពួក​គាត់​មាន​ក្តី​សង្ឃឹម​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ថា​ នឹង​អាច​ទទួល​បាន​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​សហ​គមន៍​ក៏​ដោយ​​ ក៏​ពេល​នេះ​ជន​ជាតិ​​ដើម​ភាគ​តិចរាប់​រយ​គ្រួសារ​​​នៅក្នុង​ខេត្ត​មណ្ឌល​គិរី និងរតនគិរី​​ ​បាន​សម្រេច​​​ទទួល​​យក​​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​​ឯក​ជន​ពី​​​គម្រោង​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ថ្មី​របស់​លោក នាយក​រដ្ឋ​មន្ត្រីហ៊ុនសែន​ វិញ​។

ខណៈពេល​ប័ណ្ណ​កម្មសិទ្ធិ​ឯក​ជន​អាច​ការ​ពារ​​មិន​ឲ្យ​មាន​​ការ​ចាប់​យក​ដី​ពី​​អ្នក​រក​ស៊ី​ និង​ក្រុម​ហ៊ុន​​អភិវឌ្ឍន៍​​នោះ ​ជន​ជាតិ​ដើម​ភាគ​តិច​ ដែល​បាន​ទទួល​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​ឯក​ជន​មិន​មាន​សិទ្ធិ​ទទួល​ប័ណ្ណ​កម្មសិទ្ធិ​ដី​សហគមន៍​​សម្រាប់​តំបន់​​កសិកម្ម​​ព​នេចរ ​ដី​កប់​ខ្មោច និង​​ “ ដី​ព្រៃ​ដូន​តា”នោះ​ទេ។

​លោកយុទ្ធសារិនមេឃុំ​ប៊ូស្រាបាន​មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​ថា​ប្រ​ជា​ពល​រដ្ឋ​ជន​ជាតិ​ភាគ​តិច​ព្នង​ប្រ​ហែល​៤០០​គ្រួសារ​​ក្នុង​ចំណោម​ប្រ​ជា​ពលរដ្ឋ​​ប្រ​ហែល​១.០០០​គ្រួសារ​ដែល​រស់​នៅ​ក្នុង​ឃុំ​ប៊ូ​ស្រា ​​ក្នុង​ស្រុកពេជ្រា​ដា​​ខេត្ត​មណ្ឌល​គិរី​បាន​​ទទួល​ប័ណ្ណ​​កម្មសិទ្ធិ​ដីធ្លី​ឯកជនកាល​ពី​ថ្ងៃ​ទី​១៥ ​ខែ​វិច្ឆិកា ​​បន្ទាប់​ពី​ដី​របស់​ពួក​គាត់​​ត្រូវ​បាន​ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​​វាស់​វែងរួច​មក​។

លោក សារិន បាន​មាន​ប្រ​សាសន៍​បន្តថា​“ ប្រ​ជា​ពល​រដ្ឋ​ភាគ​ច្រើន​​[នៅ​ក្នុង​ឃុំ]…ចង់​បាន​ប័ណ្ណ​កម្ម​សិទ្ធិ​ឯក​ជន​។​ប្រ​ហែល​ជា​ពួក​គាត់​គិត​ថា​ ការ​ដាក់​ពាក្យ​ស្នើ​សុំ​​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​​សហគមន៍​នឹង​ប្រើ​ពេល​យូរ​ពេក”។​​លោក​បន្ថែម​ថា ​​គ្រួសារ​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​ស្ទើ​តែ​ទាំង​អស់​បាន​ទទួល​ការ​វាស់​វែង​ដី​របស់​ពួក​គាត់​​ពី​សំណាក់​ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត។

ការ​​ប្តូរ​មក​​យក​ប័ណ្ណ​កម្មសិទ្ធិ​ឯក​ជន​នេះ​​កើត​ឡើង​​ចំពេល​មាន​​ការ​តវ៉ា​ទាម​ទារ​​​សិទ្ធិ​គ្រប់​គ្រង​ដី​ធ្លី​ជា​​យូរ​មក​ហើយ​រវាង​សហ​គមន៍​ជនជាតិ​ភាគ​តិច​នៅ​ក្នុង​ឃុំ​ប៊ូស្រា​​ និង​ក្រុមហ៊ុន​សូហ្វីន​ KCD គ្រប់​គ្រង​ដោយ​ជន​ជាតិ​បារាំង។

លោកសាលវណ្ណសាយប្រធាន​អង្គការ​គាំ​ទ្រ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​​ដែល​បាន​ជួយ​អប់​រំ​ពី​សិទ្ធិ​ដល់​ជន​ជាតិ​ដើម​ភាគ​តិច​៣៣​ក្រុម​ ដែល​រស់​នៅ​ក្នុង​ខេត្ត​នេះ​​​មាន​ប្រ​សាសន៍​ថា​​ ដូច​គ្នា​នេះ​ដែរ​​ជន​ជាតិ​ភាគតិច​ទំពួន​ជិត​៨២​គ្រួសារ​​ដែល​រស់​នៅ​ក្នុង​ឃុំ​កិះចុង​​ក្នុង​ស្រុក​បរ​កែវ ​ខេត្ត​រតនគិរី​​ក៏​បាន​ទទួល​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​ឯក​ជន​ផង​ដែរ​កាល​ពី​ដើម​​ខែ​នេះ​​​ ដោយ​​សង្ឃឹម​​​ថា​វា​អាច​ការពារ​ដី​របស់​​ពួក​គាត់​​ពី​ក្រុម​ហ៊ុន​ដែល​ទទួល​បាន​ដី​សម្ប​ទាន​សេដ្ឋ​កិច្ច​​នៅ​ក្បែរ​នោះ​។

​លោកវណ្ណសាយមាន​ប្រសាសន៍​បន្តថា​ “ ​សម្បទាន​ដី​សេដ្ឋ​កិច្ចបាន​​​គាប​សង្កត់​សហ​គមន៍​​ទាំង​នេះ​។ពួកគាត់​គ្មាន​ជម្រើស​ឡើយ។​​​ពួក​គាត់​ត្រូវ​​តែ​ទទួល​យក​​កម្ម​សិទ្ធិ​ឯក​ជន​”។

ទោះ​បី​ជា​សមាជិក​ជន​ជាតិ​ភាគ​តិច​​កំពុង​តែ​ដំណើរការ​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិដី​​សហ​គមន៍​​ដែល​ជា​ដំណើរការ​ដ៏​វែង ​និង​ស្មុគ​​ស្មាញ​​​ដែល​តម្រូវឲ្យ​ចុះ​បញ្ជី​ជា​មួយ​​ក្រ​សួង​អភិវឌ្ឍន៍​ជន​បទ​​ហើយ​ទទួល​ស្គាល់តាម​ផ្លូវ​ច្បាប់​​ដោយ​​ក្រសួង​មហាផ្ទៃ​និងជា​ចុង​ក្រោយ​ត្រូវ​ចេញ​​ប័ណ្ណ​កម្មសិទ្ធិ​​​ដោយ​ក្រសួង​​​រៀបចំដែនដី​​នគរូបនីយកម្ម​ក៏​ដោយ​​ ឥឡូវ​នេះ​​ពួក​គាត់​បាន​ទទួល​យក​ប័ណ្ណ​កម្មសិទ្ធិ​ឯក​ជន។

លោកសេកសុភ័ណ ​​អ្នក​សម្រប​សម្រួល​ប្រ​ចាំ​​អង្គការ​ពល​កម្ម​អន្តរជាតិ​ ​បាន​មាន​ប្រ​សាសន៍​ថា​ ចាប់​តាំង​ពី​ច្បាប់​​ភូមិ​បាល​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​​​ឆ្នាំ​២០០១​មក​សហ​គម​ន៍​ជន​ជាតិ​ភាគ​តិច​ចំនួន​៨៨​បាន​ចុះ​បញ្ជី​ជា​មួយ​ក្រ​សួង​អភិវឌ្ឍន៍​ជន​បទ ​​ហើ​យ​សហគម​ន៍​ចំ​នួន​៥៦​​បាន​ទទួល​ស្គាល់​​ថា ​ជា​សហគមន៍​ជន​ជាតិ​ភាគតិច​។ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​មាន​តែ​បីសហគមន៍​ប៉ុណ្ណោះ​​​បាន​​ទទួល​ប័ណ្ណ​កម្មសិទ្ធិ​​ដី​សហគមន៍​​ចំពោះ​​ដី​ដូន​តា​របស់​ពួក​គេ​។

ទោះ​ជា​ច្បាប់​នេះ​​បាន​អនុម័ត​ជាង​មួយ​ទសវត្សរ៍មក​ហើ​យ​ក៏​ដោយ​​ ក៏​ប័ណ្ណ​កម្មសិទ្ធិ​ដី​សហគមន៍​ទើប​តែ​​​ផ្តល់​ឲ្យ​​អ្នក​ភូមិ​ជន​ជាតិ​គ្រឹង​​ និង​​ទំពួន​នៅ​ក្នុង​ខេត្ត​​រតនគិរី​​លើក​ដំបូង​កាលពី​ខែ​ធ្នូ​ ឆ្នាំ​មុន​ប៉ុណ្ណោះ​។ ប័ណ្ណ​កម្មសិទ្ធិដី​សហគមន៍​ទី៣​ត្រូវ​បាន​ផ្តល់​ឲ្យ​​ជនជាតិ​​ភាគ​តិច​ព្នង​នៅ​ក្នុង​ស្រុក​អូររាំង​ខេត្ត មណ្ឌល​គិរី​កាល​ពី​ខែ​មីនា​។

សហគមន៍​ជនជាតិ​ភាគតិច​ព្នង​ចំនួន​បីនៅ​ក្នុង​ខេត្ត​មណ្ឌល​គិរី​​បាន​បញ្ចប់​ដំណើរការ​​និង​កំពុង​រង់​ចាំ​ប័ណ្ណ​កម្មសិទ្ធិ​ដី​សហគមន៍​។

លោកឆាយធីអ្នក​សម្រប​សម្រួល​ប្រ​ចាំ​អង្គការ​អាដហុក​​ ខេត្តរតនគិរី​មាន​ប្រ​សាសន៍​ថា​​ ប្រ​ជា​ពល​រដ្ឋ​ជន​ជាតិ​ដើម​ភាគ​តិច​គ្រឹង​ជាង​១០០​គ្រួសារ​នៅ​ក្នុង​ឃុំ​ល្អក់ ក្នុង​ស្រុក​អូរ​ជុំ​បាន​ស្នើ​ឲ្យ​​អង្គការ​របស់​លោក ជួយ​បំពេញ​ពាក្យ​សុំ​ប័ណ្ណ​កម្មសិទ្ធិ​ដី​សហគមន៍​ជា​លើក​ដំបូង​កាល​ពី​ដើម​ខែ​នេះ​។

លោកធីមាន​ប្រ​សាសន៍​បន្ត​ថា ​បើ​មិន​មាន​ប័ណ្ណ​កម្មសិទ្ធិ​ដីសហគមន៍ទេ ​​​គ្រួសារ​ជនជាតិ​ភាគ​តិច ទាំង​នោះ​ងាយ​នឹង​បាត់​បង់​ដី​របស់​ពួ​កគេ​ទៅ​លើ​​ក្រុម​ហ៊ុន​​ចម្ការ​កៅ​ស៊ូ​CRD​ដែល​គ្រប់​គ្រង​ដោយ​ជន​ជាតិ​វៀត​ណាម​​។​​​​​

លោក​​​​​​មាន​​​ប្រ​​​សាសន៍​​​ថា ការធ្វើ​​​ឲ្យ​​​បញ្ហា​​​នេះ​​​ស្មុគ​​​ស្មាញ គឺ​​​ដោយ​​​សារ​​​តែ​​​ក្រុមនិស្សិត​​​ស្ម័គ្រ​​​ចិត្តបាន​​​ជំរុញ​​​ឲ្យ​​​គ្រួសារ​​​ទាំង​​​នោះ​​​វាស់​​​​វែង​​​ដី​​​ធ្លី​​​របស់​​​ពួកគាត់ ដើម្បី​​​​​​ទទួល​​​បាន​​​កម្ម​​​សិទ្ធិ​​​ដី​​​​​​​​រៀងៗ​​​ខ្លួន ជំនួស​​​ឲ្យ​​​ការ​​​រង់​​​ចាំ​​​ក្តី​​​សង្ឃឹម​​​ទទួល​​​បាន​​​ប័ណ្ណ​​​កម្មសិទ្ធិ​​​ដី​​សហគមន៍។លោក ឆាយ ធី​ បាន​មាន​​​ប្រ​​​សាសន៍​​​ថា“ ពួកគាត់​​​មាន​​​ការ​​​យល់​​​ច្រឡំជា​​​ខ្លាំង។ក្រុម​​​និស្សិត​​​ស្ម័គ្រ​​​ចិត្ត​​​ចង់​​​ឲ្យ​​​ពួកគាត់​​​វាស់​​​វែង​​​ដី​​​លំនៅ​​​ដ្ឋាន ​​​និង​​​ដី​​​ចម្ការ​​​របស់​​​ពួកគាត់ ទាំង​​​នៅពេល​​​ពួកគេកំពុង​​​ស្ថិត​​​ក្នុង​​​ដំណើរ​​​ការ​ដាក់ជូន​​​​​​ឯក​​​សារ​​​ដើម្បី​​​ទទួល​​​បាន​​​ប័ណ្ណ​​​កម្ម​​​សិទ្ធិដី​​​​សហគមន៍​​​​”។

លោក និត ប្រាក់ តំណាងសហ​​​គមន៍​​​ព្នង​​​ក្នុងស្រុក​​​ប៊ូស្រា ខេត្ត​​​មណ្ឌល​​​គិរី បាន​​​លើក​​​ឡើង​​​ថា គ្រួសារ​​​​​​ដែលបាន​​​ទទួល​​​យក​​​ប័ណ្ណ​​​កម្ម​​​សិទ្ធិ​​​ដី​​​ឯក​​​ជន​​​ ពិត​​​ជា​​​បានធ្វើ​​ដូច្នេះ​​​មែន​​​ពីព្រោះ​​​ពួកគាត់​​​ត្រូវ​​​ក្រុម​​​និស្សិត​​​ស្ម័គ្រ​​​ចិត្ត​​​ប្រាប់ថា ការ​​​មាន​​​ប័ណ្ណ​​​កម្ម​​​សិទ្ធិ​​​ដី​​​ធ្លី​​​ឯក​​​ជន ​​​នឹង​​​មិន​​​ប៉ះ​​​ពាល់ដល់​​​ឱកាស​​​របស់​​​ពួកគាត់​​​ក្នុង​​​ការ​​​ទទួល​​​បានប័ណ្ណ​​​កម្ម​​​សិទ្ធិ​​​ដី​​​ធ្លី​​​​សហគមន៍​​នៅ​​​​ពេល​​​ខាង​​​មុខ។

លោក​​បាន​មាន​ប្រសាសន៍​បន្ថែម​ថា “ ពីមុន​ពួកគាត់​​​ទាំង​​​អស់​​​គ្នា​​​សុទ្ធ​​​តែ​​​ចង់​​​បាន​​ដី​​​សហ​​​គមន៍​​​ មិន​​​​មែន​​​ដី​​កម្ម​​​សិទ្ធិ​​​ឯក​​​ជន​​​ឡើយ។​នៅ​ពេល​​​ក្រុម​​​និស្សិត​​​ស្ម័គ្រ​​​ចិត្តមក​​​ពន្យល់​​​ពី​​​អត្ថ​​​ប្រ​​​យោជន៍​​​នៃ​​​ប័ណ្ណ​​​កម្ម​​​សិទ្ធិ​​រឹង​​​ ហើយ​​​ថា វា​​​នឹង​​​មិន​​​ប៉ះ​ពាល់​​​ដល់​​​ដី​​​សហ​​​គមន៍​​​នោះ ប្រ​​​ជា​​​ជនក៏​​​​​​បាន​នាំគ្នា​​គោរព​​​តាម​​​កម្មវិធី​​​វាស់​​​វែង​​​ដី​​​ធ្លី​​​នេះតែ​​​ម្តង​​​​​​”។

លោក​​​ កោស សុខ អាយុ៣៤ឆ្នាំ ជា​​​​​​ជន​​​ជាតិភាគ​​​តិច​​​ព្នងក្នុង​​​ឃុុំប៊ូស្រា បាន​​​និយាយ​​​ថា ប្រ​​​ជាជន​​​ទាំង​​​នេះ​​​បាន​​​យល់​​​ខុស​​​ចំពោះ​​​បញ្ហា​​​នេះ។​​​គាត់​​​បាន​​​បន្ត​​​ថា “ ការ​​​យល់​​​ច្រ​​​ឡំ​​​នេះ​បាន​​​​កើត​​​មាននៅពេល​​​ដែល​​​ក្រុម​​​និស្សិត​ស្ម័គ្រ​​​ចិត​្ត​​និយាយ​​​ថា វា​​​គ្មាន​​​បញ្ហា​​អ្វី​​​ឡើយ​​​​​​សម្រាប់​​​អ្នក​​​ភូមិ​​​ទទួល​​​បាន​​​ប័ណ្ណ​​​កម្មសិទ្ធិ​​​ដី​​​​សហគមន៍ ប្រសិន​​​បើ​​​ពួកគាត់​​​ទទួលបាន​​​ប័ណ្ណ​​​កម្ម​​​សិទ្ធិ​​​ដី​​​ឯក​​​ជន​​​ដែរ​​​​នោះ”។

ប្រ​​​ជា​​​ពល​​​រដ្ឋម្នាក់ទៀត​​​រស់​​​នៅ​​​ក្នុងឃុំ​​​ប៊ូស្រា ឈ្មោះ ផ្លាង ស៊ិន អាយុុ​​​៥២​​​ឆ្នាំ​​​​​​បាន​និយាយថា “ ជាការ​​​ពិត​​​ណាស់ ជន​​​ជាតិ​​​ភាគ​​​តិច​​​នៅ​​​ទី​​​នេះគិតថា ពួកគាត់​​​នឹង​​​អាច​​​ទទួល​​​បាន​​​ទាំង​​​ពីរ​​​ គឺ​​​ទាំង​​​ប័ណ្ណ​​​កម្ម​​​សិទ្ធិ​​​ដី​​​ឯក​​​ជន​​​និង​​​កម្ម​​​សិទ្ធិ​​ដី​សហគមន៍​។​​​ប្រ​​​ជា​​​ជន​​​គិត​​​បែប​​​នេះ

បន្ទាប់ពី​​​ក្រុម​​​និស្សិត​​​ស្ម័គ្រ​​​ចិត្ត​​​​​​បាន​​​ប្រាប់​​​ថា​ការវាស់​​​វែង​​​ដី​​​ដើម្បី​​​ទទួល​​​បាន​​​ប័ណ្ណ​​​​កម្ម​សិទ្ធិ​​​ដីធ្លីឯក​ជន​​​​ នឹង​​មិន​​​ប៉ះ​​​ពាល់ដល់​​​កិច្ច​​​ខំ​​​ប្រឹង​​​ប្រែង​​​ដើម្បី​​​ទទួល​​​បាន​​​ប័ណ្ណ​​​​កម្ម​សិទ្ធិដី​​​​សហ​គមន៍​ឡើយ”។

លោក​​​ស្រី យុន ម៉ាណេ ប្រធាន​​​សមាគម​​​យុវ​​​ជន​​​ជន​​​ជាតិដើម​​​ភាគ​​​តិច​​​ បាន​​​មាន​​​ប្រ​​​សាសន៍​​​ថា ការ​​​យល់​​​​​ច្រ​​​ឡំ​​​បែប​​​នេះ​​​រវាង​​​យុវ​​​និស្សិត​​​ស្ម័គ្រ​​​ចិត្ត​​​ និងសហ​​​គមន៍​​​ជន​​​ជាតិ​​​ដើម្បី​​​ភាគ​​​តិច​​​ គឺ​​​ជា​​ក្តី​​​បារម្ភ​​​មួូយ​​​។

លោក​​​ស្រី​​​បាន​ថ្លែង​​​ថា “ នៅពេល​​​ក្រុម​​​យុវជន​​​ស្ម័គ្រ​​​ចិត្ត​​​ទៅ​​​វាស់​​​វែង​​​ដីប្រ​​​ជា​​​ជន​​​មួួ​យ​​​ចំនួនក្នុង​​​សហគមន៍​​យល់​​​ខុស”។​​​លោក​​​ស្រី​​​បានបន្ថែម​​​ថា អនុ​​​ក្រឹត្យ​​​មួយ​​​ចុះ​​​កាល​​​បរិច្ឆេទ​​​ឆ្នាំ​​​២០០៩ស្តីពី​​​ដំណើរ​​​ការ​​​ចុះ​​​ឈ្មោះ​​​សុំ​​​ប័ណ្ណ​​​កម្ម​​​សិទ្ធិ​​​ដី​​​សហគមន៍​ ចែង​​​ថា បុគ្គល​​​ម្នាក់ៗ​​​មិន​អាច​​​​​​មានដី​​​ឯក​​​ជន​​​ផ្ទាល់​​​ខ្លួន​​​ផង​​​ និង​​​ដី​​​សហ​គមន៍​​​​ផង​​​បាន​​​ទេ។

លោក ទីម ស៊ីណាត ប្រធាន​​​មន្ទីរ​​​រៀបចំ​​​ដែន​​​ដី នគរូបនីយ​​​កម្ម និង​​​សំណង់ ខេត្ត​​​រតនគិរី បានមាន​​​ប្រ​​​សាសន៍​​​ថា ភាគ​​​ច្រើន​​​នៃ​​​ប័ណ្ណ​​​កម្ម​​​សិទ្ធិ​​​ដីធ្លី​​​ឯក​​​ជន​​​ចំនួន​​​៥៤១​​​ប័ណ្ណ​​​ដែល​​​ត្រូវ​​​ប្រ​​​គន់​​​ជូន​​​ប្រ​​​ជា​​​ជន​​​នៅ​​​ក្នុង​​​ខេត្តនេះ​​​​​​នៅ​​​ថ្ងៃ​​​ទី​​​៧ខែ​​​ធ្នូ​​​ នឹង​​​បាន​​​ទៅ​​​លើ​​​ក្រុម​​​ជន​​​ជាតិ​​​ដើមភាគ​​​តិច​​​។

លោក​​​បាន​​​​​​មាន​​​ប្រ​​​សាសន៍​​​ទៀតថា “ ទោះ​​​បីជា​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​មាន​​​សិទ្ធិ​​​ពិសេស​​​ទទួល​​​​ប័ណ្ណ​​​កម្ម​​​សិទ្ធិ​​​ដី​​​​សហគមន៍​​​​ក្តី​​​ ក៏ពួកគាត់​​​គ្មាន​​​សិទ្ធិ​​​ទទួល​​​ប័ណ្ណកម្ម​​​សិទ្ធិពីរ​​​ឡើយ។ពួកគាត់​​​ទទួួល​​​បាន​​​តែ​​​មួយ​​ប៉ុណ្ណោះ”។

យោងតាម​​​ក្រសួង​​​រៀប​​​ចំ​​​ដែនដី ​នគរូប​នី​យ​​​កម្ម និង​​​សំណង់​​​បាន​​​ឲ្យ​​​ដឹងថា ​​​ផ្ទុយពី​​​ប័ណ្ណ​​​កម្មសិទ្ធិ​​​ដី​​​​សហគមន៍​ចំនួន​​​បី​​​ដែល​​​ត្រូវបាន​​​ផ្តល់​​​ឲ្យ​​​សហ​​​គមន៍​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​ចាប់​​​តាំង​​​ពី​​​ឆ្នាំ២០០១​​​មក​​​នោះ​​​ ប័ណ្ណ​​​កម្ម​​​សិទ្ធិ​​​ដី​​​ឯក​​​ជន​​​ជាង​​​១០០.០០០​​​ប័ណ្ណ​​​ត្រូវបាន​​​ចែក​​​ជូន​​​ប្រ​​​ជា​​​ពល​​​រដ្ឋ​​​ចាប់​​​តាំង​​​ពី​​ខែ​​​មិថុនា​​​នៅ​​​ទូទាំង​​​ប្រទេស​​​នៅពេល​​​ក្រុម​​​និស្សិត​​​ស្ម័គ្រ​​​ចិត្ត​​​ដំបូង​​​ត្រូវបាន​​​បញ្ជូនទៅ​​​តាម​​​ខេត្ត​​​។

លោក ទី ឡាតាយ ប្រធាន​​​ផ្នែក​​​ដីធ្លី​​​ និង​​​ធន​​​ធាន​​​ធម្មជាតិនៅ​​​​​​អង្គ​​​ការ​​​អាដហុក បានមាន​​​ប្រ​​​សាសន៍​​​ថា ប័ណ្ណ​​​កម្មសិទ្ធិ​​​ដី​​​​ឯក​ជន​​​​មិនមាន​សុវត្ថិ​​​ភាព​​​ដូច​​​ប័ណ្ណ​​​កម្ម​​​សិទ្ធិ​​​ដី​សហគមន៍​​​​សម្រាប់សហ​​​គមន៍​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​ទេ។

លោក​​មាន​​​ប្រ​​​សាសន៍​​​ថា “ ខ្ញុំ​​​មានការ​​​ព្រួយ​​​បារម្ភអំពី​​​សមត្ថភាព​​​របស់​​​ពួកគាត់​​​ក្នុង​​​ការ​​​គ្រប់​​​គ្រង​​​ដី​​​កម្មសិទ្ធិ​​​ឯក​​​ជន​​​”។លោក​​​ពន្យល់​​​ថា អ្នក​​​ភូមិជនជាតិ​​​ភាគ​​​តិច​​​ប្រ​​​ហែល​​​ជាត្រូវ​​​គេ​​​បញ្ចុះ​​​​បញ្ចូល​​​ឲ្យ​​​លក់​​​ដី​​ឯក​​​ជន​​​របស់​​​ពួកគាត់​​​នៅ​​​ពេល​​​អនាគត ដោយ​​​ធ្វើ​​​ឲ្យ​​​ពួកគាត់​​​គ្មានសូម្បី​​​តែ​​​សហ​​​គមន៍​​​នៅទីបំផុត។ លោក​​​បន្ត​​​ថា “ ប្រសិនបើ​​​ពួកគាត់​​​មួយ​​​ចំនួន​​​ទទួូល​​​បាន​​​ប័ណ្ណ​​​កម្មសិទ្ធិ​​​ដី​​​ឯក​​​ជន​​​ តើ​​​ពួកគាត់​​​អាច​​​ធានា​​​ការ​​​រស់​​​នៅ​​​យូរ​​​អង្វែង​​​នាពេលអនាគត​​​របស់​​​ពួកគាត់​​​បាន​​​ដោយ​​​របៀប​​​ណា?”៕

ប្រែ​​​សម្រួល​​​ដោយ ឃិន ណៃ 

និង តែម សុខុម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​

 

 

 

 

 

 

 

 

 

 

 

 

 

 

​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស