លោក ឈាង វុន តំណាងរាស្ត្រមកពីគណបក្សប្រជាជនកាលពីម្សិលមិញបានមានប្រសាសន៍ថា លោកនឹងសូមទោសចំពោះការដែលលោកបានប្រើប្រាស់ឈ្មោះជនជាតិភាគតិច ដើម្បីប្រមាថអ្នកនយោបាយម្នាក់នៅក្នុងរដ្ឋសភា ប៉ុន្ដែ លោកនៅតែអះអាងថា លោកមិនដែលមានបំណងមាក់ងាយជនជាតិព្នងទេ។
លោកឈាង វុនបានប្រើប្រាស់ពាក្យព្នងដែលជាឈ្មោះជនជាតិភាគតិចនៅភូមិភាគឦសាននៃប្រទេសកម្ពុជាដើម្បីជេរលោកកឹមសុខាប្រធានគណបក្សសិទ្ធិមនុស្សថាជាជនគ្មានអរិយធម៌អំឡុងកិច្ចប្រជុំក្នុងរដ្ឋសភា កាលពីដើមខែនេះ។បន្ទាប់ពីហេតុការណ៍នោះមក សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជាបានសរសេរលិខិតជូនលោកហេង សំរិន ប្រធានរដ្ឋសភាដោយទាមទារឲ្យលោកឈាងវុនសូមទោសជាសាធារណៈចំពោះការដែលលោកបានមាក់ងាយជនជាតិព្នង។
លោកឈាងវុន ដែលកាលពីដំបូងមានប្រតិកម្មជំទាស់ថា មិនដែលមានជនជាតិព្នងនោះ កាលពីម្សិលមិញមានប្រសាសន៍ថា លោកនឹងធ្វើការសូមទោសនៅក្នុងកិច្ចប្រជុំលើកក្រោយនៅឯរដ្ឋសភា ប៉ុន្ដែ មិនទាន់ដឹងថាពេលណានៅឡើយទេ។
លោកបានបន្ដថា “ ខ្ញុំនឹងសូមទោសជាសាធារណៈក្នុងកិច្ចប្រជុំលើកក្រោយនៅរដ្ឋសភា។ ខ្ញុំសោកស្ដាយខ្លាំងណាស់ ហើយខ្ញុំចង់ធ្វើការលុបលាងនូវពាក្យសម្ដីដែលបានធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់ពួកគេ”។
លោកឈាងវុនបានមានប្រសាសន៍ថាលោកបានប្ដូរចិត្តវិញបន្ទាប់ពីលោកបានអានអត្ថបទអំពីជនជាតិព្នង ហើយលោកបានដឹងថា ជនជាតិភាគតិចនេះត្រូវបានបញ្ចូលនៅក្នុងច្បាប់រដ្ឋជាផ្លូវការតាំងពីទសវត្សរ៍ឆ្នាំ១៩៦០មកម៉្លេះហើយក៏ត្រូវបានក្រសួងមហាផ្ទៃទទួលស្គាល់ថា ជាជនជាតិភាគតិចពិតប្រាកដមែន។
លោកស្រី យុនម៉ាណេ ប្រធានសមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា បានមានប្រសាសន៍ថា លោកស្រីស្វាគមន៍ចំពោះការដែលថា លោក ឈាង វុន នឹងធ្វើការសូមទោសក្នុងរដ្ឋសភា នាពេលខាងមុខនេះប៉៉ុន្ដែលោកស្រីរំពឹងថា លោកតំណាងរាស្ត្ររូបនេះនឹងអាចធ្វើលើសពីនេះទៀត។
លោកស្រីបានមានប្រសាសន៍ថា “ យើងក៏ចង់ឲ្យលោក ឈាង វុន សូមទោសតាមទំនៀមទម្លាប់ប្រពៃណីរបស់យើងផងដែរ។នៅពេលនរណាម្នាក់ធ្វើអ្វីមួយខុសក្នុងចំណោមជនជាតិព្នង គេត្រូវតែសូមទោសដោយ [សែន] សត្វពាហនៈដល់ដូនតាព្នងរបស់ពួកយើង”។លោកស្រីបន្ដថា ជាធម្មតាគេសែនសត្វគោថ្វាយដូនតារបស់យើង។
លោកឈាងវុនបានបដិសេធមិននិយាយថា តើលោកនឹងធ្វើបែបនោះដែរឬអត់នោះទេ។ ទោះយ៉ាងណា លោកតំណាងរាស្ត្រនៅតែលើកឡើងថា លោកនៅតែមិនសប្បាយចិត្តជាមួយលោក កឹមសុខាប្រធានគណបក្សសិទ្ធិមនុស្ស ហើយថា មេដឹកនាំគណបក្សប្រឆាំងរូបនេះគួរតែត្រូវផ្ដន្ទាទោស ព្រោះលោកបានធ្វើឲ្យខូចដំណើរការច្បាប់រដ្ឋសភា។
ជម្លោះនោះបានចាប់ផ្ដើមឡើងពេលលោកកឹមសុខាឆ្លៀតឱកាសនៃកិច្ចប្រជុំរដ្ឋសភាកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ដែលត្រូវផ្ដោតលើអនុសញ្ញាអន្ដរជាតិស្ដីពីសុវត្ថិភាពនិងការមិនរីកសាយនៃអាវុធនុយក្លេអ៊ែរដើម្បីនិយាយអំពីសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។ ពេលដែលលោក កឹម សុខា បានបញ្ចប់ លោក ឈាង វុន ក៏បានក្រោកឈរនិយាយទាំងកំហឹងចំពោះលោក កឹម សុខាតែម្ដង ដោយចាត់ទុកលោក កឹម សុខា ថាជាពួកព្នង ដែលក្នុងភាសាខ្មែរមានន័យផ្សេងទៀតថា ជាពួកដើរថយក្រោយ ឬពួកគ្មានអរិយធម៌។
ដោយខឹងនឹងពាក្យមាក់ងាយនេះលោក កឹម សុខា បានដាល់តុ និងបាននាំតំណាងរាស្ត្រគណបក្សប្រឆាំង២០នាក់ទៀតដើរចេញពីកិច្ចពិភាក្សារបស់រដ្ឋសភា។ លោក ឈាង វុន បានមានប្រសាសន៍ថា “ខ្ញុំខឹងនឹងលោកកឹមសុខានិងតំណាងរាស្ត្រគណបក្សប្រឆាំងដទៃទៀត ដែលបានដាល់តុ និងស្រែកខ្លាំងៗ ពេលខ្ញុំកំពុងថ្លែងសុន្ទរកថា។
ពួកគេគួរក្រោកឈរនិយាយដូចជាខ្ញុំអ៊ីចឹង មិនគួរធ្វើដូចជាពួកគ្មានវប្បធម៌បែបនោះទេ ហើយក៏មិនគួរបំពានបទបញ្ជាដែរ”៕
ប្រែសម្រួលដោយហមសុផាណ្ណា